រឿង ស្រ្ដីរឹតទឹកដោះគោ
រឿងស្រ្ដីរឹតទឹកដោះ នៃរឿងនិទានរបស់អ៊ីសុប (Aesop) ដែលតំណាលថា៖
សម័យមួយមានស្ដ្រីម្នាក់មានជំនាញយ៉ាងស្ទាត់ជំនាញក្នុងការរឹតទឹកដោះគោ។ នាងបានរឹតទឹកដោះគោដាក់ធុងនៅក្រោយផ្ទះ ហើយទូលធុងទឹកដោះគោនោះត្រឡប់មកផ្ទះវិញ។
នាងដើរបណ្ដើរគិតបណ្ដើរថា ទឹកដោះគោនេះខាប់ល្អ បើយកទៅធ្វើក្រេម ឬប៊័រប្រាកដជាលក់បានប្រាក់តម្លៃថ្លៃ ហើយអាចប្រមូលប្រាក់ទាំងនោះទៅទិញកូនមាន់បានជាច្រើនសម្បុកមកចិញ្ចឹម។ ដល់ពេលមាន់ធំនឹងលក់ ហើយទិញជ្រូកមកចិញ្ចឹម។ លុះជ្រូកធំល្មមលក់នឹងលក់ទិញគ្រឿងអលង្ការ ដើម្បីតុបតែងខ្លួនសម្រាប់ចូលរួមពិធីបុណ្យប្រចាំឆ្នាំ។ ប្រាកដណាស់ កម្លោះៗជាច្រើននឹងតាមសុំស្នេហ៍ តែនាងវាយឬកងាកមុខចេញទៅរកប្រុសៗដែលស្អាតនិងធូរធារវិញទើបប្រសើរ។
ស្រីក្រមុំនឹកគិតមកដល់ត្រឹមនេះ ស្រាប់តែនាងស្រមៃថា ខ្លួនកំពុងតែងាកចេញពីប្រុសក្មេងដ៏រហេមរហាម ដើម្បីទៅរកប្រុសអ្នកមានក៏ជំពប់ជើងដួលកំពប់ទឹកដោះគោទៅលើដីអស់ ដោយនាំក្ដីសង្ឃឹមទាំងឡាយទៅជាមួយដែរ។
ការមានជំនាញច្បាស់លាស់ គឺជាប្រភពមិនចេះរីងស្ងួតនៃប្រាក់ចំណូល ហើយការចេះស្រមើស្រមៃ មានផែនការ រួមទាំងគោលដៅអាចជួយឱ្យយើងដឹងថា ជីវិតរស់នៅដើម្បីអ្វីខ្លះ ដើម្បីចៀសផុតពីការបំផ្លាញពេលវេលាដោយឥតប្រយោជន៍។ ផ្ទុយមកវិញ ទាំងជំនាញ គោលដៅ និងផែនការដែលខុសឆ្គងនឹងនាំក្ដីរំពឹងរបស់យើងទៅចាកចោលទទេ។ ដូច្នេះចូរប្រយ័ត្ននៅពេលអ្នកនៅម្នាក់ឯង ជាពិសេសគំនិតរវើរវាយរបស់អ្នក វាអាចបំផ្លាញសុភមង្គលអនាគតរបស់អ្នកក្នុងថ្ងៃនេះបានដោយងាយ។