វិធីសាស្រ្តសំខាន់ៗចំនួន ៤ ដើម្បីបង្កើតភាពជឿជាក់ពេលមានវិបត្តិមកដល់

វាមានហេតុផលល្អច្រើនក្នុងការគិតវិជ្ជមានពេលវិបត្តិកើតឡើង។ រឿងសំខាន់មួយ គឺថាអ្នកអាចស្វែងរកឱកាសពេលវិបត្តិមួយកើតឡើង។ វាអាចជាឱកាសតូចតាច បើធៀបទៅនឹងវិបត្តិដ៏ធំធេង ក៏ប៉ុន្តែចូរចងចាំថាឱកាសតែងបង្កប់មកជាមួយវិបត្តិជានិច្ច។

ខ្ញុំជឿជាក់ថា អ្នកដឹកនាំដ៏ល្អប្រពៃ អាចដោះស្រាយវិបត្តិបានជាមួយភាពជឿជាក់ និងដោយសមរម្យ។ យើងអាចមិនមានអារម្មណ៍រីករាយត្រេកអរ ក៏ប៉ុន្តែបោះជំហានទៅមុខជាមួយការយល់ដឹងថា ដំណោះស្រាយសម្រាប់វិបត្តិពិតជាមាន ហើយអាចធ្វើបាន។ គន្លឹះនៃការគ្រប់គ្រងវិបត្តិជាមួយភាពជឿជាក់ គឺការត្រៀមរៀបចំឲ្យបានត្រឹមត្រូវ និងធ្វើការសម្រេចចិត្តជាមួយភាពឈ្លាសវៃ និងភាពពិតជាក់ស្តែង។

បើអ្នកជាអ្នកដឹកនាំ អ្នកនឹងដឹងថា​វិបត្តិនៅមិនឆ្ងាយពីយើងទេ។ ចូរប្រើប្រាស់គន្លឹះរៀបរាប់ខាងក្រោមដើម្បីប្រឈមនឹងវិបត្តិប្រកបដោយភាពជឿជាក់ ៖

១. ត្រៀមរៀបចំទុកជាមុនចំពោះរឿងទាំងឡាយ (Prepare for Every Possibility)

គ្រូបង្វឹកដ៏ល្បីល្បាញនៃក្រុមកីឡាករបាល់បោះ University of California-Los Angeles លោក John Wooden បាននិយាយថា ចំណុចខ្លាំងពិសេសរបស់លោក គឺការហ្វឹកហាត់។ នៅពេលដែលការហ្វឹកហាត់ធ្វើបានល្អប្រសើរ ពេលលេងជាក់ស្តែងមកដល់ ភាពល្អប្រសើរនឹងដំណើរការទៅដោយស្វ័យប្រវត្តិ។ ផ្ទុយមកវិញ ពេលប្រកួតមកដល់ ហើយអ្នកមិនបានហ្វឹកហាត់ល្អ វាយឺតពេលហើយសម្រាប់ការត្រៀមរៀបចំ។ នៅពេលអ្នករង់ចាំរហូតដល់ពេលវិបត្តិមកដល់ ទើបអ្នកស្វែងរកដំណោះស្រាយ គឺវាហួសពេលទៅហើយ។

“នៅពេលអ្នករង់ចាំរហូតដល់ពេលវិបត្តិមកដល់ ទើបអ្នកស្វែងរកដំណោះស្រាយ គឺវាហួសពេលទៅហើយ។”

ចូរត្រៀមរៀបចំទប់ទល់វិបត្តិដោយបង្កើតសេណារីយ៉ូផ្សេងៗ ហើយកំណត់ការឆ្លើយតបទៅនឹងសេណារីយ៉ូនីមួយៗ។ សូមចំណាយពេលរៀនសូត្រពីអ្នកជំនាញក្នុងវិស័យរបស់អ្នក។ សូមសួរសំណួរអំពីវិបត្តិកន្លងមកដែលគេជួបប្រទះ។ វានឹងជួយអ្នកឲ្យដឹងអំពីបញ្ហាប្រឈមដែលគេធ្លាប់ជួបប្រទះ ហើយវាអាចនឹងកើតឡើងចំពោះអ្នក។ គេនឹងផ្តល់ឲ្យអ្នកនូវយោបល់ល្អៗ បទពិសោធន៍ទប់ទល់ និងយុទ្ធសាស្រ្តដោះស្រាយសមស្រប បើវិបត្តិកើតឡើង។

ពិតហើយ គ្មាននរណាម្នាក់អាចដឹង និងបង្ការវិបត្តិគ្រប់រឿងបានទេ ប៉ុន្តែយ៉ាងហោចណាស់ អ្នកអាចត្រៀមសម្រាប់រឿងទាំងឡាយដែលអ្នកដឹងថាអាចនឹងកើតឡើង។ ចូរគិតទុកជាមុន ត្រៀមរៀបចំ និងហ្វឹកហាត់ផែនការដោះស្រាយវិបត្តិ នៅពេលដែលវិបត្តិមិនទាន់មកដល់។ នៅពេលវិបត្តិកើតឡើង ការឆ្លើយតបរបស់អ្នកនឹងទៅជាស្វ័យប្រវត្តិ។ នៅពេលដែលអ្នកយល់ដឹងច្បាស់ពីសេណារីយ៉ូណាមួយ អ្នកនឹងមានភាពជឿជាក់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់អ្នក។

២. ទទួលស្គាល់ភាពពិតជាក់ស្តែង (Define Reality)

អ្នកជំនាញអំពីការគ្រប់គ្រងដ៏ល្បីរន្ទឺ លោក Peter Drucker ធ្លាប់សរសេរថា “ពេលវេលាព្យុះសង្ឃរាជាពេលវេលាគ្រោះថ្នាក់ ក៏ប៉ុន្តែភាពគ្រោះថ្នាក់ដ៏ធំរបស់វា គឺការមិនព្រមទទួលស្គាល់ភាពពិតជាក់ស្តែង”។​ ជំនួសឲ្យការមិនព្រមទទួលស្គាល់ភាពជាក់ស្តែងពេលវិបត្តិកើតឡើង អ្នកដឹកនាំឆ្នើមចេះកំណត់បញ្ហា និងទទួលយកការពិត។ នេះមានន័យថា មើលបញ្ហាជាមួយភាពពិតជាក់ស្តែង។

ពេលវិបត្តិមកដល់ ចូរចំណាយពេលនៅកន្លែងស្ងាត់ល្អតែម្នាក់ឯង ដោយកំណត់បញ្ហាឲ្យបានច្បាស់ល្អ ដោយលើកសំណួរថា តើវាជាអ្វីឲ្យពិតប្រាកដ? ហេតុអ្វីបានវាកើតឡើង? តើខ្ញុំអាចដោះស្រាយវាបានដោយរបៀបណា? រួចហើយសួរយោបល់សហការីរបស់អ្នកអំពីការវាយតម្លៃរបស់គេ។ ចូរញែកបញ្ហាជាបំណែកតូចៗ ដោយបែងចែករឿងដែលអាចដោះស្រាយបាន និងដោះស្រាយមិនបាន។ ការធ្វើបែបនេះវាមានសារសំខាន់ខ្លាំង។ អ្នកត្រូវទទួលស្គាល់ថា រឿងណាខ្លះដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ដែលអ្នកអាចដោះស្រាយបាន រួចហើយយកចិត្តទុកដាក់លើរឿងទាំងនេះ។ ចុងក្រោយ បង្កើតផែនការដោះស្រាយលើរឿងដែលអាចធ្វើបានពីទីតាំងរបស់អ្នក នឹងប្តេជ្ញាចិត្តខ្ពស់ធ្វើរឿងទាំងនេះ។ ផែនការដែលមានវិធានការណ៍ច្បាស់លាស់នឹងជួយអ្នកឲ្យដោះស្រាយទៅមុខជាមួយភាពជឿជាក់។

“ពេលវេលាព្យុះសង្ឃរាជាពេលវេលាគ្រោះថ្នាក់ ក៏ប៉ុន្តែភាពគ្រោះថ្នាក់ដ៏ធំរបស់វា គឺការមិនព្រមទទួលស្គាល់ភាពពិតជាក់ស្តែង។” – Peter Drucker

៣. ធ្វើការប្រាស្រ័យទាក់ទងឲ្យបានជាប់លាប់ (Communicate Often)

អ្នកត្រូវធ្វើការទាក់ទងឲ្យបានច្រើនជាមួយមនុស្សដែលអ្នកដឹកនាំ ក៏ដូចជាជាមួយខ្លួនឯង ជាពិសេសក្នុងការកំណត់បញ្ហា និងទទួលស្គាល់ការពិតជាក់ស្តែងពេលវិបត្តិកើតឡើង។ ពេលប្រឈមនឹងវិបត្តិ ស្ថានការណ៍នឹងជំរុញអ្នកឲ្យវិលវល់ និងផ្តោតអារម្មណ៍តែលើបញ្ហា។ ប៉ុន្តែ ឥរិយាបទបែបនេះ មិនជួយជំរុញចិត្តអ្នកដទៃនៅជុំវិញខ្លួនអ្នកទេ។ ចូរបើកចំហរ និងពិគ្រោះជាមួយក្រុមការងាររបស់អ្នក។ លើកបញ្ហាដាក់លើតុ ហើយស្វែងរកដំណោះស្រាយរួមគ្នានឹងជួយបង្កើតស្មារតីរួបរួមក្នុងក្រុម។ ចូរធ្វើការទាក់ទងក្នុងក្រុមឲ្យបានជាប់លាប់អំពីផែនការដោះស្រាយពីមួយជំហានទៅមួយជំហាន។ ចូរបន្តធ្វើការទាក់ទងបែបនេះរាល់ពេលវិបត្តិមកដល់។

មិត្តរបស់ខ្ញុំ លោក Andy Stanley ជាគ្រូគង្វាលដ៏ល្បីម្នាក់ ធ្លាប់និយាយថា “ទស្សនវិស័យអាចលិចបាត់”។ គាត់ចង់និយាយថា អ្នកដឹកនាំត្រូវចែករំលែកទស្សនវិស័យ ឬដំណោះស្រាយ ឲ្យបានច្រើនដងទៅសហការី ដើម្បីឲ្យក្រុមការងារអាចចងចាំ ចាប់យក និងជឿជាក់បាន។ ការធ្វើទំនាក់ទំនងជាប់លាប់ជួយកសាងទំនុកចិត្តរបស់ក្រុមការងារលើភាពជាអ្នកដឹកនាំរបស់អ្នក និងមានភាពជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយវិបត្តិ។

៤. រៀនដើម្បីលូតលាស់ (Learn to Grow)

លោក Rick Warren ធ្លាប់និយាយថា “ដល់ពេលណាដែលអ្នកឈប់រៀន គឺអ្នកឈប់ដឹកនាំហើយ”។ អ្នកប្រហែលជាធ្លាប់ឮសុភាសិតមួយនិយាយថា “ភាពភ្លីភ្លើរបស់មនុស្ស គឺធ្វើរឿងដដែលៗ ហើយចង់បានលទ្ធផលផ្សេង”។ ចូរបញ្ចប់ទម្លាប់នេះទៅ។ ជំនួសឲ្យការធ្វើរឿងដដែលៗ ចូរស្វែងយល់ថាហេតុអ្វីបានជារបៀបដែលយើងធ្លាប់ធ្វើមិនដំណើរការល្អ ហើយអ្នកអាចសាកល្បងរបៀបថ្មីនៅពេលក្រោយ។ ចូរធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកដោយយកចិត្តទុកដាក់ ព្រោះថាបទពិសោធន៍តែមួយមុខមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវចេះវាយតម្លៃលើបទពិសោធន៍នោះ។ ចូររំលឹកដល់ពេលវេលាតានតឹង និងលំបាកៗទាំងឡាយក្នុងជីវិតអ្នក ដែលបទពិសោធន៍ទាំងនោះអាចបង្រៀនអ្នកបានច្រើន បើអ្នកចេះវាយតម្លៃ និងដកស្រង់យកបទពិសោធន៍ ទាំងរឿងល្អ ទាំងរឿងមិនល្អ។

ភាពខុសគ្នាដ៏ចំបងមួយរវាងបុគ្គលជោគជ័យ និងមិនជោគជ័យគឺការទទួលយក និងការឆ្លើយតបទៅនឹងភាពបរាជ័យ។ វាដូចគ្នាដែរ ពេលដែលវិបត្តិមកដល់។ ពេលដែលវិបត្តិកន្លងផុតទៅ ចូរឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់អ្នកនៅពេលវិបត្តិកំពុងកើតឡើង។ តើអ្នកអាចរៀនសូត្រអ្វីខ្លះអំពីភាពជាអ្នកដឹកនាំ របៀបធ្វើការទាក់ទង ដោះស្រាយបញ្ហា និងការកសាងក្រុម? ពិគ្រោះយោបល់ជាមួយក្រុម ដោយឲ្យក្រុមការងារផ្តល់យោបល់ដល់អ្នកសម្រាប់កែលម្អ និងឲ្យពួកគេឆ្លុះបញ្ចាំងសម្រាប់ការរៀនសូត្រ និងដកស្រង់បទពិសោធន៍។

វិបត្តិធ្វើឲ្យយើងថប់អារម្មណ៍ និងបង្កើតសំពាធដែលយើងមិនចូលចិត្ត។ ក៏ប៉ុន្តែ រឿងពិតមួយគឺថា ពេលវេលាតានតឹង និងការសម្រេចចិត្តដ៏លំបាកវាកើតឡើងដើម្បីសាកល្បង និងពង្រឹងភាពជាអ្នកដឹកនាំរបស់អ្នក។ ប៉ុន្តែបើអ្នកបានដឹង និងត្រៀមរៀបចំជាមុន អ្នកនឹងមានដំណោះស្រាយសមស្របដើម្បីប្រឈមនឹងវិបត្តិជាមួយភាពជឿជាក់។

សម្រួលពី៖ How to be Confident in a Crisis ដោយ John C. Maxwell


អត្ថបទទាក់ទង

អនុវត្តវិធី៥យ៉ាងនេះ ដើម្បីបង្កើតភាពជឿជាក់ប្រកបដោយអនុភាព

Leave a Reply

Your email address will not be published. Required fields are marked *