ទំនួលខុសត្រូវចម្បងៗចំនួន ៥ ដែលនាយកប្រតិបត្តិត្រូវមានសម្រាប់ក្រុមហ៊ុន

ក្រុមហ៊ុន​មួយ​ដែល​មាន​​នាយក​ប្រតិបត្តិ​ (CEO) ដ៏​​មាន​សក្ដានុពល​ម្នាក់ ​ពិត​ជា​អាច​ដឹកនាំ​ក្រុមហ៊ុន​​​ឲ្យ​​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ជាក់ជា​មិនខាន។ ទោះបី​​ជា​បែប​នេះក្ដី​ ជា​ទូទៅ ​ភាព​​​​ជា​នាយក​ប្រតិបត្តិម្នាក់ដ៏​ល្អ​ពោរពេញ​ទៅ​ដោយ​​សមត្ថភាព និង​ជា​ទី​ស្រឡាញ់​ និង​​គួរ​គោរព​​របស់​​បុគ្គលិក​គ្រប់គ្នា​ ត្រូវ​ទាមទារ​មាន​លក្ខណសម្បត្តិ​​មួយ​ចំនួន​ជា​គ្រឹះ​សម្រាប់​​​ភាព​លូតលាស់​ស្ថាប័ន​របស់​ខ្លួន។ ខាងក្រោម​នេះគឺ​ជា​ចំណុច​សំខាន់ៗ​ទាំង​៥ ដែល​​នាយក​ប្រតិបត្តិទូទៅ​ គួរ​​យក​​ទៅ​​ត្រិះរិះ​ពិចារណា​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​បុគ្គល​ជោគជ័យ និង​អាច​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​ស្រប​​តាម​គោលដៅ​ និង​ផែនការ​​​អាជីវកម្ម​ដែល​បាន​កំណត់៖​​​

១. ​ម្ចាស់ការ​លើ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​

នាយក​ប្រតិបត្តិ​ ត្រូវ​កំណត់​​ យុទ្ធសាស្ត្រ​​​របស់​ក្រុមហ៊ុន ដើម្បី​សម្រេច​​ ភាព​ជោគជ័យ​ លើ​គោលដៅ​ ដែល​បានកំណត់។ ​​តួនាទី​របស់​នាយក​ប្រតិបត្តិត្រូវ​ធ្វើ​ការ​ពន្យល់​យ៉ាង​លម្អិត​និង​ច្បាស់លាស់​​​​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ពី​ស្ថានភាព​ការងារ​ដែល​ជា​ចក្ខុវិស័យ​​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន​ទៅ​​​បុគ្គល ឬ​បុគ្គលិក​​​​​​​​ក្នុង​ស្ថាប័ន​របស់​ខ្លួន​​។

២. ​ប្រើប្រាស់​​ធនធាន​មនុស្ស​​​ចំ​គោលដៅ

នាយក​ប្រតិបត្តិ ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​ធានា​តុល្យភាព​ការងារ​ដោយ​ការ​ប្រើប្រាស់​ធនធាន​មនុស្ស​​​តាម​ជំនាញ​​ មុខតំណែង​ និង​ពេលវេលា​ត្រឹមត្រូវ។ នេះ​​គឺ​ទាមទារ​ឲ្យ​នាយក​ប្រតិបត្តិ​​របស់​ក្រុមហ៊ុន​ត្រូវ​​​មាន​ជំនាញ​នៃ​ការ​គិតនិង​ការ​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​​​​ពី​លក្ខណៈ​សម្បត្តិ​ធនធាន​មនុស្ស​​​ឱ្យ​ស្របតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន។

៣. កសាង​វប្បធម៌​ចែករំលែក

វប្បធម៌​ចែករំលែក​​រួមមាន​ អាកប្បកិរិយា ​លក្ខណសម្បត្តិ​និង​គុណ​តម្លៃ​​ដ៏​ថ្លៃថ្នូរ​ គឺ​ជា​ភារកិច្ច​មួយ​​ទៀត​របស់​នាយកប្រតិបត្តិដែល​​​ត្រូវ​​មាន​ឥទ្ធិពលនិង​សាបព្រោះ​នៅ​​​​​​​ក្នុង​បរិស្ថាន​ការងារក៏​ដូច​ជា​បុគ្គលិក​​ក្នុង​បង្គាប់​ស្រប​តាម​បទពិសោធន៍​ និង​កម្រិត​វប្បធម៌​របស់​​ពួកគេ​។ ​​​​​​​អ្វី​ដែល​ពិសេស​នោះ​គឺ​គុណ​តម្លៃ​ ដែល​​នាយក​ប្រតិបត្តិ​​ត្រូវ​ផ្ទេរ​​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោមនៅ​គ្រប់​ផ្នែក​របស់​ក្រុមហ៊ុន ត្បិតអី​​គុណ​តម្លៃ​នេះ​​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ល្អ​ដែល​ជា​​គ្រឹះ​ឲ្យ​ពួកគេ​អាចបំពេញ​ការងារ​បាន​ល្អ។

៤.  ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ

ជោគវាសនា​របស់​ក្រុមហ៊ុន​​ ក្នុង​ស្ថានភាព​តឹងតែង​មួយ​ចាំបាច់​ត្រូវ​មាន​ បុគ្គល​ម្នាក់​ជា​នាយក ​ប្រតិបត្តិ ​ហ៊ាន​ធ្វើសេចក្ដី​សម្រេច​ឲ្យ​បាន​ត្រឹមត្រូវ។ នាយក​ប្រតិបត្តិ ត្រូវ​​មាន​ភាព​ឈ្លាសវៃ​សម្រេច​ចិត្ត​ក្នុង​ពេល​ដ៏​ខ្លី ដែល​បុគ្គល​ផ្សេងទៀត​មិនអាច​ធ្វើ​បាន ហើយ​ត្រូវ​​ប្រាកដ​ថា ការ​សម្រេចចិត្ត​​​​នេះ​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ក្រុមហ៊ុន​​ទាំងមូល។

៥.​ ទំនូល​ខុសត្រូវ​លើ​​អាជីវកម្ម​របស់​ក្រុមហ៊ុន

មនុស្ស​គ្រប់គ្នា​យល់ស្រប​ថា នាយក​ប្រតិបត្តិ ​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​មួយ​គត់​លើ​ប្រតិបត្តិការ​ផ្សេងៗ​របស់​ក្រុមហ៊ុន។ ដូច្នេះ នាយក​ប្រតិបត្តិ ត្រូវ​ដើរ​តួ​យ៉ាង​សកម្ម​គ្រប់​ផែនការ​ និង​គោលដៅ​របស់​ក្រុមហ៊ុន​ឲ្យ​បាន​ជោគជ័យ​​ជា​មួយដៃគូ​ដែល​ពាក់ព័ន្ធ។ ភាព​ជា​នាយក​ប្រតិបត្តិ ត្រូវ​ទាមទារ​ឲ្យ​មាន​​ការ​យល់​ដឹង​​ខ្ពស់ លើ​កិច្ចការ​ក្នុង​ក្រុមហ៊ុន ទីផ្សារ និង​ដំណើរការ​របស់​អាជីវកម្ម​​។


អត្ថបទទាក់ទង

ទំនួលខុសត្រូវសំខាន់ៗចំនួន ៧ របស់អ្នកដឹកនាំ

 

Leave a Reply

Your email address will not be published. Required fields are marked *