ស្វែងយល់ពីអត្ថន័យទាំង ៥ នៃការរចនាដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា “បឋមតេលពិន្ទុកម្ពុជា”

ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យនៃវិស័យប្រេងកាតរបស់កម្ពុជាដែរ។ កែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា បានដង្ហែយកទៅតម្កល់ទុកក្នុងវិមាន ឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ខាងក្រោមនេះជាអត្ថន័យទាំង ៥ នៃការរចនាដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា “បឋមតេលពិន្ទុកម្ពុជា” ៖

. កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិ

តំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី ២៩ ដែលទទួលបានដំណក់ប្រេងរបស់កម្ពុជា។

. ជើងពានត្របកឈូក

តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឱ្យខែ ១២ឬខែធ្នូដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។ 

. ពានជើងសឹង្ហ ឬឋានជើងបាត

តំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកំពស់ ២០សង់ទីម៉ែត្រសំណាងឱ្យឆ្នាំ ២០២០ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

. ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី

តំណាងឱ្យតេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងរបស់កម្ពុជា។

. និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថាបឋមតេលពិន្ទុកម្ពុជា”

បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថាដំណក់ប្រេងដំបូងរបស់កម្ពុជា”

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

 

 

 


អត្ថបទទាក់ទង

តើអ្នកស្គាល់ “កាសអនុស្សាវរីយ៍ចាស់ជាងគេរបស់កម្ពុជា” ដែរឬទេ?

 

Leave a Reply

Your email address will not be published. Required fields are marked *