វិធីសាស្រ្ត KAIZEN ចំនួន ៥ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យមានប្រសិទ្ធិភាព

Kaizen (ខៃហ្សុិន) គឺជាវិធីសាស្ត្រ និងជាទស្សនៈក្នុងការអភិវឌ្ឍខ្លួន និងសមត្ថភាពដ៏ល្បីល្បាញ និងពេញនិយមមួយរបស់ជនជាតិជប៉ុន ដែលវាត្រូវបានមនុស្សសម័យថ្មីនេះ កំពុងតែអនុវត្ត និងបានអនុវត្តវារួចមកហើយ។ Kaizen មកពីពាក្យថា Kai (改) ប្រែថា Change ឬ ផ្លាស់ប្តូរ + Zen (善) ប្រែថា Good/Better ល្អ ឬ ប្រសើរឡើង។ យើងអាចសំយោគអត្ថន័យវាបានថា Kai-Zen សំដៅដល់ការអភិវឌ្ឍខ្លួន និងសមត្ថភាព ឬគុណតម្លៃការងារអ្វីមួយដោយវិជ្ជមាន និងជាបន្តបន្ទាប់ជានិច្ច ដែលជាភាសាអង់គ្លេសហៅថា Continuous Improvement Kaizen ក៏ត្រូវបានគេបម្លែងទៅជាទស្សនៈល្អៗក្នុងការបញ្រ្ជាបផ្នត់គំនិត និងរបៀបរបបក្នុងជីវភាពរស់នៅរបស់ប្រជាជនជប៉ុនម្នាក់ៗ មិនថាក្នុងបរិយាកាសកន្លែងការងារ ឬការសិក្សារៀនសូត្រនោះទេ។ 

អ្នកផ្ទាល់ក៏អាចសាកអនុវត្តវិធីសាស្រ្តសាមញ្ញៗដូចខាងក្រោម ដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យមានប្រសិទ្ធិភាពដូចប្រជាជនជប៉ុនបានផងដែរ៖

១. ធ្វើអ្វីមួយចាប់ផ្តើមពីតូចទៅ (Start from small things)

ត្រូវមានក្តីស្រមៃឲ្យធំ តែត្រូវចាប់ផ្តើមពីតូចទៅ។  ក្នុងការសម្រេចការងារធំមួយបាន អ្នកត្រូវច្បាស់ថា អ្នកមិនគួរចាប់ផ្តើមវាធំរហូតនោះទេ។ អ្នកត្រូវតែច្បាស់លាស់ ហើយត្រូវសួរខ្លួនឯងថា អ្នកចង់បានដាក់គោលដៅធំប៉ុណ្ណា? ក្នុងរយៈពេលប៉ុន្មានឆ្នាំតទៅខាងមុខទៀត អ្នកចង់សម្រេចគោលបំណងមួយនោះ។ 

ដើម្បីចាប់ផ្តើមធ្វើរឿងអ្វីមួយពីតូចទៅបានអ្នកត្រូវ៖

  • ដាក់គោលដៅមួយ និងកំណត់រយៈពេលច្បាស់លាស់មួយជាក់លាក់។
  • យកគោលបំណង ឬក្តីប្រាថ្នារបស់អ្នក បំបែកវាទៅជាសកម្មភាពតូចៗ ដែលងាយស្រួលសម្រេច និងបំពេញបាន។ អ្នកក៏អាចធ្វើវាទៅជា សកម្មភាព ឬគោលដៅប្រចាំថ្ងៃឬប្រចាំសប្តាហ៍ ឬប្រចាំឆ្នាំ តាមផែនការរបស់អ្នករៀងៗខ្លួន។
  • កុំធ្វើឲ្យសកម្មភាពរបស់អ្នករញ៉េរញៃតែព្យាយាមធ្វើវាឲ្យសាមញ្ញនិងអាចសម្រេចបាន។
  • សន្សឹមៗម្តងបន្តិចៗ តែមានការតាំងចិត្ត និងគោលដៅច្បាស់លាស់។

២. ផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯង (Give yourself some rewards)

ការលើកទឹកចិត្តខ្លួនឯង ជាគន្លឹះមួយដែលនាំឲ្យអ្នកបន្តសកម្មភាពរបស់អ្នកជាបន្តបន្ទាប់បាន។ ការតាំងចិត្តតែមួយមុខ វាមិនអាចនាំអ្នកបន្តដំណើរ ឬគោលដៅរបស់អ្នកឲ្យបានវែងឆ្ងាយរហូតនោះទេ តែអ្នកអាចលើកទឹកចិត្តខ្លួនឯងបានរាល់ពេលដែលអ្នកសម្រេចកិច្ចការអ្វីមួយ។ សាកថ្មខ្លួនឯង មុននឹងបន្តដំណើរបន្តទៅមុខទៀត។ ព្យាយាមកំណត់នូវតម្លៃ និងរង្វាន់សម្រាប់ខ្លួនឯងហ្នឹងឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេប្រយ័ត្ន Procrastinate ការងារទុកចោលកាន់តែច្រើនណា។

៣. ស្វែងរកដៃគូដែលទុកចិត្តអាចសាកសួរ ផ្តល់យោបល់និងការប្រឹក្សាគ្នាបាន​ (Looking for any feedbacks)

ដៃគូ ឬ Mentor ជាមនុស្សម្នាក់ដែលអ្នកអាចជឿជាក់ក្នុងការសាកសួរ និងពិភាក្សា ព្រោះតែគេមានជំនាញជាក់លាក់ និងបទពិសោធន៍ និងគួរឲ្យទុកចិត្តបាន។ 

ពួកគេទាំងនោះ អាចផ្តល់ជាមតិរិះគន់ក្នុងន័យកែលម្អ ដើម្បីឲ្យអ្នកអាចកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនឯងបាន។

ការដែលមាន Mentor ម្នាក់ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចផ្តល់ជាមតិយោបល់ស្ថាមនា (constructive feedback) មួយចំនួន ដែលផ្តល់នូវការកែតម្រូវសកម្មភាពធ្វើការរបស់អ្នកទៅតាមស្តង់ដារទូទៅ ស្វែងរកចន្លោះប្រហោងពីសកម្មភាពរបស់អ្នកផ្តល់មតិរិះគន់កែលម្អ តែមិនមែនជាការវាយតម្លៃ។

៤. តាមដានសកម្មភាពរបស់អ្នកជាប្រចាំ (Keep track your performance)

ត្រូវមានទម្លាប់ឧស្សាហ៍សង្កេតមើលសកម្មភាពរបស់អ្នក និងធ្វើការចោទជាសំណួរទៅកាន់ខ្លួនឯងជាប្រចាំ។ 

នៅពេលដែលអ្នកតាមដានសកម្មភាព ឬលទ្ធផលការងាររបស់អ្នក វាធ្វើឲ្យអ្នកចាប់អារម្មណ៍លើចំណុចខ្វះខាត និងចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនអ្នកបានល្អជាងមុន។ ការប្រកាន់ភ្ជាប់នូវទម្លាប់សិក្សាដោយសកម្ម (Active  Learning) ក៏ជាចំណុចល្អដែលអ្នកមិនគួររំលង និងគួរតែអនុវត្តវាជាប្រចាំ ដោយព្យាយាមផ្សារភ្ជាប់ចំណេះដឹងរបស់អ្នកទៅក្នុងជីវភាពរស់នៅ មានបំនិនគំនិតដោយខ្លួនឯងឲ្យបានច្រើន។ 

៥. បន្តធ្វើរបៀបនេះម្តងហើយម្តងទៀត (Re-do the action again & again)

តក់ៗពេញបំពង់! ចូរធ្វើរឿងដដែលច្រើនដងជារៀងរាល់ថ្ងៃ ហើយបន្តធ្វើវាម្តងហើយធ្វើទៀត រហូតអ្នកស្ទាត់ជំនាញក្នុងការងារមួយនេះ។

តោះហេតុអីនៅរងចាំធ្វើអ្វីទៀត ចាប់ផ្តើម Kaizen ទាំងអស់គ្នា។


អត្ថបទទាក់ទង

អ៊ិឃិហ្គៃ (Ikigai) អាថ៍កំបាំងរបស់ជនជាតិជប៉ុនដើម្បីជីវិតរីករាយ និងអាយុយឺនយូរ

Leave a Reply

Your email address will not be published. Required fields are marked *