រឿងខ្លី៖ “អ្នកនេសាទដូងទិព្វ” ផ្តល់អត្ថន័យអំពីមនុស្សល្ងង់ទោះមានជោគមានលាភក៏មិនអាចប្រើប្រាស់បាន

មានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។ ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាក​ដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។

ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផង​គាត់មានការភ័យព្រួយ​ជាខ្លាំងព្រោះ​គាត់មិនអាចត្រឡប់​ទៅផ្ទះដោយដៃទទេបាននោះទេ ប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើមវែងៗ​ដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រ ព្រះអាទិត្យ បញ្ចេញរស្មីក្រហមព្រឿងៗហៀបអស្ដង្គតទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រ ​ដោយទឹកមុខក្រៀមក្រោះ ហើយគាត់ខំរិះរកឧបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញ​កលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ។ គាត់ស្រែកទ្រហ៊ោរយំ… ស្រែកយំទាស់តែលង់លក់ទៅដោយឥតដឹងខ្លួន។

រំពេចនោះ ស្រាប់តែមានសំណើចអាថ៍កំបាំងមួយលាន់ខ្ទ័របន្លឺឡើង៖ “ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក! អ្នកឯងក្រណាស់! ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ។”

បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃ​ប្រកបដោយទឹកមុខម៉ឺងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថា៖ “សូមលោកម្ចាស់ជួយខ្ញុំផង!”

តាចាស់នោះតបថា៖ “អើ! ចូរឯងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថា កាលបើឯងប្រាថ្នាចង់បានអ្វីហើយ ចូរឯងកាប់បំបែកដូងមួយនេះទៅ។​ កាលបើធ្វើដូចនេះឯងនឹងបាន​សម្រេចដូចសេចក្ដីប៉ងប្រាថ្នា​មិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។”

តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ រីឯអ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំណើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។

ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់​បានឃើញផ្លែដូចទិព្វ​ទាំងបីនោះ​ពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា៖ “តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ។” កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។

ឮដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖ “ឯងមិនដឹងទេ!?… ដូងនេះជាដូងទិព្វណា ឯងចង់លមើលឬ?”

ប្រពន្ធក៏តបថា៖ “នែ! តាប៉ិ.. កុំអួតតែផ្ដាស! មើលល្បងទៅហ៎ក! ប្រាថ្នាសុំកូនបានបួនដប់នាក់ទៀតមើល៌!”

បុរសជាប្ដីក៏ចង់ល្បងប្រសិទ្ធិភាពដូងទិព្វគាត់ដែរ។ សឹងតែភរិយាស្ដីចប់ពុំទាន់ គាត់ក៏កាប់បំបែកដូងទីមួយភ្លាម។ កូនក្មេង១០នាក់ទៀតក៏ប្រាកដឡើងភ្លាមចំពោះគាត់​ គាត់ញីភ្នែកសម្លឹងមើលទៅហ្វូងក្មេងដោយឆ្ងល់ផងភ័យផង។ គាត់ភ័យព្រោះបើថែមកូនដប់នាក់ទៀតគាត់នឹងមានឣ្វីចិញ្ចឹមពួកវា?

ដូចនេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដូង ដើម្បីប្រាថ្នាសុំឲ្យកូនទាំងអស់នោះត្រឡប់ទៅវិញ។ គាត់ក៏ពោលថា៖ “សូមឲ្យកូនទាំងអស់នេះត្រឡប់ទៅវិញចុះ យើងខ្ញុំមិនមានអ្វីចិញ្ចឹមពួកវាទេ។” ថាហើយក៏កាប់បំបែកដូងទីពីរទៅ។ កុមារាកុមារីទាំងអស់រួមទាំងកូនផ្ទាល់របស់គាត់ផង ក៏រលាយអន្ដរធានបាត់ស្រមោលអស់ទៅហោង។

ឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហ៊ោរយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូន។ គាត់យំរំអុកសុំឲ្យប្ដីយកកូនមកវិញ។ បុរសជាប្ដីទាល់គំនិត ក៏កាប់ដូងទីបីបង្ហើយ ប្រាថ្នាសុំយកកូនមកវិញ។ គាត់ក៏បានសំរេចដូចសេចក្ដីប្រាថ្នា។ បុរសប្ដីប្រពន្ធធ្វើមុខស្ងួត ដោយដូងទិព្វពុំបានជួយអ្វីជាប្រយោជន៍ឲ្យគាត់ឡើយ។

តើបងប្អូនមិត្តអ្នកអានអាចសិក្សាបានទេថារឿងនេះមានអត្ថន័យដូចម្តេច?


អត្ថបទទាក់ទង

រឿងខ្លី៖ អណ្ដើក និងឥន្ទ្រី ផ្តល់អត្ថន័យអំពី​​មហិច្ឆតា​ខុស​ទំនងមិនសម​នឹង​សមត្ថភាព​ និង​លទ្ធភាព

 

Leave a Reply

Your email address will not be published. Required fields are marked *