ការអប់រំគ្មានដែនកំណត់ទេ
ខណៈដែលសាលាត្រូវបានគេទទួលស្គាល់ថា ជាកន្លែងតែមួយគត់ដែលជាថ្នាក់បណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីវ័យកុមារភាពរហូតដល់មហាវិទ្យាល័យ ការអប់រំវិញគឺគ្មានដែនកំណត់នោះឡើយ។ ឆ្លងកាត់តាមបទពិសោធន៍របស់អ្នកកន្លងមក អ្នកអាចចាត់ទុកថា ការអប់រំគឺគ្រាន់តែជាដំណើរការនៃការរៀនសូត្រ ឬទទួលចំណេះដឹង ជំនាញ តម្លៃ ជំនឿ និងទម្លាប់របស់អ្នកប៉ុណ្ណោះ។
អ្នកប្រហែលជាយល់ថា ការអប់រំជាញឹកញាប់កើតឡើងនៅក្រោមការណែនាំរបស់អ្នកអប់រំដែលគេហៅថា គ្រូ សាស្ត្រាចារ្យ អ្នកគ្រួបណ្តុះបណ្តាលប៉ុណ្ណោះ។ ប៉ុន្តែវាមានរឿងវែងឆ្ងាយជាងនេះទៅទៀត ពីព្រោះថា ការអប់រំក៏រាប់បញ្ចូលទាំងរបៀបដែលអ្នកអប់រំខ្លួនឯងផងដែរ។ សាលារៀនគឺគ្រាន់តែជាកន្លែងជាក់លាក់មួយ ប៉ុន្តែការអប់រំអាចប្រព្រឹត្តទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងជាមួយមនុស្សគ្រប់គ្នា ហើយរាប់បញ្ចូលទាំងខ្លួនអ្នកផង។
ការអប់រំអាចត្រូវបានកំណត់នៅក្នុងលក្ខខណ្ឌផ្សេងៗ។ បទពិសោធន៍ណាមួយ ដែលមានឥទ្ធិពលលើការគិត អារម្មណ៍ ឬសកម្មភាពរបស់អ្នកក៏ត្រូវបានចាត់ទុកថា ជាការអប់រំដែរ។