ទស្សនៈស្តីពីទង្វើចំនួន១០ឃ្លារបស់ ខុងជឺ
ទស្សនវិជ្ជារបស់ ខុងជឺ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យរាជវង្សហាន (២០៦ មុន គ. ស – គ.ស. ២២០)។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ ។ លទ្ធិនេះ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយអ្នកបួសនិកាយយ៉េស៊ូអុីត ជាតិអុីតាលី ឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះ ខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា “Confucius” (កុងហ្វ៊ូស៊ីយូស)។
ខាងក្រោមនេះជាទស្សនៈអប់រំរបស់ខុងជឺ ឆ្លើយតបទៅនឹងអំពើរបស់មនុស្សឲ្យបានយល់ដឹង និងយកទៅប្រតិបត្តិក្នុងជីវិតជាក់ស្ដែងចំនួន១០ឃ្លា៖
១. បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស ដោយសមត្ថភាព ពុំមែនដោយជោគវាសនា បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
២. ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ។
៣. អំពើណាដែលអ្នកមិនចង់ឲ្យគេធ្វើមកលើរូបអ្នក ចូលអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ។
៤. អំពើណាដែលអ្នកស្រឡាញ់ចង់បាន និងចង់ឲ្យអ្នកដទៃធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន។
៥. អំពើណាដែលធ្វើទៅហើយបានទទួលផលដល់ខ្លួនឯងហើយ បានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើអំពើនោះជាដាច់ខាត។
៦. បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូលរត់គេចឲ្យផុតពីទុក្ខទោសនោះឲ្យបាន មុនទុក្ខទោសនោះមកដល់។
៧. បើធ្វើគុណប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើមិនយ៉ាងដូច្នេះទេ គុណប៉ុនភ្នំ នឹងត្រូវរលាយ។
៨. ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញទើបប្រសើរជាង។
៩. អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូលអ្នកកុំយកវាទៅអនុវត្តន៍លើមនុស្សក្រោមបង្គាប់អ្នក។
10. ធ្វើគុណទៅហើយ បើគេតបមកវិញចាត់ទុកដូចជាពុំបានធ្វើគុណ។
2 thoughts on “ទស្សនៈស្តីពីទង្វើចំនួន១០ឃ្លារបស់ ខុងជឺ”