ពេលចាប់ផ្ដើមអាជីវកម្មដំបូង អ្នកមិនត្រូវប្រព្រឹត្តិកំហុសទាំង ១០ នេះទេ

ដោយសារការខ្វះខាតបទពិសោធន៍ ក្រុមហ៊ុនជាច្រើនត្រូវប្រឈមនឹងភាពអកុសល គឺការបរាជ័យ។ នេះគឺជាកំហុសទាំង ១០ នៅពេលចាប់ផ្ដើមបើកក្រុមហ៊ុនដែលត្រូវ ជៀស វាងទោះបីជាលំបាកយ៉ាងណាក៏ដោយ៖

១. ការធ្វើផែនការអាជីវកម្មមិនច្បាស់លាស់

ការមានផែនការអាជីវកម្មដ៏រឹងមាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យនាពេលអនាគត។ នៅទីបញ្ចប់ផែនការអាជីវកម្ម ត្រូវបានប្រើប្រាស់ដើម្បីនាំផ្លូវការចាប់ផ្តើមអាជីវកម្ម ទៅកាន់ទិសដៅដែលត្រឹមត្រូវដោយឆ្លើយតបនឹងសំណួរខាងក្រោមនេះ៖

  • តើគោលបំណងរបស់ក្រុមហ៊ុនគឺជាអ្វី?
  • តើអ្នកណាជាអតិថិជនគោលដៅរបស់ក្រុមហ៊ុន?
  • តើបេសកកម្មនិងគុណតម្លៃរបស់ក្រុមហ៊ុនគឺជាអ្វី?
  • តើគោលដៅអ្វីខ្លះដែលអ្នកចង់សម្រេចឲ្យបានសម្រាប់ក្រុមហ៊ុននេះ?
  • តើអ្នកណាជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុន ហើយតើពួកគេកំពុងធ្វើអ្វីខ្លះ?
  • តើក្រុមហ៊ុនអាចវាស់វែង អំពីភាពជោគជ័យបានដោយវិធីណា?

និយាយម៉្យាងទៀត ផែនការអាជីវកម្មដ៏ល្អមួយ កំណត់គ្រប់ទិដ្ឋភាពទាំងអស់នៃការចាប់ផ្តើមអាជីវកម្ម។ ហើយនៅពេលណាក៏ដោយ ដែលក្រុមហ៊ុនត្រូវជាប់គាំងនៅក្នុងបញ្ហាណាមួយ ឬមានអាជីវកម្មថ្មីណាមួយនឹងត្រូវបង្កើតឡើងនោះ សូមសំដៅទៅកាន់ផែនការអាជីវកម្ម។ អ្នកមិនចាំបាច់បង្កើតផែនការអាជីវកម្ម ដែលមានលក្ខណៈផ្លូវការដូចនៅក្នុងសាលាពាណិជ្ជសាស្រ្តនោះទេ ប៉ុន្តែចាំបាច់ត្រូវមានផែនការអាជីវកម្មខ្លីមួយ ពីព្រោះវានឹងជួយកំណត់ទិសដៅក្រុមហ៊ុននៅក្នុងរយៈពេលវែង។

២. កំហុសក្នុងការចាត់ចែងប្រាក់កាស

នៅពេលចាប់ផ្តើមអាជីកម្មថ្មីប្រាក់កាស គឺជាបញ្ហាដ៏ធំមួយ ហើយវាត្រូវការការចាត់ចែងឲ្យបានសមស្រប។ កំហុសដ៏ធំបំផុតមួយនោះ គឺការចាយវាយច្រើនពេក ដែលអាចកើតឡើងនៅពេលដែលម្ចាស់ ឬស្ថាបនិកនៃអាជីវកម្មមានភាពអន្ទះសារខ្លាំងពេក និងជួលមនុស្សច្រើនពេក។ នៅពេលដំបូង សហគ្រិនអាចជឿជាក់ថា ពួកគេត្រូវការនិយោជិតថ្មីៗទាំងអស់នោះ ប៉ុន្តែនេះគ្រាន់តែជាការបំផ្លាញផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្ម ដែលទើបនឹងចាប់ផ្តើមកាន់តែខ្លាំងឡើយប៉ុណ្ណោះ។ ដើម្បីបញ្ចៀសបញ្ហានេះ ចូរជួលតែនិយោជិតដែលត្រូវការពិតប្រាកដ និងបង្កើនចំនួនបុគ្គលិកមួយជំហានម្តងៗ។

ស្ថាបនិកទំនងជាខ្ជះខ្ជាយប្រាក់អស់យ៉ាងលឿន ដោយពួកគេចាយវាយទៅលើការចំណាយដែលមិនចាំបាច់។ ផ្ទុយពីការប្រើប្រាស់ប្រាក់កាសឲ្យបានត្រឹមត្រូវ ពួកគេបានចាយវាដោយខ្ចះខ្ចាយ។

ប្រសិនបើភ្នាក់ងារវិនិយោគទុនពិនិត្យមើលពីការចំណាយប្រាក់លើក្រុមហ៊ុន នោះពួកគេក៏រំពឹងថាពួកគេទទួលបានលទ្ធផលដ៏ច្រើនដូចការចំណាយដែរ។

ហើយតើនឹងមានអ្វីកើតឡើង ប្រសិនបើអាជីវកម្មត្រូវធ្វើការកែប្រែដោយត្រូវចំណាយប្រាក់មួយចំនួនធំភ្លាមៗ ហើយប្រាក់ដែលបម្រុងទុក គឺមិនគ្រប់គ្រាន់នោះ? តើនឹងមានអ្វីកើតឡើង ប្រសិនបើផែនការដើមត្រូវរំសាយចោលដោយប្តូរមកប្រើផែនការបម្រុងវិញនោះ? តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកវិនិយោគដកដើមទុនវិញ ឬអតិថិជនមិនធ្វើការទូទាត់ប្រាក់វិញនោះ? តើនឹងមានអ្វីកើតឡើង ប្រសិនបើធាតុដែលចំបាច់សម្រាប់ធ្វើអាជីវកម្មមានតម្លៃខ្ពស់ខ្លាំងពេក? តើពួកគេមានប្រាក់សម្រាប់ចាត់ចែងសេណារីយ៉ូទាំងអស់នេះដែរឬទេ?

ដោយគ្មានការគ្រប់គ្រង និងប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ អាជីវកម្មថ្មីមួយនឹងមិនអាចចាប់ផ្តើមដំណើរការបានឡើយ។ ចូរប្រាកដថាមនុស្សដែលពូកែផ្នែកលេខអាចជួយដោះស្រាយបញ្ហានេះបាន។

៣. ការធ្វើដំណើរតែម្នាក់ឯង

តើមានអាជីវកម្មប៉ុន្មាន ដែលទទួលបានជោគជ័យដោយបង្កើតឡើងដោយស្ថាបនិកតែម្នាក់នោះ? ប្រាកដណាស់ ការបង្កើតក្រុមហ៊ុនមួយ គឺជាការងារដ៏លំបាក ហើយវាតែងតែត្រូវការមនុស្សលើសពីម្នាក់ក្នុងការចាប់ផ្តើមអាជីវកម្ម។ មានចំណុចខ្ពស់ និងទាបជាច្រើនដែលអ្នកត្រូវឆ្លងកាត់ដោយមិនចាំបាច់លើកឡើងអំពីការងារមួយចំនួនដែលមនុស្សតិចណាស់អាចធ្វើតែម្នាក់ឯងបាន។ នៅពេលខ្លះ ការជួបប្រទះនឹងការលំបាក និងការរាំងស្ទះជាច្រើនអាចធ្វើឲ្យអ្នកមានការលំបាកក្នុងការបន្តអាជីវកម្ម ដោយគ្មានការលើកទឹកចិត្តពីអ្នកផ្សេងទៀត។ បន្ទាប់មកទៀត អ្នកត្រូវធ្វើទីផ្សារពីផែនការ និងបង្កើតផលិតផល ឬសេវាកម្ម។ អ្នកត្រូវស្វែងរកទុនបន្ថែមក្នុងពេលដែលត្រូវបើកអាជីវកម្មដំបូងឲ្យបានជោគជ័យ។

នោះគឺជាភាពភ័យខ្លាចដ៏ធំ ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះតែម្នាក់ឯង។ ជំនួយដ៏តិចតួចពីមិត្តភក្តិ និងមិត្តរួមការងារដែលមានវិជ្ជាជីវៈអាចជួយដល់ការ ចាប់ផ្តើមអាជីវកម្មរបស់អ្នកបន្តទៅមុខ។

៤. ភាពខុសឆ្គងក្នុងការអនុវត្តដំណើរការជួលបុគ្គលិក

ចូរប្រាកដថា ការជួលបុគ្គលិកមិនបានចាប់ផ្តើមលឿនពេក ពីព្រោះវានឹងធ្វើឲ្យបំផ្លាញធនធានហិរញ្ញវត្ថុរបស់សហគ្រិន ប៉ុន្តែការជ្រើសរើសបុគ្គលិក គឺត្រូវស្ថិតក្នុងគោលបំណងក្នុងការជួលមនុស្សដែលស័ក្តិសម។

ដូច្នេះអាជីវកម្មដែលទើបនឹងចាប់ផ្តើមមួយចំនួនទទួលបរាជ័យ ពីព្រោះអ្នកដែលពួកគេបានជួលមក មិនមែនជាបុគ្គលដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនឡើយដែលអាចជាមិត្តភក្តិ ដែលខ្វះខាតជំនាញក្នុងការបំពេញតួនាទីរបស់ខ្លួន ឬអ្នកណាម្នាក់ដែលមិនស័ក្តិសមក្នុងការធ្វើការជាមួយក្រុមការងារដោយសារអត្តចរិកមិនត្រូវគ្នា។ ចូរប្រាកដថា អ្នកមានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការនៅក្នុងអាជីវកម្មដែលទើបនឹងចាប់ផ្តើមរបស់អ្នក និងធានាថា គ្រប់យ៉ាងត្រូវបានចងក្រងជាឯកសារ។ គ្មានអ្នកណាម្នាក់ ចង់ឲ្យអតីតបុគ្គលិករបស់ខ្លួន ធ្វើការប្តឹងផ្តល់ខ្លួនឯង ដោយសារការសន្យាមួយផ្នែកធំដែលក្រុមហ៊ុនបានផ្តល់ជូនដើម្បីជាថ្នូរនឹងការបម្រើការងារ ដែលវាគឺជាកិច្ចព្រមព្រៀងដែលប្រថាប់ត្រាដោយការចាប់ដៃគ្នានោះទេ។

៥. ការគិតតូចពេក

ប្រសិនបើសហគ្រិនមានគំនិតសេរីខ្លាំងពេក មានន័យថាការកំណត់ គោលដៅចំពោះទីផ្សារដែលតូចខ្លាំងពេក ភាពជោគជ័យអាចពិបាកក្នុងការស្វែងរក។ វិនិយោគិន Paul Graham ស្ថាបនិកនៃក្រុមហ៊ុនផ្តល់ទុនដល់អាជីវកម្មដែលទើបនឹងចាប់ផ្តើមថ្មី ឈ្មោះ Y Combinator បាននិយាយថា សហគ្រិន ភាគច្រើនជឿជាក់ថា ការកំណត់គោលដៅលើក្រុមមនុស្សកាន់តែតូច គឺកាន់តែមានសុវត្ថិភាព ពីព្រោះ ភាពប្រកួតប្រជែងនឹងមិនសូវខ្លាំងក្លា។ ប៉ុន្តែលោក Graham បាននិយាយថា “ប្រសិនបើអ្នកធ្វើអ្វីមួយបានល្អ អ្នកនឹងជួបដៃគូប្រកួតប្រជែង ដូច្នេះអ្នកអាចនឹងត្រូវប្រឈមនឹងការប្រកួតប្រជែងដូចគ្នា” “អ្នកអាច ជៀសផុតការប្រកួតប្រជែងបាន លុះត្រាតែជៀសវាងការបង្កើតគំនិតល្អៗ” ។

៦. ទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក

ទោះបីវាជាដំបូន្មាន ឬជាការទិះតៀនក៏ដោយ ពេលខ្លះយោបល់ ត្រឡប់ពីមជ្ឈដ្ឋានខាងក្រៅ គឺជាជំនួយដ៏អស្ចារ្យមួយ។ តើ Facebook នឹងទទួលបាន ជោគជ័យយ៉ាងដូចម្តេចប្រសិនបើ Sean Parker មិនបានណែនាំ Mark Zuckerberg ថាគាត់បានរើទៅ នៅរដ្ឋកាលីហ្វ័រញ៉ា និងបានផ្លាស់ប្តូរឈ្មោះគម្រោងរបស់គាត់ពី The Facebook មកត្រឹមតែ Facebook វិញ?

ប្រាកដថា យោបល់ណែនាំច្រើនពេកអាចធ្វើឲ្យខូចប្រយោជន៍។នៅតាមផ្លូវដែលក្រុមហ៊ុនកំពុង ដំណើរការ មនុស្សជាច្រើននឹងនិយាយ អំពីអ្វីដែលល្អបំផុតសម្រាប់ក្រុមហ៊ុន។ប្រសិនបើដំបូន្មានរបស់ មនុស្សគ្រប់រូប សុទ្ធតែត្រូវបានអនុវត្តតាមនោះអាជីវកម្មរបស់អ្នកនឹងមិនអាចដំណើរការ តាមគំនិតដើមរបស់ អ្នកបានទៀតឡើយ។ការត្រូវបានគេអូសទាញឲ្យដើរទៅកាន់ទិសដៅខុសៗគ្នាជាច្រើនគឺមិនល្អ សម្រាប់អាជីវកម្មឡើយ។

ទោះបីជាលោក Zuckerberg បានទទួលយកដំបូន្មានរបស់ Parker ក៏ដោយ ប៉ុន្តែគាត់នៅតែរក្សាចក្ខុវិស័យ ដែលគាត់មានចំពោះ Facebook ។ គាត់មិនបានអនុវត្តតាមគ្រប់ជ្រុងទាំងអស់នៃដំបូន្មានដែលបាន ផ្តល់ជូនឡើយ។ គាត់គ្រាន់តែប្រើប្រាស់ដំបូន្មានដែលគាត់បានដឹងថា វានឹងធ្វើឲ្យក្រុមហ៊ុនរបស់គាត់ទទួល បានជោគជ័យតែប៉ុណ្ណោះ។

៧. ការជ្រើសរើសទីតាំងខុស

ការតាំងទីនៃអាជីវកម្មមួយ តែងតែជារឿងសំខាន់ជានិច្ច។ការបើក ហាងនៅទីតាំងដែលត្រឹមត្រូវ គឺជាចំណុចសំខាន់ ដោយអ្នកត្រូវពិចារណាអំពីការចំណាយ និងទីតាំង ភូមិសាស្រ្តរបស់អតិថិជននាពេលអនាគត និងរបស់ឧស្សាកម្មទាំងមូល។

លោក Graham បានសង្កេតឃើញអំពីរបៀបដែលអ្នកវិនិយោគទុនភាគច្រើន ផ្តល់ដើមទុនដល់អាជីវកម្មដែល ទើបនឹងចាប់ផ្តើមដែលមានទីតាំងស្ថិតក្នុងចម្ងាយ ដែលពួកគេអាចធ្វើដំណើរទៅដល់ក្នុងរយៈពេល មួយម៉ោង។ ដូច្នេះដើម្បីទទួលបានដើមទុន អ្នកត្រូវតាំងទីអាជីវកម្មដែលទើបនឹងចាប់ផ្តើមរបស់អ្នកនៅក្បែរក្រុមហ៊ុនទាំងនោះ។

៨. ព្រងើយកន្តើយចំពោះប្រផ្នូល

ពុំមានអ្វីមួយដែលដូចគ្នាទាំងស្រុង ទៅនឹងសភាវគតិរបស់សហគ្រិនឡើយ។ វាប្រហែលជាមូលហេតុមួយ ដែលធ្វើឲ្យសហគ្រិនជាច្រើនឃ្លាតឆ្ងាយពីការចាប់ផ្តើមអាជីវកម្មនោះ។ ដូច្នេះចូរកុំព្រងើយកន្តើយចំពោះប្រផ្នូលទាំងនោះ។ ចូរប្រើប្រាស់វាឲ្យក្លាយជាផលប្រយោជន៍។

ប៉ុន្តែចូរប្រាកដថា ការសប្បាយរីករាយជាមួយនឹងប្រផ្នូលនោះ មានតុល្យភាពជាមួយការចូលរួមនៅក្នុងការគណនាតួលេខ និងត្រួតពិនិត្យសូចនាករ (តារាង ឬក្រាហ្វិចដែលបង្ហាញអំពីស្ថានភាព ឬនិន្នាការនៃអាជីវកម្ម) នៃការអនុវត្តសំខាន់ៗ និងបង្កើតយុទ្ធសាស្រ្តអាជីវកម្មដោយផ្អែកលើការស្រាវជ្រាវ។

៩. ចាប់ផ្តើមអាជីវកម្មមិនត្រូវពេល

នៅពេលចាប់ផ្តើមអាជីវកម្មមួយ ការរកពេលវេលា គឺជាអ្វីគ្រប់យ៉ាង។ ខណៈពេលអ្នកមិនអាចគ្រប់គ្រងកាលៈទេសៈជាក់លាក់នានាដូចជា បញ្ហាសេដ្ឋកិច្ច ឬគ្រោះធម្មជាតិបាននោះ អ្នកអាចរៀបចំការចាប់ផ្តើមនៅពេលវេលាដ៏ត្រឹមត្រូវមួយបាន។ អ្នកគ្រាន់តែត្រូវប្រាកដថា ក្រុមហ៊ុននោះមិនបានចាប់ផ្តើមលឿនពេក ឬត្រូវរង់ចាំយូរពេក។

ការចាប់ផ្តើមលឿនពេក អាចធ្វើឲ្យសហគ្រាសទាំងមូលប្រឈមនឹងហានិភ័យ។ ចូរពិចារណាចំណុចដូចតទៅនេះ៖

  • តើនេះគឺជាផលិតផល ឬសេវាដែលប្រជាជនពិតជាចង់បានខ្លាំងណាស់មែនទេ?
  • តើ ផលិតផល ឬសេវានោះបានត្រៀមរួចជាស្រេចសម្រាប់ការឈានជើងចូលទៅផ្សារហើយឬទេ?

ចុងបញ្ចប់ គ្មានអ្វីអាក្រក់ជាងការប្រញាប់ចាប់ផ្តើមអាជីវកម្មមួយនៅលើទីផ្សារក្នុងគោលបំណងយកឈ្នះលើការប្រកួតប្រជែង ឬចាប់ផ្តើមស្វែងរកប្រាក់ចំណូលនោះទេ។ ចូរប្រាកដថា អាជីវកម្មដែលនឹងចាប់ផ្តើមនេះបានត្រៀមខ្លួនរួចជាស្រេចមុនពេលដែលអ្នកធ្វើឲ្យសាធារណជនស្គាល់វា។

ផ្ទុយមកវិញ ចូរកុំរង់ចាំយូរពេក។ បើពុំដូច្នោះទេ ឱកាសដែលនឹងបាត់បង់ប្រាក់កាសទាំងអស់ អាចនឹងកើតឡើង ឬដៃគូប្រកួតប្រជែងរបស់អ្នកនឹងក្លាយជាបុគ្គលដំបូងគេបង្អស់ ដែលដាក់លក់ផលិតផលនៅលើទីផ្សារ។ ចូរប្រាកដថា គ្រប់យ៉ាងបានត្រៀមរួចជាស្រេច ក្នុងការចាប់ផ្តើមដាក់លក់ផលិតផលនៅលើទីផ្សារ ប៉ុន្តែចូរកុំរង់ចាំដល់វិនាទីចុងក្រោយ។

១០. សមត្ថភាពក្នុងការប្តូរទិសដៅនៅមានកម្រិត

សហគ្រិនម្នាក់ៗនឹងនិយាយថា គ្រប់យ៉ាងកើតឡើង មិនដូចការគ្រោងទុកឡើយ ប៉ុន្តែសមត្ថភាពក្នុងប្តូរទិសដៅ គឺជាផ្នែកមួយនៃល្បែង។ Nokia ធ្លាប់មានរោងចក្រផលិតក្រដាស និងផលិតស្បែកជើងកវែង ប៉ុន្តែបច្ចុប្បន្ន វាគឺជាក្រុមហ៊ុនទូរគមនាគមន៍មួយ ហើយក៏បានបរាជ័យផងដែរ។

ដើម្បីក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យ ចូរធ្វើផែនការបម្រុងមួយសម្រាប់រាល់សេណារីយ៉ូនៃហេតុការណ៍ដែលអាក្រក់បំផុត ប៉ុន្តែត្រូវមានភាពបត់បែន និងសមត្ថភាពក្នុងការផ្លាស់ប្តូរទិសដៅផងដែរ ប្រសិនបើផែនការដើមមិនអាចដំណើរការទៅបាន។

សរុបមក ការចាប់ផ្តើមអាជីវកម្មមួយ គឺពិបាក។ ឯការបើកសម្ភោធអាជីវកម្មដំបូង រឹតតែមានការប្រឈមនឹងបញ្ហាប្រឈមកាន់តែច្រើន។ ក្រៅពីការប្រឈមនឹងបញ្ហាជាច្រើន នៃការបង្កើតក្រុមហ៊ុនដែលចាប់ពីចំណុចសូន្យ សហគ្រិនជាច្រើនមានបទពិសោធន៍តិចតួចនៅក្នុងពិភពអាជីវកម្ម សូម្បីតែវាជាគំនិតដ៏ល្អដែលមិនគួរឲ្យជឿ តែបញ្ហាស្មុគស្មាញនឹងកើតឡើងដូចជាការគ្រប់គ្រង ភាពក្មេងខ្ចីក្នុងសហគ្រិនភាព ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងការជួលនិយោជិតនៅពេលថវិកាមានកំណត់។ ដូច្នេះអ្នកគួរយល់ដឹងអំពីកំហុសដែលមិនត្រូវប្រព្រឹត្តិទាំង១០ខាងលើនេះ នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង។


អត្ថបទទាក់ទង

នេះជាយុទ្ឋសាស្រ្តទីផ្សារ ដែលគ្រប់ម្ចាស់អាជីវកម្មត្រូវដឹង

Leave a Reply

Your email address will not be published. Required fields are marked *