តើអ្វីទៅជាការលំបាករបស់បុគ្គលិក អ្នកគ្រប់គ្រង និងថៅកែក្នុងអាជីវកម្មមួយ?
ជាទូទៅ ក្រុមហ៊ុនមួយរីកចម្រើនទៅបាន អាស្រ័យទៅលើសមត្ថភាពរបស់បុគ្គលិក ការតាំងចិត្តខ្ពស់ និងការចូលរួមចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល លុះពេលក្រុមហ៊ុនទទួលបានភាពជោគជ័យ គ្មានបុគ្គលណាម្នាក់អាចនិយាយបានថា ក្រុមហ៊ុនជោគជ័យដោយសារតែខ្ញុំបានឡើយ គឺត្រូវនិយាយថាក្រុមហ៊ុនទទួលបានភាពជោគជ័យ គឺដោយសារយើងទាំងអស់គ្នា។ ចុះការលំបាកវិញ? មែនទែនទៅ បុគ្គលិកមានការលំបាករបស់បុគ្គលិក អ្នកគ្រប់គ្រងមានការលំបាករបស់អ្នកគ្រប់គ្រង ហើយម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនក៏មានការលំបាករបស់គាត់ដែរ។
១. ការលំបាករបស់បុគ្គលិក
ពេលអ្នកគ្រាន់តែជាបុគ្គលិកសាមញ្ញម្នាក់ អ្នកអាចមានអារម្មណ៍ថាពិបាកណាស់ ពីព្រោះថ្នាក់លើប្រើអ្នកគ្រប់ពេលវេលា។ ម្យ៉ាងទៀត យោបល់របស់អ្នកក្នុងក្រុមហ៊ុន មិនសូវជាត្រូវបានគេយកចិត្តទុកដាក់ស្តាប់ ឬឱ្យតម្លៃប៉ុន្មាននោះទេ។ និយាយរួម ធ្វើជាបុគ្គលិកគេ អ្នកប្រឈមនឹងគំនាបផ្លូវអារម្មណ៍។
២. ការលំបាករបស់អ្នកគ្រប់គ្រង
ពេលអ្នកក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនវិញម្តង (មិនមែនជាថៅកែទេ) អ្នកត្រូវប្រឈមបញ្ហាមួយចំនួនដែរ ដូចជា៖
- ត្រូវជួយបង្កើតប្រាក់ចំណូលក្នុងអាជីវកម្មក្រុមហ៊ុនជាមួយម្ចាស់ក្រុមហ៊ុន
- ត្រូវជួយដោះស្រាយបញ្ហាមួយចំនួនជាមួយថៅកែ
- ត្រូវជួយដោះស្រាយបញ្ហាដែលបុគ្គលិកជួបប្រទះក្នុងការបំពេញការងារ និង
- ត្រូវសម្របសម្រួលចំពោះភាពខុសគ្នារវាងបុគ្គលិក និងថៅកែ
ពេលខ្លះ ដើម្បីចង់បង្ហាញដល់ថៅកែឱ្យមានភាពជឿជាក់មកលើខ្លួន និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង បុគ្កលិកអាចនិយាយថា “បើខ្ញុំធ្វើមិនបានខ្ញុំសុខចិត្តដើរចេញ” ពាក្យទាំងនេះពេលបានស្តាប់ហើយហាក់ដូចជាបានធ្វើឱ្យអ្នកគ្រប់គ្រង និងថៅកែពេញចិត្តខ្លាំង ដោយយល់ថាបុគ្គលិកម្នាក់នេះគាត់ហ៊ានសុីហ៊ានសង ប៉ុន្តែការហ៊ានសុីហ៊ានសងបែបនេះ គឺពិតជាធ្វើឱ្យអ្នកគ្រប់គ្រង និងថៅកែ ទទួលរងនូវការលំបាកគ្រប់បែបយ៉ាងក្រោយពេលបុគ្គលិកចាកចេញពីក្រុមហ៊ុនបាត់។
ការរំពឹងទុករបស់ថៅកែ គឺការខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកទាំងអស់ ហើយត្រូវមានគំនិតគិតថាស្រឡាញ់ និងថែរក្សាក្រុមហ៊ុនឱ្យដូចជារបស់ខ្លួន ប៉ុន្តែក្តីរំពឹងទាំងនោះមិនទទួលបានផលវិជ្ជមាន ១០០ ភាគរយឡើយ ដោយហេតុថាបុគ្គលិកនៅតែគិតថាគាត់ជាបុគ្គលិក ហើយថៅកែនៅតែគិតថាមិនអាចធ្វើដូចបុគ្គលិកបានឡើយ។ ត្រង់ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ការចង់បានរបស់បុគ្គលិក និងថៅកែមិនដូចគ្នាទេ តើត្រូវធ្វើបែបណាដើម្បីឱ្យការចង់បានរបស់បុគ្គលិក និងថៅកែស្របគ្នា?
ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកអាចលំបាកក្នុងការប្រកាន់ជំហរមួយដាច់ណាត់ណាស់ ពីព្រោះអ្នកត្រូវធ្វើការសម្របសម្រួលឱ្យថៅកែសប្បាយចិត្តផង និងត្រូវសម្របសម្រួលឱ្យបុគ្គលិកក្រោមបង្គាប់សប្បាយចិត្តផង ហើយមានពេលខ្លះទាំងសងខាង អាចសម្របសម្រួលគ្នាបាន អាចសប្បាយចិត្តជាមួយគ្នាបាន។ ប៉ុន្តែមានពេលខ្លះ កាលទេសៈខ្លះ ឬស្ថានការណ៍ខ្លះ អ្នកទាំងពីរ មិនអាចសម្របសម្រួលជាមួយគ្នាបានទេ ហើយស្ថានការណ៍បែបនេះហើយដែលលំបាកបំផុតក្នុងនាមជាអ្នកគ្រប់គ្រង ទោះបីជាយើងដឹងហើយថា ភាគច្រើនរវាងបុគ្គលិក និងថៅកែ អ្នកគ្រប់គ្រងនឹងជ្រើសរើសយកថៅកែហើយ ព្រោះបុគ្គលិក អាចរក ឬរើសថ្មីបាន ប៉ុន្តែថៅកែ មិនអាចដូរបានទេ មានតែថៅកែដូរអ្នកគ្រប់គ្រងវិញទេ។ ធ្វើជាអ្នកគ្រប់គ្រងគេ គឺពិតជាលំបាកមែន មានសម្ពាធពីលើ មានសម្ពាធពីក្រោម មានសម្ពាធពីឆ្វេង មានសម្ពាធពីស្តាំ គ្រប់ទិសទាំងអស់។ ដូច្នេះហើយ ធ្វើជាអ្នកគ្រប់គ្រងគេ មិនស្រួលនោះទេ ហើយពុំមានមនុស្សច្រើននាក់ទេដែលអាចទប់ទល់ចំពោះការលំបាក និងសម្ពាធទាំងអស់នេះបាន។
៣. ការលំបាករបស់ថៅកែ
ពេលអ្នកក្លាយជាថៅកែគេវិញ បញ្ហារឹតតែស្មុគស្មាញថែមទៀត លើសពីការលំបាកក្នុងការធ្វើជាបុគ្គលិក និងអ្នកដឹកនាំគេទៅទៀត ដូចជា៖
- ត្រូវដោះស្រាយគ្រប់បញ្ហាទាំងអស់របស់បុគ្គលិក និងអ្នកគ្រប់គ្រង
- ត្រូវគិតគ្រប់ពេលវេលាធ្វើយ៉ាងដូចម្តេចដើម្បីឱ្យក្រុមហ៊ុនអាចដំណើរការបានល្អ និងជោគជ័យ
- ត្រូវខ្វល់ខ្វាយ និងគិតគូរគ្រប់ពេលវេលាទាំងអស់ ថាតើត្រូវរកប្រាក់ចំណូលយ៉ាងដូចម្តេច ឬពីណាដើម្បីបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗទៀតឱ្យបុគ្គលិកជារៀងរាល់ខែ សម្រាប់ចំណាយ និងសម្រាប់ពង្រីកអាជីវកម្ម ឬក្រុមហ៊ុនថែមទៀត។
ដូចដែលយើងទាំងអស់គ្នា បានដឹងយ៉ាងច្បាស់ហើយថា៖
- មានមនុស្សច្រើននាក់ណាស់ដែលធ្វើជាបុគ្គលិកគេ
- មានមនុស្សតិចនាក់ណាស់ដែលអាចធ្វើជាអ្នកគ្រប់គ្រងគេបាន
- ប៉ុន្តែ ពុំមានមនុស្សច្រើនាក់ទេដែលអាចធ្វើជាថៅកែគេបាននោះ
ជាឧទាហរណ៍ក្នុងក្រុមហ៊ុនមួយមានមនុស្សចំនួន ១០០ នាក់៖
- មានតែមនុស្ស ១ ឬ ២ នាក់ទេដែលធ្វើជាថៅកែ ឬម្ចាស់ក្រុមហ៊ុន
- មានតែមនុស្សចំនួន ៤ ឬ ៥ នាក់ទេដែលធ្វើជាអ្នកគ្រប់គ្រង
- ដូច្នេះ មនុស្សជាង ៩០ នាក់ផ្សេងទៀត គឺជាបុគ្គលិក
សរុបជារួមមក គ្រប់មនុស្សនៅក្នុងក្រុមហ៊ុនមួយ មិនថាបុគ្គលិក អ្នកគ្រប់គ្រង និងដឹកនាំ ឬថៅកែនោះទេ សុទ្ឋតែមានការលំបាករៀងៗខ្លួន។ យ៉ាងណាមិញ ការដែលអាចធ្វើជាថៅកែ ឬម្ចាស់ក្រុមហ៊ុនមួយបាន អ្នកខ្លះថាវាជាសំណាង។ ប៉ុន្តែសម្រាប់យើងខ្ញុំវិញ មិនគិតថាជាសំណាងទេ ប៉ុន្តែវាជាសមត្ថភាព ហើយ “ជាសមត្ថភាពពិសេស និងពិតប្រាកដទៀតផង” ទើបអាចធ្វើការងារនេះបានជោគជ័យល្អ និងយូរអង្វែងបាន។ ប្រសិនបើថៅកែ ឬម្ចាស់ក្រុមហ៊ុន គ្មានសមត្ថភាពខ្លាំងពូកែទេនោះ អាជីវកម្ម ឬក្រុមហ៊ុនមួយនេះ មិនអាចរីកចម្រើន និងឈរជើងនៅលើទីផ្សារប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសម្បើមដែលអ្នកខ្លះនិយាយថា “វាជាការប្រកួតស៊ីសាច់ហុតឈាមគ្នា” បានយូរអង្វែងនោះទេ។