គន្លឹះសំខាន់ៗចំនួន ៧ ដើម្បីដឹងថាខ្លួនឯងចង់ធ្វើការងារអ្វី

ការជ្រើសរើសការងារដែលខ្លួនឯងស្រលាញ់ ឬចង់ធ្វើ អាចជារឿងពិបាកមួយសម្រាប់មនុស្សមួយចំនួន ដោយសារតែនៅក្នុងចិត្តរបស់ពួកគេ មិនច្បាស់ពីចំណង់ចំណូលចិត្តរបស់ខ្លួន។ ជួនកាល ការងារដែលខ្លួនពេញចិត្តចង់ធ្វើ តែវាបែរជាមិនសាកសមនឹងសមត្ថភាពរបស់ខ្លួនទៅវិញ។ អញ្ចឹង តើធ្វើយ៉ាងណាទើបអាចមានការងារមួយដែលសាកសមនឹងសមត្ថភាព ព្រមទាំងស្របទៅនឹងក្តីស្រមៃរបស់ខ្លួនឯងបាន? សូមកុំបារម្ភអី! ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗចំនួន ៧ ដើម្បីដឹងថាខ្លួនឯងចង់ធ្វើការងារអ្វី៖

១. តើខ្លួនអ្នកពូកែខាងអ្វី?

ជួនកាល អ្នកមិនដឹងថាអ្វីជាការងារដែលចង់ធ្វើនោះទេ ប៉ុន្តែអ្នកប្រហែលជាដឹងពីការងារដែលអ្នកពូកែធ្វើ ដោយការងារដែលអ្នកពូកែធ្វើផងដែរ អាចជាការងារដែលត្រូវនឹងអ្នកបំផុត ព្រោះអ្នកអាចធ្វើវាបានល្អជាងការងារដទៃ។

២. តើអ្នកអោយតម្លៃអ្វីជាងគេ? (ការងារដែលខ្លួនស្រលាញ់ ប្រាក់ខែ កេរ្តិ៍ឈ្មោះក្រុមហ៊ុន ឬបរិស្ថានការងារល្អ)

មានកត្តាច្រើនដែលអាចជួយឲ្យអ្នកជ្រើសរើសការងារដែលខ្លួនត្រូវការ ឬចង់បាន ដោយមើលថាតើអ្នកចង់ធ្វើការងារណាដែលអ្នកស្រលាញ់ ឬការងារដែលមានប្រាក់ខែខ្ពស់ ឬធ្វើក្នុងក្រុមហ៊ុនល្បី ឬក៏បរិស្ថាន និងមិត្តរួមការងារល្អ?

៣. តើអ្នកចង់ឲ្យគេស្គាល់អ្នកថាជាអ្វីនៅពេលដែលអ្នកចូលនិវត្តន៍?

តើអ្នកធ្លាប់លួចសរសើរបុគ្គលល្បីល្បាញណាម្នាក់ដែលត្រូវបានគេគោរព ឬស្គាល់បើទោះជាពួកគាត់ចូលនិវត្តន៍ទៅហើយក្តី? អ្នកអាចពិចារណាការងារដែលអ្នកចង់បាននោះ ដោយគិតថាតើអ្នកចង់ឲ្យគេស្គាល់អ្នកថាជាអ្វីនៅពេលដែលអ្នកចាស់ទៅ?

៤. តើអ្នកចូលចិត្តការងារខាងក្នុង ឬខាងក្រៅកន្លែងធ្វើការ?

ការពិចារណាទៅលើទីតាំងធ្វើការ ក៏ជារឿងមួយសំខាន់ដែរដើម្បីកំណត់ការងារដែលស័ក្តសមនឹងអ្នក។ តើអ្នកជាមនុស្សដែលចូលចិត្តអង្គុយនៅមួយកន្លែង ឬក៏អ្នកចូលចិត្តដើរជួបអ្នកដទៃផ្សេងៗនៅខាងក្រៅកន្លែងធ្វើការ?

៥. ស្រាវជ្រាវពីមុខងាររបស់ការងារនីមួយ រួចសម្រេចចិត្ត

ពេលខ្លះ អ្នកមិនអាចសម្រេចថាការងារណាដែលស័ក្តសមនឹងអ្នក ដោយសារតែអ្នកមិនដឹងថាមានការងារអ្វីខ្លះដែលមាននៅក្នុងទីផ្សារ ដូច្នេះប្រសិនជាអ្នកមានពេល អ្នកគួរតែព្យាយាមធ្វើការស្រាវជ្រាវពីមុខងារនីមួយៗ ហើយមើលពីទំនួលខុសត្រូវរបស់មុខងារទាំងនោះ ថាតើមានមួយណាដែលអ្នកចូលចិត្តឬអត់?

៦. សាកល្បងហាត់ការការងារដើម្បីស្វែររកចំណង់ចំណូលចិត្តខ្លួន

វិធីមួយទៀតដែលអ្នកអោយអ្នកដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន គឺអាចធ្វើឡើងតាមរយៈការចំណាយហ្វឹកហាត់ការងារនៅកន្លែងណាមួយ ដើម្បីសាកល្បងថាតើវាជាចំណុចដែលអ្នកចូលចិត្ត មិនចូលចិត្ត ឬភាពខ្លាំង និងខ្សោយរបស់អ្នក។

៧. ស្វែងរកជំនួយ

ប្រសិនជាអ្នកព្យាយាមចំណង់ទាំងអស់ខាងលើហើយ នៅតែមិនអាចរកការងារដែលខ្លួនប្រាថ្នាបានទៀត អ្នកអាចស្វែងរកជំនួយពីរៀមច្បង ដើម្បីសុំសួរយោបល់ពីពួកគាត់ ព្រោះពួកគាត់ប្រហែលជាអាចដឹងថាតើការងារណាដែលសាកសមជាមួយអ្នកជាងគេ។


អត្ថបទទាក់ទង

សំណួរ​សំខាន់ៗ​ទាំង ​៨ ដែល​អ្នក​ត្រូវ​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ន៍ការងារ

Leave a Reply

Your email address will not be published.