រឿង​ខ្លី៖ បុរស​អ្នក​កាប់អុស ពេល​អ្នក​អាន​រឿង​នេះ​ចប់​ប្រហែល​ជា​អ្នក​នឹង​យល់​ពី​ហេតុ​នាំ​ឱ្យ​បាត់​បង់​ប្រសិទ្ធភាព​ការ​ងារ

បុរស​អ្នក​កាប់អុស គឺជា​រឿង​មួយ​ដែល​បង្កប់ន័យ​អប់រំ​ក្នុង​ចំណោម​រឿង​និទាន​​របស់ អ៊ីសុប (Aesop)។ ដល់​ពេល​អ្នក​អាន​រឿង​នេះ​ចប់​ប្រហែល​ជា​អ្នក​នឹង​យល់​ពី​ហេតុ​នាំ​ឱ្យ​បាត់​បង់​ប្រសិទ្ធភាព​ការ​ងារ។

មាន​បរុសជា​អ្នក​កាប់អុស​ម្នាក់ ត្រូវ​ថៅកែ​របស់​គាត់​ឱ្យ​ពូថៅ​ដ៏​មុត​មួយ រួម​ទាំង​បង្ហាញ​ទី​តាំង​ដែល​គាត់​ត្រូវ​ទៅ​កាប់។ ថ្ងៃ​ដំបូង បុរស​អ្នក​កាប់អុសកាប់​បាន​១៨​ដើម។

“ពិត​ជា​ល្អ​ខ្លាំង​ណាស់​!’ ថៅកែលាន់មាត់សរសើរ​គាត់ “ខំ​ប្រឹង​បន្ត​ទៀត​!” ពាក្យ​សម្ដីសរសើរ​របស់​ថៅកែ​បាន​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ។

ថ្ងៃ​បន្ទាប់​បុរស​នោះ​ខិតខំ​ប្រឹង​ជា​ខ្លាំង ប៉ុន្តែ​គាត់​កាប់​បាន​ត្រឹម​តែ១៥​ដើម​តែ​ប៉ុណ្ណោះ។ ថ្ងៃ​បន្ទាប់​ទៀត បុរស​នោះ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​គាត់​អាចកាប់​បាន​ត្រឹម​តែ១០​ដើម។ ថ្ងៃ​បន្ទាប់ៗ​ទៀត គាត់​កាប់​បាន​កាន់​តែ​តិច​ទៅៗ បើ​ទោះ​បីជា​គាត់​ខំ​ប្រឹង​ខ្លាំង​ណា​ក៏​ដោយ។

គាត់​និយាយ​ក្នុង​ចិត្ត​តែ​ម្នាក់​​ឯង​ថា “ខ្ញុំ​ប្រហែល​ចុះ​ខ្សោយ​កម្លាំង​ហើយ​មើល​ទៅ។” គាត់​​ក៏​បាន​​ទៅ​ជួប​ថៅកែ​របស់​គាត់ ហើយ​និយាយ​សុំទោស ដោយ​មិន​ដឹងថា​មកពី​មូល​ហេតុអ្វី​នោះ​ទេ បាន​ជា​មិន​អាចកាប់​បាន​ច្រើន បើ​ទោះ​បីជា​គាត់​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ថៅកែ​ក៏​សួរ​គាត់​ថា “តើ​អ្នក​សំលៀងពូថៅ​របស់​អ្នក​ចុង​ក្រោយ​នៅ​ពេល​ណា?”

“សំលៀង? ខ្ញុំ​គ្មាន​ពេល​សំលៀងពូថៅ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​រវល់តែខំ​ប្រឹង​កាប់ឈើ…”

ក្នុងន័យនេះ ពូថៅ គឺ​ប្រៀបដូច​នឹង​ខួរ​ក្បាល។ ឯ​ដើម​ឈើប្រៀប​បាន​នឹង​បញ្ហា។ អ្វី​ដែល​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ ជាទូ​ទៅ​មិន​ប្រាកដ​ថា​ថ្ងៃ​ស្អែក​នឹង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​នោះ​ឡើយ។ កុំ​យល់​ថា​អ្វី​ដែល​អ្នក​ចេះ​នៅ​ថ្ងៃ​នេះ អាច​​ប្រើ​ប្រាស់​បាន​រហូត​ឱ្យ​សោះ។ អ្វី​ដែល​អ្នក​ចេះ​នៅ​ថ្ងៃ​នេះ គឺ​ប្រើ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ លុះគ្រា​បន្ទាប់មក​វា​នឹង​បាត់​បង់​ប្រសិទ្ធភាព​ដូច​នឹង​ពូថៅ។ ដូច្នេះ​​ដើម្បី​​ដើរ​ទាន់​ការវិវដ្ដ​សង្គម អ្នក​ត្រូវ​ដុសខាត់​ដោយ​ការសំលៀងខួរ​ក្បាល​អ្នក​ជា​ប្រចាំ តាម​រយៈការ​អាន ការស្ដាប់ អង្កេត​អ្នក​ដទៃ​ដោយ​ចេះ​សួរៗ និង​រក្សា​ការ​សិក្សា​ពេញ​មួយ​ជីវិត។

Leave a Reply

Your email address will not be published. Required fields are marked *