សំណួរចម្បងៗចំនួន ៥ ដែលអ្នកត្រូវឆ្លើយ ដើម្បីតម្រង់ទិសដៅជីវិត

តើគោលដៅជាអ្វី? ហេតុអ្វីបានជាយើងចាំបាច់ត្រូវកំណត់គោលដៅនៃជីវិតរបស់ខ្លួន?

គោលដៅ គឺជាទីបញ្ចប់ ឬជាកម្មវត្ថុនៃជោគជ័យដែលយើងចង់បាន។ យើងចាំបាច់ត្រូវកំណត់គោលដៅនៃជីវិតរបស់ខ្លួន ពីព្រោះ៖

  • ដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ
  • ដើម្បីចំណេញពេលវេលា ប្រាក់កាស កម្លាំងកាយ និងចិត្ត
  • ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើង
  • ដើម្បីត្រួសត្រាយផ្លួវសម្រាប់ដើរឱ្យបានស្រួល
  • មានគម្រោងផែនការជាមុនដើម្បីទប់ទល់នឹងឧបសគ្គ និងបញ្ហានានាចំពោះមុខ
  • ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញទិស កុំឱ្យងាកផ្តេសផ្តាស់នាំឱ្យខាតប្រយោជន៍ ខាតកម្លាំង និងខាតពេលវេលា។

គោលដៅ ជារបស់​សំខាន់​សម្រាប់​មនុស្ស​ដែល​មាន​គំនិត​ជោគជ័យ បើគ្មាន​គោល​ដៅទេ លោក​អ្នក​បានត្រឹម​តែ​ធ្វើលេង​​ៗទេ។ ភាពខុស​គ្នារវាង​មនុស្ស​ដែល​មាន​គោលដៅ និងមនុស្ស​ដែលគ្មាន​គោលដៅ​ ប្រៀប​ដូចជា​ភាព​ខុស​គ្នា​រវាង​កីឡាករ​វាយសី​ជើង​ឯក​ និងកូន​ក្មេង​ដែល​វាយសី​តែម្នាក់​ឯង គ្មាន​គូប្រជែង និងមិន​​មានអ្នក​ដាក់​ពិន្ទុឱ្យ។

ទោះបីជា​មនុស្សភាគ​ច្រើន​បាន​ដឹង​សារៈសំខាន់​នៃ​ការកំណត់​គោលដៅ ក៏មាន​តិចនាក់​ណាស់​ដែល​មាន​គោលដៅ​ពិត​ប្រាកដ។ មុនពេល​ទៅដើរ​កម្សាន្ត​នៅ​កន្លែង​ណា​មួយជាមួយ​ក្រុម​ការងារ គេឃើញ​មនុស្ស​នាំគ្នា​ចូលរួម​គិតរៀប​ចំ​ផែនការ​ថាត្រូវ​ទៅ​ណា​ខ្លះ ប៉ុន្តែ​នៅក្នុង​ដំណើរ​ជីវិត​វិញ មិនសូវ​មាន​នរណា​គិត​រៀបចំ​ផែន​ការ​សម្រាប់​ដើរទេ។

គោលដៅ​ តំណាងឱ្យ​ការប្រឈម​ដែលត្រូវ​ជម្នះ។ មេដឹក​នាំ​មាន​គោលដៅ​ផ្ទាល់ខ្លួន​ផង​ និង​គោលដៅ​សម្រាប់​ស្ថាប័នផង​ដែល​ត្រូវផ្តោត​គ្រប់​ពេល។ តាម​ពិត​ទៅ គោល​ការ​សំខាន់មួយ​នៃភាព​ជាអ្នក​ដឹក​នាំ​ គឺការ​កំណត់​គោលដៅ​សម្រាប់​មនុស្ស​ជាច្រើន​នាក់​ដែល​មិន​អាចបង្កើត​គោល​ដៅ​ដោយ​ខ្លួន​ឯង។

គោលដៅ មានទាំងវែង និងខ្លី។ ពេលខ្លះ លោកអ្នកត្រូវធ្វើដំណើរឆ្លងប្រទេស ប៉ុន្តែពេលខ្លះទៀតលោកអ្នកគ្រាន់តែទៅផ្សារក្បែរផ្ទះប៉ុនណោះ។ នៅពេលលោកអ្នកទៅដល់គោលដៅវែងឆ្ងាយ ជីវិតរបស់លោកអ្នកនឹងផ្លាស់ប្តូរយ៉ាងខ្លាំង ហើយដំណើរដែលនាំលោកអ្នកទៅដល់គោលដៅនោះបានប្រែក្លាយលោកអ្នកឱ្យកាន់តែរឹងមាំ និងមានភាពវៃឆ្លាតជាងមុន។

តើលោកអ្នក​អាច​កំណត់​គោលដៅ​វែង​បានដោយ​របៀបណា? បើចង់​ដឹង​ច្បាស់ សូមរក​ពេល​ស្ងៀម​ស្ងាត់​សម្រាប់​ខ្លួនឯង​ និង​ព្យាយាម​ឆ្លើយ​សំណួរ​ទាំង​ ៥ ខាង​ក្រោម​នេះ៖

១. តើខ្ញុំចង់ធ្វើអ្វី?​ 

២. តើខ្ញុំចង់ក្លាយជាអ្វី?

៣. តើខ្ញុំចង់ឃើញអ្វីខ្លះ?

៤. តើខ្ញុំចង់មានអ្វីខ្លះ?

៥. តើខ្ញុំចង់ទៅកន្លែងណាខ្លះ?

នៅក្រោម​សំណួរ​នីមួយៗ​នេះ សូមលោក​អ្នក​សរសេរ​គោលដៅ​វែងឆ្ងាយ​ឱ្យបាន​ច្រើន​បំផុត​តាមតែ​អាច​នឹក​ឃើញ។ លោកអ្នក​មិនចាំ​បាច់​ត្រូវ​បង្ខំចិត្ត​នឹក​គិត​ពេកទេ ហើយ​ក៏មិន​ចាំបាច់​ត្រូវ​កំណត់​ពេល​វេលាក្នុង​ការនឹក​រក​ចម្លើយ​ដែរ។ បណ្តោយ​ឱ្យចិត្ត​នឹក​គិតរាវរក​តាម​សម្រួល ហើយ​លោក​អ្នក​រង់ចាំ​កត់ត្រា​ទុក​ឱ្យបាន​ពី៣​ទៅ៦​ចម្លើយ​សម្រាប់​សំណួរនីមួយៗ។ នៅក្នុង​ដំណាក់​កាល​នេះ សូមទាន់​បារម្ភរឿង​លម្អិត​នៃ​ចម្លើយ​ទាំងនោះ។

ឧទាហរណ៍ថា នៅក្នុងសំណួរទីមួយ លោក​អ្នកចង់​សរសេរសៀវភៅ​មួយ​ក្បាល​អំពី​ប្រវត្តិ​គ្រួសារ​តាំងពី​​ដូនតា​មក។ លោក​អ្នកគ្រាន់​តែ​សរសេរ​ពាក្យថា​ប្រវត្តិគ្រួសារ​ប៉ុណ្ណេះ​ជា​ការស្រេច រួច​នៅពេល​នឹក​ឃើញ​ថា​ចង់​ទៅ​លេង​ប្រទេស​ណា លោកអ្នក​គ្រាន់តែ​សរសរ​ឈ្មោះ​ប្រទេស ឬកន្លែង​នោះ​បាន​​ហើយ។

បន្តគិតដោយប្រើប្រាស់​សំណួរ​ទាំងនេះ លោក​អ្នកប្រហែល​​នឹង​ភ្ញាក់ផ្អើល​ចំពោះ​រឿងខ្លះ​ដែល​ផុស​ឡើង​ក្នុង​គំនិត​នៅ​ពេល​នេះ ។ លោកអ្នក​ប្រហែល​ធ្លាប់​មាន​បំណង​ប្រាថ្នា​ជាច្រើន​ដែល​លាក់ទុក ឬកប់​បាត់ក្នុង​ពេល​វេលា ហើយ​លំហាត់​នេះ​ជាវិធីនាំ​យក​បំណង​ប្រាថ្នា​ទាំងអស់​នោះ​ចេញ​ពីជម្រៅ​ចិត្ត។​ពេល​លោក​​​អ្នកយល់ថាបាន​សរសេរ​​គោលដៅ​វែងឆ្ងាយ​ល្មម​គ្រប់​គ្រាន់​ហើយ សូម​អាន​គោលដៅ​ទាំងអស់​នោះ​ជាថ្មីម្តង​ទៀត។ បន្ទាប់​មក នៅក្បែរ​គោលដៅ​នីមួយៗ​នោះ សូមលោក​អ្នក​សរសេរ​ឆ្នាំ​និងពេល​វេលា​ដែល​ត្រូវសម្រេច​ឱ្យបាន។

ក្រោយពីមាន​គោលដៅ​ច្រើន ​និង​កំណត់​ពេលវេលា​សម្រាប់​គោលដៅ​នីមួយៗ​រួច​ហើយ ដល់ពេល​ដែល​ត្រូវសួរ​ខ្លួនឯង​បន្តទៀត​ថា​តើគោល​ដៅ​ណា​ដែល​សំខាន់​ពិត​ប្រាកដ ហើយ​គោល​ដៅណាដែល​គ្រាន់​តែជា​ការ​​កម្សាន្ត។ ជ្រើសរើសគោល​ដៅ ៤ ​ពីកម្រង​សំណួរ​នីមួយៗ​ដែល​មាន​ពេល​កំណត់​ត្រូវសម្រេច​បាន​ខុសៗ​គ្នា​ពីតិច​ខែ​ ឬឆ្នាំ ​ទៅច្រើន​ខែ​ ឬ ឆ្នាំ។

មុននឹងបញ្ចប់​លំហាត់​បង្កើត​គោលដៅ​វែងឆ្ងាយ​ក្នុង​ជីវិត លោក​អ្នក​ត្រូវអនុវត្ត​មួយ​ជំហ៊ាន​ទៀត​ ពីព្រោះថា​គោលដៅ​ដែល​មាន​កម្លាំង​រុញច្រាន​​ពិតប្រាកដ​ត្រូវតែ​មានហេតុ​ផល​ពីក្រោយ​នោះ។ ហេតុអ្វី​បាន​ជាលោក​អ្នក​ចង់​សម្រេច​គោលដៅ​ទាំង​នោះ? ចូរសរសេរ​ហេតុ​ផល​របស់​លោក​អ្នក​សម្រាប់​គោល​ដៅ​នីមួយៗ​ឱ្យបាន​ច្បាស់​លាស់​ និង​ល្អិតល្អន់។ បើ​មិនអាច​រក​ហេតុផល​គ្រប់​គ្រាន់ទេ ប្រហែល​លោក​អ្នក​ត្រូវវាយ​តម្លៃ​គោលដៅ​ខ្លះ​ឡើង​វិញ។ លោកអ្នក​ប្រហែល​មាន​សុបិន្តច្រើន​ជាងគោល​ដៅ ហើយ​នេះ​ជាពេល​ល្អបំផុត ​ដើម្បីរក​មើលភាព​ខុសគ្នា។


អត្ថបទទាក់ទង

បុគ្គលិកលក្ខណៈទាំង ៥ ដែលអ្នកគួររៀនសូត្រតាម​ដើម្បីសម្រេចគោលដៅ

 

Leave a Reply

Your email address will not be published. Required fields are marked *