រឿងខ្លី៖ តើលុយដែលត្រូវបានគេជាន់ប្រឡាក់ដី នៅមានតម្លៃទៀតដែរឬទេ? ផ្តល់ទស្សនៈ អំពីតម្លៃខ្លួនរបស់យើងទាំងអស់គ្នា

លោកឪពុកមួយរូបបានហៅកូនប្រុសគាត់មកជួបដូចសព្វដងនៅមុខទ្វារផ្ទះដើម្បីឱ្យលុយទៅសាលារៀន។ តែលើកនេះគាត់ចង់ផ្ដល់មេរៀនដ៏ពិសេសមួយដល់កូនគាត់ ដែលគាត់គិតថាប្រហែលគេមិនបានរៀននៅសាលាឡើយ។ ពេលកូនគាត់មកដល់ គាត់លូកហោប៉ៅដកក្រដាសប្រាក់ ៥ ដុល្លារ មកដូចរាល់ដងតែមិនបានហុចឱ្យកូនភ្លាមៗទេ។

គាត់បានសួរទៅកូនថា៖ “ថ្ងៃនេះពុកមាន ៥ ដុល្លារឱ្យកូនដូចរាល់ដង តែបើពុកចង់តម្លើងឱ្យកូន ១០ដុល្លារ កូនគិតយ៉ាងម៉េចដែរ?”

កូនឮដូច្នោះក៏សែនត្រេកអរនិងពោលតបភ្លាមៗ៖ “មែនឬពុក? កូនពិតជាចង់បានណាស់! ហេតុអីថ្ងៃនេះពុកចិត្តល្អម្ល៉េះ?”

ពេលនោះឪពុកក៏បានដកក្រដាស ១០ ដុល្លារចេញមកថ្មីជ្រើងតែម្ដង តែគាត់បែរជាក្ដាប់លុយនោះយ៉ាងណែនរហូតវារមូរចូលគ្នាមើលលែងយល់។ ហើយគាត់ក៏សួរកូនថា៖ “យ៉ាងម៉េច! នៅចង់បានទៀតទេ?”។

កូនរៀងស្រឡាំងកាំងបន្តិច តែនៅតែនិយាយថា៖ “រមូរចឹងក៏កូននៅតែយកដែរ ឱ្យតែពុកឱ្យ!”

ភ្លាមនោះឪពុកនោះក៏ទម្លាក់លុយចុះទៅលើដីក្បែរមាត់ទ្វារ ហើយយកជើងជាន់ដល់លុយប្រឡាក់ដីអស់។ កូនក៏ឈរចំហមាត់មិនយល់ហេតុអ្វីក៏ពុកគេធ្វើបែបនោះ។

ឪពុកក៏សួរកូនបន្ត៖ “ម៉េចដែរ? នៅចង់បានវាទៀតទេ បើប្រឡាក់ដីអស់ហើយ?”

កូនតបភ្លាមៗ៖ “ដរាបណាវាមិនរហែកខ្ទេចខ្ទី ទោះបីវារមូរចូលគ្នា ឬប្រឡាក់យ៉ាងណាក៏កូននៅតែចង់បានវាដែរពុក!”

ឪពុកក៏ឆ្លើយយ៉ាងកំបុត៖ “បើចង់បាន ឱ្យរើសវាខ្លួនឯងទៅ! វាជារបស់ឯងហើយ!”

កូនមិនគិតច្រើន ក៏ស្រវ៉ាស្ទុះទៅរើសយកលុយនៅលើដីដែលប្រឡាក់សុទ្ធតែដី ហើយគេព្យាយាមពន្លារវា និងបោសដីចេញហើយញាត់ចូលហោប៉ៅដោយក្ដីត្រេកអរ។

ឪពុកញញឺមតិចៗ ហើយក៏ពោលប្រដៅថា៖ “កូនបានរៀនមេរៀនជីវិតដ៏សំខាន់មួយហើយ តើកូនដឹងទេ? កូនបានរៀនពីអ្វីទៅដែលហៅថា “តម្លៃ”! វាមិនស្ថិតនៅផ្នែកខាងក្រៅដែលអ្នកដទៃអាចមើលឃើញឡើយ! តម្លៃរបស់វត្ថុមួយ គឺស្ថិតនៅលើភាពសំខាន់របស់វត្ថុនោះ។ ដូចកូនឃើញស្រាប់ លុយ ១០ដុល្លារនេះ បើទោះជាត្រូវបានពុកក្ដាប់រមូរ ជាន់ប្រឡាក់ដីកខ្វក់យ៉ាងនេះហើយ ក៏កូននៅតែចង់បានហ៊ានដល់ថ្នាក់ឱ្យនក្បាលទៅរើសផ្ទាល់ដៃ ដោយសារវានៅតែមានតម្លៃអាចចាយបាន! “

“ដូច្នេះ ចូរកូនធ្វើខ្លួនឱ្យដូចជាលុយនេះ! ធ្វើឱ្យគេផ្ដល់តម្លៃឱ្យកូនដោយសារភាពសំខាន់របស់កូននិងភាពស្រស់បំព្រងពីខាងក្នុង មិនមែនដោយសារតែសម្បកក្រៅឡូយឆាយប្រហោងក្នុងឡើយ!”

លុយដែលកខ្វក់ លុយដែលទក់ទីរមូរ ឬក៏ចាស់យ៉ាងណានៅតែជាលុយ! លុយ ១០ ដុល្លារចាស់ នៅតែមានតម្លៃស្មើគ្នានឹងលុយ១០ ដុល្លារដែលថ្មី! មនុស្សយើងក៏មិនខុសអីពីលុយដែរ។ តម្លៃមនុស្សពិតប្រាកដគឺស្ថិតនៅលើភាពសំខាន់ និងភាពថ្លៃថ្នូររបស់យើង។

ទីមួយបើទោះបីជាសម្បកក្រៅយើងខ្សត់ខ្សោយ មិនទាក់ទាញយ៉ាងណា ក៏គ្មាននរណាមានសិទ្ធិវាយតម្លៃយើងថាថោកទាបដែរ!​ យើងនៅតែមានតម្លៃខ្ពស់ដរាបណាយើងប្រព្រឹត្តខ្លួនបានសមរម្យ រស់ក្នុងភាពថ្លៃថ្នូរ និងផ្ដល់ប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទោះតិចឬច្រើន។ យើងមិនចាំបាច់ផ្ដល់ស្នាដៃធំធេងអ្វីជូនជាតិទេ គ្រាន់តែការគោរពច្បាប់ និងមិនបំពារបំពានអ្នកដទៃក៏ចាត់ទុកថាមានប្រយោជន៍សម្រាប់សង្គមជាតិទៅហើយដែរ។

ទីពីរ បើទោះបីជាយើងធ្លាប់ឆ្លងកាត់បទពិសោធន៍ល្វីងជូរចត់ ហែឆ្លងភក់ជ្រាំជីវិត ធ្លាក់ខ្លួនដល់ចំណុចសូន្យក៏ដោយ ត្រូវចាំថាយើងនៅតែជាលុយដដែល គ្រាន់តែជាលុយដែលប្រឡាក់ដី។ តែយើងនៅតែមានតម្លៃជាខ្លួនយើង ដែលតម្លៃនោះវានឹងមិនបាត់បង់តាមរយៈកត្តាខាងក្រៅឡើយ។ លុះត្រាតែយើងអនុញ្ញាតិឱ្យខ្លួនអស់តម្លៃទើបអ្នកដទៃលែងផ្ដល់តម្លៃឱ្យយើង។


អត្ថបទទាក់ទង

រឿងខ្លី (មានវីដេអូ)៖ ធុងសម្រាម និងក្រដាស មេរៀនរបស់គ្រូម្នាក់ដែលអាចបង្រៀនសិស្សពីមេរៀនជីវិតមិនអាចកាត់ថ្លៃបាន!

 

Leave a Reply

Your email address will not be published. Required fields are marked *