សញ្ញាណ​សំខាន់ៗចំនួន ៤ បង្ហាញ​ថានិយោជិត​ម្នាក់ចាប់ផ្តើមនឿយណាយនឹងការងារ

អារម្មណ៍មិនល្អនៅពេលព្រឹក ការស្អប់ខ្ពើមចំពោះគំនិតការងារ ការព្រងើយកន្តើយចំពោះសំណើ និងគំនិតថ្មីៗ ការពន្យារពេល មានអារម្មណ៍ធុញទ្រាន់ និងឈឺក្បាលបានក្លាយជាដៃគូនឹងនិយោជិតរបស់អ្នក? តើមានអ្វីកើតឡើង? 

មនុស្ស​ភាគ​ច្រើន​ចាប់​ផ្ដើម​ការងារ​ថ្មី​ជាមួយ​នឹង​ភាព​ស្វាហាប់​ចង់​រៀន​អ្វី​ដែល​ថ្មី និង​ធ្វើ​ការ​ឲ្យ​បាន​ល្អ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ក្ដី​រំភើប​ទាំង​នោះ​ចាប់​ផ្ដើម​រសាយ ហើយ​កិច្ចការ​ដែល​ធ្លាប់​តែ​ជា​ទី​ចាប់​អារម្មណ៍​ពេល​ដំបូង ចាប់​ផ្ដើម​​ក្លាយ​ជា​ធម្មតា ​និង​មិន​សូវ​ជា​​មាន​ភាព​ប្រកួត​ប្រជែង។

ការងារ​របស់​អ្នក​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ គឺ​ត្រូវ​តែ​ប្រាកដ​ថា មនុស្ស​ដែល​កំពុង​ធ្វើ​ការ​ជាមួយ​អ្នក​​នៅ​តែ​មាន​ទឹក​ចិត្ត និង​ស្មារតី​ល្អ​ក្នុង​ការងារ។ អ្នក​ត្រូវ​តែ​កត់​សម្គាល់​ពី​សញ្ញាណដែល​ពួក​គេ​ចាប់​ផ្ដើម​​​ណាយ​នឹង​ការងារ​មុន​នឹង​អ្វី​​គ្រប់​យ៉ាង​យឺត​ពេល។

១. ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដំណឹង​ថ្មីៗ​របស់​ក្រុមហ៊ុន​

មនុស្ស​ដែល​ចាប់​អារម្មណ៍​នឹង​ការងារ​របស់​ខ្លួន ​តែងតែ​តាម​យ៉ាង​ប្រកៀក​ជាមួយ​នឹង​ព័ត៌មាន​ចុង​ក្រោយ បរិបទ​នៃ​ឧស្សាហកម្ម ការ​បង្កើត​ថ្មី និង​បច្ចេកវិជ្ជា។ ពួក​គេ​ចង់​ឲ្យ​ខ្លួន​​ឯង​ប្រសើរ​ឡើង ឬ​ចេះ​ច្រើន​ជាង​មុន។ ជា​អ្នក​ដឹក​នាំ​ អ្នក​គួរ​តែ​តាម​ដាន​ថា តើ​បុគ្គិល​របស់​អ្នក​​ព្យាយាម​ស្វែង​យល់​ពី​ការងារ​ពាក់​ព័ន្ធ​បន្ថែម​ទេ ពួក​គេ​កំពុង​អនុវត្តន៍ និង​ចែក​រំលែក​ចំណេះ​ដឹង​ជជែក​ពី​របក​គំហើញ​ថ្មី​​ដែរ​ឬ​ទេ? ប្រសិន​ជា​ពួក​គេ​មិន​ធ្វើ​ទេ អ្នក​ត្រូវ​ស្វែង​រក​ហេតុ​ផល។ តើ​ពួក​គេ​ប្រកាន់​គំនិត​ថា​ខ្លួន​ចេះ​ទាំង​អស់​​ឬ? តើ​ពួក​គេ​បាន​ស្វែង​យល់​ពី​គ្រប់​ប្រភព​ហើយ​ឬ​នៅ? ឬ​មួយ​ក៏​ពួក​គេ​បាត់​បង់​ចំណាប់​អារម្មណ៍​លើ​ការងារ? ការ​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ​ នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ជ្រើសរើស​យក​ដំណោះ​ស្រាយ​មួយ​ដ៏​សម​ស្រប។

២. ពួក​គេ​មិន​សូវ​​ចូល​ខ្លួន​​មក​ពាក់​ព័ន្ធ​

ពេល​ដែល​មនុស្ស​រំភើប​នឹង​អ្វី​មួយ ពួក​គេ​តែង​តែ​និយាយ​ពី​វា។ ជា​អ្នក​ដឹក​នាំ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា បុគ្គលិក​ថ្មី​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ តែង​រំលេច​ចេញ​នូវ​មតិ​យោបល់​របស់​ពួក​គេ ហើយ​​ប្រាប់​អ្នក​ពី​មធ្យោបាយ​ថ្មី​​​ដើម្បី​ធ្វើ​កិច្ច​ការ​អ្វី​មួយ។ ពួក​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ផល និង​ឥទ្ធិពល។ ពេល​ដែល​ពួក​គេ​បាត់បង់​ចំណាប់​អារម្មណ៍ ពួក​គេ​អាច​នឹង​មិន​សូវ​ចូល​ខ្លូន​មក​ពាក់ព័ន្ធ ឬ​អាច​និយាយ​ថា​មិន​សូវ​ជា​រវីរវល់។ ពួក​គេ​អាច​នឹង​ចាប់​ផ្ដើម​ដោយ​ការ​មក​ធ្វើ​ការ​យឺត​ពេល ឬ​ខល​ទូរស័ព្ទ​មក​ប្រាប់​ថា ឈឺ​ញឹក​ញាប់។ ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​សញ្ញា​នេះ អ្នក​គួរ​​រៀបចំ​ការ​ប្រជុំ​សម្ងាត់​មួយ​ជាមួយ​​បុគ្គលិក​នោះ ហើយ​​ធ្វើ​បទ​បង្ហាញ និង​ដាក់​ផែន​ការ​ ឬ​គោលដៅ​ថ្មី​ដែល​នឹង​ធ្វើ​ឲ្យគេ​ជក់​ចិត្ត​ជា​ថ្មី។

៣. ពួក​គេ​លាក់​គំនិត និង​យោបល់

ពេល​ដែល​មនុស្ស​ស្រលាញ់​អ្វី​មួយ​ ពួក​គេ​មាន​គំនិត ខណៈ​ដែល​អ្នក​មិន​មាន​ចំណាប់​អារម្មណ៍​ពួក​គេ​នឹង​មិន​បញ្ចេញ​យោបល់ ឬ​សូម្បី​តែ​ខ្វាយខ្វល់។ ប្រសិន​បើ​អ្នក​សង្ស័យ​បុគ្គលិក​ណា​ម្នាក់​លើ​ចំណុច​នេះ ចូរ​អ្នក​តាម​ដាន​ឥរិបទ​របស់​គេ​នៅ​ក្នុង​កិច្ចប្រជុំ​បុគ្គលិក ដែល​ជា​កត្តាវាស់វែង​ពី​ចំណាប់​អារម្មណ៍​របស់​បុគ្គលិក​លើ​ការងារ រាប់​បញ្ចូល​ទាំង​ការ​សុន្ទនា​របស់​គេ​ជាមួយ​នឹង​បុគ្គលិក​ផ្សេង​ទៀត​ដែរ។

ពេល​ដែល​អ្នក​​​វិនិយោគ​ទាំង​ចិត្ត​ ទាំង​បេះដូង​នៅ​ក្នុង​ពាណិជ្ជកម្ម​របស់​អ្នក វា​គឺ​ជា​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​បញ្ចេញ​ និង​នាំ​មក​នូវ​គំនិតយោបល់​ថ្មីៗ។

៤. ពួក​គេ​មិន​ទទួល​បន្ទុក​ការងារ​ថ្មី

ចូរ​ប្រយ័ត្ន​ចំពោះ​បុគ្គលិក​ដែល​មិន​ពុះកញ្ជ្រោល​ជាមួយ​នឹង​ទំនួល​ខុស​ត្រូវ​ថ្មី។ ពួក​គេ​អាច​នឹង​បាត់​បង់​ចំណាប់​អារម្មណ៍​លើ​ការងារ ឬ​សក្ដានុពល​របស់​ពួក​គេ​បាន​ដុត​កំឡោច​អស់​ទៅ​ហើយ។ អ្នក​គួរ​តែ​ចាប់​ផ្ដើម​រក​ដំណោះស្រាយ ដោយ​​ផ្ដើម​ពី​ទម្លាប់​ការងារ​ប្រចាំ​ថ្ងៃ។ ពួក​គេ​ប្រហែល​ជា​ត្រូវ​ការ​ពេលវេលា​សម្រាក។ តើ​ពួក​គេ​បាន​សុំច្បាប់​ឈប់​សម្រាក ឬ​លំហែកាយ​ហើយ​ឬ​នៅ? ឬ​មួយ​ពួក​គេ​ត្រូវការ​ជំនួយ​សម្រាប់​បន្ទុកការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

បុគ្គលិក​ខ្លះ​ធ្វើ​ការ​ប្រកប​ដោយ​ភាព​មុះមុត ពួក​គេ​នឹង​ធ្វើ​ការ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ មុន​នឹង​ពួក​គេ​រាយការណ៍​ពី​ការ​លំបាក។ ការ​ជជែក​គ្នា​​ គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​សម្រាប់​អ្នក​ និង​និយោជិត​របស់​អ្នក។ ចូរ​ពិនិត្យ​មើល​ ប្រសិន​បើ​បន្ទុក​ការងារ​របស់​ពួក​គេ​ស្មុគស្មាញ​ពេក ឬ​ធ្ងន់​ពេក​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ការ​ដោះស្រាយ។

សម្រួលពី៖ Jacqueline Whitmore (2016), 4 Early Warning Signs an Employee Is Losing Interest, Entrepreneur Asia Pacific


អត្ថបទទាក់ទង

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាក្រុមរបស់អ្នកកំពុងមានបញ្ហា?

Leave a Reply

Your email address will not be published. Required fields are marked *