តើអ្វីទៅជាគោលការណ៏ ស៥ ?
គោលការណ៏ ស៥ បានមកពីពាក្យ 5S គឺជាគោលការណ៏ ឬវិធីដែលមានសិល្បៈ ដែលផ្តើមដំបូង ដោយ អក្សរ ស ចំនួនប្រាំ សំរាប់ទៅអនុវត្តទៅលើ ឫការរៀបចំកន្លែងការងារឲ្យមានប្រសិទ្ឋភាពនិង គុណភាព ទៅលើគ្រប់វិស័យ មិនថា វិស័យសុខាភិបាល វិស័យឧស្សាហកម្ម សិប្បកម្ម ….។ល។
ស៥ ជួយអភិវឌ្ឍន៍បរិយាកាសកន្លែងធ្វើការដោយធ្វើឲ្យឧបករណ៍ បរិក្ខារ ម៉ាស៊ីនមានភាពប្រសើរឡើងដើម្បីឲ្យកន្លែងធ្វើការមានសុវត្ថិភាព មានប្រសិទ្ធភាព ភាពរីករាយនិងមានផលិតភាពខ្ពស់ឡើងដោយការប្រើប្រាស់វិធីត្រឹមត្រូវ។ ស៥ ក៏បានចូលរួមចំណែកដល់ការរីកចំរើនផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះគំនិតធ្វើការរួមគ្នា និងចូលរួមថែរក្សាសម្ភារៈនៅកន្លែងធ្វើការ។ ការអនុវត្តន៍ ស៥ មួយជំហានម្តងៗ សន្សឹមៗនិងបន្តជាប់គ្នារហូតជាចំនុចមួយសំខាន់បំផុតដើម្បីបង្កើតវប្បធម៌រៀបចំដ៏រឹងមាំមួយនៅកន្លែងធ្វើការ។

- Seiri សម្រិតសម្រាំង ៖ សម្រាំងយកវត្ថុចាំបាច់ ដោយញែករវាងវត្ថុចាំបាច់ និងមិនចាំបាច់ ហើយធ្វើការដកវត្ថុទាំងឡាយណាដែលមិនចាំបាច់ចេញ។
- Seiton សណ្តាប់ធ្នាប់ ៖ រៀបចំវត្ថុចាំបាច់ទាំងឡាយទៅតាមលំដាប់លំដោយឲ្យបានល្អ ធ្វើដូចនេះ វានឹងងាយស្រួលរើសយកវត្ថុទាំងនោះមកប្រើ នៅពេលណាដែលត្រូវការ។
- Seiso ស្អាត ឬសម្អាត ៖ សម្អាត និងពិនិត្យឲ្យបានម៉ត់ចត់គ្រប់កន្លែងការងារ ហេតុនេះនឹងមិនមានធូលីនៅលើឥដ្ឋ ម៉ាសុីន និងបរិក្ខាប្រើប្រាស់នោះទេ។
- Seiketsu ស្តង់ដា ៖ ត្រូវរក្សាស្តង់ដារឲ្យបានខ្ពស់នៅគ្រប់ទីកន្លែងការងារ តាមរយៈការរក្សាអ្វីៗឲ្យបានស្អាត និងមានសណ្តាប់ធ្នាប់គ្រប់ពេលវេលាទាំងអស់។
- Shitsuke ស្ថិតស្ថេរ ៖ ត្រូវបណ្តុះបណ្តាលមនុស្សឲ្យអនុវត្តន៏ប្រព័ន្ឋ ស៥ ជាបន្តបន្ទាប់ជានិច្ច ដូចនេះវានឹងក្លាយជាទម្លាប់ និងត្រូវបានរក្សាទុកនៅក្នុងវប្បធម៏ការងារ នៅក្នុងក្រុមហ៊ុន។
ដើម្បីឲ្យការអនុវត្ត ស៥ ទទួលជោគជ័យចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ។ សវនកម្ម ស៥ ត្រូវបានគេចាត់ទុកជាផ្នែកមួយ ខណៈដែលវាជាឧបករណ៍យ៉ាងសំខាន់ដើម្បីឲ្យប្រាកដពីភាពត្រឹមត្រូវនៃការអនុវត្ត ស៥ ក្នុងកន្លែងធ្វើការ។ តាមរយៈសវនកម្ម ស៥ អាចឲ្យក្រុមហ៊ុនកំណត់ពីកម្រិតសក្តានុពលភាពនៃគុណភាពកែលំអ និង អាចវាយតម្លៃពីភាពខ្លាំង និងខ្សោយនៃការអនុវត្ត ស៥ ទៅតាមផ្នែកនីមួយៗក្នុងក្រុមហ៊ុន។
ធ្វើអោយកន្លែងការងារមានភាពប្រសើរឡើងជាបន្តបន្ទាប់