រឿងខ្លីនៃគតិលោក៖ កណ្តុរផ្ទះ និងកណ្តុរព្រៃ

យោងតាមសៀវភៅ គតិ​លោក ភាគ៤ ទំព័រ​៤៣-៤៦ តំណាលថា៖

មាន​សត្វ​កណ្តុរ២ ជាសំឡាញ់​នឹង​គ្នា ដោយ​កណ្ដុរ១ នៅ​ក្នុង​ផ្ទះ កណ្តុរ១ នៅ​ព្រៃ។ ថ្ងៃ​មួយ​កណ្ដុរ​ផ្ទះ​បបួលកណ្ដុរ​ព្រៃ​ជាការ​សប្បាយ តាម​ភាសា​ជា​មិត្ត​នឹង​គ្នា។ កាល​ដែល​កំពុង​បរិភោគចំណី​នោះ បាន​ឮសូរ​មនុស្ស​គេគោះទ្វារ គោះបង្អួចលាន់ម៉ុងម៉ាំង ឯកណ្ដុរ​ទាំង​ពីរ​ក៏​កើត​ក្ដីតក់ស្លុងភិតភ័យ មើល​ឆ្វេង​មើល​ស្ដាំ ហើយ​សំងំ​ស៊ី​ទៅ​ទៀត។ លុះ​ស៊ី​ទៅ ក៏​ឮសព្ទសន្ធឹក​ជើង​មនុស្ស​ដើរ​ចូល​មក កណ្ដុរ​ទាំង​ពីរ​ក៏​រឹងតែភិតភ័យ​ឡើង​ទៀត រកតែ​ផ្លូវ​នឹង​គេច​រត់។ ការណ៍​ដែល​អាស្រ័យ​ស៊ី​លៀង​នោះ​ក៏​ពុំ​មាន​ឱជារសពិសា​ឡើយ ព្រោះ​ក្ដីភ័យ​ខ្លាច​ក្រែង​មនុស្ស​ឬ​សត្វ​ឆ្មា​វាយាយី ម្ល៉ោះ​ហើយ​ក៏​ស៊ី​បន្ដិច​បន្តួចបន្ទាន់​ពេល រត់​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​ទីទៃៗ។

ថ្ងៃ​ក្រោយ កណ្ដុរ​ព្រៃ​បបួលកណ្ដុរ​ផ្ទះ​ទៅ​ស៊ី​លៀងឯទីវាលស្រែ​ព្រៃ​វិញ ឯគ្រឿង​ម្ហូប​ចំណី​របស់​កណ្ដុរ​ព្រៃ​នោះ​ពុំសូវ​ល្អ ព្រោះ​ជា​ជាតិ​អ្នក​ថោក​ទាប ការ​ដែល​បរិភោគ​នោះ​ពុំ​មាន​មនុស្ស ឬ​សត្វ​ណា​ដើរ​ទៅ​ជិត​ខាង​នាំ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ កណ្ដុរ​ទាំង​ពីរ​ស៊ី​លៀង​ដោយ​សប្បាយ ដរាប​ដល់​ឆ្អែតស្កប់ស្កល់រៀងៗ​ខ្លួន។

លុះ​រួច​ការ​ស៊ី​លៀង​ហើយ កណ្ដុរ​ផ្ទះ​និយាយ​ចំអកត្មះតិះដៀលថា “​ម្ហូប​ចំណី​របស់​មិត្ត​ឯង​អន់ទន់​ទាប​ភាព​អ្នក​ព្រៃ ដោយ​ក្ដីពុំ​ចេះ​ចាត់​ចែង​ឱ្យ​ល្អ​ដូច​អ្នក​ស្រុក​ឡើយ ស៊ូ​ម្ហូប​ចំណី​ខ្ញុំ​មិន​បាន​ទេ។”

ឯកណ្ដុរ​ព្រៃ​ក៏​តបថា “​មែន​ហើយ​មិត្ត​ឯង​ថា​នោះ ក្នុង​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​ទទួល​ទានភោជនាហារ​របស់​មិត្ត​ឯង ឯ​ម្ហូប​ចំណី​មិត្ត​ឯង​សុទ្ធ​សឹងតែ​ល្អៗ តែលេប​ទៅ​ស្ទើរតែស្ទះបំពង់ក​ស្លាប់​ជាម្ដង ស៊ី​ទាំង​ភ័យ ទាំង​ភិត​បាត់​រស​ឆ្ងាញ់​ពិសា ឯ​ម្ហូប​ចំណី​របស់​ខ្ញុំ​អន់ទន់​ទាប​ពិត តែបរិភោគ​ទៅ​ឥតក្ដីតក់ស្លុតភ័យភិត គិត​ទៅ​យល់​ថាវិសេស​ជាង​ចំណី​ល្អ ចំណី​ខ្ពស់ ព្រោះ​ឥត​មាន​ក្ដីតក់ស្លុតជា​អារម្មណ៍​នាំ​ឱ្យ​ស៊ី​បាយ​មិន​បាន​នោះ​ឯង ឬ​មិត្ត​ឯង​យល់​ថាចំណីនរណាវិសេស​លើស​ចំណីនរណា។”

ឯកណ្ដុរ​ផ្ទះ​ឮដូច្នោះ ក៏​ពុំអាច​តបតថា​អ្វី​ទៅ​ទៀត​ឡើយ ហើយ​ក៏​លាកណ្ដុរ​ព្រៃ​វិល​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​វិញ​ហោង។

តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋបានផ្តល់នូវគំនិតពិចារណាថា៖

 

ទ្រព្យ​កើត​ឡើង​ដោយ​សុចរិត ទើប​ជា​ទ្រព្យ​ពិត​សុខគ្រប់គ្រា មិន​មាន​រំខានដូច​ទ្រព្យ​ពៀរ រស់​រងនិន្ទាព្រទ្យទុច្ចរិត។

 

រឿងខ្លីអត្ថន័យគ្រប់គ្រងកំហឹង “ដែកគោលជាប់ជញ្ជាំង”

Leave a Reply

Your email address will not be published. Required fields are marked *