ដើម្បីជោគជ័យ ត្រូវដើរតាមគោលបំណង មិនមែនមហិច្ឆតាទេ​

មហិច្ឆតា (មៈហិច-ឆៈតា) នាមសព្ទ ( បា. មហា + ឥច្ឆតា ) សេចក្ដីប្រាថ្នាធំ ការចង់បានច្រើន សេចក្ដីលោភលន់។ មហិច្ឆតា ជាធម្មជាតិនាំឲ្យមានការច្រណែនឈ្នានីសចំពោះគ្នីគ្នា នេះយោងតាមវចនាក្រមខ្មែរ ដោយសម្តេចសង្ឃរាជ ជួន ណាត ។

កត្តាដែលជួយជំរុញឲ្យមនុស្សម្នាក់ៗមានមហិច្ឆតាក្នុងកំរិតខុសៗគ្នា

  • អាយុ និង​ បទពិសោធន៍៖ ដោយសារកូនពៅមានអាយុក្មេងជាងកូនបង ដូច្នេះរឿងនេះអាចមានឥទ្ធិពល ២យ៉ាង ដោយការប្រៀបធៀបទៅលើកម្រិតចំណេះដឹងនិងបទពិសោធន៍។ ទី១ កូនប្អូនអាចក្លាយមកជាអន់ចិត្ត ឬគិតថាខ្លួនឯងល្អមិនស្មើបងៗរបស់វា។ ទី២ កូនប្អូនអាចក្លាយទៅជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ ដោយសារតែការប្រៀបធៀបខាងលើនេះ។
  • ភាពក្លាហាន៖ មនុស្ស២នាក់ ទោះបីជាពួកគេបានកំណត់គោលដៅដូចគ្នាក្តី​ តែក៏មិនប្រាកដថាពួកគេទាំង២ អាចសម្រេចគោលដៅបានដូចគ្នាទ្បើយ ប្រសិនបើម្នាក់មិនសូវមានភាពក្លាហាន ហើយម្នាក់ទៀតបែរជាមានភាពក្លាហាននោះ។ ភាពក្លាហាននេះទៀតសោត នឹងធ្វើឲ្យអ្នកឆាប់សម្រេចបាននូវគោលដៅរបស់អ្នក តែមិនមែនក្លាហានដោយល្ងង់ខ្លៅនោះទេ។
  • ចង់បង្ហាញពីតម្លៃរបស់ខ្លួន៖ នៅពេលដែលមនុស្សម្នាក់ចង់បង្ហាញពីតម្លៃរបស់ខ្លួនទៅកាន់ពិភពលោកបានឃើញ នោះគេនឹងចាប់ផ្ដើមធ្វើអ្វីមួយ ដោយការចាប់ផ្ដើមកំណត់គោលដៅ ការព្យាយាមកែប្រែខ្លួនទៅជាមនុស្សថ្មីម្នាក់ដែលល្អជាងមុន ហើយពួកគេព្យាយាមលត់ដំខ្លួនឯងរាល់ថ្ងៃ ព្រោះគេដឹងថា គេនឹងមានការប្រកួតប្រជែងខ្លាំងណាមួយនៅថ្ងៃខាងមុខ។

គោលបំណង ត្រូវបានគេហៅថា “ចុងបញ្ចប់ដែលអ្នកចង់ទៅដល់ ឬគោលដៅដែលអ្នកចង់សម្រេចបាន”។ វាគឺជាអ្វីដែលជំរុញឱ្យបុគ្គលម្នាក់ៗ ធ្វើការសម្រេចចិត្ត ឬអនុវត្តសេចក្តីប្រាថ្នារបស់ពួកគេ។ វាមានន័យដូចគោលដៅ ទិសដៅ និងគោលដៅ។ ចំពោះទស្សនវិជ្ជា គោលបំណង គឺអ្វីគ្រប់យ៉ាងដែលមាននៅខាងក្រៅបុគ្គលដែលមានអត្ថិភាពពិតប្រាកដ និងជាក់ស្តែង។

“ដើរតាមមហិច្ចតារបស់ខ្លួន” គឺជាពាក្យពេញនិយមមួយដែលអ្នកធ្លាប់ស្តាប់ និងត្រូវបានបុគ្គលល្បីៗជាច្រើនលើកយកមកនិយាយ ថានឹងធ្វើឲ្យអ្នកជោគជ័យ។ អ្នកជំនាញជាច្រើនបានផ្តល់ដំបូន្មានអ្នកថា ការខិតខំប្រឹងប្រែងធ្វើឲ្យអ្នកងប់ងល់ទៅនឹងការងារអ្វីមួយជាជាងផ្តោតលើអ្វីផ្សេងទៀតដែលនៅជុំវិញខ្លួនអ្នក។  

ក៏ប៉ុន្តែការលើកឡើងដែលអ្នកទទួលបានជារឿយៗកន្លងមកនោះ ត្រូវបានសាកលវិទ្យាល័យហាវើដ (Harvard University) ស្រាវជ្រាវរកឃើញផ្ទុយពីនេះ។ សាស្រ្តាចារ្យ ចុន ចាឈីម៉ូវីកស្ស៍ (Jon Jachimowicz) ដែលចេញផ្សាយលើព្រឹត្តិបត្រ Harvard Business Review បានផ្តល់អំណះអំណាងថា អ្នកគួរបំភ្លេចចោលមហិច្ឆតារបស់អ្នកទៅ ហើយផ្តោតលើគោលបំណងរបស់អ្នកជំនួសវិញ ប្រសិនបើអ្នកចង់ជោគជ័យ (Forget passion and focus on purpose instead)។

ហេតុអ្វីផ្តោតលើគោលបំណងជាជាងមហិច្ឆតារបស់អ្នក?

នៅពេលអ្នកគិតដល់មហិច្ឆតា អ្នកស្រមៃដល់ភាពរីករាយពេញចិត្តពេញថ្លើម និងពោរពេញដោយភាពស្នាមញញឹមចំពោះអ្វីដែលអ្នកធ្វើ។ ការពិត នេះវាជារឿងល្អហើយ។ ប៉ុន្តែសុភមង្គលនៃជីវិត គឺជាមាគ៌ាក្នុងអាជីពការងារដ៏អាក្រក់មួយ។ លោកសាស្រ្តាចារ្យ ចាឈីម៉ូវីកស្ស៍ បានបកស្រាយដូចខាងក្រោមនេះ។

នៅក្នុងការស្រាវជ្រាវរបស់លោកទៅលើបុគ្គលិករាប់រយអ្នក លោកបានសរសេរដូច្នេះថា “យើងបានរកឃើញថា អ្នកដែលជឿជាក់លើមហិច្ឆតារបស់ខ្លួន មានន័យថា ធ្វើតាមអ្វីដែលអាចនាំមកនូវការពេញចិត្តមួយ ទំនងជាមិនទទួលបានជោគជ័យនោះទេ ហើយពួកគេមានទំនោរចង់លាឈប់ពីការងារនៅក្នុងរយៈពេល ៩ ខែក្រោយមក។”

លោកបន្ថែមថា ការដេញតាមមហិច្ឆតា ធ្វើឲ្យអ្នកមានអារម្មណ៍តិចតួចផ្តោតលើការងាររបស់អ្នក ខណៈដែលជាជារឿយៗ ការងារវាមិនងាយស្រួល ហត់នឿយ និងគួរឲ្យធុញទ្រាន់។ នៅត្រង់នេះ តើអ្នកសុខចិត្តធ្វើការងារអ្វីក៏ដោយឲ្យតែបានប្រាក់ដែរឬទេ?  បើតាមលោកសាស្រ្តាចារ្យ ចាឈីម៉ូវីកស្ស៍ អ្នកត្រូវតែផ្តោតលើគោលបំណងរបស់អ្នកជាជាងមហិច្ឆតារបស់អ្នក នៅពេលគិតដល់មាគ៌ាជោគជ័យក្នុងជីវិត។

“ជំនួសឲ្យការសួរខ្លួនឯងពីអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និង “ធ្វើតាមមហិច្ឆតារបស់អ្នក” អ្នកគួរសួរខ្លួនឯងនូវអ្វីដែលអ្នកយកចិត្តទុកដាក់ និងមានភាពចាំបាច់ខ្លាំងជាងគេបំផុត សម្រាប់អនាគតអាជីពការងាររបស់អ្នក។ ដោយផ្តោតលើគោលបំណង អ្នកត្រូវធ្វើឲ្យការងាររបស់អ្នកដើរស្របទៅនឹងគុណតម្លៃក្នុងជីវិតរបស់អ្នក ហើយអ្នកត្រូវធ្វើឲ្យខ្លួនឯងមានការរំពឹងទុកផងដែរថា  ការផ្តោតលើគោលបំណងក្នុងអាជីពការងាររបស់អ្នក ក៏អាចធ្វើឲ្យអ្នកមានសុភមង្គល និងជីវិតត្រចះត្រចង់ផងដែរ។”  នេះជាការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យ ចាឈីម៉ូវីកស្ស៍ ។

ប្រភព៖

  • វចនានុក្រមខ្មែរ ដោយសម្តេចសង្ឃរាជ ជួន ណាត
  • គេហទំព័រ Inc.
  • គេហទំព័រ Lifehack

អត្ថបទទាក់ទង

តើអ្វីជាគុណតម្លៃ (Value)?

 

Leave a Reply

Your email address will not be published. Required fields are marked *