ដំបូន្មានសំខាន់ៗចំនួន ៤ ពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ដើម្បីសម្រេចគោលដៅអាជីពរបស់អ្នក
ការមានការងារល្អ មានតំណែងខ្ពស់ បានប្រាក់ខែច្រើន ទទួលបានការកោតសរសើរឲ្យតម្លៃពីមនុស្សជុំវិញខ្លួន… ។ល។ គឺជាក្តីសុបិនមួយ នៅពេលអ្នកចេញទៅធ្វើការងារឲ្យស្ថាប័នមួយ។ ទោះជាបែបនេះក្តី មុននឹងទទួលបានលទ្ធផលទាំងនេះ អ្នកត្រូវហែលឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។ អ្នកត្រូវផ្លាស់ប្ដូរពីស្ថាប័នមួយទៅស្ថាប័នមួយ និងឆ្លងកាត់ពីតំណែងមួយទៅតំណែងមួយទៀត។ ដូច្នេះអ្នកគួរតែសាកល្បងនូវដំបូន្មានខាងក្រោមនេះ ដើម្បីឲ្យគោលដៅរបស់អ្នកទទួលបានជោគជ័យ៖
១. ការចង់ចេះចង់ដឹងមានឥទ្ធិពលណាស់
លោក ជីម រ៉ន (Jim Rohn) ធ្លាប់និយាយថា ប្រព័ន្ធអប់រំផ្លូវការ នឹងជួយឱ្យអ្នកចេះចិញ្ចឹមជីវិត ប៉ុន្តែការអប់រំផ្ទាល់ខ្លួន នឹងជួយឱ្យអ្នកមានបាន។ ចិត្តដែលបើកទូលាយ និងចង់ចេះចង់ដឹង មានសារៈសំខាន់ណាស់ ដើម្បីទទួលបានប្រយោជន៍ច្រើនពីឱកាសរៀន។ ការចង់ចេះចង់ដឹង មានន័យថា ជាការសម្លឹងរកមើលឱកាស ដើម្បីរៀន និងអនុវត្តគំនិតនៅខាងក្រៅសាលា។ ការផ្តោតចិត្ត កាន់តែមានសារៈសំខាន់ក្នុងតួនាទីជាអ្នកដឹកនាំ ដោយសារសកម្មភាពរបស់អ្នក និងពាក្យសម្តីរបស់អ្នកនឹងមានឥទ្ធិពលលើមនុស្សជុំវិញខ្លួន។
លោក ប្រាយអាន ហ្គ្រេហ្សឺ (Brian Grazer) ជាផលិតករខ្សែភាពយន្តរឿង Apollo 13, The Da Vinci Code និង J. Edgar បានចាត់ទុកជោគជ័យក្នុងអាជីពរបស់លោកថាបានពីចរិតចង់ចេះចង់ដឹង និងការរៀនពីមនុស្សជុំវិញខ្លួន។ លោកបានរៀបរាប់លម្អិតដំណើររៀនសូត្រទាំងអស់នេះ នៅក្នុងសៀវភៅ A Curious Mind: The Secret to a Bigger Life។
២. អ្នកណែនាំផ្លូវផ្តល់ទស្សនៈថ្មី និងសួរសំណួរល្អប្រសើរ
មេដឹកនាំជោគជ័យ តែងតែមាន និងទៅរកអ្នកណែនាំផ្លូវជានិច្ច នៅក្នុងដំណើររីកចម្រើននៃអាជីពរបស់គេ។ ចំណុចចាប់ផ្តើមនៃការសន្ទនា ច្រើនតែចេញពីរឿងពាណិជ្ជកម្ម ប៉ុន្តែមេរៀន មានលក្ខណៈទូលំទូលាយនៅក្នុងផ្នែកជាច្រើនទៀតនៃដំណើរជីវិត។ អ្នកបង្ហាញផ្លូវ អាចជួយអ្នកឱ្យបើកចិត្ត និងទស្សនៈកាន់តែធំទូលាយ ព្រមទាំងសួរអ្នកឱ្យពិចារណាគ្រប់ជ្រុងជ្រោយ មុនពេលអនុវត្តគម្រោងអ្វីមួយ។ អ្នកមិនត្រឹមតែត្រូវមានមនុស្សណែនាំផ្លូវដែលមានបទពិសោធន៍ និងជំនាញដូចអ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកមនុស្សដែលមានចំណេះដឹង និងចំណង់ចំណូលខុសពីអ្នកថែមទៀត ដើម្បីធ្វើឱ្យអ្នកទទួលបានគំនិត និងមេរៀនប្លែកៗ។
៣. រាប់អានមនុស្សឱ្យត្រូវ ដើម្បីសម្រេចគោលដៅ
មនុស្សដែលអ្នករាប់អាន មានឥទ្ធិពលខ្លាំងណាស់ លើជោគជ័យរបស់អ្នក។ ចំណុចគន្លឹះ គឺអ្នកត្រូវចេះជ្រើសរើសមនុស្សដែលអ្នករាប់អាន ពីព្រោះថាបើអ្នករាប់អានមនុស្សត្រូវ អ្នកនឹងរីកចម្រើន ប៉ុន្តែបើរាប់អានមនុស្សខុស អ្នកនឹងវិនាស។ ចូរស្វែងរកមនុស្សណា ដែលជួយអ្នកឱ្យប្រឹងប្រែង និងរីកចម្រើន? បើមនុស្សណានៅក្នុងបណ្តាញទំនាក់ទំនងរបស់អ្នកដែលចូលចិត្តតែផ្តោត គិត និងនិយាយរឿងអវិជ្ជមាន ប្រហែលដល់ពេលដែលអ្នកត្រូវជម្រុះគេចេញពីជីវិតរបស់អ្នកហើយ ពីព្រោះថាគេមិនអាចជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នកបានទេ។
៤. ចំណេះដឹងអំពីខ្លួនឯងជាមូលដ្ឋានគ្រឹះ
បើគ្មានចំណេះដឹងអំពីខ្លួនឯងទេ ការប្រឹងប្រែងដើម្បីជោគជ័យ មិនមានគ្រឹះរឹងមាំទេ។ នៅក្នុងសម័យបុរាណ ទស្សនវិទូ លើកទឹកចិត្តមនុស្សឱ្យរៀនពិចារណា។ មេដឹកនាំសព្វថ្ងៃនេះ ប្រើប្រាស់ការយល់ដឹងខ្លួនឯង ដើម្បីកំណត់និយមន័យ និងឈានទៅរកជោគជ័យ។
ចំណេះដឹងអំពីខ្លួនឯង តម្រូវឱ្យមានការពិចារណាដល់បទពិសោធន៍ ទាំងល្អ និងអាក្រក់។ សូមសាកគិតត្រឡប់ទៅរកបទពិសោធន៍របស់អ្នកកាលពីសប្តាហ៍មុន និងកត់សម្គាល់រកពេលណាដែលអ្នកមានអារម្មណ៍ពេញចិត្តបំផុត។ ប្រហែលអ្នកពេញចិត្តបំផុត នៅពេលដោះស្រាយបញ្ហាពាណិជ្ជកម្មបាន ឬនៅពេលជួយនរណាម្នាក់។ អ្នកត្រូវតែសម្លឹងមើលក្នុងខ្លួនឯង និងរកឱ្យឃើញថាអ្នកចូលចិត្តធ្វើអ្វីជាងគេ? តើអ្នកមានជំនាញអ្វីខ្លះ និងមហិច្ឆតាអ្វីខ្លះ?
សរុបមក ការបង្កើតអាជីពដែលជោគជ័យមួយ តម្រូវឱ្យមានវិន័យសំខាន់ៗច្រើនណាស់។ ទោះជាអ្នកត្រូវការកម្លាំងចិត្ត ដើម្បីចាប់ផ្តើមអនុវត្តទម្លាប់ថ្មីៗ ឬដើម្បីរុញច្រានខ្លួនឯងទៅរកផ្លូវត្រូវវិញ ក៏អ្នកត្រូវការដំបូន្មានពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិតដែរ។
អត្ថបទទាក់ទង