ប្រវត្តិសង្ខេប និងស្នាដៃ របស់ អាល់បែរ កាមុស ទស្សនវិទូនៃភាពឥតន័យ

អាល់ប៊ែរ កាមុស (Albert Camus) កើតនៅក្នុងទីក្រុងតូចមួយ ក្បែរឆ្នេរ ក្នុងរដ្ឋ Mondovi ប្រទេស អាល់ហ្សេរី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩១៣។ នៅពេលដែលឪពុករបស់លោក ត្រូវបានបាត់បង់ជីវិតនៅក្នុងសមរភូមិ ពេលលោកមានអាយុមួយឆ្នាំ ក្រុមគ្រួសារដែលនៅសេសសល់ បានផ្លាស់ប្តូរទីលំនៅទៅរស់នៅជាយក្បែរទីប្រជុំជនអារ៉ាប់។

លោកគឺជាសិស្សពូកែម្នាក់ ដែលបានជាប់អាហារូករណ៍ទៅរៀននៅវិទ្យាល័យ។ លោកជាក្មេងពូកែលេងបាល់ តែដោយសារជម្ងឺរបេង ទើបលោកឈប់លេងបាល់កាលពីអាយុ ១៧ឆ្នាំ។ លោកក៏ចូលចិត្តលេង តេនីស ដូចគ្នា ហើយដោយសារតែបាល់ និង តេនីស ទើបលោកស្ទើរតែត្រូវរំបាត់ និងត្រូវបានយាយរបស់លោកស្តីបន្ទោស។ ខណ:ពេលកំពុងរៀននៅវិទ្យាល័យ លោកក៏ចាប់ផ្តើមចូលប្រឡុកក្នុងវិស័យល្ខានសម្តែង។

លោករៀបការនៅអាយុ ២១ឆ្នាំ ជាមួយនាង Simone Hie ជាកូនស្រីរបស់អ្នកជំនាញចក្ខុ តែក៏ធ្លាប់បែកថ្នាំ (លេងថ្នាំ) ដែរ ហើយស្នេហានេះ ល្អក់កករ និងចែកផ្លូវគ្នា ក្រោយស្រឡាញ់គ្នាបានតែ ២ឆ្នាំ។

លោកក៏ធ្លាប់បានចូលរួមជាមួយបក្សប្រឆាំងក្នុងការធ្វើបាតុកម្មប្រឆាំងនឹងពួកហ្វស៊ីសនៅអ៊ឺរ៉ុប ក្នុងឆ្នាំ១៩៣៤ផងដែរ។ 

សៀវភៅដំបូងរបស់ អាល់បែរ កាមុស ត្រូវបានបោះពុម្ភឡើងក្នុងឆ្នាំ១៩៣៧ ពេលដែលលោកមានអាយុ ២៤ឆ្នាំ ដែលជាប្រមូលអត្ថបទមានឈ្មោះថា “The Wrong Side and The Right Side” ហើយក្នុងកំឡុងពេលនៃអាយុ ២៤ឆ្នាំនោះ លោកក៏បានបញ្ចប់ប្រលោមលោកដំបូងរបស់លោកដែលមានឈ្មោះថា “A Happy Death” នៅក្នុងឆ្នាំ១៩៤០ លោកបានបាត់បងការងារ ហើយលោកក៏បានរៀបការម្តងទៀតជាមួយនារីឈ្មោះ Francine Faure ដែលជាគ្រូគណិតវិទ្យា និងជាអ្នកព្យាណូ ដោយបង្កើតបានកូនភ្លោះ។ 

នៅក្នុងឆ្នាំ ១៩៤១ ក្រុមណាស៊ី បានលុកលុយប្រទេសបារាំង ហើយលោកបានចូលរួមជាមួយក្រុមចលនារស៊ូ និងបានសរសេរយុទ្ឋនាការមួយនៅលើកាសែតឈ្មោះ Combat បន្ទាប់មកលោកក៏ចាប់ផ្តើមបញ្ចេញស្នាដៃរបស់លោកជាច្រើនដូចជា៖

  • l’étranger (ជនចម្លែក ឬជនមិនចុះសម្រុងនឹងជីវិត)
  • le mythe de sisyphe
  • la peste
  • l’homme révolté
  • le malentendu
  • les justes

សៀវភៅ “L’etranger” ជាភាសាអង់គ្លេស “The Stranger” ឬជាភាសាខ្មែរមានន័យថា មិនចុះសម្រុងនឹងជីវិត ដ៏ល្បីល្បាញរបស់ អាល់បែរ កាមុស ត្រូវបានបោះពុម្ភផ្សាយនៅប្រទេសបារាំងក្នុងឆ្នាំ១៩៤២ និងត្រូវបានបកប្រែជាភាសាអង់គ្លេសនៅក្នុងឆ្នាំ១៩៤៣។ វាមិនបានបោះពុម្ភផ្សាយនៅសហរដ្ឋអាមេរិកទេ បន្ទាប់ពីសង្គ្រាមនៅឆ្នាំ១៩៤៦។ ការប្រគុំតន្រ្តី ដែលរៀបចំសម្រាប់រឿង មិនចុះសម្រុងនឹងជីវិត ក្នុងឆ្នាំ១៩៧៨ ត្រូវបានគេដាក់ចំណងជើងចម្រៀងនោះថា “Killing an Arab” តែដោយសារការធុញទ្រាន់នឹងបទចម្រៀងដែលប្រកាន់រើសអើងពូជសាសន៍ពេក គេក៏ប្តូរចំណងជើងមកវិញថា “Kissing an Arab” មិនចុះសម្រុងនឹងជីវិត ត្រូវបានគេផលិតជាខ្សែភាពយន្តចំនួន ២ដង ដោយជនជាតិអ៊ីតាលី។ នៅក្នុងឆ្នាំ១៩៤៣ លោកបានជួបជាមួយនឹងអ្នកនិពន្ឋ ហ្សង់ ប៉ូលហ្សាត ជាលើកដំបូងនៅកន្លែងសម្តែងភាពយន្ត “The Files in the Paris” លោកបានមកលេងសហរដ្ឋអាមេរិកដំបូងនៅក្នុងឆ្នាំ១៩៤៦ ហើយពេលស្នាក់ញូវយ៉ក លោកបានទៅលេងសួនសត្វ ២០ដង។ 

រឿងប្រលោមលោកបន្ទាប់របស់លោក គឺ The Plague (ជម្ងឺប៉េស្ត) ដែលបានចេញផ្សាយក្នុងឆ្នាំ១៩៤៧ ហើយជារឿងដែលផ្អែកលើការផ្ទុះរាលដាលនៃជម្ងឺអាសន្នរោគ ដែលបានកើតឡើងក្នុងឆ្នាំ១៨៤៩។

លោកបានឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្រ្តនៅឆ្នាំ១៩៥៧ ដោយរង្វាន់នេះត្រូវបានផ្តល់ជូនភាគច្រើនសម្រាប់អត្ថបទខ្លីៗរបស់លោក ដែលមានចំណងជើងថា “The Reflection on the Guillotine” ដែលបានជំទាស់នឹងការដាក់ទណ្ឌកម្មមូលធន។ 

អាល់ប៊ែរ កាមុស ជាអ្នកជក់បារីពេញមួយជីវិតរបស់លោក ហើយពេលនោះ គេពិបាកនឹងរករូបថតណាដែលគាត់មិនកាន់បារីណាស់។ លើសពីនេះគាត់ថែមទាំងមានឆ្មាមួយក្បាលឈ្មោះ Cigareetes (មានន័យថា បារី) ថែមទៀតផង។

លោក អាល់បែរ កាមុស បានបាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦០ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅទីក្រុង Villeblevin ខណ:ពេលកំពុងធ្វើដំណើរទៅប៉ារីស។ លោក មីឆែល ហ្គីលម៉ាដ ដែលជាអ្នកបោះពុម្ភផ្សាយ និងជាមិត្តភក្តិរបស់លោក ក៏បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ។ លោក ហ្សង់ ប៉ូលហ្សាត ក៏បានបោះពុម្ភផ្សាយនូវសៀវភៅដែលបង្ហាញពីអារម្មណ៍ ចំពោះមរណភាពរបស់គាត់ផងដែរ។

សូមបញ្ជាក់ថា លោកសាស្រ្តាចារ្យទស្សនវិជ្ជា យី ឈាងអេង បានបកប្រែស្នាដៃ មិនចុះសម្រុងនឹងជីវិត កាលពីឆ្នាំ ១៩៧៣។ យ៉ាងណាមិញ សៀវភៅនេះត្រូវបានកែសម្រួលឡើងវិញដោយអ្នកបកប្រែអក្សរសិល្ប៍ បេ ពុច និង គ្រីស្តូហ្វ ម៉ាកេ (Christophe Macquet) អ្នកអាចធ្វើការជាវសៀវភៅនេះបានដោយផ្ញើលេខទូរស័ព្ទតាមរយ: Comment ឬប្រអប់សារមកទំព័រហ្វេសប៊ុកណាមួយរបស់ពួកយើង។

ទំនាក់ទំនងលេខ៖ ០៩៦ ២៧០ ៦៥៦៥

2 thoughts on “ប្រវត្តិសង្ខេប និងស្នាដៃ របស់ អាល់បែរ កាមុស ទស្សនវិទូនៃភាពឥតន័យ

    1. Thank you so much for your interest in this book. Please kindly drop us your number (Telegram) and address, we will contact you.

Leave a Reply

Your email address will not be published. Required fields are marked *