រឿងខ្លីអត្ថន័យគ្រប់គ្រងកំហឹង “ដែកគោលជាប់ជញ្ជាំង”

មានក្មេងប្រុសតូចម្នាក់ ដែលតែងតែមានកំហឹងនៅក្នុងខ្លួន។ ថ្ងៃមួយ ឪពុករបស់គាត់ក៏បានឲ្យដែកគោលមួយថង់ទៅគាត់ ហើយប្រាប់គាត់ថា រាល់ពេលដែលគាត់ខឹង គាត់ត្រូវដំដែកគោលមួយដើមទៅលើរបងនៅខាងមុខផ្ទះ។

ថ្ងៃដំបូង ក្មេងប្រុសម្នាក់នោះបានដំដែកគោលដល់ទៅ៣៧ដើមទៅលើរបងផ្ទះរបស់គាត់។ ប៉ុន្មានសប្តាហ៍ក្រោយមក គាត់ក៏បានរៀនពីរបៀបទប់កំហឹងខ្លួនឯង ហើយចំនួននៃដែកគោលដែលគាត់ដំបានធ្លាក់ចុះជាប្រចាំ។

គាត់បានយល់ឃើញថា វាមានភាពងាយស្រួលជាងក្នុងការគ្រប់គ្រងកំហឹង ជាជាងដំដែកគោលទៅលើរបងនោះទៅទៀត។ ទីបំផុត ក្មេងប្រុសនោះមិនមានកំហឹងសូម្បីតែម្តងក្នុងមួយថ្ងៃ ហើយគាត់ក៏លែងដំដែកគោលនោះតទៅទៀតដែរ។ គាត់បានប្រាប់រឿងនេះទៅឪពុករបស់គាត់ ហើយឪពុករបស់គាត់ក៏បានស្នើឲ្យគាត់ដកដែកគោលទាំងអស់ចេញពីរបងនោះមួយដើមក្នុងមួយថ្ងៃ នៅពេលដែលគាត់ទប់កំហឹងបាន។

ច្រើនថ្ងៃបានកន្លងផុតទៅ ទីបំផុតក្មេងប្រុសតូចនោះបានប្រាប់ឪពុកខ្លួនថា ដែកគោលត្រូវបានដកចេញអស់ហើយ។ ឪពុកក៏បានដឹកដៃកូនទៅមើលរបង ហើយនិយាយថា “កូនធ្វើបានល្អណាស់កូនប្រុស ប៉ុន្តែកូនមើលទៅប្រហោងដែលនៅជាប់របងនោះន៎។ របងនឹងមិនដូចដើមនោះទេ។ នៅពេលដែលកូននិយាយរឿងអ្វីមួយដោយកំហឹង វានឹងបន្សល់ទុកដានដូចរបងនេះអញ្ចឹង។”

អ្នកអាចយកកំបិតចាក់ទៅក្នុងខ្លួននរណាម្នាក់ ហើយដកចេញមកវិញ។ មិនខ្វល់ថាអ្នកនិយាយថាសុំទោសប៉ុន្មានដងនោះទេ ស្នាមរបួសនៅតែមាន។

ត្រូវគ្រប់គ្រងកំហឹងរបស់ខ្លួន នៅពេលដែលអ្នកចង់និយាយអ្វីមួយ ខណៈដែលអ្នកអាចនឹងស្តាយក្រោយ ដោយសារតែពាក្យសំដីដែលនិយាយចេញទៅហើយ នឹងមិនអាចត្រឡប់វិញបាននោះទេ។

 

សំបុត្រមួយច្បាប់របស់លោក អាប្រាហាម លីនខូន ផ្ញើរទៅកាន់គ្រូរបស់កូនប្រុសរបស់លោក មានអត្ថន័យជ្រាលជ្រៅ

One thought on “រឿងខ្លីអត្ថន័យគ្រប់គ្រងកំហឹង “ដែកគោលជាប់ជញ្ជាំង”

Leave a Reply

Your email address will not be published. Required fields are marked *