ការច្រណែនអ្នកដទៃ​ គឺជាការដាក់ទោសឲ្យខ្លួនឯង

ច្រណែន (កិរិយាសព្ទ) មិនសុខចិត្តដោយគេបានលើសខ្លួន ឬដោយគេបាន ខ្លួនមិនបាន ។

ដំបូង​ យើង​ត្រូវ​ដឹង​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មាន​អារម្មណ៍​ច្រណែន? អ្នក​ចិត្ត​វិទ្យា​បង្ហាញ​ថា ការ​ច្រណែន​ អាច​មក​ពី​អារម្មណ៍នៃការគោរព​ខ្លួនឯង​ទាប ឬ​ខ្វះ​ទំនុកចិត្ត។ ហើយនៅពេល​នរណា​ម្នាក់​មិន​សប្បាយចិត្តនឹងខ្លួនឯង ធ្លាប់មានលទ្ធផលជីវិតមិន​សូវ​ល្អ មានគ្រួសារមិនសូវ​រលូន នឹង​អាជីព​មួយ​ណា​ក៏​មិន​ឈានឡើង រវើរវាយ ធុញថប់ និង​អសន្តិសុខ ផ្លូវចិត្ត ជា​សន្សឹមៗ​អាច​បណ្ដាល​ឲ្យ​មានកើត​អារម្មណ៍​ច្រណែន ​និង​ឃ្លាតឆ្ងាយ​ពី​ការ​ពិត។

ហេតុអ្វី​បាន​ជាសត្វ​លោក​យើងឃើញ​គេ​មាន​សេចក្ដី​សុខ មានយស​ជាដើម ​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ​ នោះមក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តាគឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដី​ត្រេកអរ​តាម​នៅពេល​ដែល​អ្នក​ដទៃ​មាន​សេចក្ដីសុខ​ជាដើម គួរពិចារណា​តាមព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់​ជាមាតាបិតា ជាញាតិរបស់​ខ្លួន​ដែរ​ ក្នុងសង្សារវដ្ដ​កន្លង​មក​ អស់​កាល​ដ៏យូរ​អង្វែង​រាប់ជាតិ​ប្រមាណ​មិនបាន ដូច្នេះហើយ បើ​យើងច្រណែន​ស្អប់​ខ្ពើម​នឹង​អ្នក​ដទៃ ហាក់​ដូច​ជា​ស្អប់​ច្រណែន​នឹង​មាតាបិតាបង្កើត បងប្អូនបង្កើតរបស់​ខ្លួនដូច្នោះ សូម​មេត្តា​ពិចារណា​នូវ​ទោសកំហុស​នៃសេចក្ដី​ច្រណែន​មានច្រើន​ណាស់ ដូចជា៖

  • សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ
  • សេចក្ដីច្រណែន ​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត
  • សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស
  • សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនវិនាស​ដូចភិក្ខុទេវទត្ត
  • សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែបបាក់​ញាតិមិត្ត
  • សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​សាង​កម្មពៀរវេរាដ៏ច្រើន
  • សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនវិកលចរិត (ឆ្កួត)
  • សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​អស់សតិបញ្ញា
  • សេចក្ដីច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ
  • សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ
  • សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនកើត​ក្នុង​ត្រកូលថោកទាប
  • សេចក្ដីច្រណែន អ្នកដទៃ​ជាចំនុចខ្សោយ​របស់​ខ្លួន
  • សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត
  • សេចក្ដីច្រណែន ធ្វើឲ្យ​វិនាស​ចាកសីលគុណជាដើម
  • សេចក្ដីច្រណែន មិនអាច​ឃើញសច្ចធម៌​បាន
  • សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​ចេះ​រមិល​គុណ​អ្នក​ដទៃ
  • សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់
  • សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនសម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួន​ឯង​បាន

នេះ​ជា​ទោស​នៃ​សេចក្តី​ច្រណែន​ដែល​បុគ្គល​គួរ​លះ​ចេញ​ឱ្យ​អស់​ព្រោះ​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ខ្លួន​វិញ​ក្រៅ​តែ​អំពី​សេចក្តី​ក្តៅក្រហាយ និង​កម្ម​ពៀរ​នោះ​ឡើយ។

បុរស និងស្ត្រីជាច្រើនបានរស់នៅរ៉ាំរ៉ៃជាមួយនឹងការច្រណែនប៉ុន្តែភាពវង្វេងស្មារតីនោះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឈានទៅ​ធ្វើរោគវិនិច្ឆ័យនៃជម្ងឺវិកលចរិកពេញលេញនៅឡើយទេ អ៊ីចឹង​ហើយ​បានជាការព្យាបាលមានភាពស្មុគស្មាញ។ បុរស​និងស្ត្រីដែល​មានភាពវង្វេងស្មារតី​ស្រាល​ឬ​មធ្យម​មាន​ការ​លំបាក​យ៉ាងខ្លាំង មានសញ្ញា​មួយចំនួនដូចជា

  • លំបា​កខ្លាំង​ក្នុង​ការជឿទុកចិត្តអ្នកដទៃ
  • ជារឿយៗ​មានចេតនាអាក្រក់ទៅនឹងបំណងរបស់អ្នកដទៃ
  • មាន​អារម្មណ៍ថាខ្លួនឯងរងគ្រោះ និងត្រូវបានធ្វើទុក្ខបុកម្នេញ
  • មានអារម្មណ៍ថាអ្នកដទៃមិនចង់ទទួលយកពួកគេ
  • មានអារម្មណ៍ថាអ្នកដទៃកំពុងព្យាយាមបំផ្លាញពួកគេ
  • មានអារម្មណ៍​ថាតែងតែ​ត្រូវ​បាន​បដិសេធ
  • ចូលចិត្ត​អនុវត្តនូវការ​បន្ទោសដល់អ្នកដទៃ​ជា​ជាងដឹងអំពីគុណវិបត្តិ ឬកំហុសខ្លួន
  • ជា​ញឹកញាប់ ​ពួកគេ​ច្រណែន​ និង​ចាប់​យកវិធី​គុំកួន​ស្ងាត់ៗ​លាក់កំបាំង។

តើត្រូវព្យាបាលយ៉ាងដូចម្ដេច?

មុទិតា ជាធម៌សម្លាប់​សេចក្ដីច្រណែនបាន។

ត្រូវ​ចាំថា មិនមែនភាពលោភលន់ដែលកំពុង​ជំរុញ​ពិភពលោក​ទៅ​រកភាពវេទនាទេ ប៉ុន្តែ​គឺ​ការ​ច្រណែន​ឈ្នានីស។ ដូច្នេះ ប្រសិនបើអ្នកធ្លាប់ចាប់អារម្មណ៍ថា​ខ្លួនឯង​មាន​អារម្មណ៍​ច្រណែន​ឈ្នានីស ​និង​មាន​សញ្ញាណ​ទាំងប៉ុន្មាន ​ឬខ្លះខាងលើ សូមចាំ​ថា ​វា​មិនអីទេ ​ប្រសិន​យើង​នៅ​ដឹង​ខ្លួន​ថា​យើង​ពិតជាកំពុងស្ថិត​ក្នុងការច្រណែន។ សូមជួយខ្លួនឯងដោយ​គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន ​ហើយ​ស្គាល់​ពួកគេ (ការ​ច្រណែននោះ) ឲ្យ​បានច្បាស់។ ជាជាង​ស្អប់ខ្លួនឯង ផ្ទុយទៅវិញ​ យើង​ត្រូវគិតអំពីអារម្មណ៍របស់យើងថា​ហេតុអ្វីធ្លាក់ខ្លួនមកជាមនុស្ស​របៀបនេះ?​ យើង​ចង់​បាន​ពេក? ចូលចិត្ត​ប្រៀបធៀប​ពេក? មើល​ទៅអ្នកដែលខ្ពស់ជាង​យើងពេក?​ ឬ​យើង​ដើរ​ជាមួយ​មនុស្ស​ខុស?

នៅក្នុងចិត្តវិទ្យា ការ​និយាយនឹង​ខ្លួនឯងនេះ ត្រូវបានគេហៅថា “មេតាណុល” ឬ​គិតអំពីការ​គិត​របស់​ខ្លួនយើង។ អ្នកចិត្តសាស្រ្តមួយចំនួន ប្រើពាក្យតែមួយដើម្បីរួមបញ្ចូលអំពីអារម្មណ៍នេះ។

ឧទាហរណ៍ ​នៅពេលណាដែលយើង​មានអារម្មណ៍ចង់ខឹង​ ឬ​វាយបក ឬប្រណែននរណាម្នាក់ អាចសាកល្បងដកដង្ហើមវែងៗ និងសួរខ្លួនឯងនូវសំណួរដូច​ខាងក្រោម៖

  • តើខ្ញុំមានអារម្មណ៍នេះព្រោះអ្វី?​
  • ខ្ញុំមានអសន្តិសុខផ្លូវចិត្ត​?
  • ជាការច្រណែនឈ្នាសនីសមែនទេ?
  • ហេតុអ្វី​ខ្ញុំយកខ្លួនឯងទៅទាក់ទងនឹង​មនុស្ស​ធុននោះ?
  • តើ​កត្តាអ្វីខ្លះ​ដែលបណ្តាល​ឲ្យ​មាន​អារម្មណ៍បែបនេះ?
  • តើខ្ញុំកំពុងតែមានប្រតិកម្មរាល់ពេលឃើញ​ជីវិតគាប់ប្រសើរ​របស់​នរណាផ្សេង?
  • ហេតុផល​អ្វីដែលខ្ញុំមានអារម្មណ៍ដូចជា​អ្នក​ចាញ់​បើ​ប្រៀបធៀប​ជាមួយ​មិត្តភ័ក្ដិ​របស់ខ្ញុំ?
  • តើខ្ញុំ​មានការងារអ្វីដែលតំណាងខ្លួនខ្ញុំហើយ​គួរឱ្យគោរពដែរទេ?

សូមផ្តាច់ខ្លួនយើង​ពីក្នុងរង្វង់​ស្ថានភាពនេះ ហើយស្រមៃថា យើង​គឺជាភាគីទីបីអព្យាក្រឹត ដែលសង្កេតមើលមក ហើយពិចារណា​ពីខាងក្រៅ ដូចជា​កំពុង​មើល​មិន​ឃើញ​មើល​ខ្លួនឯង​ និង​កត់ចំណាំដោយ​ព្យាយាម​រក​មូល​ហេតុពិត។

ការពិនិត្យមើលខ្លួនឯងដូចនេះ នឹងមិនផ្តល់ចម្លើយភ្លាមៗទេ។ ប៉ុន្តែយូរៗទៅវាអនុញ្ញាត​ឲ្យ​យើង​គ្រប់គ្នា​បាន​យល់​ពី​ខ្លួន​អ្នក​កាន់​តែ​ច្បាស់។


អត្ថបទទាក់ទង

https://www.thehrdaily.com/personal-development/page=123/%e1%9e%82%e1%9e%93%e1%9f%92%e1%9e%9b%e1%9e%b9%e1%9f%87-%e1%9f%a1%e1%9f%a0-%e1%9e%85%e1%9f%86%e1%9e%8e%e1%9e%bb%e1%9e%85-%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92%e1%9e%94%e1%9e%b8%e1%9e%94%e1%9e%84/

Leave a Reply

Your email address will not be published. Required fields are marked *