កំហុស​នៃការគ្រប់គ្រង​មនុស្ស​ចំនួន ៧ ដែល​នាំ​​ឲ្យ​ភាព​ជា​អ្នកដឹកនាំ​ចុះ​ខ្សោយ

មនុស្សខ្លះមាន​​ទេពកោសល្យដឹក​នាំគេ​ពី​កំណើត ប៉ុន្តែ​ទោះជា​មនុស្ស​ប្រភេទ​ណាក៏​ដោយ ក៏ត្រូវរៀន​របៀបគ្រប់​គ្រង​ឱ្យមាន​ប្រសិទ្ធ​ភាព​ដែរ ប្រសិន​ចង់​ធ្វើជា​មេដឹក​នាំ​ជោគជ័យ។ ខាងក្រោមនេះ ជាកំហុស​នៃការគ្រប់គ្រង​មនុស្ស​ចំនួន ៧ ដែល​នាំ​​ឲ្យ​ភាព​ជា​អ្នកដឹកនាំ​ចុះ​ខ្សោយ៖

មិន​ចេះ​សង្កេត​រក​ព័ត៌មាន​ពិត​សំខាន់ៗ

ជា​ទូទៅ​គ្រប់​អង្គភាព ឬ​ស្ថាប័ន សុទ្ធ​តែ​មាន​ព័ត៌មាន​ខ្លះ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់​របស់​ខ្លួន។ ជា​អ្នកដឹកនាំ អ្នក​ប្រហែល​ជា​ត្រូវ​បាន​ថ្នាក់លើ​ស្នើសុំ​ឲ្យ​ទុក​ព័ត៌មាន​មួយ​រយៈ ហើយ​ចែករំលែក​នូវ​អ្វី​ដែល​អាច​ចែករំលែក​បាន។ ប៉ុន្តែ​បើ​អ្នក​ដឹងអ្វី រួច​និយាយ​ទាំងអស់ អ្នក​ចប់​មិនខាន។ មួយ​វិញ​ទៀត អ្នក​ជា​មេ​គេ នៅ​ពេល​រាយការណ៍​ជូន​ថ្នាក់លើ គួរ​ចេះ​សង្ខេប​របាយការណ៍​សំខាន់ៗ​ផង។

២. មិន​អើពើ​ដោះស្រាយ​បញ្ហា

អ្នក​គ្រប់គ្រង​មួយ​ចំនួន​មាន​ទម្លាប់​សង្ឃឹម​ថា បញ្ហា​ជម្លោះ​ ឬ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​បុគ្គលិក​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​បណ្ដោយ​ឲ្យរឿងហេតុបន្តទៅជាដំបៅ។ ការមិន​អើពើ​បែបនេះ វា​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ ផ្ទុយទៅវិញ​វា​នឹងកាន់តែអាក្រក់ទៅៗ បើ​មិន​មាន​អន្តរាគមន៍​សមស្រប​ពី​ថ្នាក់ដឹកនាំទេ។ អសមត្ថភាព​នៃ​ការ​ស្រាយ​ជម្លោះ​ផ្ទៃក្នុង ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​គ្រប់គ្រង​បរាជ័យ​ក្នុង​ការ​ដឹកនាំជារឿយៗ។

មិន​ផ្ដល់​ការណែនាំ​ការងារ​ឲ្យបានច្បាស់

លទ្ធផល​ការងារពុំមានគុណភាព អាចមិនមែនដោយសារនិយោជិក តែវា​ដោយសារ​អ្នក​ដឹកនាំក្រុម។ មុន​ពេល​ឲ្យ​តួនាទី​ទៅ​កាន់បុគ្គលិក និងមុនពេលឲ្យពួកគេអ្វើអ្វីមួយ ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​កិច្ចការ​ដែល​ត្រូវ​បំពេញ។ មិនមែន​ចេះតែប្រើ​បុគ្គលិកទាំង​ដែល​ពួកគេ​មិន​ដឹង​ក្បាល​កន្ទុយ ហើយ​ចង់​បានលទ្ធផលល្អនោះទេ។ បែបនេះ​បើ​ភារកិច្ច​មិន​ជោគជ័យ កុំ​បន្ទោស​ពួកគេ តែ​ត្រូវ​ស្ដីថា​ឲ្យ​ខ្លួនឯង។

៤. បង្ហាញ​ទង្វើ​មិន​ស្មើភាព​ចំពោះ​បុគ្គលិក

បើ​នៅ​ក្នុង​អារម្មណ៍ អ្នកមិនចាំបាច់គិតចំពោះនិយោជិកគ្រប់រូបដូចគ្នាក៏បាន ប៉ុន្តែ​បើជាការ​ប្រព្រឹត្ត​គឺ​ត្រូវ​តែ​មាន​ចំពោះ​ពួកគេ​ស្មើៗ​គ្នា។ កាលណា​សម្ដែង​សកម្មភាព​មិន​ដូចគ្នា វាជា​មូលហេតុ​ដែល​នាំ​ឲ្យ​បុគ្គលិក​ស្អប់​គ្នា ឈ្នានីស ហើយ​គុំគួនអ្នកគ្រប់គ្រងថែមទៀត។ ក្រៅ​ពី​នោះ បុគ្គលិក​មិន​សូវ​ខំ​ធ្វើការ​ផងដែរ។

ព្យាយាម​ធ្វើ​មិត្ត​ជាមួយ​បុគ្គលិក​រណប​រាយការណ៍​យក​មុខ

ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នក​មិនអាចបង្កើតទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​តែនិយោជិកដែលរាយការណ៍មកអ្នកនោះទេ។ ទង្វើ​បែបនេះ​កំពុង​បញ្ជាក់​ថា អ្នក​ជា​មេកោយ​ដែល​មាន​ភាព​លម្អៀង ត្រចៀក​ស និង​កំពុង​បំបែក​មិត្ត​ភាព​ខ្លួន​ជាមួយ​បុគ្គលិក​ដទៃ។ ការ​និយាយ​ដើម​មិនល្អ អេចអូញ​ចាក់​ចេក​ចាក់​ស្ករ ជា​អ្វី​ដែល​ថ្នាក់ដឹកនាំ​មិន​គួរ​ស្ដាប់​ឡើយ។

ទុក​បុគ្គលិក​ល្អៗ​ចោល​យូរ​ពេក​រហូត​គេ​លែង​មានចិត្ត​ចង់​ជួយ

មាន​ចរិត​មិន​ទទួលខុស​ត្រូវ​ចំពោះ​បញ្ហា ជា​ពិសេស​ពេលមាន​រឿង​មិន​ល្អ​ម្ដងៗតែងតែ​បន្ទោស​អ្នក​ថ្នាក់​ក្រោម​ខ្លួន។  នៅ​ចំពោះ​មុខ​ថ្នាក់លើ មិន​ចេះ​លើក​សរសើរ​បុគ្គលិក ហើយ​យក​តែ​ល្អ​ខ្លួនឯង។ ជា​មេកោយ​ដែល​មិន​ខ្វល់​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​ក្រោម​បង្គាប់ ទាំង​នេះ​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ជោគជ័យ​បាន ព្រោះ​តែ​ចរិត​ចង់​ល្អ​តែ​ឯង​ហើយ​ជាន់​ពន្លិច​អ្នក​ដទៃ។

៧. មិន​ស្គាល់​បុគ្គលិក​ខ្លួនឯង

មិន​ស្គាល់​បុគ្គលិក​ជា​មនុស្ស​ប្រភេទ​ណា មាន​តម្រូវការ​អ្វីខ្លះ និង​មាន​ទុក្ខធុរៈ​អ្វី នោះ​ជា​ភាព​បរាជ័យ​ដែល​អ្នកដឹកនាំ​មាន។ ជា​មេ​គេ បើ​មិន​ដឹង​អ្នកក្រោមបង្គាប់ខ្លួនជានរណាផង តើ​អាច​ដឹកនាំ​ក្រុម​បាន​យ៉ាងម៉េច​នឹង​កើត? ជា​មេ​គេ គួរ​ស្គាល់​បុគ្គលិក​ខ្លួន​ឲ្យច្បាស់  មិនមែន​ស្គាល់​តែ​ឈ្មោះ​និង​តួនាទី​របស់​ពួកគេ ហើយ​ក៏​ចប់​នោះ​ទេ។

សម្រួលពី៖ The Balance Careers


អត្ថបទទាក់ទង

កំហុស​អ្នកដឹកនាំ​ចំនួន ៦ ដែលអាច​ជា​ចំណែក​ធ្វើ​ឲ្យ​បុគ្គលិក​ល្អ​ដើរ​ចេញ

Leave a Reply

Your email address will not be published. Required fields are marked *