រឿងសាកលវិទ្យាល័យ Leland Stanford Junior University

បុរសប្តីប្រពន្ធពីរនាក់មានអាយុចំណាស់បន្តិច និងស្លៀកពាក់យ៉ាងសាមញ្ញបំផុត បានចូលទៅការិយាល័យលោកប្រធានសាកលវិទ្យាល័យ Harvard ដោយមិនមានការណាត់ជួបជាមុនឡើយ ហើយប្រាប់ទៅលេខារបស់លោកប្រធានដែលនៅអង្គុយក្រៅបន្ទប់ថាខ្លួនសុំជួបលោកប្រធានសាកលវិទ្យាល័យនេះ។

លោកលេខា សម្លឹងមើលគូស្វាមីដែលស្លៀកពាក់របៀបអ្នកជនបទនេះ ហើយនិយាយបែបគំរោះគំរើយតបវិញ៖

លោកប្រធានរវល់ពេញមួយថ្ងៃនេះហើយ។

អ៊ីចឹង យើងនៅចាំគាត់រួចពីការងារបុរសជាប្តីតប៖

ហើយអ្នកទាំងពីរនៅអង្គុយរង់ចាំអស់រាប់ម៉ោងមុខបន្ទប់លោកប្រធាន។ ដោយអស់សង្ឃឹមថា អ្នកទាំងពីរនឹងធុញចេញដោយខ្លួនឯង លេខាក៏ចូលទៅជួបលោកប្រធាន។

សូមលោកប្រធានជួបពីរនាក់ហ្នឹងមួយនាទីពីរទៅ ពួកគាត់នឹងចេញហើយ!

លោកប្រធាន ក៏ចេញមកទាំងទឹកមុខមាំ ហើយក៏សួរយ៉ាងកំបុតកំបុយទៅអ្នកទាំង២។

ស្ត្រីជាប្រពន្ធក៏និយាយឡើង៖

យើងមានកូនប្រុសមួយដែលបានមករៀននៅទីនេះ។ វាស្រលាញ់សាលានេះណាស់។ តែកាលពីឆ្នាំទៅ វាមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។ ពួកយើងមកទីនេះ ដើម្បីសាងសង់អ្វីមួយដើម្បីរំឮកដល់វិញ្ញាណក្ខន្ធកូននៅក្នុងសាលានេះ។

លោកប្រធានតបវិញយ៉ាងកំបុត៖

លោកស្រី យើងមិនអាចសាងសង់សំណាកគ្រប់មនុស្សដែលមករៀននៅទីនេះ ហើយដែលបានស្លាប់ទៅនោះបានទេ បើធ្វើអ៊ីចឹងសាលានេះមានទម្រង់ជាកន្លែងកប់ខ្មោចហើយ!

ស្ត្រីនោះតប៖

មិនមែនអញ្ចឹងទេ ពួកយើងមិនមែនមកចង់សង់រូបសំណាកកូននៅទីនេះទេ តែពួកយើងចង់សាងសង់អគារមួយជូនសាលា Harvard នេះ។

លោកប្រធានភ្ញាក់ព្រើត តែក្រោយពីសម្លឹងមើលសម្លៀកបំពាក់អ្នកជនបទរបស់បុរសប្តីប្រពន្ធនេះមក លោកក៏និយាយចម្អកថា៖

សាងសង់អគារមួយ? មានដឹងទេថាអគារមួយអស់ប៉ុន្មានទេ? អគារទាំង ៧ ក្នុងសាកលវិទ្យាល័យនេះ មួយៗថ្លៃជាងកន្លះលានដុល្លារណា! 

គូស្វាមីនៅស្ងៀមស្ងាត់ពិចារណាមួយសន្ទុះ លោកប្រធានអរព្រួចគិតថាតែប៉ុននេះ អ្នកទាំងពីរនេះនឹងចេញផុតពីការិយាល័យលោកហើយ!

ស្ត្រីក៏និយាយទៅកាន់ប្តី៖

ធ្វើសាកលវិទ្យាល័យមួយអស់លុយតែប៉ុណ្ណឹងទេ? បើអញ្ចឹងយើងបង្កើតសាកលវិទ្យាល័យមួយផ្ទាល់របស់យើងវិញទៅ!

បុរសជាប្តីងក់ក្បាល ឯលោកប្រធានចង់ដាច់ផ្ងារ!

អ្នកទាំងពីរ ក៏ចេញពីការិយាល័យលោកប្រធាន ហើយធ្វើដំណើរទៅដល់តំបន់ Palo Alto រដ្ឋកាលីហ្វ័រនី បង្កើតសាកលវិទ្យាល័យមួយនៅទីនោះ ដោយដាក់ឈ្មោះកូនប្រុសតែមួយគត់របស់ខ្លួន គឺ សាកលវិទ្យាល័យ Leland Stanford Junior University

ស្វែងយល់បន្ថែមអំពី Leland Stanford Junior University៖ https://www.stanford.edu/about/history/


អត្ថបទទាក់ទង

រឿងចំបើងមួយដើម

Leave a Reply

Your email address will not be published. Required fields are marked *