រឿងខ្លីនៃនិទានអុីស៊ុប៖ បុរសកប់មាស

បុរសកប់មាស គឺជារឿងខ្លីមួយនៃនិទានអុីស៊ុប (Aesop Fables) ដោយតំណាលថា៖

មានបុរសកំណាញ់ម្នាក់លក់ដី របស់គាត់ស្ទើតែទាំងអស់ ដើម្បីយកទៅទិញដុំមាសទុក។ រួចគាត់ក៏បានកប់ដុំមាសទាំងនោះក្នុងដីជាប់ជញ្ជាំងចាស់មួយ។ គាត់ទៅលួចមើលវាជារៀងរាល់ថ្ងៃ។

លុះថ្ងៃមួយ មានកម្មករបស់គាត់ម្នាក់បានឃើញបុរសកំណាញ់ដើរទៅក្បែរជញ្ជាំង គេក៏លបលួចដើរទៅតាមក្រោយ។ ក្រោយមក ទើបគេដឹងថា ទីនោះគឺជាកន្លែងលាក់អាថ៍កំបាំងរបស់បុរសកំណាញ់។ ឆ្លៀតពេលដែលបុរសកំណាញ់ដើរចេញផុត បុរសជាកម្មករ ក៏ជីកកាយយកដុំមាសទាំងប៉ុន្មានទៅលក់អស់គ្មានសល់។

ស្អែកឡើង បុរសកំណាញ់ក៏ដើរទៅមើលដុំមាសរបស់គាត់ តែដុំមាសទាំងនោះត្រូវចោរលួចទាំងអស់ហើយ។ គាត់បានយំសោកបោកខ្លួន ស្តាយទ្រព្យសម្បិត្តជាខ្លាំង។ ឃើញដូច្នោះអ្នកជិតខាងម្នាក់ បានចូលមកសួរសុខទុក្ខ។

បន្ទាប់ពីបានសួរដឹងរឿងរ៉ាងអស់ គេក៏និយាយទៅកាន់បុរសកំណាញ់ថា៖ ណ្ហើយទៅលោកល្បង! កុំទៅយំសោកស្តាយអីខ្លាំងពេក! ល្បងគួរតែទៅរកដុំថ្មមកកប់ជំនួស ហើយឧបមាថាជាដុំមាសទៅ… តើ​វាមាន​អីខុស​គ្នា​កាល​បើ​លោក​បង​ឯង​មាន​មាស​ទាំង​ដុំ​ហើយ​មិន​ដែល​យក​ទៅ​ប្រើ​នោះ​…!

តម្លៃនៃទ្រព្យ ពុំមែនអាស្រ័យលើមានច្រើនឫតិចនោះទេ តែវាអាស្រ័យលើចេះប្រើវាប្រកបដោយភាពឆ្លាតវៃ។

 

Leave a Reply

Your email address will not be published. Required fields are marked *