សំណួរ​សំខាន់ៗចំនួន ៦ ដែលអ្នកគួរ​សួរ​ខ្លួនឯង​ដើម្បីប្រែក្លាយ​ខ្លួន​ទៅជា​មេដឹកនាំ​កាន់តែ​ប្រសើរ​

ភាពជា​អ្នកដឹកនាំ គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​ន៍​តាម​ប្រកបដោយ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​នៃ​ការងារ។

មេដឹកនាំ​ខ្លាំងពូកែ​ពិតប្រាកដ​ នឹង​ប្រាប់​លោកអ្នក​ថា​ភាពជា​អ្នកដឹកនាំ​ត្រូវ​ប្រើប្រាស់​ទាំង​ក្បាល​និង​បេះដូង​។ លោកអ្នក​ជា​មនុស្ស​វៃឆ្លាត​បំផុត​នៅក្នុងចំណោម​មនុស្ស​ ប៉ុន្តែ​បើ​លោកអ្នក​មិន​ចេះ​របៀប​ទាក់ទង​ជាមួយ​មនុស្ស​ មិន​ស្គាល់​អារម្មណ៍​របស់​គេ​ និង​មិនដឹង​ថា​មាន​អ្វី​សំខាន់​សម្រាប់​គេ​ទេ​ លោកអ្នក​មិន​អាច​ដឹកនាំ​នរណា​ម្នាក់​បានទេ​។

តើ​លោកអ្នក​ធ្លាប់​វិភាគ​និង​វាយតម្លៃ​ជំនាញ​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ខ្លួនឯង​ទេ​? សូម​ត្រៀមខ្លួន​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​របៀប​ស្មោះត្រង់​បំផុត​ដើម្បី​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ និង​ប្រែក្លាយ​ខ្លួន​ទៅជា​មេដឹកនាំ​កាន់តែ​ប្រសើរ​៖

១. តើ​សំឡេង​របស់ខ្ញុំ​លាន់​ខ្លាំង​នៅពេល​អ្នកដទៃ​ស្ងប់ស្ងាត់​ទេ​?

ចំណុច​នេះ​មានន័យថា​តើ​លោកអ្នក​ប្រឹងប្រែង​និយាយ​ក្នុង​ពេល​ដែល​មាន​អ្នក​ស្តាប់​ នៅចំពោះមុខ​ការសម្រេច​ចិត្ត​សំខាន់​ និង​នៅពេល​បុគ្គលិក​របស់​លោកអ្នក​មាន​អារម្មណ៍​រង​ការ​គំរាមកំហែង​ទេ​? មេដឹកនាំ​ខ្លាំងពូកែ​បំផុត​ប្រកាន់​ជំហររឹង​មាំ​តែ​នៅពេល​ចាំបាច់​ត្រូវ​បង្ហាញ​ភាព​ក្លាហាន​ប៉ុណ្ណោះ​។ គេ​ប្រយុទ្ធ​ដើម្បីអ្វី​ម្យ៉ាង​ដែល​មានតម្លៃ​ និង​ប្រយុទ្ធ​ដើម្បី​តំណាង​ឱ្យ​មនុស្ស​ដែល​មិន​អាច​ប្រយុទ្ធ​បាន​។

២. តើ​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​អាជីព​របស់​បុគ្គលិក​ដូច​គិត​ចំពោះខ្លួន​ឯង​ទេ​?

ចំណុច​មួយ​នេះ​មាន​លក្ខណៈ​ច្បាស់លាស់​ណាស់​ គឺ​លោកអ្នក​គិតគូរ​ឬមិន​គិតគូរ​ គ្មាន​រឿង​លាយឡំ​គ្នា​ទេ​។ បើ​លោកអ្នក​ជា​មនុស្ស​គិតគូរ​ដល់​អាជីព​អ្នកដទៃ​ វា​ជា​ទង្វើ​នាំទៅរក​រឿង​ល្អ​ច្រើនណាស់​។ លោកអ្នក​នឹង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​បុគ្គលិក​ ដោយសារ​លោកអ្នក​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​រឿង​ផ្ទាល់ខ្លួន​របស់​គេ​។ លោកអ្នក​បង្ហាញ​ឱ្យ​ឃើញថា​លោកអ្នក​សុខចិត្ត​វិនិយោគ​ពេលវេលា​លើ​កិច្ចការ​ដែល​មិនមែន​សម្រាប់​តែខ្លួន​ឯង​។ បើ​លោកអ្នក​មែន​ជា​មនុស្ស​បែបនេះ​ទេ​ ហើយ​ចង់​ប្រែក្លាយ​ខ្លួន​ លោកអ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​សួរ​យ៉ាង​សាមញ្ញ​ថា​តើ​បុគ្គលិក​របស់​លោកអ្នក​ចង់បាន​អ្វី​ពី​អាជីព​របស់​គេ​។  ​

៣. តើ​ខ្ញុំ​ជួយ​នរណា​បាន​ខ្លះ​នៅពេល​ខ្ញុំ​ឡើង​កាន់តែ​ខ្ពស់​?

មេដឹកនាំ​ល្អជា​មនុស្ស​ពូកែ​ខាង​ឡើង​ជណ្តើរ​នៃ​មុខតំណែង​ក្នុង​ក្រុមហ៊ុន​ ឬឧស្សាហកម្ម​របស់​គេ​។ ទោះជាយ៉ាងណា​ មេដឹកនាំ​ខ្លាំងពូកែ​ក៏​នាំ​មនុស្ស​ជុំវិញ​ខ្លួន​ឡើង​ទៅកាន់​តែ​ខ្ពស់​ជាមួយ​ខ្លួន​គេ​ដែរ​។ តាមពិត​ទៅ​ មេដឹកនាំ​ខ្លាំងពូកែ​ដឹកនាំ​ដោយ​ផ្នត់គំនិត​ជា​អ្នកបម្រើ​ គឺ​ផ្តោត​លើ​ការ​ជួយ​មនុស្ស​ដែល​ធ្វើការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ គេ​ជឿជាក់​និង​ធ្វើសកម្មភាព​ដូចជា​មិនមែន​ដើម្បី​ខ្លួន​គេ​ទេ​។ តើ​លោកអ្នក​ជា​មនុស្ស​បែបនេះ​ទេ​?

៤. តើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​ចេះ​អ្វី​ទេ​ ហើយ​អនុញ្ញាត​ឱ្យ​អ្នកដទៃ​ដឹងរឿង​នេះ​ទេ​?

មេដឹកនាំ​ខ្លាំងពូកែ​មាន​ភាព​វៃឆ្លាត​ល្មម​អាច​ទទួលស្គាល់​កង្វះខាត​និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​ ហើយ​រាប់អាន​ជាមួយនឹង​មនុស្ស​ដែល​ជួយ​បំពេញ​កង្វះខាត​របស់​គេ​។ ជាង​នេះ​ទៅទៀត​ គេ​តែងតែមាន​តម្លាភាព​ចំ​ពោះ​អ្វី​ៗទាំងអស់​ដែលគេ​មិន​ចេះ​។ គេ​ជា​មនុស្ស​បើក​ចិត្តទូលាយ​ទទួលការ​រិះគន់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ និង​ប្រព្រឹត្ត​ខ្លួន​ក្នុង​របៀប​ដូច​បុគ្គលិក​ទូទៅ​ដែរ​ គឺ​មិនមែន​ជា​មនុស្ស​ដែល​រួចផុត​ពី​កំហុស​ទេ​។

៥. តើ​ខ្ញុំ​អញ្ជើញ​អ្នកដទៃ​មក​ចូលរួម​ទេ​?

តើ​លោកអ្នក​ដឹកនាំ​ច្រើន​ក្នុង​របៀប​ឯកោ​ទេ​? ឬមួយ​លោកអ្នក​បើកចំហ​ទទួល​អ្នកដទៃ​មក​ចូលរួម​ក្នុងរង្វង់​ឥទ្ធិពល​របស់​លោកអ្នក​ដើម្បី​ទទួលយក​ទស្សនៈ​និង​យោបល់​ពី​គេ​? មេដឹកនាំ​ខ្លាំងពូកែ​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ដំបូន្មាន​និង​ការរិះគន់​ពី​អ្នកដទៃ​ និង​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ថា​គេ​ជាផ្នែក​មួយ​នៃ​កិច្ចការ​ពិសេស​ដែល​មេដឹកនាំ​កំពុងតែ​ប្រឹងប្រែង​បង្កើត​ឡើង​។

៦. តើ​ខ្ញុំ​ផ្តល់​ការ​ការពារ​គ្រប់គ្រាន់​ដល់​មនុស្ស​របស់ខ្ញុំ​ទេ​?

មេដឹកនាំ​ល្អ​ជួយ​មនុស្ស​របស់​គេ​គ្រប់គ្រង​អាទិភាព​ និង​រុញច្រាន​កាល​ទេសៈ​ដែល​បង្កើត​កិច្ចការ​មិន​ចាំបាច់​ ព្រមទាំង​ការពារ​បុគ្គលិក​យ៉ាង​យកចិត្ត​ទុកដាក់​។ មេដឹកនាំ​ល្អ​បង្ហាញ​វត្តមាន​ជានិច្ច​នៅពេល​ក្រុមការងារ​ជួប​វិបត្តិ​ និង​ស្តាប់​គ្រប់​កង្វល់​និង​ការ​បារម្ភ​របស់​បុគ្គលិក​។ ទោះជា​ក្រុមហ៊ុន​តូច​ឬធំ​យ៉ាងណា​ ក៏​តែងតែមាន​ការ​រំខាន​កើតឡើង​ពី​គ្រប់​ជ្រុង​ ហើយ​លោកអ្នក​ត្រូវតែ​បង្ហាញ​គំរូ​ល្អ​និង​ជួយ​មនុស្ស​ដោះស្រាយ​។

ប្រភព​៖ Inc​


អត្ថបទទាក់ទង

លក្ខណៈ​សម្បត្តិចំនួន ៤ ​ដែល​អ្នកដឹកនាំ​ល្អប្រកាន់ជាប់ខ្លួនជានិច្ច

 

Leave a Reply

Your email address will not be published. Required fields are marked *