គន្លឹះងាយៗចំនួន ៧ ដែលអាចជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក​

គ្រប់នាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកដឹកនាំអាជីវកម្ម សុទ្ធតែដឹងថានិយោជិតរបស់ពួកគេគឺជាអាយុជីវិតរបស់ក្រុមហ៊ុន។ បើគ្មាននិយោជិតដែលមានប្រសិទ្ធិភាពនៅពីក្រោមទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យរយៈពេលវែងបានឡើយ។ ដើម្បីឱ្យអាជីវកម្មរីកចម្រើន ក្រុមហ៊ុនត្រូវផ្តោតលើការខិតខំរបស់បុគ្គលិក ដើម្បីបង្កើតផលិតភាពការងារ និងបន្ថែមភាពរីករាយ។

ទំនាក់ទំនងល្អរវាងបុគ្គលិក​ និង​អ្នកគ្រប់គ្រង គឺជាកត្តាដែលកំណត់ការតាំងចិត្តរបស់ពួកគេចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន​។​​ ការតាំងចិត្តរបស់បុគ្កលិក គឺអាស្រ័យលើអ្នកដឹកនាំរបស់ពួកគេ។ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកមិនចាកចេញពីក្រុមហ៊ុន​​ ប៉ុន្តែពួកគេចាកចេញពីអ្នកគ្រប់គ្រង។ ការចាកចេញរបស់បុគ្គលិក ធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូល ការប៉ះពាល់ដែលបណ្តាលមកពីបុគ្គលិកដែលមានភាពធ្វេសប្រហែស និង​ភាពអវិជ្ជមានជាសាធារណៈដោយសារតែសេវាកម្មបម្រើអតិថិជនចុះអន់ថយ​។ ក្រុមហ៊ុនដឹងថាការលើកទឹកចិត្ត​ និង​ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមានភាពសំខាន់ ប៉ុន្តែភាគច្រើនមិនអាចធ្វើឲ្យអ្នកគ្រប់គ្រងធ្វើរឿងនេះបាន ។ មានគន្លឹះងាយៗដែលជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក​៖

១. ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក

ក្នុងនាមអ្នកជាមេដឹកនាំម្នាក់ កុំអង្គុយតែមុខកុំព្យូទ័រធ្វើការ​ ហើយនិយាយជាមួយបុគ្គលិកតែពេលដែលទំនាក់ទំនងការងារ អ្នកគួរតែស្គាល់ និង​ ដឹងពីចំណាប់អារម្មណ៏ខ្លះៗរបស់បុគ្គលិកអ្នក។ ព្យាយាមបង្កើតបរិយាកាសការងារនៅក្នុងការិយាល័យដោយការភ្ជាប់ទំនាក់ទំនងជាមួយល្អបុគ្គលិក។

២. អនុវត្តការទំនាក់ទំនងដោយស្មោះត្រង់ និងបើកចំហ

ផ្តល់ពត៌មាន​ ឬការផ្លាស់ប្តូរដល់បុគ្គលិករបស់អ្នក ដោយមិនអោយពួកគាត់ដឹងតាមរយៈមនុស្សដែលមិនជាប់ទាក់ទង។ ស្តាប់ការផ្តល់យោបល់របស់បុគ្គលិកអ្នក និង​ផ្តល់ការយល់ឃើញរបស់អ្នកត្រឡប់ទៅវិញ។

៣. បង្ហាញភាពយកចិត្តទុកដាក់របស់អ្នកចំពោះបុគ្គលិក

ប្រសិនបើមានបុគ្គលិកណាម្នាក់ជួបបញ្ហាមិនថា​ បញ្ហាផ្ទាល់ខ្លួន ឬបញ្ហាការងារ បង្ហាញការយល់ចិត្ត​ និង យកចិត្តទុកដាក់របស់អ្នកចំពោះគាត់។ ការពារក្រុមការងាររបស់អ្នក កុំទុកគាត់ចោលនៅពេលដែលគាត់ជួបការលំបាក។ បុគ្គលិកនឹងដឹងថាអ្នកយកចិត្តទុកដាក់ចំពោះពួកគាត់ប៉ុណ្ណា ហើយគាត់នឹងខិតខំបំពេញការងារអោយសាកសមនឹងអ្វីដែលអ្នកបានធ្វើចំពោះគាត់។

៤. ផ្តល់អទិភាពដល់បុគ្គលិករបស់អ្នក

ផ្តល់សិទ្ធដល់ពួកគាត់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកិច្ចការងារ​​។​ អ្នកត្រូវផ្តល់ឱកាសដល់ពួកគាត់ក្នុងការបញ្ចេញយោបល់ ការបង្កើតគម្រោងកិច្ចការផ្សេងៗ។ អ្នកអាចស្តាប់ការលើកឡើងរបស់ពួកគាត់ និងទទួលពិភាក្សានូវបញ្ហារបស់ពួកគាត់។

៥. មានភាពយុត្តិធម៌ និងភាពត្រឹមត្រូវ

យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាអោយបានស្មើគ្នា កុំជ្រើសរើសតែអ្នកណាដែលអ្នកពេញចិត្ត​ ធ្វើជាមនុស្សគ្រប់គ្នាស្គាល់អ្នកដោយសារភាពត្រឹមត្រូវ។

៦. ផ្តល់រង្វាន់លើកទឹកចិត្តរឺ​ការទទួលស្គាល់លើស្នាដៃ

បង្ហាញពួកគាត់ថាអ្នកផ្តល់តម្លៃអោយគាត់ និង​ សសើរគាត់ប៉ុណ្ណាចំពោះលទ្ធផលល្អរបស់គាត់ មិនចំពោះតែបុគ្គលិកដែលល្អប៉ុណ្ណោះទេ ថែមទាំងបុគ្គលិកដែលកំពុងអភិវឌ្ឍខ្លួនអោយកាន់តែប្រសើរដែរ ។

៧. ផ្តល់ការណែនាំក្នុងការហ្វឹកហាត់ជំនាញ និងឱកាសថ្មីៗ​

បុគ្គលិកដែលជាសមាជិក អាចពន្យល់ណែនាំទៅកាន់​បុគ្គលិកដែលមិនមានឆន្ទៈមោះមុតឲ្យមានចិត្តចង់ហ្វឹកហាត់ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។ មានការទទួលស្គាល់ និង​លើកទឹកចិត្តចំពោះភាពខ្លាំង ទទួលស្គាល់ជំនាញខុសៗគ្នាដែលពួកគាត់មាន និងណែនាំក្នុងការហ្វឹកហាត់ព្រមទាំងការទទួលបានឱកាសថ្មី។

វាពិតសំខាន់ណាស់ដែលអ្នកគ្រប់គ្រង ផ្តោតលើការកសាងទំនាក់ទំនង និងលើកទឹកចិត្តឱ្យមានបរិយាកាសល្អចំពោះការងារ។​ កុំយកពួកគាត់មកដើម្បីតែផលប្រយោជន៏​ ឬក៏មិនសូវយកចិត្តទុកដាក់ចំពោះគាត់។ ពួកគាត់ប្រើសមត្ថភាពពីក្នុងខ្លូនរបស់គាត់ ក្នុងការប្រាស្រ័យទាក់ទង និងទាក់ទាញអតិថិជន។​ ពួកគាត់ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្នក។ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះគាត់​ គាត់នឹងយកចិត្តទុកចំពោះការងារ និងក្រុមហ៊ុនរបស់អ្នកដូចគ្នា។


អត្ថបទទាក់ទង

ប្រភេទក្រុមការងារសំខាន់ៗចំនួន ៥ ដែលឧស្សាហ៍ឃើញជាងគេនៅក្នុងស្ថាប័នជាក់ស្តែង

Leave a Reply

Your email address will not be published. Required fields are marked *