មនុស្សសំខាន់ទាំង ៥ ដែលអ្នកចាំបាច់ចាត់ទុកជាបណ្ដាញ

បុគ្គល​គ្រប់រូបនៅក្នុង​គ្រប់​សង្គម​ទាំងអស់ មាន​ទំនាក់ទំនង​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដូចជា ទំនាក់ទំនង​ជាមួយ​ស​មា​ជិ​ក​គ្រួសារ មិត្តភក្តិ សហការី អ្នកជិតខាង មនុស្ស​ស្គាល់គ្នា មិត្ត​ប្រុស មិត្តស្រី គ្រូបង្រៀន និង​មនុស្ស​ផ្សេងៗ​ទៀត​។ ទំនាក់ទំនង​អន្តរ​បុគ្គល គឺជា​ទំនាក់ទំនង ចំណង ឬ​ ការបញ្ចូល​គ្នា​ក្នុងសង្គម​រវាង​មនុស្ស​ពីរ ឬ​ ច្រើន​នាក់ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាពសប្បាយ​រីករាយ និង​អាចបំពេញ​តម្រូវការ​ផ្សេងៗ​ខាង​ផ្នែក​ស​ញ្ចេ​ត​នា សង្គម រាងកាយ បញ្ញា និង​សេដ្ឋកិច្ច​។

ជោគជ័យ ឬ បរាជ័យភាគច្រើន សុទ្ធតែជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ។ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យរបស់មនុស្សម្នាក់ៗ រមែងមានឧបសគ្គ ព្យុះ ភ្លៀង ព្រមទាំងអ្នកជួយជ្រោមជ្រែង ផ្ដល់ដំបូន្មាន និងគាំទ្រពីក្រោយខ្នង។ ប្រជាជនខ្មែរយើង ហាក់បីដូចជាមិនសូវចាប់អារម្មណ៌ពីបុគ្គលទាំងនេះដែលនៅជុំវិញឡើយ។ ខាងក្រោមនេះជាមនុស្សសំខាន់ៗចំនួន ៥ ដែលចាំបាច់ត្រូវមានក្នុងបណ្ដាញរបស់អ្នក៖

១. អ្នកដឹកនាំ

អ្នកដឹកនាំទាំងនោះ អាចជាអតីតចៅហ្វាយនាយ ឬ មេក្រុមហ៊ុននានា ដែលអ្នកបានផ្លាស់ប្ដូរនាមប័ណ្ណជាមួយពេលចូលរួមកម្មវិធីផ្លូវការណាមួយ។ អ្នកដឹកនាំល្អម្នាក់ អាចចង្រៀនឲ្យមនុស្សធម្មតាម្នាក់ក្លាយជាអ្នកដឹកនាំគេដែរ។ ពួកគាត់ជាមនុស្សដែលមានបទពិសោធន៏ច្រើនក្នុងការងារគ្រប់គ្រងមនុស្ស ការដែលរាប់អានអ្នកដឹកនាំអាចជួយជុំរុញឲ្យអ្នកមានឆន្ទះក្នុងការដើរទៅរកភាពជោគជ័យ ព្រមទាំងទទួលបាននូវគន្លឹះ និងកូនសោរក្នុងការដឹកនាំមនុស្ស។ ម៉្យាងវិញទៀតអ្នកដឹកនាំល្អម្នាក់មិនចាំបាច់ទាល់តែមានឋានៈធំដុំនោះទេ គាត់អាចជាមនុស្សសាមញ្ញម្នាក់ដែលនៅជុំវិញខ្លួនយើងដូចជា លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ សិស្សច្បង ឬមិត្តភក្តិជាដើម។

២. អ្នកណែនាំ

ក្នុងជីវិតរបស់មនុស្សម្នាក់ៗរមែងជួបប្រទះនឹងអ្នកណែនាំ ដែលជួយឲជីវិតរបស់អ្នកកាន់តែល្អប្រសើរ។ អ្នកណែនាំប្រៀបបាននឹងគ្រូបង្វឹក និងជាអ្នកលើកទឹកចិត្តពេលអ្នកជួបឧបសគ្គអ្វីមួយ។ គាត់ជាអ្នកចែករំលែក ផ្ដល់ដំបូន្មាន អ្នកស្ដាប់ដ៏ល្អម្នាក់ ថែមទាំងជាអ្នកជួយត្រួសត្រាយផ្លូវ។ កុំមើលរំលងមនុស្សបែបនេះអី គួរណាតែចំណាយពេលខ្លះញុាំកាហ្វេ ឬ ជួបសួរសុខទុក្ខគាត់ម្ដងម្កាលដើម្បីរក្សាទំនាក់ទំនង។ មិនចាំបាច់ទាល់តែរកស៊ីទើបត្រូវការអ្នកណែនាំនោះទេ សូម្បីតែជាសិស្សនិស្សិតនៅកម្ពុជាក៏ដោយបើចង់បានអាហាររូបករណ៏ទៅរៀនក្រៅប្រទេសគួរតែមានអ្នកណែនាំផ្ទាល់ខ្លួនម្នាក់សម្រាប់ជួយត្រួសត្រាយផ្លូវ។

៣. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ

ដូចគេថា ដើរជាមួយអ្នកណា ទទួលឥទ្ធិពលពីអ្នកនោះ។ ប្រសិនបើអ្នករាប់អានជំពូកមនុស្សដែលពូកែចាយលុយខ្ជះខ្ជាយមិនចេះទុកដាក់ នោះអ្នកប្រាកដជាដើរតាមគន្លងនោះមិនខាន។ តែបើមានមិត្តជាអ្នកចេះប្រើលុយ បង្កើតលុយ ទុកដាក់ សន្សំ មិនចេះចាយវាយផ្ដេសផ្ដាសនោះ អ្នកប្រាកដជាមានផ្នត់គំនិត និងទម្លាប់ដូចជាពួកគេដែរ។ ដូចនេះ ចូរព្យាយាមបង្កើតមិត្តភាពជាមួយអ្នកដែលធ្វើការច្រើនផ្នែកហិរញ្ញវត្ថុ និងពូកែយកលុយបង្កើតលុយ។

៤. អ្នកពូកែច្នៃប្រតិដ្ឋ

មនុស្សជំពូកនេះមានភាពវយ័ឆ្លាត រវាសរវៃ ក្នុងការដោះស្រាយបញ្ហា ជាពិសេសពាំនាំយកមកនូវគំនិតថ្មីៗ ប្លែកៗដែលអ្នកផ្សេងគិតមិនដល់។ មនុស្សបែបនេះគួរតែថែរក្សាឲ្យបានល្អ ព្រោះថ្ងៃណាមួយអ្នកអាចត្រូវការពួកគេ សម្រាប់ប្រមូលផ្ដុំដំបូន្មាននិងគំនិតឆ្នៃប្រឌិតផ្សេងៗក្នុងការអភិវឌ្ឃសហគ្រាសរបស់អ្នកក៏ថាបាន។

៥. មិត្តតែជាសត្រូវ

បើមានមិត្តដែលចូលចិត្តប្រកួតប្រជែងផ្ចាញ់ផ្ចាលអ្នក ចូរកុំស្អប់ឬចងគំុនុំនឹងពួកគេអី។ ព្រោះពួកគេទាំងនោះហើយ ជួយជុំរុញឲ្យអ្នកមានឆន្ទៈ និង ស្មារតីមុះមុតក្នុងការយកឈ្នះ ជួយឲ្យអ្នកមានគំនិតបង្កើតថ្មី ជួយឲ្យអ្នកធ្វើអ្វីឲ្យអស់ពីសមត្ថភាព។ មិត្តទាំងនេះ អាចធ្វើឲ្យអ្នកមានសម្ពាធផ្លូវចិត្តខ្លះ តែយ៉ាងណាមិញវាជាឱកាសសម្រាប់អ្នកប្រកួតប្រជែងនិងជាមេរៀនសម្រាប់អ្នករៀនសូត្រពីវា។ មិត្តប្រភេទនេះមិនមែនមានតែពេលចេញប្រឡូកក្នុងសង្គមការងារក្រៅប្រទេសនោះទេ នៅស្រុកខ្មែរក៏មានដែរ។ ឧទាហរណ៏៖ នៅក្នុងថ្នាក់រៀនតែងមានមិត្តម្នាក់ឬពីរនាក់ដែលប្រកួតស៊ីសាច់ហុតឈាមគ្នាដើម្បីយកនិទ្ទេសល្អ ដោយសារតែពួកគេទាំងនេះហើយទើបយើងខំមួយកម្រិតទៀតដើម្បីយកប្រៀបគេ។


អត្ថបទទាក់ទង

មេរៀនជីវិតពីមនុស្ស ៧ ប្រភេទ ដែលអ្នកតែងឱ្យតម្លៃ និងបានបង្រៀនអ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *