ចំណុចខ្លាំងចំនួន ៧ របស់ ជូកឺលាង (នាគដេក) ដែលយើងអាចសិក្សារៀនសូត្រសម្រាប់ធ្វើការងារ និងធុរកិច្ច

ជូកឺលាង ឬ ខុងមីង ហៅ នាគដេក នៅក្នុងរឿងសាមកុកជាតួអង្គឆ្លាតវាងវៃ ស្មោះត្រង់ និងគួរឱ្យចាប់អារម្មណ៍ម្នាក់។ គាត់បានប្រើល្បិចជាច្រើននៅក្នុងសង្គ្រាមដែលនាំយកភាពជោគជ័យមកទ័ព លីវប៉ី និងនគរស៊ូ។ មានមនុស្សជាច្រើនចូលចិត្ត ជូកឺលាង ដោយសារតែប្រាជ្ញារបស់គាត់។

ជូកឺលាង ជាមនុស្សទេព ជាកំពូលទីប្រឹក្សា និងជាអ្នកប្រាជ្ញ ដែលមនុស្សម្នាស្ងើចសរសើ ឱ្យតម្លៃ គោរព យកធ្វើជាគំរូ។ ដោយសារតែប្រាជ្ញាដ៏ឆ្លាតវៃ ភាពស្មោះត្រង់ និងសមិទ្ធផលអស្ចារ្យយ៉ាងច្រើនក្នុងសឹកសង្គ្រាម ខុងមីង ត្រូវបានគេដាក់ឈ្មោះឱ្យថា ជាមនុស្សទេព ជាវីរបុរស ព្រមទាំងចារឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រចិន។ បន្ទាប់ពីសម្ងំសិក្សា និងស្រាវជ្រាវអស់រយៈពេលដប់ឆ្នាំនៅភ្នំនាគដេក គាត់បានទទួលធ្វើកិច្ចការធំជាមួយម្ចាស់ល្អម្នាក់ គឺ លីវប៉ី ដើម្បីបង្រួបបង្រួមរាជវង្សហាន និងនាំសន្តិភាពមកវិញ។ ក្រោយការខិតខំប្រឹងប្រែងក្នុងការងារប្រទេសជាតិអស់រយៈពេលមួយទស្សវត្សន៍ ពួកគាត់ទទួលបានសមិទ្ធផលច្រើនឥតគណនា។ ឥឡូវនេះ យើងនឹងធ្វើការច្បិចយកចំណុចខ្លាំងមួយចំនួនរបស់ ខុងមីង មកធ្វើការបរិយាយ និងទាញយកអត្ថប្រយោជន៍សម្រាប់ធ្វើធុរកិច្ច។

១. មានផែនការច្បាស់លាស់សម្រាប់ធុរកិច្ច

គ្រាដែលខុងមីង ជួប លីវប៉ី ដំបូង គាត់បានស្នើផែនការធំដប់ឆ្នាំចេញមកបាត់ទៅហើយ រីឯផែនការនោះគឺគាត់បានគិត និងរៀបចំទុកមុនរួចជាស្រេច អ៊ីចឹងហើយបានជាគាត់បង្ហាញផែនទី ស៊ីឈួន ឱ្យ លីវប៉ី បានឃើញតែម្តង។ សង្គ្រាមទប់ទល់នឹង “កងទ័ពប្រាំផ្លូវ” របស់ស្តេចអ៊ួយ ឆាវភី ក៏គាត់បានត្រៀមទុក និងដឹងថាត្រូវយកអ្វីទប់ទល់នឹងអ្វី នរណាទប់ទល់នឹងនរណា ហើយត្រូវចរចាដោយវិធីណា ដើម្បីឱ្យសត្រូវពីក្រោយខ្នង គឺ នគរអ៊ូ យល់ព្រមចងសម្ពន្ធមិត្ត! រីឯសង្គ្រាមភ្លើងនៅជ្រោះ សាងហ្វាង តទល់នឹង ស៊ឺម៉ាអ៊ី ខុងមីង បានរៀបចំផែនការយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់ ដើម្បីជីកផ្នូរកប់ស៊ឺម៉ាអ៊ី និងកងទ័ព។

ខាងលើនេះ គ្រាន់តែជាឧទាហរណ៍ខ្លះៗដែលបញ្ជាក់ថា ខុងមីង ដើរគ្រប់ជំហានប្រកបដោយផែនការ និងការប្រុងប្រយ័ត្នខ្ពស់។ សម្រាប់ធុរកិច្ចធំ គឺគេត្រូវការចាំបាច់ណាស់នូវផែនការការងារ (អាជីវកម្ម) ដែលមានលក្ខណៈច្បាស់លាស់ និងល្អិតល្អន់ដូចដែល ជូកឺលាង បានរៀបចំអ៊ីចឹងដែរ។ បើមិនដូច្នោះទេ យើងនឹងមិនដឹងទេថាជោគជ័យរបស់យើងគឺជាអ្វី? ត្រូវធ្វើអ្វីខ្លះ? ធ្វើដោយរបៀបណា? នៅកន្លែងណា? និងត្រូវទៅដល់កន្លែងណានោះទេ? ព្រោះដើម្បីសម្រេចទស្សនវិស័យ យើងត្រូវមានផែនការជាចាំបាច់។

២. សមត្ថភាពមើលធ្លុះធុរកិច្ច និងស្ថានភាពនគ

សភាពនគរកំពុងច្របូកច្របល់ ខុងមីង ដឹងច្បាស់ថា នគរនឹងបែងចែកជាបី ហើយដើម្បីបង្រួបបង្រួមរាជវង្សហាន គឺត្រូវប្រមូលកងទ័ព និងមេទ័ពក្លាហានមួយលាននាក់ដាក់នៅ ស៊ីឈួន ក្នុងគោលបំណងកម្ចាត់ឆាវឆាវ (នគរអ៊ួយ) ដោយចងសម្ពន្ធមិត្តជាមួយ ស៊ុនឈាន នគរអ៊ូ។ រីឯសង្គ្រាមចុងក្រោយរវាងនគរស៊ូ និងនគរអ៊ួយ ត្រូវតែចេញវាយមុនដោយហេតុថា ទោះបី ស៊ូ មិនវាយ ក៏អ៊ូយគង់តែលើកទ័ពមកវាយ បើអង្គុយរង់ចាំស្លាប់ដដែល ត្រូវតែវាយឱ្យបានមុន ។ល។

អ្នកដឹកនាំ មេទ័ពខ្លាំង ឬកំពូលទីប្រឹក្សា ត្រូវតែមានជំនាញសំខាន់មួយនេះជាចាំបាច់។ នោះគឺត្រូវចេះស្គាល់ស្ថានភាពនគរ និងមើលធ្លុះសភាពរបស់នគរ។ សម្រាប់ធុរកិច្ច សហគ្រិន ត្រូវតែចេះមើលឱ្យដល់ចំណុចមួយ គឺស្គាល់ពីទំហំនៃភាពជោគជ័យរបស់ធុរកិច្ច ព្រមទាំងភាពចាំបាច់ ឬដែនកំណត់នៃតម្រូវការសម្រាប់ទីផ្សារ។ នៅពេលដែល ដូណាល់ ត្រាំ (Donald Trump) លើកឡើងអំពីធាតុផ្សំធុរកិច្ច “ញាណដឹងអំពីទីផ្សាររបស់អ្នក” គាត់ថា “មិនមានមនុស្សច្រើននោះទេ ដែលមានសមត្ថភាពបែបនេះ យើងអាចរកឃើញតែនៅក្នុងមនុស្សពិសេសៗមួយចំនួនប៉ុណ្ណោះ”។ សម្រាប់មនុស្សទេពដូចជា ខុងមីង យើងអាចដឹងថា គាត់មានកែវភ្នែកទីបីនេះ ដែលជាចក្ខុពិសេសមួយអាចមើលដឹងសភាពចាញ់ឈ្នះនៃសង្គ្រាម និងទិដ្ឋភាពក្រោយសង្គ្រាមបាន។ ម៉្លោះហើយ បានជាគាត់ច្បាំងមិនងាយចាញ់ទាល់តែសោះ។ ជាការពិត មិនមែនគ្រប់ចម្បាំង គឺឈ្នះជារៀងរហូតនោះទេ ព្រោះក្នុងកាលៈទេសៈខ្លះ “មនុស្សគិត មិនដូចទេវតាគិត”។

៣. ស្ទាត់ក្បួនសឹក និងយុទ្ធសាស្ត

ពំនោលមួយពោលថា “ព្រួញអត់មុត បាញ់ក្រដាសមិនធ្លុះ” និងមួយទៀត គឺ “ចេះអ្វីចេះឱ្យប្រាកដ បើចេះប្រាកដ ប្រាក់រត់តាមហៅ”។ សម្រាប់ ជូកឺលាង គាត់គឺជាអ្នកជំនាញច្បាស់លាស់ខាងក្បួនសឹក និងយុទ្ធសាស្ត្រសង្គ្រាម។ រយៈពេលដប់ឆ្នាំ គាត់បានលាក់ខ្លួនសិក្សា និងស្រាវជ្រាវក្បួនសឹក និងចំណេះដឹងស្ទើរគ្រប់ប្រភេទដូចជា ស៊ុន ជឺ ឡៅជឺ និង ខុងជឺ ។ល។ ក្រៅពីដេករៀនក្នុងខ្ទមស្បូវ គាត់នៅមានចំនេះដឹង និងវិជ្ជាចម្លែកៗជាច្រើនទៀត ដែលបានរៀនសូត្រពីអ្នកខ្លាំង និងអ្នកមានចំណេះដឹងគ្រប់ទិសទី។ ឧទាហរណ៍មានជាច្រើនដូចជា យុទ្ធសាស្ត្រខ្ចីព្រួញឆាវឆាវ វិជ្ជាចម្លែកហៅខ្យល់អាគ្នេយ៍ បោះចោលក្រុងឆឺនឆាង បញ្ឆោត ស៊ឺម៉ាអ៊ី ឱ្យចូលក្នុងក្បួនសឹក ដាក់សន្ទូចត្រីធំ (ស៊ឺម៉ាអ៊ី) ជូនរទេះ (យន្ត) ដឹកស្បៀងដល់ស៊ឺម៉ាអ៊ី ខ្ចីស្បៀងអ្នកមាន (ស៊ឺម៉ាអ៊ី) បញ្ឆោតឱ្យចូល និងបិទច្រកជ្រោះសាងហ្វាង យុទ្ធសាស្ត្រមនុស្សស្លាប់បំភ័យមនុស្សរស់ ។ល។ យើងឃើញថា ក្បួនសឹក និងយុទ្ធសាស្ត្រមានច្រើនជាអនេក យើងអាចសិក្សាពីឫសគល់នៃយុទ្ធសាស្ត្រទាំងអស់នោះ និងទាញយកមកប្រើប្រាស់បានដូចដែលក្បួនសឹក ស៊ុន ជឺ “សិល្បៈនៃសឹកសង្គ្រាម (The Art of War)” ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកនាំ និងធ្វើជំនួញ។

៤. មើលចិត្តមនុស្សដូចផ្ងារបាតដៃ

គ្រប់ទាំងមេទ័ពដែល ខុងមីង អូសទាញ និងរើសយកមកធ្វើការ គឺគាត់ស្គាល់ច្បាស់ពីអត្តចរឹត និងចិត្តរបស់ពួកគេទាំងនោះ។ មេទ័ពដូចជា ចាងហ្វី និងគួនអ៊ី គឺគាត់ស្គាល់ច្បាស់ និងធ្លាប់រំឭកដល់ លីវប៉ី ម្តងជាពីរដងថា បើនៅប្រកាន់ឥរិយាបថឆេវឆាវ និងអំនួត មុខតែធ្វើឱ្យខូចកិច្ចការធំជាមិនខាន ព្រោះថា ពួកគេជាមេទ័ពកាន់កាប់ទ័ពច្រើន និងតំបន់សំខាន់។ ទីបំផុត គ្រោះធំគឺកើតឡើងពីរឿងនេះទាល់តែបាន។ ចំពោះមេទ័ពមិនស្មោះត្រង់ និងលោភលន់ដូចជា អ៊ួយយាន ក៏គាត់បានដឹងច្បាស់តាំងពីដំបូង និងប្រើប្រាស់តាមដែលអាចធ្វើទៅបាន ព្រមទាំងប្រុងប្រយ័ត្នខ្លាំងចំពោះមេទ័ពម្នាក់នេះជានិច្ចក្នុងខណៈពេលធ្វើសឹក។ រីឯមេទ័ពស្មោះដូចជា ចាវ ជីឡុង និង ជិវអួយ គឺគាត់ស្គាល់ច្បាស់ពីចិត្តស្មោះ និងដាក់នៅក្បែរខ្លួនជាប់ជានិច្ច ហើយថែមទាំងផ្តល់តម្លៃខ្ពស់ដូចសូរិយាចន្ទ្រា។ លក្ខណៈនៃការប្រើ និងមើលមនុស្សរបស់ ខុងមីង គឺមានភាពច្បាស់លាស់ និងប្រាកដជានិច្ចពីមួយជំហានទៅមួយជំហាន។ ជាការពិត នៅពេលដែលយើងធ្វើធុរកិច្ច ការចេះមើលមនុស្ស គឺជាកត្តាចាំបាច់ខ្លាំងបំផុត ជាពិសេសក្នុងធុរកិច្ចធំ នៅពេលចាប់ដៃគូជំនួញ និងពេលរើសមនុស្សសំខាន់សម្រាប់ការងារ។ បើមិនដូច្នោះទេ យើងនឹងទទួលបាននូវបទពិសោធន៍ឈឺចាប់ ជូរចត់ បញ្ហា ឬខាតបង់យ៉ាងដំណំជាមិនខាននៅថ្ងៃណាមួយ។

៥. ចេះទស្សន៍ទាយ តារាសាស្ត្រ និងមើលអាកាសធាតុ

នៅប្រទេសចិនសម័យ សាមកុក គេអាចឃើញមានជំនឿ និងសាសនាជាច្រើន ដែលប្រជាជនមួយចំនួនធំមានជំនឿងប់ងល់។ ឧទាហរណ៍៖ ម្តាយរបស់ ស៊ុនឈាន (ក្នុងវិរជនសាមកុក) គឺជឿទៅលើគ្រូទាយដែលជាមេសាសនាធំមួយ។ នៅក្នុងនគរបី គេឱ្យតម្លៃទៅលើការមើលវាសនា និងតារាសាស្ត្រ។ ឧទាហរណ៍៖ ខុងមីង ចេះក្បួនដែលអាចទាយឆុត និងមើលតារាសាស្ត្រច្បាស់ដូចថ្ងៃ។ ដូច្នេះហើយបានជាគ្រប់ទាំងសឹកសង្គ្រាម គាត់តែងសង្កេតតារាសាស្ត្រ និងទស្សន៍ទាយពីលទ្ធផលនៃសង្គ្រាមទុកជាមុនថា នរណានឹងចាញ់ ហើយនរណានឹងទទួលជ័យជម្នះ។ ទោះបីវាគឺជាការពាក់ព័ន្ធនឹងអបិយជំនឿខ្លះក្ដី តែបើសិនវាពិតជាអាចផ្តល់តម្រុយ និងជំនួយដល់ការធ្វើសឹក និងធុរកិច្ចពិតមែន អ៊ីចឹងខុងមីង ប្រើប្រាស់វិធីសាស្ត្រនេះ គឺពិតជាទទួលបានអត្ថប្រយោជន៍ច្រើន។ ជាការពិត ខុងមីង មិនត្រឹមតែចេះទស្សន៍ទាយប៉ុណ្ណោះទេ គាត់ក៏ចេះវិជ្ជាមើលអាកាសធាតុផងដែរ។ ឧទាហរណ៍៖ ពេលប្រើមនុស្សចំបើងខ្ចីព្រួញឆាឆាវ គាត់ដឹងថាមេឃនឹងចុះអព្ភ។ សម្រាប់ជំនឿ យើងខ្ញុំសូមធ្វើការឱ្យយោបល់ថា ក្នុងស្ថានភាពណាក៏ដោយ ចូរឱ្យតម្លៃខ្លាំងទៅលើការចេះត្រិះរិះពិចារណា ហេតុ និងផល និងទ្រឹស្ដីចក្រវាលជាសកល បើមិនដូច្នោះទេ អ្នកនឹងខាតបង់យ៉ាងច្រើនជាមិនខានក្នុងជីវិតនេះ។

៦. ចេះបត់បែន និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់

នៅត្រង់ចំណុចទាំងពីរនេះ គ្មាននរណាពូកែដូច ខុងមីង នោះទេនៅក្នុងសង្គ្រាមសាមកុក។ សូម្បីតែក្បួនសឹកប្រាំបីទិស ដែលគាត់យកមកប្រើ ក៏មានការប្រែប្រួលបានយ៉ាងឆាប់រហ័ស ដែលសូម្បីតែ ស៊ឺម៉ាអ៊ី ដែលល្បីឈ្មោះថាជាកំពូលអ្នកការពារក្រុង ក៏ធ្លាក់ក្នុងរណ្តៅអន្ថិការបស់គាត់ដែរ។

នឹកឃើញកាលដែល ខុងមីង ព្យាយាមជួយ លីវប៉ី ទៅក្រុងប៉ៃទី ខណៈចាញ់សង្គ្រាមតុងអ៊ូ គាត់បានប្រើទ័ពតែប៉ុន្មានពាន់អ្នក ព្រមទាំងប្រអប់មួយជូនទៅ លូស៊ីង ក៏អាចជប់កងទ័ពមួយសែននាក់បានដោយងាយ។ ក្នុងខណៈពេលដែល ចូវអ៊ី មានបំណងសម្លាប់ គាត់ក៏ចេះច្នៃរកវិធីសូត្រមន្តខ្ចីខ្យល់អាគ្នេយ៍ដើម្បីយករួចខ្លួន។ កាលពីសសង្គ្រាមជាមួយអ៊ួយ ផ្លូវភ្នំបាក់ដឹកស្បៀងមិនកើត គាត់ក៏ឱ្យទាហានច្នៃប្រើរទេះគោឈើ ដើម្បីដឹកស្បៀងជំនួស ។ល។ ការចេះបត់បែន និងគំនិតច្នៃប្រតិដ្ឋខ្ពស់ គឺជាចំណុចខ្លាំង ដែលអ្នកធ្វើធុរកិច្ចធំត្រូវការជាចាំចាច់ ដើម្បីជួយពន្លឿនការងារ ដោះស្រាយបញ្ហា និងយករួចខ្លួនបានក្នុងកាលៈទេសៈមួយផងដែរ។

៧. ស្មោះត្រង់ និងប្រកបដោយគុណធម៌

ភាពស្មោះត្រង់របស់ ខុងមីង ចំពោះ លីវប៉ី និងរាជវង្សហាន ប្រៀបដូចរស្មីសូរិយាចន្ទ្រា។ មុនពេល លីវប៉ី ស្លាប់ គាត់បានផ្តែផ្តាំឱ្យ ខុងមីង ជួយជ្រោមជ្រែងនគរ ហើយបើ អាតូវ កូនរបស់គាត់ធ្វើកិច្ចការធំមិនកើត គឺឱ្យ ខុងមីង ឡើងសោយរាជ្យជំនួស។ ខុងមីង ស៊ូទ្រាំនឹងការប្រមាថរបស់មេទ័ពចង្អៀតចង្អល់ដូចជា ចាងហ្វី និងគួនអ៊ី ខណៈពេល លីវប៉ី នៅជាកូនប្រសារតុងអ៊ូ។ ខុងមីង ពុំធ្លាប់មានចិត្តទាល់តែសោះក្នុងការក្បត់ និងក្តោបក្តាប់យកអំណាច ក្នុងខណៈពេលដែលខ្លួនអាចធ្វើបាន។ ភាពស្មោះត្រង់ និងគុណធម៌ខ្ពស់ស្មើមេឃរបស់ ជូកឺលាង ត្រូវបានមនុស្សម្នាស្ងើចសរសើររាប់ពាន់ឆ្នាំ និងចារទុកថាជាវិរជនក្នុងប្រវត្តិសាស្ត្រ។

យើងអាចសន្និដ្ឋានបានថា ជូកឺ ខុងមីង ហៅ នាគដេក គឺពិតជាមនុស្សទេព និងមានចំណុចខ្លាំងជាច្រើនដែលយើងអាចសង្កេត រៀនសូត្រ និងច្បិចយកមកប្រើប្រាស់បានសម្រាប់កិច្ចការងារប្រចាំថ្ងៃ ព្រមទាំងធុរកិច្ចធំ។ ជាការពិត យើងមិនអាចប្រៀបធៀបខ្លួនឯងទៅនរណាម្នាក់ ហើយយើងក៏មិនអាចឱ្យតម្លៃទាបពេកចំពោះខ្លួនឯងនោះដែរ។ គ្រប់ទាំងភាពឆ្លាតវៃ គឺអាចបង្កើតឡើងដោយសារសេចក្ដីព្យាយាម និងការរៀនសូត្រជានិច្ចនិរន្តរ៍ ចំពោះធុរកិច្ចមួយនោះ។ គ្មានរបស់អ្វីមួយល្អឥតខ្ចោះ ហើយក៏គ្មាននរណាម្នាក់ពូកែគ្រប់រឿងនោះដែរ សូម្បីតែលោក នាគដេក គឺតែងតែមានចន្លោះប្រហោងនៅត្រង់កន្លែងណាមួយ ដែលមិនខុសពីអត្ថបទខ្លីមួយនេះនោះទេ គឺរមែងតែមានចំណុចខ្វះខាតជាមិនខាន។ អ្វីដែលយើងធ្វើបាន គឺចែករំលែកនូវចំណុចវិជ្ជមាន ដែលយើងមានដល់មិត្តអ្នកអាន ដើម្បីជាជំនួយក្នុងធុរកិច្ច ក៏ដូចជាការសិក្សាស្រាវជ្រាវ។

ឯកសារយោង៖

  • ខ្សែភាពយន្តប្រវត្តិសាស្ត្រចិន៖ នគរបី & វិរៈជនសាមកុក (Romance of the Three Kingdoms by Luo Guanzhong)
  • តម្រាពិជ័យសង្គ្រាម៖ ស៊ុន ជឺ និង ឡៅជឺ
  • សៀវភៅ៖ សិល្បៈសាងធុរកិច្ច (The Art of the Deal) ដោយ Donald J. Trump

អត្ថបទទាក់ទង

សម្តី២០ឃ្លារបស់ជូកឺលាង ដែលអាចដាស់តឿនគំនិតរបស់អ្នក

 

Leave a Reply

Your email address will not be published.