ឈើឆ្លាក់ព្រះពុទ្ឋ រឿងខ្លីបង្កប់អត្ថន័យជ្រៅ

មាន​តា​ចាស់​ម្នាក់​ គាត់​ជា​គ្រូឱសថបុរាណ​ដ៏​សប្បុរស​ និង​ជាជាង​ចម្លាក់​ដ៏​ល្បីល្បាញ​ម្នាក់​ នៅ​លើ​ដែនដី​សុវណ្ណភូមិនៃ​យើង​។ អ្នកស្រុក​តែងតែ​ស្ងើចសរសើរ​ពី​ភាព​ប៉ិនប្រសប់​នៃ​ចម្លាក់​របស់​គា​ត់​គ្រប់​ៗគ្នា​។ ថ្ងៃមួយ​ក្រោយ​​រយាល​ដៃ​ពី​ការងារ​បន្តិច​ តា​ចាស់​បាន​ធ្វើដំណើរ​ឡើងភ្នំ​ ដើម្បី​ស្វែងរក​រុ​ក្ខា​ផ្សេង​ៗមក​ផ្សំថ្នាំ​ទុក​សម្រាប់​ព្យាបាល​ជំងឺ​អ្នកស្រុក​។ ពេល​ទៅ​ដល់​ផ្លូវ​កោង​មួយ​បាន​ប្រទះឃើញ​ឈើ​មួយ​ដ៏​ធំ​។ ឈើ​ដើម​នោះ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ហើយ​ វា​មាន​ទំហំ​ធំ​ជិត​ប៉ុន​កង់រទេះ​ និង​មាន​កម្ពស់​ទាប​មិន​សមប្រកប​ដូច​ឈើ​ដទៃ​ទេ​។

ដំបូង​ឡើយ​តា​ចាស់​មិន​ចាប់អារម្មណ៍​ចំពោះ​ដើមឈើ​នេះនោះ​ទេ​ ពេល​ទៅ​​ជិត​ដើមឈើ​នោះ​ គាត់​ហាក់​ដើរទៅ​មុខ​ពុំ​រួច​។ តា​ឈរ​ទ្រឹង​សម្លឹង​មើល​ចុះ​ឡើង​ៗដោយ​ពិចារណា​ថា​ «យី​ ! ឈើ​នេះ​ណាស់​ បើ​ឆ្លាក់​ចេញ​ជា​រូប​ព្រះពុទ្ធ​ប្រក​នាគ​ច្បាស់​ណាស់​… ប្រាកដជា​គាប់ប្រសើរ​។»

និយាយ​ហើយ​ តា​ចាស់​សាកល្បង​កាប់​ចាំង​ឆ្លាក់​ឈើ​នោះ​ ដោយ​ភ្លេច​ពី​ការ​ទៅ​បោច​ថ្នាំ​។ គាត់​ព្យាយាម​ចាំង​ផង​ ដាប់​ផង​ អស់​វេលា​ជាច្រើន​ពេល​ នៅទីបំផុត​ឈើ​នោះ​ក៏​ឆ្លាក់​ចេញ​ជា​រូប​ព្រះ​ប្រក់​នាគ​មួយ​អង្គ​យ៉ាង​ធំ​។

កន្លង​ផុត​ជាច្រើន​ថ្ងៃក្រោយ​មក​ អ្នកដំណើរ​បាន​ចូល​គោរព​សំពះ​បួងសួង​សុំ​សេចក្ដីសុខ​ពី​ព្រះពុទ្ធ​ប្រក​នាគ​ នៅ​ទីនោះ​។ មិន​យូ​រប៉ុ​ន្មាន​ មាន​មាណព​ម្នាក់​ឆ្លងកាត់​តាមផ្លូវ​នោះ​ ពេលឃើញ​ព្រះពុទ្ធ​ដ៏​ធំ​បែបនេះ​ គាត់​​លាន់មាត់​កោតសរសើរ​ដល់​ជាងចម្លាក់​ដែល​មានគំនិត​ឆ្លាក់​ដើមឈើ​ចេញ​ជា​រូប​ព្រះ​ សម្រាប់​មនុស្ស​ទូទៅ​ចូល​បួងសួង​សុំ​សេចក្ដីសុខ​។ បន្ទាប់ពី​ពោល​សរសើរ​ហើយ​ មាណព​យល់ថា​ «ពិតមែន​ឈើមួយដើម​នេះ​ឆ្លាក់​ចេញ​ជា​រូប​ព្រះពុទ្ធ​ តែ​ពុំ​ទាន់​ពេញចិត្ត​យើង​ឡើយ​។ ប្រសិនបើ​ខាត់​លាបថ្នាំ​ឱ្យ​រលោង​ រូប​នេះ​ប្រាកដជា​អាច​រក្សា​គង់​យូរអង្វែង​។»

គិត​ហើយ​ មាណព​ក៏​ចាប់ផ្ដើម​សកម្មភាព​រក​ម្រាក់ និង​ជ័រឈើ​មក​លាបលន​លើ​ព្រះបដិមា​។ ពីរបី​ថ្ងៃក្រោយ​មក​ ការងារ​របស់​គាត់​បាន​បញ្ចប់​ដោយ​ជោគជ័យ​។ រួចរាល់​ មាណព​ក៏​ចាកចេញ​ពីទី​នោះ​ទៅ​។ បន្តិច​ក្រោយមក​ មាន​អ្នកគង្វាល​ម្នាក់​បាន​ទៅ​ឃ្វាលគោ​នៅ​តាមផ្លូវ​នោះ​ឃើញ​រូប​ព្រះពុទ្ធ ដែល​​ឆ្លាក់​ចេញ​ពី​ដើមឈើ​​​ត្រូវ​ថ្ងៃ​ផង​ ត្រូវ​ភ្លៀង​ផង​ ដោយ​ខ្លាច​រូបចម្លាក់​នោះ​ឆាប់​ពុក​ខូច​ ក៏​មានគំនិត​ធ្វើ​រោង​បាំងខ្យល់​ បាំង​ភ្លៀង​ បាំង​ថ្ងៃ​ឱ្យ​។ ខណៈ​កំពុងតែ​ធ្វើ​រោង​ស្រាប់តែ​មាន​ក្សត្រ​មួយអង្គ​យាង​ទៅ​​ក្រសាល​ព្រៃ​តាម​ផ្លូវ​​នោះ​។ ព្រះអង្គ​ទត​ឃើញ​អ្នកគង្វាល​ធ្វើ​រោង​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​ដូច្នេះ​ ទ្រង់​ឈ្វេង​គិតតែ​អង្គ​ឯង​ថា​ ដើមឈើ​ដ៏​ធំ​ដែល​ទ្រង់​ឃើញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ឥឡូវ​ត្រូវ​គេ​ឆ្លាក់​ជា​រូប​ព្រះពុទ្ធ​ហើយ​។ ព្រះអង្គ​មាន​បន្ទូល​ទៅកាន់​អ្នកធ្វើ​រោង​ថា​ «ឯង​ពិតជា​មានគំនិត​កំណើត​មែន​…។»

ពេល​ស្ដេច​បន្ទូល​ចប់​មួយរំពេច​ស្រាប់តែ​សេដ្ឋី​ម្នាក់​ឈរ​ក្បែរ​នោះ​ ចេញមុខ​ទូល​ថ្វាយ​ទ្រង់​ភ្លាម​ដែរ​ថា​ ទាំងនេះ​ គឺ​ទូលបង្គំ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ទាំងអស់​។ ស្ដេច​ងាក​ព្រះ​ភ័ក្ត្រ​ទៅ​សេដ្ឋី​ ហើយ​កោតសរសើរ​សេដ្ឋី​នៅចំពោះមុខ​មន្រ្តី​ជាច្រើន​ថា​ មាន​ចក្ខុវិស័យ​វែងឆ្ងាយ​… និង​ប្រទាន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​សេដ្ឋី​ម្នាក់​នោះ​។ ចំណែក​តា​ចាស់​ មាណព​ និង​អ្នកគង្វាល​ដែល​ជា​អ្នកចាប់​ផ្តើម​ និង​ជា​អ្នកធ្វើ​ពិតប្រាកដ​ពុំ​ទទួល​បានអ្វី​ពី​ស្ដេច​ផែនដី​ឡើយ​

Leave a Reply

Your email address will not be published. Required fields are marked *