តើ​អ្វីទៅជាវិវាទការងារ? ហើយត្រូវ​ធ្វើ​ដូចម្តេច​​ បើ​បុគ្គលិក​ប្ដឹង​​ក្រុមហ៊ុន​របស់​អ្នក?​

ជាទូទៅ នៅគ្រប់វិស័យការងារទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាវិស័យឯកជន ឬក្របខណ្ឌក្នុងមន្ត្រីរាជការស៊ីវិលនោះទេ សុទ្ធតែមានលក្ខខណ្ឌនៃកាតព្វកិច្ចជួយគ្នា ក៏ដូចជាបំពេញឱ្យគ្នា ឬហៅថាដោះដូរគ្នាទៅវិញទៅមក​ ដោយម្នាក់ៗសុទ្ធតែទទួលបាននូវផលប្រយោជន៍រៀងៗខ្លួន ដោយក្នុងនោះ គឺគេបានយកច្បាប់ការងារមកអនុវត្តក្នុងការបំពេញដែលគេហៅថា “កិច្ចសន្យាការងារ” គេបង្កើតកិច្ចសន្យានេះឡើង គឺដើម្បីការពារ ឬជៀសវាងមានវិវាទ ឬការមិនពេញចិត្តណាមួយដោយភាគីជានិយោជក និងភាគីជានិយោជិត។ តែក្នុងកិច្ចសន្យានោះ អាចនឹងបង្កើតជាវិវាទណាមួយ នៅពេលភាគីទាំងពីរមិនបានបំពេញកាតព្វកិច្ច ឬបំពាននៃកិច្ចសន្យាក្រោយពេលចុះកិច្ចសន្យាព្រមព្រៀងគ្នារួច ដោយហេតុដូចនេះទើបក្នុងច្បាប់ការងារឆ្នាំ១៩៩៧ ក៏ចែងពីការដោះស្រាយវិវាទការងារផងដែរ នោះគឺ “វិវាទការងារ” ។

តើអ្វីទៅជាវិវាទការងារ?

វិវាទការងារ ជាវិវាទដែលទាក់ទងទៅនឹងសិទ្ធិស្របច្បាប់ និងជាវិវាទដែលទាក់ទងទៅនឹងផលប្រយោជន៍នាពេលអនាគត រវាងនិយោជក ឬនាយកសហគ្រាស ជាមួយនឹងកម្មករនិយោជិត ឬជនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ឆ្នាំ១៩៩៧ ។ យោងទៅតាមច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ វិវាទការងារត្រូវបានបែងចែកចេញជា ០២ (ពីរ) ករណីគឺ៖ វិវាទបុគ្គល និងវិវាទការងាររួម។

  • វិវាទបុគ្គល

យោងតាមមាត្រា ៣០០ នៃច្បាប់ការងារឆ្នាំ១៩៩៧ បានបញ្ញត្តិថាៈ វិវាទបុគ្គល គឺជាវិវាទដែលកើតមានឡើងរវាងនិយោជក និងកម្មករនិយោជិតម្នាក់ ឬច្រើននាក់ ឬអ្នករៀនធ្វើការម្នាក់ ឬច្រើននាក់តាមរឿងរៀងៗខ្លួន ហើយទាក់ទងនឹងការបកស្រាយ ឬការអនុវត្តបទប្បញ្ញត្តិនៃកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកម្មករនិយោជិត ឬបទបញ្ញត្តិការងារ នៃអនុសញ្ញារួមព្រមទាំងច្បាប់បញ្ញត្តិជាធរមានផង។ ពោល វិវាទបុគ្គល សំដៅទៅលើវិវាទដែលកើតមាន ចំពោះតែបញ្ហារៀងៗខ្លួនរបស់បុគ្គលតែប៉ុណ្ណោះ។ ឧទាហរណ៍៖ បុគ្គលិក គាត់បានប្រព្រឹត្តកំហុសដោយបានលួចសម្ភារៈក្រុមហ៊ុន ឬគាត់បានធ្វើឲ្យខូចខាតដល់សម្ភារៈរបស់ក្រុមហ៊ុនជាដើម។

  • វិវាទការងាររួម

យោងតាមមាត្រា ៣០២ នៃច្បាប់ស្ដីពីការងារបានបញ្ញត្តិថាៈ វិវាទការងាររួម គឺជាវិវាទដែលកើតឡើងរវាងនិយោជកម្នាក់ ឬច្រើននាក់ នឹងបុគ្គលរបស់ខ្លួនមួយចំនួនអំពីរឿងល័ក្ខខ័ណ្ឌការងារ ការប្រើប្រាស់សិទ្ធិដែលប្រគល់ឲ្យអង្គការវិជ្ជាជីវៈ ការត្រូវទទួលស្គាល់អង្គការវិជ្ជាជីវៈក្នុងសហគ្រាស បញ្ហានៃការទាក់ទងរវាងនិយោជក និងកម្មករនិយោជិត ហើយ​ការវិវាទ​នេះ អាចបណ្ដាលអោយសហគ្រាសប្រព្រឹត្តទៅពុំបានស្រួល ឬធ្វើអោយខូចសន្តិភាពសង្គម។ បើនិយាយ​ឲ្យខ្លី វិវាទ​ការងាររួម គឺជាវិវាទដែលកើតឡើង​រវាងបុគ្គលិក​មួយក្រុម ជាមួយនឹងក្រុមហ៊ុន។ ឧទាហរណ៍៖ ក្រុមហ៊ុន​ឲ្យកម្មករ​ធ្វើការ​ក្នុងមួយ​សប្តាហ៍ ៤៨ម៉ោង តែពេលខ្លះក្រុមហ៊ុន​មិនព្រម​ឲ្យបុគ្គលិក​ឈប់សម្រាកថ្ងៃបុណ្យជាតិ ឈប់សម្រាកថ្ងៃអាទិត្យ ទាមទារតម្លើងប្រាក់ខែ ទាមទារប្រាក់ធ្វើការបន្ថែមម៉ោង និង ទីកន្លែងធ្វើការងារ ជាអាទិ៍។

បញ្ហាទាំងនេះ គឺពាក់ព័ន្ធទៅនឹងលក្ខខណ្ឌទូទៅរបស់បុគ្គលិក ហើយបុគ្គលិកគាត់នឹងទទួលបាន​ប្រយោជ​ន៍​ពីការតវ៉ា​ទាំងអស់នោះ។ ជារួម ដូចយើងដឹងហើយថា ជាទូទៅវិវាទការងារ គឺកើតមានចំពោះនិយោជកជាមួយនឹងកម្មករនិយោជិត ដែល​ពាក់ព័ន្ធ​ទៅនឹង​ការមិន​អនុវត្ត​កិច្ចសន្យា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារ ឬពាក់ព័ន្ធទៅនឹងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ទាំងនេះគឺជាចំណុចដែលតែងតែកើតមានវិវាទ ព្រោះថានៅក្នុងកិច្ចសន្យា​ការងារ ​បង្កើត​ឡើងគ្រាន់​តែចង​កាតព្វកិច្ច​របស់​គូភាគី និងបញ្ចៀសនូវវិវាទមួយចំនួនប៉ុណ្ណោះ ដូច្នេះឲ្យតែមានទំនាក់ទំនងកើតឡើង គឺជៀសមិនផុត​ពីការ​មានវិវាទ​នោះឡើយ។

មូលហេតុ​សំខាន់ៗ​ដែល​​បុគ្គលិក​របស់​អ្នក​ប្តឹង​អ្នក

មាន​មូលហេតុ​ច្រើន​ណាស់ ​ដែល​បុគ្គលិក​របស់​អ្នក​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​របស់​អ្នក​​ក្នុង​នោះ​រួមមាន​ដូចជា៖

  • ការ​បញ្ឈប់​បុគ្គលិក​ខុស​នីតិវិធី​ច្បាប់
  • ផ្ដល់​ប្រាក់ខែ​មិន​ត្រឹមត្រូវ
  • គ្រោះថ្នាក់ ឬ​រង​របួស​ដោយសារ​តែ​ភាព​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន
  • ការ​រើសអើង​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ ភេទ អាយុ… និង
  • ការ​រំលោភបំពាន​ផ្លូវ​ភេទ ឬ​លក្ខខណ្ឌ​ការងារ​មិន​​អាច​អនុវត្ត​បាន​ជាដើម។

ខាងក្រោម​នេះ​ ជា​​គន្លឹះ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​​កាត់បន្ថយ​ការ​គំរាមកំហែង​​ប្ដឹងផ្ដល់​ពី​បុគ្គលិក៖

១. ការ​រំពឹង​ទុក​​នៃ​ការ​ប្តឹងផ្តល់​ចេញ​ពី​បុគ្គលិក

ទោះបី ជា​មុន​ពេល​មាន​ការ​ប្តឹង​ផ្ដល់​ត្រូវ​បាន​ធ្វើ​ឡើង​ក៏ដោយ លិខិត​ទាមទារ​ស្របច្បាប់​ណា​​​មួយ​អាច​​ត្រូវ​បាន​ធ្វើ​​ឡើង​​ដោយ​គ្មាន​​ការ​​​រំពឹង​ទុក​​ចេញ​ពី​បុគ្គលិក​របស់​អ្នក មេធាវី ឬ​ភាគី​ស្របច្បាប់​ណា​មួយ​របស់​ពួកគេ​។ លិខិត​​​ទាមទារ​នោះ​គឺ​មាន​គោលបំណង​តែមួយគត់​គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​ធ្វើ​រឿង​អ្វី​មួយ​ត្រឹមត្រូវ​ស្រប​តាម​ការ​ទាមទារ​របស់​ពួកគេ ហើយ​ពួកគេ​អាច​គំរាម​ប្តឹង​អ្នក​ផង​ដែរ​ប្រសិនបើ​ការ​ទាមទារ​មិន​ត្រូវ​បាន​បំពេញ។ ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​ផ្ញើ​លិខិត​នោះ​ទៅ​កាន់​មេធាវី ឬ​តំណាង​ស្របច្បាប់​ក្រុមហ៊ុន​របស់​អ្នក​ដែល​មាន​ជំនាញ​ផ្លូវច្បាប់​ពិនិត្យ​ជាមុន​ថា នឹង​ត្រូវ​ចាត់​វិធានការ​បែប​ណា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​លិខិត​ទាមទារ​​នោះ។

២. ស្វែងរក​ជំនួយ​​ផ្នែក​ច្បាប់

ជំហាន​បន្ទាប់ ប្រសិន​បើ​មាន​ការ​​ប្តឹង​ផ្តល់​កើត​ឡើង អ្នក​គួរ​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​​ជា​បន្ទាន់ ពី​មេធាវី ឬ​ក្រុមហ៊ុន​មេធាវី​។ អ្នក​ប្រហែល​ជា​មាន​មេធាវី ឬ​មន្រ្តី​ច្បាប់​ប្រចាំការ​ក្រុមហ៊ុន​របស់​អ្នក ប៉ុន្តែ​វា​ជា​រឿង​ល្អ​ប្រសិន​បើ​អ្នក​ជួល​សេវាកម្ម​ផ្នែក​ច្បាប់​ដែល​ខ្លាំង​ជាង​នេះ​ដើម្បី​ទទួល​ខុសត្រូវ​ឆ្លើយតប​ទៅ​នឹង​ការ​ប្ដឹងផ្ដល់​នោះ​ត្បិតអី​ពួកគេ​មាន​​សមត្ថភាព​គ្រប់គ្រាន់​​លើ​សេវាកម្ម​ច្បាប់​ទូលំទូលាយ​​សម្រាប់​ដោះស្រាយ​វិវាទ​ទាំង​នោះ។ 

៣. កុំ​ព្យាម​ទាក់ទង​ទៅ​ដើមចោទ (អ្នក​ប្ដឹង)​ ដោយ​​​ផ្ទាល់

ហេតុអ្វី? សូម​កុំ​ប្រញាប់ប្រញាល់​ទាក់ទង​ទៅ​ដើម​ចោទ​ដោយ​​ផ្ទាល់​ពីព្រោះ​ថា  ​អ្នក​អាច​និយាយ​ឬ​ធ្វើ​អ្វី​​មួយ​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អ្នក​នៅ​ពេល​​កាត់ក្ដី​ក្នុង​តុលាការ។ ការ​ទំនាក់ទំនង​របស់​អ្នក​ទៅ​កាន់​បុគ្គលិក​ដែល​បាន​ប្ដឹង​ផ្ដល់​នោះ ត្រូវ​ធ្វើ​ឡើង​រ​វាង​​មេធាវី​តំណាង​របស់​អ្នក​ជាមួយ​​បុគ្គលិក​ដែល​បាន​ប្ដឹង ឬ​មេធាវី​របស់​ពួកគេ។  ​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​ភាគី​ម្ខាងទៀត​មិន​អាច​ចាប់​បាន​ចំណុច​ខ្សោយ​របស់​អ្នក។

៤. ការពារ​ហិរញ្ញវត្ថុ​របស់​អ្នក

នៅ​ចំណុច​នេះ អ្នក​ត្រូវការ​ពារ​ហិរញ្ញវត្ថុ​របស់​អ្នក​​ជា​អតិបរមា​។ ប្រសិន​បើ​ឱកាស​នៃ​ការ​ប្ដឹងផ្ដល់​មាន​ច្រើន អ្នក​ត្រូវ​ការ​ពារ​ពី​ការ​ប្តឹង​ផ្តល់​ទាមទារ​សំណង​ស្របច្បាប់​ទាំង​នោះ។ ចំណុច​ល្អ​មួយ​អ្នក​អាច​​ទិញ​ប័ណ្ណធានារ៉ាប់រង​​អាជីវកម្ម​ ពីព្រោះ​វា​អាច​ជួយ​​ការពារ​ផលប្រយោជន៍​​ជំនួញ​របស់​អ្នក​បាន។   វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ដែល​មិន​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ខូចឈ្មោះ​ ខាត​ប្រាក់​ ឬ​​ប៉ះពាល់​ដោយ​សារ​តែ​ការ​ប្តឹង​ផ្តល់​នោះ។

៥. រក្សា​ភាព​អត់ធ្មត់

បើ​ទោះបី​ជា​វា​មើល​ទៅ​ពិបាក​ក្នុង​ការ​សម្រួល​អារម្មណ៍ ជា​ពិសេស​ប្រសិន​បើ​អ្នក​ខឹងសម្បា ឬ​មាន​អារម្មណ៍​មួម៉ៅ​ខ្លាំង វា​ជា​រឿង​ល្អ​ប្រសិន​បើ​អ្នក​មាន​ភាព​អត់ធ្មត់​ ធ្វើ​​ចិត្ត​ឲ្យ​ត្រជាក់ ហើយ​ត្រូវ​មាន​សុទិដ្ឋិនិយម​ថា អ្វីៗ​នឹង​ប្រសើរ​ឡើង។  អ្វី​ដែល​សំខាន់​គឺ​អ្នក​​ត្រូវ​ធានា​ថា អាជីវកម្ម​របស់​អ្នក​​នៅតែ​ដំណើរការ​យ៉ាង​រលូន​ជា​ធម្មតា ​និង​មិន​រង​ផល​ប៉ះពាល់​ពី​វិធាន​ការ​ច្បាប់​ទាំង​នោះ។

៦. ការពារ​ពី​ការ​ប្តឹងផ្តល់​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​អនាគត

អ្នក​ត្រូវ​ចាំ​ថា ការ​ប្តឹងផ្តល់​លើក​នេះ មិនមែន​ជា​ការ​ប្តឹងផ្តល់​ចុងក្រោយ​​​មក​លើ​ក្រុមហ៊ុន​របស់​អ្នក​នោះ​ឡើយ។ បុគ្គលិក​ផ្សេង​ទៀត​​អាច​ធ្វើ​លើ​គន្លង​ផ្លូវ​ដដែល ដែល​នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​បង្កើត​មូលដ្ឋាន​​ផ្នែក​ច្បាប់​ត្រឹមត្រូវ​មួយ​ឲ្យ​បាន​មុន​​នៅ​កន្លែង​ការងារ​ស្រប​តាម​នីតិវិធី​ច្បាប់​ចេញ​ពី​​មន្រ្តី​ធនធាន​មនុស្ស​ (HR) របស់​អ្នក។ ដូច​គ្នា​នេះ​ដែរ  អ្នក​ត្រូវ​បណ្ដុះបណ្ដាល​បុគ្គលិក​​របស់​អ្នក​ឲ្យ​ពួកគេ​បាន​យល់​ពី​ច្បាប់​ការងារ ដូច​ជា​លក្ខខណ្ឌ​ការងារ ការ​រើសអើង ឬ​ការ​​រំលោភ​​បំពាន​សិទ្ធ​មនុស្ស ព្រម​ទាំង​បង្ហាញ​ពី​នីតិវិធី​ដែល​ពួកគេ​ត្រូវ​​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​ក្រុមហ៊ុន​ជាដើម។

ជារួមមកវិញ គ្រប់​ម្ចាស់​អាជីវកម្ម​​ទាំងអស់​ អាច​មាន​ពាក្យ​បណ្តឹង​ណាមួយ​កើត​មាន​ឡើង​ បើ​មិន​ពី​ភាគី​ខាងក្រៅ ក៏​វា​អាច​កើត​មាន​ចេញ​ពី​បុគ្គលិក​របស់​ពួកគេ​ផង​ដែរ។ ការ​​​ប្ដឹង​ផ្ដល់​​នេះ​​ទោះ​តូច​ ឬ​ធំ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ហិរញ្ញវត្ថុ​ និង​កេរ្តិ៍ឈ្មោះ​មុខ​ជំនួញ​​ក្រុមហ៊ុន​​របស់​អ្នក​។ ហេតុដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​នេះ​កើត​ឡើង អ្នក​គួរ​មាន​វិធី​ការពារ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​​ប្តឹង​ផ្តល់​នោះ។ លោកអ្នកក៏អាចស្វែងយល់បន្ថែមទៅលើ ច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ  និង ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ផងដែរ។

ឯកសារយោង៖

ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ (ទាញយកជា PDF)

Ejiofor Francis (2020), What to Do If an Employee Sues You or Your Company, Entrepreneur 

ច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ (ទាញយកជា PDF)

ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ (ទាញយកជា PDF)


អត្ថបទទាក់ទង

សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (The Universal Declaration of Human Rights)

Leave a Reply

Your email address will not be published. Required fields are marked *