ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព ជាមួយប្រអប់ Eisenhower

ប្រអប់ Eisenhower គឺជាយុទ្ធសាស្រ្តមួយប្រើប្រាស់ដើម្បីគ្រប់គ្រងពេលវេលា និងដើម្បីបង្កើនផលិតភាពរបស់ប្រធានាធិបតីទី ៣៤ នៃសហរដ្ឋអាមេរិក គឺលោក Dwight Eisenhower

ការប្រើប្រាស់ប្រអប់នេះ អាចជួយឲ្យអ្នកសម្រេចចិត្តងាយស្រួលជាងមុនសម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់អ្នក។

១. បន្ទាន់ និងសំខាន់ ៖ ជាកិច្ចការដែលអ្នកត្រូវធ្វើភ្លាមៗ

២. សំខាន់ ប៉ុន្តែមិនបន្ទាន់ ៖ ជាកិច្ចការដែលអ្នកអាចកំណត់ធ្វើវានៅពេលក្រោយ

៣. បន្ទាន់ ប៉ុន្តែមិនសំខាន់ ៖ ជាកិច្ចការដែលអ្នកអាចចាត់នរណាម្នាក់ដើម្បីធ្វើវាជំនួស

៤. មិនបន្ទាន់ និងមិនសំខាន់ ៖ ជាកិច្ចការដែលអ្នកអាចលុបបំបាត់ចោល

ម៉ាទ្រីសនេះ អនុញ្ញាតឱ្យអ្នកពិនិត្យមើលលីសការងារដែលត្រូវធ្វើរបស់អ្នកដោយអាចឱ្យអ្នកកំណត់ថាភារកិច្ចណាដែលអ្នកគួរធ្វេីភ្លាមៗ និងភារកិច្ចមួយណាដែលមិនសូវមានសារៈសំខាន់ហេីយអ្នកអាចធ្វេីវាបាននូវពេលក្រោយ។

៣ ដំណាក់កាល នៃការប្រើ Eisenhower Matrix

ជំហ៊ានទី១៖ ត្រូវរាយភារកិច្ចទាំងអស់ដែលអ្នកត្រូវធ្វើសម្រាប់ថ្ងៃនេះ។

ការកត់ត្រាពី ការងារត្រូវធ្វើ អាចជាឧបករណ៍មួយដែលធ្វេីឱ្យផលិតភាពរបស់អ្នកកេីនឡេីង រួមទាំងធ្វេីឱ្យអ្នកមានភាពសកម្ម។

ហេតុអ្វីបានជាការកត់ត្រាពីការងារដែលត្រូវធ្វេី មានប្រយោជន៍ដូចនេះ?

ទី១៖ ការសរសេរអ្វីដែលអ្នកត្រូវធ្វើនឹងជួយអ្នកកុំឱ្យមានអារម្មណ៍ថាធុញទ្រាន់ទៅនឹងអ្វីដែលអ្នកត្រូវធ្វើ។ តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមានភារកិច្ចច្រេីនដែលគ្មានទីបញ្ចប់ដែរឬទេ? តែអ្នកបែរជាឃើញថានៅពេលដែលអ្នកបានសរសេរពីការងារទាំងនោះ វាមេីលទៅដូចជាមិនច្រេីនខ្លាំងដូចការគិតរបស់អ្នកនោះទេ?

ការសិក្សាបង្ហាញថា ភារកិច្ចដែលយើងមិនទាន់បានបំពេញធ្វើឱ្យយើងព្រួយបារម្ភនិងធ្វេីឱ្យយេីងពិបាកផ្ដោតអារម្មណ៍ ប៉ុន្តែការសរសេរភារកិច្ចទាំងនោះចេញមក វាអាចបន្ថយការប៉ះពាល់នេះបាន។

ការកត់ត្រាក៏ធ្វេីឱ្យអ្នកចាប់ផ្តើមរៀបចំថ្ងៃរបស់អ្នកឱ្យបានច្បាស់លាស់ និងចៀសវាងការខ្ជះខ្ជាយពេលវេលា។

លើសពីនេះទៀតការគូសចោលលេីអ្វីដែលអ្នកបានធ្វេីរួច វាហាក់ដូចជារង្វាន់មួយដែលធ្វេីឱ្យអ្នកចង់ធ្វេីវាទៀត។

អ្នកនឹងមានភស្តុតាងជាក់ស្តែងនៃសមិទ្ធិផលប្រចាំថ្ងៃរបស់អ្នក ដែលជាការលើកទឹកចិត្តសម្រាប់ថ្ងៃស្អែកផងដែរ!

កំហុសទូទៅមួយ ដែលមនុស្សមួយចំនួនតែងធ្វើនោះ គឺដាក់ការងារច្រើនពេកលើលីសការងារត្រូវធ្វើ។ វានឹងធ្វេីឱ្យយើងស្មុគស្មាញដោយសារយេីងឃេីញថាមានការងារច្រេីនពេក។ វាអាចឲ្យយើងបាត់បង់ទឹកចិត្តនឹងធ្វេីសូម្បីតែមុនពេលយើងមិនទាន់ចាប់ផ្តើម។ អ្វីដែលយើងអាចធ្វើជំនួសវិញនោះ គឺសរសេរតែកិច្ចការណាដែលសំខាន់ហើយអាចធ្វើបានក្នុងរយៈមួយថ្ងៃ។

កំហុសទូទៅមួយទៀតដែលមនុស្សមួយចំនួនតែងតែធ្វើ គឺសសេរពីភារកិច្ចដែលធំពេក ហើយមិនអាចបញ្ចប់បានក្នុងថ្ងៃនេះ។ ការធ្វេីដូចនេះវានឹងធ្វេីឱ្យភារកិច្ចនោះមើលទៅគួរឲ្យខ្លាច។

ដើម្បីធ្វើឱ្យការកត់ត្រាការងារដែលត្រូវធ្វើ មានប្រសិទ្ធិភាព ដំបូងអ្នកគួរតែបំបែកភារកិច្ចធំៗឱ្យទៅជាផ្នែកតូចៗ និងជាក់លាក់ដែលអាចសម្រេចបាន។ ទោះបីជាមានអ្វីមួយធំដែលអ្នកចង់ធ្វេីក្ដី ចូរកុំដាក់គោលដៅទាំងមូលលើលីសនៃការងារត្រូវធ្វើរបស់អ្នក។

អ្នកគួរដាក់ជំហានដំបូងដែលអ្នកអាចធ្វើបាន ដេីម្បីជួយឱ្យអ្នកឆ្ពោះទៅរកគោលដៅជំនួសវិញ។ កុំដាក់អ្វីដូចជា “សរសេរសៀវភៅ” ប៉ុន្តែដាក់ដូចជា សរសេរឱ្យបានដប់កថាខណ្ឌ ឬស្វែងរកគំនិតឱ្យបានប្រាំត្រឹមម៉ោង ១។

ដូច្នេះ ចូរចាប់ផ្តើមសរសេរលីសការងារត្រូវធ្វើរបស់អ្នកឥឡូវនេះហើយទទួលនូវអារម្មណ៍ដែលស្កប់ស្កល់ពេលដែលអ្នកគូសការងារទាំងនោះចោលនៅចុងបញ្ចប់នៃថ្ងៃរបស់អ្នក។

ជំហានទី ២៖ វាយតម្លៃភារកិច្ចដែលអ្នកបានសរសេរ ដោយផ្អែកទៅលេីសារៈសំខាន់ និងភាពបន្ទាន់របស់វា។

សូមសួរខ្លួនឯងថា៖

១. តើការងារនេះមានសារៈសំខាន់ដែរឬទេ?

២. តើការងារនេះត្រូវការបន្ទាន់ដែរឬទេ?

ប្រសិនបើអ្នកយល់ព្រមចំពោះសំណួរទាំងពីរ នោះភារកិច្ចដែលអ្នកកំពុងវាយតម្លៃធ្លាក់ក្នុងប្រអប់ “ធ្វើ” (កាត្រង់ ទី១) ។ ភារកិច្ចដែលធ្លាក់ក្នុងប្រអប់នេះគួរតែជាការងារដែលអ្នកគួរតែធ្វេីមុនគេ ព្រោះការបំពេញវានឹងផ្ដល់នូវផលវិជ្ជមានទៅលើផលិតភាពរបស់អ្នកហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ចង់ធ្វេីការងារបន្ថែមទៀត។

ភារកិច្ចដែលមានសារៈសំខាន់ ប៉ុន្តមិនមានភាពចាំបាច់ជាបន្ទាន់ស្ថិតក្នុងប្រអប់ “ផែនការ”។ ការងារទាំងនេះ អាចជាអ្វីដែលមិនត្រូវការអ្នកយកចិត្តទុកដាក់ភ្លាមៗទៅលេីវាទេ ប៉ុន្តែវាជាប្រភេទការងារដែលអាចជួយអ្នកឱ្យសម្រេចបានគោលដៅធំធេងនាពេលអនាគត។

ការងារទាំងនេះរួមមានការបង្កើតការផ្សព្វផ្សាយដែលមានប្រសិទ្ធភាព ការបង្ហាត់បង្រៀន ឬផ្ដល់ការលំហែលកាយដល់បុគ្គលិក។ អ្នកគួរតែឆ្លៀតពេលមួយ នៅវេលាក្រោយដើម្បីផ្តោតលើភារកិច្ចនេះជាចាំបាច់។

អ្នកគួរតែផ្ទេរភារកិច្ចដែលមានភាពបន្ទាន់ ប៉ុន្តែមិនសូវមានសារៈសំខាន់ (កាត្រង់ ទី៣)។ យើងដឹងថាវាមិនតែងតែអាចទៅរួចទេក្នុងការផ្ទេរការងាររបស់អ្នកទៅអ្នកដទៃ អាស្រ័យលើមុខងាររបស់អ្នក (ឬប្រសិនបើអ្នកជាសិស្ស)។ អ្នកអាចធ្វេីភារកិច្ចទាំងនេះនៅចុងបញ្ចប់ បន្ទាប់ពីអ្នកបញ្ចប់ភារកិច្ចក្នុង កាត្រង់ ទី១ រួច ឬទុកការងារទាំងនោះសិន ហេីយធ្វេីវារួមគ្នាក្នុងពេលវេលាជាក់លាក់មួយ (ឧទាហរណ៍ ការឆ្លើយតបអ៊ីមែល)។

ភារកិច្ចដែលមិនសំខាន់ និងមិនបន្ទាន់ ស្ថិតក្នុងប្រអប់ចុងក្រោយ (កាត្រង់ ទី៤)។ អ្នកគួរតែលុបការងារទាំងនេះចេញពីតារាងការងារត្រូវធ្វើសម្រាប់ថ្ងៃនេះ។ ការងារទាំងនោះរួមមាន ការកំសាន្ត ឬអ្វីផ្សេងៗទៀត ដូចជាការសម្អាតផ្ទះ(អាស្រ័យលើស្ថានភាពផ្ទះរបស់អ្នក វាអាចជារឿងសំខាន់ និងបន្ទាន់បាន) ។ យើងមិនមែនហាមមិនឱ្យអ្នកធ្វើវានោះទេ ប៉ុន្តែអ្នកគួរទុកវាសម្រាប់ធ្វេីនៅពេលដែលអ្នកទំនេរ ឬឱ្យជារង្វាន់ដល់ខ្លួនអ្នកនៅពេលអ្នកបានបញ្ចប់ការងារក្នុងប្រអប់ផ្សេងៗទៀត។

ជំហ៊ានទី៣៖ ជំហានចុងក្រោយដើម្បីប្រើប្រាស់ Eisenhower Matrix ប្រកបដោយប្រសិទ្ធភាពនោះ គឺអ្នកត្រូវចាប់ផ្ដេីមធ្វេីការងារទាំងនោះ!


អត្ថបទទាក់ទង

តើ CEO ដែលជោគជ័យមានយុទ្ធសាស្រ្តអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលា?

Leave a Reply

Your email address will not be published. Required fields are marked *