ប្រសិទ្ឋភាពនៃការអនុវត្តការងារចំពោះអ្នកគ្រប់គ្រងទាំង ៣ កម្រិត
នៅក្នុងអង្គភាពមួយ គេបែងចែកការគ្រប់គ្រងជា ៣ កម្រិតសំខាន់ៗ ដូចជាកម្រិតខ្ពស់ កម្រិតកណ្តាល និងកម្រិតទាប។ កម្រិតនៃការគ្រប់គ្រងទាំងនេះ ត្រូវបានពិពណ៌នាទាក់ទងនឹងទំនួលខុសត្រូវចម្បងៗរបស់ពួកគេក្នុងតំណែងនីមួយៗដូចខាងក្រោម៖
១. អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ឬអ្នកគ្រប់គ្រងកំពូល ត្រូវបានគេហៅផងដែរថាជានាយកប្រតិបត្តិ។ តំណែងទាំងនេះស្ថិតនៅលំដាប់ថ្នាក់ខ្ពស់បំផុតនៅក្នុងស្ថាប័ន ដូចជាប្រធាននាយកប្រតិបត្តិ ប្រធានហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិការ (COO) ប្រធានការិយាល័យព័ត៌មាន (CIO) ប្រធានក្រុមប្រឹក្សាភិបាល ប្រធាន អនុប្រធាន ប្រធានក្រុមហ៊ុនជាដើម។
អ្នកគ្រប់គ្រងជាន់ខ្ពស់ មានសិទ្ធិធ្វើការសម្រេចចិត្តទាំងស្រុងទៅលើផលប៉ះពាល់នៃក្រុមហ៊ុនទាំងមូល។ អ្នកគ្រប់គ្រងកំពូលនៅក្នុងអង្គភាព ភាគច្រើនមានបទពិសោធន៏គ្រប់គ្រងយ៉ាងច្រើន ហើយបានផ្លាស់ប្តូរតាមរយៈថ្នាក់នៃការគ្រប់គ្រងនៅក្នុងក្រុមហ៊ុនទៀតផង។ អ្នកគ្រប់គ្រងកំពូលជាច្រើន មានសញ្ញាប័ត្រកម្រិតខ្ពស់ ដូចជាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម…។ល។
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់៖
- បង្កើត ឬរៀបចំគោលដៅ
- បង្កើតផែនការរយៈពេលវែង
- បង្កើតគោលនយោបាយ និងតំណាងអង្គភាពចំពោះមជ្ឈដ្ឋានខាងក្រៅ និងខាងក្នុង
- ធ្វើការកំណត់ និងអនុម័តតាមក្រមសីលធម៌ការងារ
- ធ្វើការសម្រេចចិត្ត ដោយឈរលើគោលការណ៍ គោលនយោបាយ
- គ្រប់គ្រងថវិការសម្រាប់អង្គភាព
- ធ្វើផែនការ ពិនិត្យ តាមដាន និងវាយតម្លៃ
២. អ្នកគ្រប់គ្រងថ្នាក់កណ្តាល
អ្នកគ្រប់គ្រងថ្នាក់កណ្តាល គឺជាអ្នកដែលស្ថិតនៅក្រោមកម្រិតអ្នកគ្រប់គ្រងថ្នាក់កំពូល។ អ្នកគ្រប់គ្រងថ្នាក់កណ្តាល រួមមានអ្នកគ្រប់គ្រងទូទៅ អ្នកគ្រប់គ្រងរោងចក្រ អ្នកគ្រប់គ្រងតំបន់ និងអ្នកគ្រប់គ្រងតាមផ្នែក…។ អ្នកគ្រប់គ្រងថ្នាក់កណ្តាល គឺទទួលខុសត្រូវចំពោះការបំពេញគោលដៅដែលកំណត់ដោយថ្នាក់ដឹកនាំកំពូល។ ដូច្នេះ អ្នកគ្រប់គ្រងថ្នាក់កណ្តាល ត្រូវចូលរួមកាន់តែច្រើននៅក្នុងការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុនដើម្បីឲ្យពួកគេអាចផ្តល់ព័ត៌មានដ៏មានតម្លៃដល់អ្នកគ្រប់គ្រងថ្នាក់កំពូលដើម្បីជួយកែលម្អចំណុចសំខាន់របស់អង្គភាព។
អ្នកគ្រប់គ្រងថ្នាក់កណ្តាល៖
- បង្កើតគោលដៅទូលំទូលាយ ដោយកំណត់ពីថ្នាក់ខ្ពស់ និងសម្របសម្រួលកិច្ចការបស់អ្នកគ្រប់គ្រងផ្ទាល់
- គ្រប់គ្រងបុគ្គលិក និងកំណត់ទិសដៅទៅតាមគម្រោងផែនការ
- ធ្វើផែនការ ពិនិត្យ តាមដាន និងវាយតម្លៃ
- ធ្វើការទំនាក់ទំនងជាមួយបុគ្គលិកប្រតិបត្តិ និងថ្នាក់ដឹកនាំថ្នាក់ខ្ពស់ អនុវត្ត និងដាក់ឲ្យថ្នាក់ក្រោមអនុវត្តនូវគោលនយោបាយ
- ធ្វើរបាយការណ៏
- ដោះស្រាយបញ្ហា
៣. អ្នកគ្រប់គ្រងថ្នាក់ទាប
អ្នកគ្រប់គ្រងថ្នាក់ទាប ត្រូវបានគេហៅថាអ្នកគ្រប់គ្រងដំបូង។ អ្នកគ្រប់គ្រងទាំងនេះ មានមុខតំណែងការងារ ដូចជាអ្នកចាត់ការការិយាល័យ អ្នកគ្រប់គ្រងប្រធានប្តូរវេន អ្នកគ្រប់គ្រងនាយកភ្នាក់ងារ អ្នកនាំមុខក្រុមការងារ អ្នកគ្រប់គ្រងហាងជាដើម។ អ្នកគ្រប់គ្រងដំបូង មានភារកិច្ចទទួលខុសត្រូវក្នុងការគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់សមាជិកដែលធ្វើការផលិតផលិតផល ឬផ្តល់សេវាកម្ម។
អ្នកគ្រប់គ្រងថ្នាក់ទាប៖
- អនុវត្តការងារ និងត្រួតពិនិត្យមើលនូវរាល់ប្រតិបតិ្តការកិច្ចការ
- បែងចែកការងារតាមផែនការដែលត្រូវបានរៀបចំដោយថ្នាក់លើ
- ធ្វើផែនការ និងពិនិត្យតាមដានរៀងរាល់ថ្ងៃ សប្តាហ៏ ខែ
- រក្សាការទំនាក់ទំនងល្អជាមួយបុគ្គលិក និងដោះស្រាយរាល់បញ្ហា
- មើលការខុសត្រូវលើបុគ្គលិក
- ដាក់ឲ្យអនុវត្តតាមគោលនយោបាយ
- ធ្វើរបាយការណ៏ជូនថ្នាក់លើ
- បង្កើតទិសដៅរបស់ការងារ
- ជួលបុគ្គលិកថ្មី និងផ្ដល់យោបល់
- អានសំបុត្រ និងរបាយការណ៏ ។ល។
- ចូលរួមអង្គប្រជុំ
- ធ្វើការសម្រេចចិត្តពីកម្មវិធីថ្មីៗ
- សម្រេចថាតើនរណាដែលនឹងអាចត្រូវតម្លើងឋានៈ (ជូនយោបល់ទៅថ្នាក់លើ)
អ្នកគ្រប់គ្រងដំបូងនៅក្នុងគ្រប់ផ្នែកការងារនៅក្នុងអង្គភាព។ ថ្វីត្បិតតែអ្នកគ្រប់គ្រងកម្រិតទាប ជាធម្មតា មិនបានកំណត់គោលដៅសម្រាប់អង្គភាពក៏ដោយ ក៏ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុនផងដែរ។
អត្ថបទទាក់ទង
ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព ជាមួយប្រអប់ Eisenhower
One thought on “ប្រសិទ្ឋភាពនៃការអនុវត្តការងារចំពោះអ្នកគ្រប់គ្រងទាំង ៣ កម្រិត”