ជំនាញ​ផ្លូវចិត្ត​ចំនួន ៤ ដែល​លោកអ្នក​អាចប​ង្កើត​តាមរយៈ​ការ​អភិវឌ្ឍ​ខ្លួន​

មនុស្ស​ម្នាក់ៗ​ពិបាក​នឹង​គេចចេញ​ពី​ជំងឺផ្លូវចិត្ត​ណាស់​។ ហេតុនេះ​បុគ្គល​ម្នាក់ៗ​ទាមទារ​ត្រូវ​ចេះ​គ្រប់គ្រង​ចិត្ត និង​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ឱ្យបាន​ល្អ​ប្រសើរ ចៀសវាង​ការកើតមាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ពាណិជ្ជកម្ម​ ត្រូវ​ពឹង​អាស្រ័យ​ច្រើន​លើ​ផ្លូវចិត្ត​ជាជាង​ការស្វែងរក​កង្វះ​ចន្លោះ​ក្នុង​បច្ចេក​ទេ​សេ​ ឬផ្លូវកាត់​ទៅ​រក​ទីផ្សារ​។ ការគ្រប់គ្រង​ និង​ការ​រក្សា​ផ្នត់គំនិត ​និង​សុខភាព​ផ្លូវចិត្ត ​ជា​កត្តា​សំខាន់​បំផុត​ចំពោះ​សហគ្រិន​ និង​មេដឹកនាំ​ពាណិជ្ជកម្ម​ជោគជ័យ​។ បើ​លោកអ្នក​សួរ​មនុស្ស​ដែល​កើត​ក្រោយ​ឆ្នាំ១៩៩០ ឱ្យ​រៀបរាប់​មធ្យោបាយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការប្រាស្រ័យ​ក្នុង​កន្លែង​ធ្វើការ​ គេ​នឹងអាច​គិតឃើញ​បាន​យ៉ាងច្រើន​ក្នុង​ពេល​ដ៏​ខ្លី​ (Slack​, Skype​, Facebook​, Telegram​…)។ ប៉ុន្តែ​បើ​លោកអ្នក​សួរ​មនុស្ស​ដដែល​នោះ​អំពី​របៀប​ប្រាស្រ្រ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នក​សម្រេចចិត្ត​ ដើម្បី​បង្កើត​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​ទិញ​របស់​អតិថិជន​ លទ្ធផល​ប្រហែល​មិនបាន​រហ័ស​ និង​ច្រើន​ទេ​។

អាយុ​មិនមែន​ជា​បញ្ហា​ ឬឧបសគ្គ​ក្នុង​ការបង្កើត ​និង​គ្រប់គ្រង​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ​ទេ​ ប៉ុន្តែ​កង្វះខាត​ជំនាញ​មនុស្ស​ទើប​ជា​រឿង​សំខាន់​។ មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំនាញ​មនុស្ស​ គឺ​ជំនាញ​ផ្លូវចិត្ត​ ដែល​លោកអ្នក​អាចប​ង្កើត​តាមរយៈ​ការ​អភិវឌ្ឍ​ខ្លួន​៖

១. វិនិយោគ​លើ​ទំនាក់ទំនង​មូលដ្ឋាន​ជានិច្ច​

បើ​ទោះជា​ដំណើរ​ពាណិជ្ជកម្ម​ ឬគម្រោង​របស់​លោកអ្នក​ជួប​ឧបសគ្គ​ឬបញ្ហា​អ្វីខ្លះ​ក៏ដោយ​ ក៏​លោកអ្នក​ត្រូវ​បន្ត​ថែរក្សា​និង​វិនិយោគ​លើ​មនុស្ស​និង​ទំនាក់ទំនង​ជានិច្ច​ដែរ​។ ទោះជា​ទំនាក់ទំនង​គ្រួសារ​ មិត្តភក្តិ​ ឬទំនាក់ទំនង​ពាណិជ្ជកម្ម​ក៏ដោយ​ ក៏​លោកអ្នក​ត្រូវ​យកចិត្ត​ទុកដាក់​និង​ផ្តល់​តម្លៃ​ឱ្យ​បាន​សក្តិ​សម​ដែរ​។ កុំ​គិ​តងាយ​ៗចំពោះ​មនុស្ស​ក្នុង​ទំនាក់ទំនង​របស់​លោកអ្នក​។ ពេលណា​មួយ​លោកអ្នក​នឹង​ត្រូវការ​ទំនាក់ទំនង​នេះ​ដើម្បី​គាំទ្រ​ឬផ្តល់​កម្លាំងចិត្ត​ ទោះជា​ពេល​ជួប​បញ្ហា​ ឬពេល​បាន​ទទួលជោគជ័យ​ក៏ដោយ​។  ​

២. កំណត់ពេលវេលា​សម្រាប់​អភិវឌ្ឍ​ខ្លួន​ និង​សុខភាព​

សម្រាប់​មនុស្សជា​ច្រើន​ ការថែទាំ​សុខភាព​មានន័យថា​ជា​ការ​ព្យាបាល​។ ប៉ុន្តែ​លោកអ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដូច​មនុស្ស​ទូទៅ​ដែល​រង់ចាំ​ដល់ពេល​មាន​បញ្ហា​ទើប​ទៅ​ដោះស្រាយ​នោះ​ទេ​។ ការ​ព្យាបាល​មិនដែល​ប្រសើរ​ជាង​ការ​ការពារ​ទេ​។ ដូច្នេះ​លោកអ្នក​ត្រូវ​មានគំនិត​ផ្តល់​អាទិភាព​ចម្បង​ដល់​ខ្លួនឯង​ តាមរយៈ​ការ​រៀន​ស្គាល់​ខ្លួនឯង​ឱ្យ​កាន់តែ​ច្បាស់​ និង​ស្គាល់​កត្តា​ផ្សេង​ៗដែល​ធ្វើ​ឱ្យ​លោកអ្នក​ជួ​បញ្ហា​សម្ពាធ​អារម្មណ៍​ឬបញ្ហា​សុខ​ភាព​ផ្សេង​ៗទៀត​។ រៀន​ឱ្យ​ស្គាល់​កាល​ទេសៈ​ មនុស្ស​ និង​បញ្ហា​ដែល​អាច​នឹង​ធ្វើ​ឱ្យ​បាត់បង់​តុល្យភាព​របស់​លោកអ្នក​ ហើយក៏​រៀន​សម្គាល់​កត្តា​ដែល​ធ្វើ​ឱ្យ​លោកអ្នក​រីកចម្រើន​ដែរ​។

៣. កំណត់​ឱ្យ​ដឹង ​និង​បង្កើន​ចំណុចខ្លាំង​របស់​ខ្លួនឯង​

ចំណុច​ចាប់ផ្តើម​គឺ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ជំនាញ​មនុស្ស​របស់​លោកអ្នក​ខ្លាំង​ត្រង់​ចំណុច​ណាខ្លះ​ ហើយ​ប្រឹងប្រែង​ពង្រីក​ចំណុចខ្លាំង​នោះ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ បើ​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ជាសកម្ម​ភាព​ដែ​លោកអ្នក​ចូលចិត្ត​ធ្វើ​ សូម​បង្កើត​ឱកាស​ដើម្បី​បន្ត​ធ្វើបែប​នេះ​ឱ្យ​បាន​ច្រើន​។ បង្កើន​សមត្ថភាព​ក្នុង​ការរាប់​អាន​មនុស្ស​ថ្មី​ៗឱ្យ​បាន​កាន់តែ​ច្រើន​។ ចំណុចខ្លាំង​ក្នុង​ផ្នែក​ខ្លះ​របស់​លោកអ្នក​អាច​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​នៅត្រង់​ចំណុច​ផ្សេងទៀត​។ ការ​មាន​សមត្ថភាព​នៅក្នុង​ចំណុច​មួយ​ក៏​ជា​កត្តា​ជំរុញចិត្ត​ឱ្យ​លោកអ្នក​ចង់​អភិវឌ្ឍ​ចំណុច​ផ្សេងទៀត​ដែរ​។

៤. បង្កើន​ប្រាជ្ញា​អារម្មណ៍​ និង​សណ្តាន​ចិត្ត​ចំពោះ​អ្នកដទៃ​

ចាប់ផ្តើម​ជាមួយនឹង​ទំនាក់ទំនង​ដែល​លោកអ្នក​មានស្រាប់​ និង​វាយតម្លៃ​គុណភាព​នៃ​ទំនាក់ទំនង​ទាំងអស់​នោះ​។ តើ​លោកអ្នក​ចូលរួម​វិភាគទាន​ដោយ​របៀបណា​ទៅ​ក្នុង​ទំនាក់ទំនង​នោះ​? តើក​ត្តា​អ្វីខ្លះ​ដែល​ទាក់ទង​និង​រក្សា​ទំនាក់ទំនង​នោះ​ឱ្យ​រស់រវើក​? តើ​ទំនាក់ទំនង​នោះ​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ភាគី​ទាំងសងខាង​ ឬជា​ទំនាក់ទំនង​ដែល​កេងប្រវ័ញ្ច​គ្នា​? តើ​លោកអ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​ដើម្បី​ជួយ​ឱ្យ​ទំនាក់ទំនង​នោះ​កាន់តែ​ប្រសើរ​ឡើង​?

នៅក្នុង​សៀវភៅ​ Working​ with​ Emotional​ Intelligence​ លោកDaniel​ Goleman​  ​;បាន​សរសេរ​ថា​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ កា​របង្ហា​ញស​ណ្តាន​ចិត្ត​ និង​ការយល់​ចិត្ត​អ្នកដទៃ​ ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​គុណភាព​នៃ​ទំនាក់ទំនង​។ ពេល​លោកអ្នក​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ឥរិយាបថ​ អ្នកដទៃ​នឹង​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​ឆ្លើយតប​ក្នុង​របៀប​សមស្រប​ទៅ​នឹង​ឥរិយាបថ​របស់​លោកអ្នក​ទេ​។

ប្រភព​៖ Entrepreneur​


អត្ថបទទាក់ទង

ជំនាញទន់ទាំង ៥ ដែលអ្នកត្រូវដុសខាត់ ដើម្បីទទួលបានជោគជ័យនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *