តើអ្នកដឹងទេ ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?
BASIC កម្មវិធីដំបូងរបស់ Microsoft
ក្រោយពីលោក Bill Gates បានអាននូវការបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Popular Electronics ក្នុងខែមករា ឆ្នាំ១៩៧៥ ដែលបានធ្វើការពិពណ៌នាអំពីម៉ាស៊ីនកុំព្យូទ័រ Altair 8800 លោកក៏បានធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រមួយនេះ ដើម្បីប្រាប់ថារូបលោក និងមិត្តភក្ដរបស់ខ្លួន បាននឹងកំពុងតែធ្វើការអភិវឌ្ឍន៍កម្មវិធីដោយប្រើភាសាកូដ BASIC ហើយអាចមានលទ្ធភាពដំណើរការជាមួយ និងកុំព្យូទ័ររបស់ក្រុមហ៊ុនបាន។ ក៏ប៉ុន្តែធាតុពិតរូបលោក ហើយនឹងមិត្តភក្ដរបស់ខ្លួនគឺលោក Paul Allen មិនទាន់បានប្រើម៉ាស៊ីន Altair នេះនៅឡើយទេ ហើយក៏មិនទាន់បានសរសេរកម្មវិធីអ្វីសម្រាប់វានៅឡើយដែរ អ្វីដែលរូបលោកចង់បាននោះគឺ ទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន MITS មកលើក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ អគ្គនាយករបស់ MITS នាពេលនោះគឺលោក Ed Roberts បានយល់ព្រមជួបជាមួយនឹងក្រុមរបស់លោក Gates ដើម្បីមើលពីបទបង្ហាញរបស់ពួកគេ។ បន្ទាប់ពីនោះត្រឹមតែពីរបីសប្ដាហ៍ប៉ុណ្ណោះ លោក Gates និងលោក Allen បានអភិវឌ្ឍន៍បានសម្រេចនូវកម្មវិធី ដំណើរការត្រាប់តាមកុំព្យូទ័រ Altair ដែលដំណើរការលើ Minicomputer និងកម្មវិធី បកប្រែកូដ BASIC ដូចដែលលោកបានសន្យា។
បទបង្ហាញត្រូវបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន MITS ក្នុងទីក្រុង Albuquerque ហើយទទួលបានផ្លែផ្កាយ៉ាងជោគជ័យ ជាលទ្ធផលលោក Gates រួមនឹងលោក Allen ទទួលបាននូវការសហការពីក្រុមហ៊ុន MITS អោយធ្វើជាអ្នកចែកចាយកម្មវិធីបកប្រែភាសា BASIC ខាងលើ ដោយខាងក្រុមហ៊ុនបានដាក់ឈ្មោះថា កម្មវិធី Altair BASIC។ លោក Paul Allen ត្រូវបានជួលអោយបម្រើការនៅក្នុងក្រុមហ៊ុន MITS ចំណែកលោក Gates បានសុំច្បាប់សំរាករយៈពេលយូរពីសាលាហាវើដ ដើម្បីចូលរួមជាមួយនឹងលោក Allen ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥។ ពួកគេទាំងពីរបានដាក់ឈ្មោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជា “Micro-Soft” ហើយចាប់ផ្ដើមដំណើរការ ការិយាល័យដំបូងរបស់ខ្លួនដែលមានទីតាំងក្នុងទីក្រុង Albuquerque ផ្ទាល់តែម្ដង។ មួយឆ្នាំបន្ទាប់ក្រុមហ៊ុនរបស់ពួកគេបានប្ដូរឈ្មោះជា “Microsoft” ហើយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ឈ្មោះ Microsoft នេះត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងរដ្ឋ New Mexico។ បន្ទាប់ពីនោះមកលោក Gates ក៏មិនដែលបានត្រលប់ទៅបញ្ចប់ការសិក្សារបស់ខ្លួន នៅឯសាលាហាវើដវិញដែរ។
ក្រុមហ៊ុន Microsoft បានធ្វើការបំបែកខ្លួនចេញពីក្រុមហ៊ុន MITS នៅចុងឆ្នាំ១៩៧៦ ហើយបន្តធ្វើការអភិវឌ្ឍន៍កម្មវិធីផ្សេងៗទៀត សម្រាប់ប្រព័ន្ធជាច្រើន ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្ដូរទីតាំងទៅកាន់ ទីក្រុង Bellevue រដ្ឋធានី Washington។
ការសហការជាមួយក្រុមហ៊ុន IBM
ក្រុមហ៊ុន IBM បានទំនាក់ទំនងមកកាន់ក្រុមហ៊ុន Microsoft ក្នុងខែកក្កដា ឆ្នាំ១៩៨០ ដើម្បីធ្វើការពិភាក្សាពីការអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការថ្មីមួយ សំរាប់បំពាក់លើកុំព្យូទ័រតាមផ្ទះ ស៊េរីចុងក្រោយរបស់ខ្លួននោះគឺ “IBM PC”។ នៅពេលដែលអ្នកតំណាងរបស់ IBM បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនត្រូវការប្រព័ន្ធប្រតិបត្តិការថ្មី លោក Gates បានស្នើអោយពួកគេទាក់ទងទៅកាន់ក្រុមហ៊ុន Digital Research (DRI) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ CP/M។ ក៏ប៉ុន្តែកិច្ចពិភាក្សារវាង IBM និង DRI មិនទទួលបានជោគជ័យឡើយ ទើប IBM សំរេចស្នើអោយក្រុមហ៊ុន Microsoft និងលោក Gates ធ្វើជាអ្នកអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនវិញ។ ប៉ុន្មានសប្ដាហ៍ក្រោយមកលោក Gates បានស្នើអោយ IBM ប្រើប្រាស់ 86-DOS (QDOS) ដែលជាកម្មវិធីស្រដៀងនឹង CP/M ដែរ និងជាប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុន SCP។ ជាលទ្ធផលក្រុមហ៊ុន Microsoft បានទាក់ទងទៅកាន់ SCP ហើយបានឈានដល់កិច្ចព្រមព្រៀងធ្វើជាអ្នកចែកចាយ និង បន្ទាប់មកទៀតបានទិញយកកម្មវិធី 86-DOS ផ្ដាច់មុខពី SCP។ បន្ទាប់ពីបានធ្វើការកែប្រែមួយចំនួន ក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធីថ្មីនោះ ទៅអោយក្រុមហ៊ុន IBM ដោយដាក់ឈ្មោះថា PC DOS ក្នុងទឹកប្រាក់ទិញផ្ដាច់ប្រមាណ ៥ម៉ឺនដុល្លា។
ក៏ប៉ុន្តែលោក Gates មិនបានលក់កម្មសិទ្ធបញ្ញារបស់ PC DOS ទៅអោយ IBM នោះឡើយ ពីព្រោះគាត់មានជំនឿថានឹងមានក្រុមហ៊ុនដទៃ ដែលផលិតកុំព្យូទ័រផ្សេងៗទៀត ប្រាកដជាផលិតម៉ាស៊ីនកុំព្យូទ័រ ដោយយកតម្រាប់តាម IBM ជាក់ជាមិនខាន។ អ្វីដែលគាត់បានរំពឹងទុកនោះក៏បានក្លាយទៅជាការពិត ហើយបន្ទាប់ពីនោះ ការលក់កម្មវិធី MS-DOS បានឈានដល់ចំណុចកំពូល និងក្លាយទៅជាកម្មវិធី ដែលមានតម្រូវការខ្ពស់បំផុតក្នុងវិស័យកុំព្យូទ័រ នាពេលនោះ។ ទោះបីជាកម្មវិធីថ្មីនេះ ត្រូវបានភ្ជាប់មកជាមួយនូវឈ្មោះរបស់ IBM ក្ដី ក៏បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានាបានចាត់ទុកថា ក្រុមហ៊ុន Microsoft ទៅវិញទេដែលជាអ្នកមានឥទ្ធិពលលើ ម៉ាស៊ីនកុំព្យូទ័រនានា។ បន្ទាប់មកក្នុងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៨១ ក្រុមហ៊ុន Microsoft បានធ្វើការរៀបចំថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានប្រកាសតែងតាំងលោក Bill Gates ឲ្យធ្វើជាប្រធាន និងជាអគ្គនាយកក្នុងគណៈគ្រប់គ្រងរបស់ខ្លួនផងដែរ។
ប្រព័ន្ធប្រតិបត្តិការ Windows
ក្រុមហ៊ុន Microsoft បានដំណើរការលក់នូវប្រព័ន្ធប្រតិបត្តិការ Microsoft Windows ស៊េរីដំបូងរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៥ និងក្នុងខែសីហា ឆ្នាំបន្ទាប់ ក្រុមហ៊ុន Microsoft ក៏បានសហការគ្នាជាថ្មីជាមួយនឹងក្រុមហ៊ុន IBM ដើម្បីផលិតនូវប្រព័ន្ធប្រតិបត្តិការផ្សេងមួយទៀត ដែលមានឈ្មោះថា OS/2។ ទោះបីជាក្រុមហ៊ុនទាំងពីរ ទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការថ្មីនេះក៏ពិតមែន ក៏ប៉ុន្តែដោយសារតែមានទស្សនៈវិស្ស័យ និងគំនិតបង្កើតថ្មីដែលមិនស្របគ្នា ការសហការរវាងក្រុមហ៊ុនទាំងពីរក៏ត្រូវបានបញ្ចប់។
One thought on “តើអ្នកដឹងទេ ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?”