សំណួរសំខាន់ៗចំនួន ៣ ដែលមនុស្សតែងតែសួរខ្លួនឯងនៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ

មនុស្សច្រើនតែមិនបានយល់ពីសារៈសំខាន់នៃការផ្តោតអារម្មណ៍របស់ខ្លួនទៅលើអ្នកដទៃទេ ហើយជាញឹកញាប់ វាច្រើនតែជាឧបសគ្គធំបំផុតដែលមនុស្សត្រូវប្រឈមមុខក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃថែមទៀតផង។ រឿងនេះគឺជាបញ្ហានៃការមានឥរិយាបថត្រឹមត្រូវ។ ប៉ុន្តែមិនមែនសុទ្ធតែជាបញ្ហានៃឥរិយាបថទាំងអស់នោះទេ។ អ្នកត្រូវតែអាចប្រាស្រ័យទាក់ទងគ្នាដោយឥរិយាបថនៃភាពមិនអាត្មានិយម។ តើអ្នកធ្វើវាដោយរបៀបណា? អ្នកធ្វើវាដោយឆ្លើយសំណួរចំនួន ៣ ដែលមនុស្សតែងតែសួរខ្លួនឯងនៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ មិនថាជាអតិថិជន ភ្ញៀវ មហាជនដែលគាំទ្រខ្លួន មិត្តភក្តិ មិត្តរួមការងារ ឬជាមួយនិយោជិតរបស់ខ្លួននោះទេ៖

១. តើអ្នកមានគិតដល់ខ្ញុំទេ?

ការយកចិត្តទុកដាក់គ្នាទៅវិញទៅមក បង្កើតឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នារវាងមនុស្សនិងមនុស្ស។ នៅពេលណាដែលអ្នកអាចជួយមនុស្សផ្សេងទៀតឱ្យយល់បានថា អ្នកពិតជាយកចិត្តទុកដាក់ចំពោះពួកគេ ពេលនោះអ្នកបានបើកទ្វារទំនាក់ទំនង ការប្រាស្រ័យទាក់ទង និងអន្តរកម្មជាមួយពួកគេហើយ។ អ្នកចាប់ផ្តើមបង្កើតទំនាក់ទំនង។

ហើយចាប់ពីពេលនេះតទៅ អ្នកមានសក្តានុពលក្នុងការបង្កើតអ្វីមួយដែលមានអត្ថប្រយោជន៍សម្រាប់អ្នកនិងពួកគេ ពីព្រោះទំនាក់ទំនងល្អជាធម្មតានាំឱ្យមានរឿងល្អៗកើតឡើង ហើយរឿងទាំងនោះ មានដូចជាគំនិត ការរីកចម្រើន ភាពជាដៃគូ និងអ្វីៗជាច្រើនទៀត។

២. តើអ្នកអាចជួយខ្ញុំបានទេ?

នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា (Presenting to Win: The Art of Telling Your Story) លោក ជែរី វេស្សមែន (Jerry Weissman) បានបង្ហាញថា នៅពេលមនុស្សប្រាស្រ័យទាក់ទងគ្នា ពួកគេផ្តោតអារម្មណ៍ខ្លាំងពេកទៅលើលក្ខណៈពិសេសនៃផលិតផល ឬសេវាកម្មរបស់ពួកគេ ជាជាងឆ្លើយនឹងសំណួរថា “តើអ្នកអាចជួយខ្ញុំបានទេ?” លោក វេស្សមែន លើកឡើងថា គន្លឹះគឺត្រូវផ្តោតលើផលប្រយោជន៍ មិនមែនផ្តោតលើលក្ខណៈពិសេសអ្វីទេ។

នៅក្នុងពិភពលោកបច្ចុប្បន្នរបស់យើង មនុស្សយើងត្រូវបានគេបញ្ច្រកព័ត៌មានជារៀងរាល់ថ្ងៃចូលទៅក្នុងខ្លួនគេ អំពីលក្ខណៈពិសេសនៃផលិតផលនេះ ឬឧបករណ៍ណាមួយនោះ។ ពួកគេមានទំនោររត់ប្រដេញតាមសង្វាក់សង្គមបែបនេះ។ ប្រសិនបើអ្នកចង់ទទួលបានការយកចិត្តទុកដាក់ពីនរណាម្នាក់ សូមបង្ហាញថា អ្នកអាចជួយគេបាន។

៣. តើខ្ញុំអាចទុកចិត្តអ្នកបានទេ?

ការជឿទុកចិត្ត គឺជាធាតុសំខាន់ណាស់ចំពោះអាជីវកម្មមួយ។ ជាងនេះទៅទៀត វាមានសារៈសំខាន់សម្រាប់ជីវិតយើងផ្ទាល់តែម្តង។ អ្នកនិពន្ធ និងជាវាគ្មិន លោក ចេហ្វហ្វ្រេយ ហ្គីតូមឺ (Jeffrey Gitomer) ធ្លាប់បាននិយាយថា ទំនុកចិត្តគឺសំខាន់ជាងស្នេហាទៅទៀត!

សម្រួលពី៖ សៀវភៅ Everyone communicates, few connect ដោយ John C. Maxwell


អត្ថបទទាក់ទង

ជំនាញទន់ទាំង ៥ ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *