គុណធម៍ក្នុងការគ្រប់គ្រងមនុស្ស ចំនួន៥ សម្រាប់អ្នកដឹកនាំ

គុណធម៌ មកពីពាក្យ គុណ (ដំណើរធ្វើឲ្យចម្រើនឡើងដោយលក្ខណៈដែលអ្នកដទៃគួរគោរព) + ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)។ គុណធម៌មានន័យថា ជាការប្រព្រឹត្តអំពើល្អប្រសើរចំពោះអ្នកដទៃ ដែលជាអំពើនាំមកនូវភាពចម្រុងចម្រើនកាន់តែច្រើន ដែលគេផងរាល់គ្នាគោរពកោតសរសើរ ហើយក៏មានទឹកចិត្ត កតញ្ញូចង់តបស្នង ធ្វើនូវអំពើល្អនោះត្រឡប់ទៅវិញបន្ថែមបន្តទៀត ដោយទឹកចិត្តជ្រះថ្លាពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្តអំពើល្អរបស់មនុស្ស ចំពោះពលរដ្ឋដទៃទៀតក្នុងសង្គមដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។ តើដំណើរប្រព្រឹត្តអំពើគុណធម៌មានអ្វីខ្លះទៅជាឧទាហរណ៍?

  • ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមានការខ្វះខាត
  • ការមិនឈរមើលបំណាំគ្នា និងមិនចាប់កំហុសគ្នាទៅវិញទៅមក
  • ការនិយាយស្ដីលើកកម្លាំងចិត្ត
  • ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា
  • ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់គ្រួសារខ្លួន បងប្អូន សាច់ញាតិ ពលរដ្ឋក្នុងសង្គមជាតិ ឲ្យចេះជួយខ្លួនឯង ឲ្យរៀនស្វែងរកផ្លូវ​ល្អប្រសើរក្នុងជីវិត
  • ការមានសេចក្ដីមេត្តាសណ្តោសប្រណី និងមានសប្បុរសធម៌ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្សដែលមិនអាចជួយខ្លួនឯងបាន
  • ការផ្ដល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្សឲ្យចាកផុតពីការប្រព្រឹត្តអំពើអាក្រក់ ជាដើម។

ខាងក្រោមនេះ គឺជាគុណធម៍ ៥យ៉ាង ដែលអ្នកដឹកនាំគួរតែអនុវត្តក្នុងការគ្រប់គ្រងមនុស្ស៖

១. សច្ចធម៌

សច្ចធម៌​ មានន័យថា​ ភាពទៀតត្រង់​ ភាពពិតប្រាកដ​ ជាក់ស្ដែង​ មិនក្លែងក្លាយ។​ សច្ចភាព​ មិនចំណុះអោយមនុស្សឡើយ។ សច្ចធម៌ក្នុងការដឹកនាំ គឺជាការតាំងចិត្តមិនលំអៀងទៅខាងបុគ្គល ឬបក្សពួកណាមួយឡើយ។ អ្នកដឹកនាំដែលប្រកាន់នូវសច្ចធម៌ ប្រាកដជាអាចដឹកនាំគ្រួសារ​ ក្រុមហ៊ុន អង្គភាព​​ ក៏ដូចជាសង្គមជាតិខ្លួនឲ្យរស់នៅដោយសុខសាន្ត គ្មានការច្រណែននិន្ទាគ្នា អាចរួមរស់នឹងគ្នាប្រកបដោយសេចក្ដីសុខសុភមង្គល។

២. មេត្តាធម៌ ​​

ពាក្យ​ថា មេត្តា​សំដៅយក​អ្នកមាន​មេត្រីភាព​ សេចក្តី​រាប់រក​ សេចក្តី​រាប់អាន​គ្នា សេចក្តី​សន្តោស​ប្រោសប្រណី​ បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សេចក្តីសុខ ចម្រើន​ដូច​ខ្លួន​ដែរ​ មាន​មេត្តា​ ផ្សាយ​មេត្តា​ថា ខ្ញុំ​មានចិត្ត​សុខ​ស្ងប់​យ៉ាងណាមិញ សូម​ឱ្យ​សព្វ​សត្វ​​បាន​សុខ​ស្ងប់​ដូច​ខ្ញុំ​ចង់បាន​នុះ​ដែរ​ចុះ។ មិនថាក្នុងរង្វង់គ្រួសារ ក្នុងក្រុមហ៊ុន ​ឬសង្គមជាតិឡើយ អ្នកដឹកនាំទាំងអស់ ត្រូវតែប្រកាន់ភ្ជាប់នូវចិត្តមេត្តាករុណា មានចិត្តសន្ដោសប្រោសប្រណី អាណិតស្រឡាញ់​ រួមសុខរួមទុក្ខនឹងគ្នា សាទរសប្បាយរីករាយពេលឃើញគ្នាសម្រេចជោគជ័យមានក្ដីសុខ​ លើកទឹកចិត្តពេលបរាជ័យ ​ផ្ដល់ដំណោះស្រាយពេលជួបវិបត្តិដែលពិបាកដោះស្រាយ។ មេត្តា​ នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក ព្រោះអ្នកមាន​ក្តី​មេត្តា ​អាច​យកឈ្នះ​ចិត្ត​ក្រោធ​របស់​អ្នក​ដទៃ​បាន​ដែល​ចាត់​ថា​ជា​ជ័យជម្នះ​ដ៏​ប្រសើរ​។ អ្នក​ដែល​តាំងនៅ​ក្នុង​មេត្តា ឈ្មោះ​ថា​ធ្វើ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង​ឱ្យ​កើតមានឡើង​។ 

៣. បញ្ញា

បញ្ញា (Intelligence) គឺជា​សមត្ថភាព​នៃ​ការចងចាំ និង​ជា​សមត្ថភាព​នៃ​កាយ​ល់​។ ប្រសិនបើ​អ្នក​ព្យាយាម​សញ្ជឹងគិត​ពិចារណា ស្វែងរក​ចម្លើយ​ពី​បញ្ហា​អ្វីមួយ ដែល​អ្នក​មិន​ធ្លាប់​យល់ មិន​ធ្លាប់​ឆ្លងកាត់​ពីមុន ពេលនោះ​អ្នក​កំពុងតែ​ប្រើ​នូវ​សមត្ថភាព​ខាង​បញ្ញា ដើម្បី​យល់​នូវ​សច្ចភាព​នោះ​។ បញ្ញា កើតឡើង​ពេល​អ្នក​ព្យាយាម​យល់​ និង​ចងចាំ​នូវ​អ្វី ដែល​អ្នក​មិនទាន់​យល់ និង​អ្វីដែល​អ្នក​មិន​ធ្លាប់​ចងចាំ​ពីមុនមក​។ បញ្ញាជាផ្នែកមួយដ៏សំខាន់ក្នុងការងារដឹកនាំ ហើយវាមិនអាស្រ័យសំខាន់ទៅលើកកម្រិតសិក្សា ឬសញ្ញាបត្ររបស់បុគ្គលឡើយ ព្រោះបញ្ញាគឺជាសមត្ថភាពក្នុងការពិចារណាថ្លឹងថ្លែង ស្វែងយល់ រិះរកមធ្យោបាយ ឬដំណោះស្រាយពេលជួបបញ្ហា។​ មេដឹកនាំដែលមានបញ្ហាឈ្លាសវៃ អាចដឹកនាំគ្រួសារ​ ក្រុមហ៊ុន​ សង្គមជាតិឲ្យមានភាពរីកចម្រើនលូតលាស់បានយ៉ាងប្រសើរ។​

៤. ភាពម៉ឺងម៉ាត់

ពាក្យ​ថា “ម៉ឺងម៉ាត់​” ​មានន័យថា តឹងតែង​ ប្រាកដប្រជា​។ ឧទាហរណ៍​៖ សម្តី​ម៉ឺងម៉ាត់​ និយាយ​ម៉ឺងម៉ាត់​។ អ្នកដឹកនាំចាំបាច់ត្រូវមានភាពម៉ឺងម៉ាត់ ប្រកាន់ពាក្យសច្ចៈ ធ្វើអ្វីៗត្រូវមានភាពច្បាស់លាស់ ម៉ត់ចត់ក្នុងការងារ មិនត្រូវធ្វើអ្វីលំៗឲ្យតែបាននោះទេ។ ចំពោះមេដឹកនាំដែលមានភាពម៉ឺងម៉ាត់ច្បាស់លាស់ ប្រាកដជាអាចសម្រេចផែនកាលបានល្អប្រសើរជោគជ័យ​ ជាងអ្នកដែលគ្មានភាពច្បាស់លាស់ និងគ្មានទំនួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួន។ ​

៥. ភាពស្មោះត្រង់

ភាពស្មោះត្រង់ គឺជាគុណតម្លៃដ៏សំខាន់ក្នុងការធ្វើឲ្យអ្នកដទៃគោរព​ ទុកចិត្ត ជាពិសេសចំពោះអ្នកដឹកនាំ ព្រោះថាបើអ្នកដឹកនាំគ្មានភាពស្មោះត្រង់ក្នុងខ្លួននោះទេ ក៏គ្មាននរណាហ៊ានទុកចិត្តហ៊ានផ្ញើវាសនាលើបុគ្គលបែបនេះដែរ។ ភាពស្មោះត្រង់ធ្វើឲ្យអ្នកក្រោមឱវាទគោរពស្រឡាញ់ ឲ្យតម្លៃ មានភាពជឿជាក់​ ហើយគេតែងតែធ្វើកិច្ចការគ្រប់យ៉ាងដោយស្មោះអស់ពីចិត្ត ដើម្បីតបស្នងចំពោះភាពស្មោះត្រង់នេះវិញ។ ដូចទស្សនៈមួយរបស់ ខុងជឺ បានលើកឡើងថា “អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន”។ ដូច្នេះ បើចង់បានភាពស្មោះត្រង់ពីអ្នកដទៃ លុះត្រាតែអ្នកស្មោះត្រង់ចំពោះអ្នកដទៃដែរ។

ជារួមទៅ គុណធម៌ទាំងប្រាំខាងលើ គឺពិតជាសំខាន់សម្រាប់អ្នកដឹកនាំទាំងឡាយក្នុងការធ្វើឲ្យការដឹកនាំរបស់ខ្លួនមានភាពល្អប្រសើរ ទទួលបានការគោរព​ និងភាពស្មោះត្រង់ពីអ្នកនៅក្រោមបង្គាប់ខ្លួន។


អត្ថបទទាក់ទង

តើគុណធម៌ចាំបាច់របស់អ្នកដឹកនាំមានអ្វីខ្លះ?

 

Leave a Reply

Your email address will not be published. Required fields are marked *