រឿងចំបើងមួយដើម

ចំបើង គឺជាដើមស្រូវស្ងួត ដែលកសិករចាត់ទុកថាជារបស់មិនសូវមានតម្លៃ ក្រោយពីបោកបែនរួច។ 

កាលពីយូរលង់ណាស់មកហើយ មានក្មេងប្រុសជំទង់ម្នាក់ រស់នៅក្នុងត្រកូលគ្រួសារកសិករដ៏ក្រីក្រមួយ ក្នុងភូមិដាច់ស្រយាល ក្បែរជើងភ្នំ។ ក្មេងនោះ ជាមនុស្សស្មោះត្រង់ ហើយតែងតែជួយច្រូតកាត់ស្រូវឲ្យឪពុកម្តាយនាពេលរដូវស្រូវទុំ។ ក្មេងប្រុសនោះ មានអារម្មណ៍អាណិតអាសូរឪពុកម្តាយយ៉ាងខ្លាំង ដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំក្រោមកំដៅថ្ងៃដ៏ហួតហែង។ មិនយូរប៉ុន្មាន សូរិយាក៏ចាប់ផ្តើមជ្រាងជ្រេ ថ្ងៃក៏បាក់រសៀល ខ្យល់ក៏ចាប់ផ្តើមធ្លាក់បោកបក់មកយ៉ាងត្រជាក់រំភើយ ធ្វើឲ្យមនុស្សខ្ជិលចង់សម្រាកពីការងារ។ ដើម្បីបំបាត់ការអផ្សុក ក្មេងប្រុសម្នាក់នោះ ក៏កាច់ចំបើងមួយដើម ធ្វើជាប៉ីផ្លុំយ៉ាងពិរោះ ក្រោមទេសភាពវាលស្រែស្រូវទុំ  រំពេចនោះ សម្លេងប៉ីបានលាន់ឮដល់ក្មេងប្រុសតូចម្នាក់ទៀតដែលកំពុងរត់លេងនៅវាលស្រែ  ដោយក្នុងដៃក្មេងនោះមានកាន់ផ្លែក្រូចមួយផ្លែផងដែរ។ ក្មេងប្រុសតូចម្នាក់នោះចង់បានប៉ីនោះមកផ្លុំលេង ហើយក៏សុខចិត្តយកផ្លែក្រូចនោះទៅដូរ។

បន្ទាប់ពីដូរប៉ីយកផ្លែក្រូចរួចហើយ ក្មេងប្រុសកូនកសិករនោះ ក៏បានធ្វើដំណើរត្រលប់ទៅផ្ទះវិញ ចៃដន្យក៏បានជួបស្រ្តីចំណាស់ម្នាក់កំពុងហេវហត់ស្រេកទឹកយ៉ាងខ្លាំង ហើយក៏សុំផ្លែក្រូចនោះយកទៅហូបដើម្បីបំបាត់ការស្រេកទឹក ក្មេងប្រុសកូនកសិករនោះ ក៏បានប្រគល់ផ្លែក្រូចឲ្យដោយទឹកចិត្តជ្រះថ្លា។ ដើម្បីជាការអរគុណដល់ក្មេងប្រុសចិត្តល្អម្នាក់នេះ ស្រ្តីចំណាស់នោះ ក៏បានប្រគល់ក្រណាត់មួយដុំជូនដល់ក្មេងប្រុស រួចហើយក៏ធ្វើដំណើរបន្តទៅមុខទៀត។ ក្មេងប្រុសម្នាក់នោះ ក្រោយពីបានទទួលក្រណាត់ហើយ ក៏ធ្វើដំណើរបន្តទៅមុខទៀត  ក៏ស្រាប់តែបានជួបបុរសម្នាក់កំពុងតែវាយសេះដែលមិនព្រមដើរទៅមុខ។ ក្មេងប្រុសនោះក៏បានសួរថា ហេតុអ្វីបានជាពូវាយសេះរបស់ពូខ្លាំងម៉្លេះ? មើលចុះសុទ្ធតែស្នាមរំពាត់ ខ្ញុំអាណិតវាខ្លាំងណាស់។ ម្ចាស់សេះ ក៏តប ៖ មកពីវាខ្ជិលមិនស្តាប់បង្គាប់ ចិញ្ចឹមវានាំតែបំបង់បាយទេ ថ្ងៃណាក៏វាធ្វើឲ្យម្ចាស់វាទើសចិត្តដែរ  ឥឡូវយើងលែងត្រូវការវាទៀតហើយ បើឯងចង់បានក៏យកទៅ ប៉ុន្តែឲ្យទទេដូចជាមិនសមទេ ឥឡូវយើងចង់ដូរសេះរបស់យើងទៅនឹងក្រណាត់របស់ឯង ព្រមទេ? ក្មេងប្រុសម្នាក់នោះ ក៏យល់ព្រម ហើយក៏ដឹកសេះនោះទៅសម្អាតខ្លួន ឲ្យស្មៅវាស៊ីយ៉ាងឆ្អែត សេះនោះហាក់ដូចជាសប្បាយរីករាយខ្លាំងណាស់ ដែលបាននៅជាមួយក្មេងប្រុសនោះ  មិនយូរប៉ុន្មានក៏ស្រាប់តែបានជួបក្មេងស្រីជំទង់ ដ៏ស្រស់ស្អាតម្នាក់កំពុងតែរត់យ៉ាងត្រហិត្រហប។ ក្មេងប្រុសម្នាក់នោះក៏បានសួរ តើឯងប្រញាប់ទៅណា ហេតុអ្វីក៏រត់យ៉ាងតក់ក្រហល់បែបនេះ? ក្មេងស្រីនោះតប ៖ ខ្ញុំប្រញាប់យកថ្នាំក្នុងបង្វិចនេះទៅជួយម្តាយរបស់ខ្ញុំ ដែលកំពុងតែឈឺធ្ងន់ តើខ្ញុំអាចសុំខ្ចីសេះរបស់ឯងនេះ ជិះសិនបានទេ?  ព្រោះខ្ញុំខ្លាចទៅមិនទាន់ដង្ហើមម្តាយរបស់ខ្ញុំ ។ ក្មេងប្រុសនោះ មានក្តីអាណិតក៏ព្រមប្រគល់សេះនោះ ទៅឲ្យក្មេងស្រីជិះ។ ក្មេងស្រីក៏បានសន្យាថា បន្ទាប់ពីជួយសង្រ្គោះម្តាយគេបានហើយ គេនឹងត្រលប់មកអរគុណក្មេងប្រុសនោះម្តងទៀត។ ក្មេងស្រីជំទង់នោះ ក៏បានបំបោលសេះយ៉ាងលឿន ដើម្បីទៅជួយម្តាយឲ្យទាន់ពេលវេលា។ 5 ឆ្នាំក្រោយមក ក្មេងប្រុសកូនកសិករនោះក៏ពេញវ័យ ហើយក្មេងស្រីនោះក៏ពេញវ័យផងដែរ ។ តាមពិតក្មេងស្រីដែលខ្ចីសេះនោះ គឺជាបុត្រីក្សត្រ  មានថ្ងៃមួយ នៅពេលដែលទ្រង់យាងទៅក្រោលសេះ ក៏បានឃើញសេះនោះ ក៏ស្រាប់តែនឹកដល់ក្មេងប្រុសម្នាក់នោះ ហើយក៏នឹកក្នុងចិត្តថា 5 ឆ្នាំហើយដែលខកខានទៅជួបគេ មិនបានទៅអរគុណគេ ដែលគេបានឲ្យសេះមកយើងខ្ចី ដើម្បីស្រូតដំណើរទៅសង្រ្គោះមាតាឲ្យទាន់ពេលវេលា។ លុះដល់ព្រឹកស្អែកឡើង ព្រះនាងក៏ចូលទៅក្រាបបង្គំគាល់ព្រះមាតាព្រះបិតា អំពីដំណើររឿងនេះ  ព្រះមហាក្សត្រក៏បានប្រោសរាជទានដល់ចៅមាណពដែលជាម្ចាស់សេះនោះ នូវមាស ១០០ តម្លឹង និងតែងតាំងជាម៉ឺនប្រចាំវាំង។ ក្រោយៗមកទៀត  ដោយឃើញថាចៅមាណពនោះមានស្នាដៃក្នុងកិច្ចការបម្រើនគរជាច្រើន ព្រះរាជាទ្រង់ក៏បានប្រទានគ្រឿងឥស្សរយស និងតំលើងឋានន្តរសក្តិជាបន្តបន្ទាប់ រហូតដល់ទ្រង់សម្រេចព្រះទ័យរៀបចំអភិសេកបុត្រីរបស់ព្រះអង្គជាមួយនឹងចៅមាណពនោះតែម្តង។

វាសនារបស់ក្មេងប្រុសកូនកសិករម្នាក់នោះ ផ្លាស់ប្តូរបាន គឺដោយសារតែចំបើងមួយដើម ដែលគ្រប់គ្នាចាត់ទុកថាជាវត្ថុគ្មានតម្លៃ។ 

គំនិតអបរំ

  • មនុស្ស គេមិនឲ្យមើលងាយមនុស្ស កើតមកក្នុងត្រកូលអ្នកក្រ ក៏មិនប្រាកដថាស្លាប់ទៅវិញនៅតែជាអ្នកក្រនោះដែរ។
  • សូមកុំគិតថាខ្លួនឯងជាមនុស្សគ្មានតម្លៃ តម្លៃរបស់អ្នកមិនស្ថិតនៅលើពាក្យគេថានោះទេ ប៉ុន្តែវាស្ថិតនៅលើឥទ្ធិបាទធម៌របស់អ្នក (ឆន្ទៈ វិរិយៈ ចិត្តៈ វិមំសា)
  • ការតាំងចិត្តលើកុសលធម៌ នាំមកនូវសំណាងល្អ គ្រោះប្រែជាលាភ  លាភប្រែជាគ្រោះ ទៅតាមទង្វើជាកុសល ឬអកុសលរបស់អ្នក។
  • សូមកុំភ្លេចរៀនអភិវឌ្ឍខ្លួនឯងជាប្រចាំ។

អត្ថបទទាក់ទង

រឿងខ្លី៖ លោកតាថេន និងចៅសន

 

Leave a Reply

Your email address will not be published. Required fields are marked *