វិធី​ ៤ យ៉ាង ដើម្បីស្ងួន​រក្សា​​កម្លាំង​មនោមយិទ្ធិ

ពាក្យ​ថា ​មនោមយិទ្ធិ​ ជា​វាក្យសព្ទ​ខាង​ព្រះពុទ្ធសាសនា មានន័យថា “ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ត” តែ​អត្ថន័យ​នៅក្នុង​ការ​ប្រែ​ពី​ពាក្យ “Will Power” នេះ​សំដៅ​ដល់​អំណាច​ដែល​ធ្វើ​ឲ្យអ្វីៗសម្រេច​ផល ដែល​កើត​ពី​កម្លាំងចិត្ត​របស់​មនុស្ស​ម្នាក់​ណា​នោះ។

តាមពិតទៅ​មនោមយិទ្ធិ គឺជា​អ្វី​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​យើងគ្រប់ៗគ្នា ពោលគឺ​កម្លាំង​ប្រាថ្នា កម្លាំង​អធិដ្ឋាន កម្លាំង​តាំងចិត្ត​ដ៏​ជាក់លាក់ កម្លាំង​កិលេស​តណ្ហា។ ល។ កម្លាំង​ទាំងនេះ​ជា​គ្រឿង​ភ្ញោ​ច​ឲ្យ​យើង​មាន​ទង្វើផ្សេងៗឆ្ពោះទៅកាន់​គោលបំណង​ដែល​យើង​ត្រូវការ ដែល​សុទ្ធសឹងតែ​ជា​មនោ​យិ​ទ្ធិ​វិជ្ជមាន ឬ​មនោមយិទ្ធិ​អវិជ្ជមាន ពោលគឺ​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់។

មនុស្ស​ដែលមាន​មនោមយិទ្ធិ​ច្រើន​រមែង​មានការ​ប្រាថ្នា​អ្វី​ក៏​ប្រាថ្នា​យ៉ាងខ្លាំង​ក្លា សុខចិត្ត​យក​ជីវិត​ទៅ​ប្តូរ ដើម្បី​ឲ្យ​បាន​នូវ​អ្វីដែល​គេ​បាន​ប្រាថ្នា។ ចំណែកឯ​មនុស្ស​ដែលមាន​មនោមយិទ្ធិ​តិច ក៏​តែង​រារែក​ធ្វើ​អ្វី​មិនសូវ​បាន​ផល​សម្រេច ឬ​ធ្វើ​បានតែ​ពាក្យ​កណ្តាល​ប៉ុន​នោះ។

ការហាត់​អំណាចចិត្ត ឬ​មនោមយិទ្ធិ​ឲ្យ​ក្លាយទៅជា​ម្លា​ប់ គឺជា​អ្វីដែល​មានគុណ​តម្លៃ​បំផុត​ក្នុង​ជីវិត​មនុស្ស ហើយ​មាន​ភាព​សំខាន់​ខ្លាំង​ជាង​ការ​វ៉ឹ​ក​ហាត់​ចំណេះដឹង ឬ​វ៉ឹ​ក​ហាត់​ក្នុង​ផ្លូវ​ផ្សេងទៀត​ទាំងអស់ ព្រោះ​ផល​សម្រេច​គ្រប់យ៉ាង​មាន​មនោមយិទ្ធិ​ជា​គ្រឹះ។ អ្នក​ដែលមាន​នោម​យិ​ទ្ធិ គឺជា​មនុស្ស​មានប្រៀប​លើ​អ្នកដទៃ ប្រៀបដូចជា​មាន​កន្សែង​បក់​កន្សែង​បោយ​អញ្ចឹង។

១. ព្យាយាម​សង្កត់​សេចក្តីក្រោធ

ក្រោធ (នាមសព្ទ) ( សំ. “កំហឹង” ) តែក្នុងប្រទេសយើងប្រើជា កិ. “ខឹង” ក៏បាន, កុំអាលក្រោធ ។

សេចក្តី​ក្រោធ ​ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សម្រាក​, សេចក្តី​ក្រោធ​ជា​លក្ខណៈ​របស់​មនុស្ស​ពាល​, សេចក្តី​ក្រោធ​មិនល្អ​សោះឡើយ​, សេចក្តី​ក្រោធ​ទុកដូចជា​ច្រែះ​ស៊ី​ដែក​, សេចក្តី​ក្រោធ​នាំ​ទៅ​រក​សេចក្តី​វិនាស​, គ្មាន​ការ​ចាប់ចង​ឯណា​ស្មើនឹង​ទោសៈ​ទេ​, គ្មាន​កំហុស​ណា​ស្មើនឹង​ក្រោធ​ទោសៈ​ទេ​, ជន​ដែល​ក្រោធ​សូ​ម្បី​តែ​ឪពុក​ម្តាយ​ខ្លួនឯង​ក៏​ហ៊ាន​សម្លាប់​, ជន​ដែល​ក្រោធ​រមែង​មិនដឹង​នូវ​ផល​ទាំងឡាយ​, អ្នក​ក្រោធ​រមែង​មិនឃើញ​នូវ​ហេតុ​ទាំងឡាយ​, មនុស្ស​ក្រោធ​តែង​ដេក​កើតទុក្ខ​ជា​និច្ច​, អ្នក​ដែល​មាន​សេចក្តី​ក្រោធ​ចូលលុក​លុយ​ហើយ​តែង​បំផ្លាញ​នូវ​ផលប្រយោជន៍​ដែល​ខ្លួន​មាន។

សេចក្តី​ក្រោធ​ ធ្វើ​ឲ្យ​មនុស្ស​បង្ខាត​ថាមពល​ឥត​ប្រយោជន៍​ និង​ជួន​កាល​បង្ក​ជា​ទោស​ដល់​ខ្លួន​ឯង​។ សេចក្តី​ក្រោធ​ ធ្វើ​ឲ្យ​ថាម​ពល​ផ្សាយ​ចេញ​ច្រើន​ហួស​ប្រមាណ។ យើង​តែង​សង្កេត​ឃើញ​ថា​ពេល​មនុស្ស​ខឹង​មិន​ដឹង​ជា​ថាម​ពល​មក​ពី​ណា​ទេ លុះ​ពេល​អស់​កំហឹង​ទៅ​វិញ​ក៏​អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង​។​

២. និយាយ​ឲ្យ​តិច វៀរចាក​និយាយ​ច្រើន

ការ​និយាយ​តាម​បែ​ប​ធម្មតា ​មិនសូវ​ធ្វើ​ឲ្យ​អស់​កម្លាំង​ពី​ក្នុង​ខ្លួ​ន​ប៉ុន្មាន​ទេ​។ ការ​និយាយ ​​២ ​ប្រភេទ ​ដែល​ធ្វើ​ឲ្យ​អស់​កម្លាំង​ គឺ​៖

  • ការ​និយាយ​រឿង​អាថ៌​កំបាំង និង​
  • ការ​និយាយ​ជជែក​យក​ឈ្នះ​ចាញ់​។

ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ ការ​និយាយ​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ឲ្យ​ខាត​កម្លាំង​មនោមយិទ្ធិ ហេតុនេះ​ទើប​អ្នក​និយាយ​ច្រើន​មាន​អ្នក​កោត​ក្រែង​តិច ចំណែក​ឯ​អ្នក​និយាយ​តិច​ត្រឡប់ជា​មាន​អ្នក​កោត​ក្រែង​ច្រើន​។

៣. ព្យាយាម​រក្សា​ការ​ស្ងប់​កាយ

អាការៈ​ច្រលេម​ច្រលឹម​ បង្ខាត​ថាម​ពល​ឥត​ប្រយោជន៍​។

៤. ធ្វើការ​​វិវេគ

ទស្សនវិទូ​ពោលថា​ ក្នុង​ពេល​ដែល​យើង​ធ្វើការ​ច្រើន​នោះ ខ្លួន​របស់​យើង​ចេញ​ពី​ខ្លួន​យើង​ ហើយ​ចាំ​បាច់​ត្រូវ​ហៅ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​យើង​វិញ​ ការ​ហៅ​ខ្លួន​របស់​យើង​ចូល​មក​ក្នុង​ខ្លួន​យើង​ជា​ថ្មី​នេះ​ហៅ​ថា “​ធ្វើការ​វិវេគ”​។ ចូរ​ដេក​សណ្តូក​ឲ្យ​រាងកាយ​គ្រប់​ផ្នែក​បាន​សម្រាក​ ហើយ​បើក​ភ្នែក​ព្រឹម​ៗ​មើល​ទៅ​ចុង​ជើង​របស់​ខ្លួន​ ព្យាយាម​បណ្តុះ​មនោគតិ​ហាក់​ដូច​ជា​យើង​ហៅ​ខ្លួន​យើងដែល​​ចេញ​ទៅ​ពី​ខ្លួន​យើង​នោះ​ ត្រឡប់​ចូល​ក្នុង​ខ្លួន​ជាថ្មី​។ ធ្វើ​ដូច្នេះ​រហូត​ដល់​យើង​គិត​ថា​ខ្លួន​យើង​ចូល​វិញ​ល្មម​គ្រប់គ្រាន់​ហើយ​ ចូរ​បិទ​ភ្នែក​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ មិន​គិត​ដល់​អ្វីទាំង​អស់ គ្មាន​អ្វីជា​អារម្មណ៍​ទាំង​អស់​។ ការ​ធ្វើ​ដូច្នេះ​ត្រឹម​៥​នាទី​ នឹង​មាន​ផល​ប្រហែល​គ្នា​នឹង​ដេក​លក់​៥​ម៉ោង​ ព្រោះ​ដល់​បាន​ធ្វើ​ស្រេច​បាច់​ យើង​នឹង​មាន​កម្លាំង​ បាត់​នឿយ​ហត់​ វិធី​នេះ​ហៅ​ថា ធ្វើការ​វិវេគ។

ប្រភព៖

  • សៀវភៅ​ការអភិវឌ្ឍ​ខ្លួនឯង 
  • សៀវភៅមនោមយិទ្ធិ

អត្ថបទទាក់ទង

ការច្រណែនអ្នកដទៃ​ គឺជាការដាក់ទោសឲ្យខ្លួនឯង

 

Leave a Reply

Your email address will not be published. Required fields are marked *