តើអ្វីជាឥរិយាបថសម្តែងការងារតាមបែប ហូ-រែន-សូ របស់ជនជាតិជប៉ុន?

តើក្រុមហ៊ុនជប៉ុនមានលក្ខណៈតឹងតែង-ម៉ឺងម៉ាត់ខ្លាំងមែនឬទេ? តើដោយសារតែពួកគេមានច្បាប់ទម្លាប់ និងឥរិយាបថការងារច្រើនមែនទេ? ចម្លើយ គឺមិនពិតបែបនោះទេ។ អ្វីដែលគេត្រូវការចាំបាច់នោះ គឺភាពជាអ្នកដឹកនាំលើខ្លួនឯង។ ក្នុងចំណោមឥរិយាបថការងារជាច្រើននៅប្រទេសជប៉ុន ក្នុងនោះគឺមានឥរិយាបថមួយដែលមានលក្ខណៈប្លែកជាងគេ និងត្រូវបានជនជាតិជប៉ុនហៅថា ហូ-រែន-សូ (Ho-Ren-So)។ នៅពេលមានបញ្ហាកើតឡើង កម្មករនិយោជិត គួរតែរាយការណ៍អំពីបញ្ហានោះ ហើយមិនត្រូវរក្សាវាទុកដោយខ្លួនឯងទេ។ ពួកគេគួរតែទាក់ទងមនុស្សពាក់ព័ន្ធ មេការ ឬអ្នកសម្របសម្រួលក្នុងករណីនោះ។ ជំនួសឱ្យការសន្មត់ថា ពួកគេអាចដោះស្រាយបានដោយខ្លួនឯង ពួកគេគួរតែពិគ្រោះជាមួយអ្នកផ្សេង ដើម្បីទទួលបានដំបូន្មានរបស់ពួកគេ។

  • ហូ មកពីពាក្យ «報告» (ហូកូគុ) មានន័យថា ការរាយការណ៍
  • រែន មកពីពាក្យ «連絡» (រែនរ៉ាគុ) មានន័យថា ការចែករំលែកនូវព័ត៌មាន
  • សូ មកពីពាក្យ «相談» (សូដាន) មានន័យថា ការប្រឹក្សាយោបល់

. តើអ្វីទៅជា ហូ-រែន-សូ ?

ហូ-រែន-សូ គឺជាឥរិយាបថក្នុងការងារមួយក្នុងចំណោមឥរិយាបថការងារជាច្រើនក្នុងប្រទេសជប៉ុន។ វាជារបៀបធ្វើការមួយ ដែលមាន៣ដំណាក់កាល ក្នុងនោះមាន «報告» (ហូកូគុ) «連絡» (រែនរ៉ាគុ) និង «相談» (សូដាន)។ ហូកូគុ មានន័យថា ការរាយការណ៍អំពីលទ្ធផល និងស្ថានការណ៍តាមរយៈការណែនាំ និងស្នើសុំ។ រីឯ រែនរ៉ាគុ ជាការចែករំលែកនូវព័ត៌មានដែលមានតាមតម្រូវការ។ ចំណែកឯ សូដាន គឺការប្រឹក្សាយោបល់ទៅលើបញ្ហា និងទទួលការណែនាំ។ ជាទូទៅ នៅក្នុងក្រុមហ៊ុនមួយតែងតែមានការងារជាច្រើនដូចជា ការផលិត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជាដើម ប៉ុន្ដែការងារទាំងនោះមិនអាចដំណើរការទៅដោយខ្លួនឯងបានទេ។ វាចាំបាច់ណាស់ដែលត្រូវមានការធ្វើការជាក្រុម ដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្យាយាមដោះស្រាយនូវបញ្ហា និងឆ្ពោះទៅរកការសម្រេចឲ្យបាននូវលទ្ធផលល្អដ៏មួយ។

តាមពិតទៅ នៅប្រទេសជប៉ុន អ្នកដែលទើបនឹងចូលធ្វើការដំបូងតែងតែបានរៀនអំពី ” ហូ-រែន-សូ ”  ក្នុងកំឡុងពេលហ្វឹកហាត់ការងារនេះ។ ” ហូ-រែន-សូ ” គឺចាំបាច់សម្រាប់ទំនាក់ទំនងរវាងនាយកគ្រប់គ្រង និងបុគ្គលិក ពីព្រោះវាជាគោលគំនិតសំខាន់មួយសម្រាប់ការដឹកនាំមួយដ៏ល្អ ក៏ដូចជាភាពជិតស្និទ្ធតាមរយៈការយោគយល់គ្នា។

. វាមិនមែនជាការបែងចែកតាមឋានៈពីធំទៅតូចទេ

វាគឺជាគំនិតនៃការដឹកនាំខ្លួនឯង។ មានគំនិតមួយដែលតែងតែយល់ច្រលំថា “ពេលធ្វើការនៅមួយកន្លែង ដោយគ្រាន់តែត្រូវរាយការណ៍ ទាក់ទង និងនិយាយអំពីកិច្ចណាមួយ។” តាមពិតទៅពួកយើងត្រូវគិតអំពីកម្មវត្ថុ និងមនុស្សដែលយើងចង់ចែករំលែកជាមុនសិន។ ដើម្បីឈានទៅរកដំណើរការក្នុងការងារ និងទទួលបានលទ្ធផល អ្វីដែលពួកយើងត្រូវផ្ដោតទៅលើការដឹកនាំ ដូចជាការគិត និងការអនុវត្តន៍ក្នុងដំណាក់កាលនីមួយៗ។

. គន្លឹះ៣ សម្រាប់ ហូ-រែន-សូ

សម្រាប់ ហូកូគុ ជាការរាយការណ៍អំពីស្ថានភាព និងលទ្ធផល ដែលយោងទៅតាមការស្នើសុំ និងណែនាំ។ ប៉ុន្តែវាគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះ។ យើងត្រូវការអ្វីផ្សេងៗទៀតបន្ថែម ដូចជា ការធ្វើរបាយការណ៍ភ្លាមៗក្នុងកំឡុងពេលគម្រោងកំពុងដំណើរការ ឬ ការបន្ថែមនូវអ្វីដែលយើងគួរតែធ្វើបន្ត ឬ ការគិតពិចារណាផ្សេងៗ។ ពួកយើងអាចអភិវឌ្ឍគុណភាពរបស់​ “ហូ-រែន-សូ” បានល្អប្រសើរ ប្រសិនបើយើងបញ្ចេញមតិដោយផ្អែកលើគំនិតដែលបានគិតគ្រប់ជ្រុងជ្រោយ ដោយមិនគ្រាន់តែផ្អែកលើគំនិតដែលគិតឃើញភ្លាមនោះទេ។

សម្រាប់ រែនរ៉ាគុ ជាការចែករំលែកនូវព័ត៌មានតាមតម្រូវការ។ វាមិនមែនគ្រាន់តែជាការបង្ហាញចំនួនតួលេខប៉ុណ្ណោះទេ វាមានសារៈសំខាន់ជាពិសេស គឺអត្ថន័យដែលនៅពីក្រោយតួលេខទាំងនេះផងដែរ។ ដូចនេះជាយោបល់ថា អ្នកគួរតែសួរសំណួរឲ្យបានច្រើន ដែលរួចហើយអ្នកនឹងអាចរកឃើញនូវអ្វីដែលអ្នកគួរតែនិយាយ។

សម្រាប់ សូដាន ជាការប្រឹក្សាទៅលើបញ្ហាការទទួលការណែនាំ និងដំបូន្មាន។ ជាទូទៅ វាជាការទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយ។ វាផ្តោតសំខាន់ទៅលើការសហការរវាងគ្នា និងគ្នា ដើម្បីសម្រេចឲ្យបាននូវលទ្ធផលមួយតាមរយៈការធ្វើការជាក្រុម។

“ហូ-រែន-សូ” ជាអាកប្បកិរិយាក្នុងការងារបែបជប៉ុនមួយដែលមានលក្ខណៈប្លែកពីគេ ហើយវាក៏ជាវិធីក្នុងការទំនាក់ទំនងជាមួយអ្នកដទៃក្នុងបរិបទយោគយល់គ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរ។


អត្ថបទទាក់ទង

វិធីសាស្រ្ត KAIZEN ចំនួន ៥ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យមានប្រសិទ្ធិភាព

Leave a Reply

Your email address will not be published. Required fields are marked *