សំណួរសំខាន់ៗចំនួន ៧ ដែលជួយតម្រង់ទិសការសម្រេចចិត្តឱ្យបានត្រឹមត្រូវ

កាលពីព្រេងនាយ មានសត្វលាមួយក្បាលដែលឃ្លានខ្លាំង និងស្រេកទឹកខ្លាំងក្នុងពេលជាមួយគ្នា។ ជាភ័ព្វសំណាង វាកំពុងតែស្ថិតនៅក្នុងចន្លោះនៃគំនរចម្បើង និងធុងទឹកមួយ។ បញ្ហាពិតប្រាកដកើតឡើងនៅពេលសត្វលានោះ មិនអាចសម្រេចចិត្តថាត្រូវស៊ីចម្បើងមុន ឬត្រូវផឹកទឹកមុន។ 

ដូចសត្វលានេះដែរ មនុស្សយើងចំនួនស្ថិតនៅក្នុងស្ថានភាពពិបាកសម្រេចចិត្តរហូតដល់លែងចង់មានជម្រើសអ្វីទាំងអស់។ ការសម្រេចចិត្តក្នុងស្ថានភាពបែបនេះ តែងតែនាំទៅរកការភ័យខ្លាចរឿងស្តាយក្រោយ រឿងបរាជ័យ និងរឿងដែលមិនអាចដឹងមុន។ ដំណឹងល្អនោះ គឺថាជីវិតរបស់យើងពោរពេញដោយការសម្រេចចិត្ត ទាំងតូចទាំងធំ ទាំងសំខាន់ និងមិនសំខាន់ ទាំងដឹងខ្លះ និងមិនដឹងខ្លះ។ 

ការចងចាំថាមនុស្សយើង តែងតែសម្រេចចិត្តជានិច្ចនឹងជួយកាត់បន្ថយការភ័យខ្លាចបានខ្លះ និងពង្រឹងសមត្ថភាពកាន់តែប្រសើរ។ ទោះជាយ៉ាងណា មធ្យោបាយល្អបំផុតដើម្បីសម្រេចចិត្តបានល្អ គឺត្រូវរៀនសួរខ្លួនឯង ដូចជាសំណួរសំខាន់ៗទាំង ៧ ខាងក្រោមនេះ៖

១. តើមានបទពិសោធអតីតណាមួយអាចជួយខ្ញុំបានទេ?

យកបទពិសោធរបស់អ្នកធ្វើជាមគ្គុទ្ទេសក៍ដើម្បីសម្រេចចិត្តឱ្យបានល្អបំផុត និងវិភាគក្នុងរបៀបចោទសួរថាតើអ្នកធ្លាប់សម្រេចចិត្តស្រដៀងគ្នានេះពីមុនមកទេ? តើអ្នកមានអារម្មណ៍ដូចម្តេចក្រោយពេលសម្រេចចិត្តនោះ? តើមានរបៀបអ្វីមួយដែលអ្នកអាចធ្វើផ្សេងពីនេះបានទេ? 

២. តើនឹងមានរឿងអាក្រក់អ្វីកើតឡើងបើខ្ញុំសម្រេចចិត្តបែបនេះ?

សំណួរមួយនេះជួយអ្នកឱ្យប្រឈមមុខនឹងការភ័យខ្លាច។ ពេលខ្លះការពិតមិនអាក្រក់ដូចការគិតទេ ហើយស្ថានភាពអាក្រក់បំផុតក៏ក្លាយទៅជារឿងមិនពិតវិញ។ ក្នុងពេលផ្សេងទៀត ការសម្រេចចិត្តនេះជួយអ្នកបង្កើតកម្រិតនៃសារៈសំខាន់និងបើកភ្នែកអ្នកឱ្យឃើញលទ្ធភាពដែល្អបំផុត។ 

៣. នៅពេលគិតដល់រឿងនេះ តើខ្ញុំមានអារម្មណ៍ដូចម្តេច?

ខ្លាចឬខឹងសម្បារ? អន្ទះសាឬរងសម្ពាធ? សូមកុំភ្លេចថាការសម្រេចចិត្តរបស់យើងមានលទ្ធផលចំពោះផ្លូវចិត្តផងនិងផ្លូវអារម្មណ៍ផង។ ហេតុដូច្នេះហើយ អារម្មណ៍ទាំងនេះក៏អាចជួយឱ្យអ្នកដឹងបានខ្លះដែរថាអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវឬខុស។

៤. តើខ្ញុំមានជម្រើសអ្វីផ្សេងទៀតទេ? 

ការចាក់សោខ្លួនឯងនៅជាប់នឹងគំនិតមួយធ្វើឱ្យអ្នកងងឹតមើលលែងឃើញជម្រើសផ្សេងទៀតនៅជុំវិញខ្លួន។ លុះត្រាតែអ្នកសរសេរលទ្ធភាពទាំងអស់ដែលអ្នកអាចស្រមៃគិតឃើញ ទើបអ្នកអាចសម្រេចចិត្តបានកាន់តែប្រសើរ។ បើអ្នកគិតឃើញជម្រើសច្រើនពេក អ្នកត្រូវថ្លឹងថ្លែងគុណសម្បត្តិនិងគុណវិបត្តិនៃជម្រើសនីមួយៗ។ 

៥. តើខ្ញុំបានគិតអំពីរឿងនេះយូរមកប៉ុនណាហើយ?

ពេលខ្លះយើងជាប់គាំងក្នុងការសម្រេចចិត្តជាច្រើនដែលមិនសំខាន់។ មធ្យោបាយមួយដើម្បីចម្រោះការសម្រេចចិត្តទាំងនោះ និងកាត់បន្ថយសម្ពាធអារម្មណ៍ក្នុងការសម្រេចចិត្តទាំងនោះគឺតាមរយៈការវាយតម្លៃមើលថាតើអ្នកមានគិតរឿងនេះយូរប៉ុនណាហើយ។

៦. តើការសម្រេចចិត្តនោះមានឥទ្ធិពលអ្វីលើជីវិតខ្ញុំក្នុងពេល ៥ ឆ្នាំទៅមុខទៀតទេ?

ស្រមៃដល់ជីវិតរបស់អ្នកនៅក្នុងរយៈពេលបួនប្រាំឆ្នាំទៅមុខ ហើយគិតមើលថាការសម្រេចចិត្តនេះនឹងផ្លាស់ប្តូរផែនការរបស់អ្នកដែរឬទេ។ បើពិតជាមានឥទ្ធិពលលើអនាគតមែន អ្នកមិនត្រូវគិតងាយៗទេ។ បន្ទាប់មកអ្នកត្រូវវាយតម្លៃគំនិតរបស់អ្នកឱ្យបានល្អិតល្អន់ជុំវិញការសម្រេចចិត្តនោះ។

៧. តើខ្ញុំមានការប្តេជ្ញាចិត្តកម្រិតណាចំពោះការផ្លាស់ប្តូរនេះ? 

ការសម្រេចចិត្តសំខាន់ៗនាំទៅរកការផ្លាស់ប្តូរធំ ហើយមនុស្សយើងច្រើនតែភ្លេចគិតដល់រឿងនេះ។ នៅក្នុងសំណួរនេះ អ្នកត្រូវវាយតម្លៃការប្តេជ្ញាចិត្តរបស់អ្នកឱ្យបានច្បាស់គឺដាក់ចំណាត់ថ្នាក់កម្រិតឱ្យបានត្រឹមត្រូវ។


អត្ថបទទាក់ទង

វិធីសាស្រ្តសំខាន់ៗចំនួន ៤ ដើម្បីដឹកនាំក្រុមការងារនៅពេលខ្លាចបរាជ័យ

Leave a Reply

Your email address will not be published. Required fields are marked *