តើអ្វីទៅជាដំណើរការនៃការគ្រប់គ្រងធនធានមនុស្ស?

ទ្រឹស្តីនៃការគ្រប់គ្រងបានចែងថា រាល់អង្គភាព ឬសហគ្រាសត្រូវការការគ្រប់គ្រងដើម្បីសម្រេចគោលដៅសំខាន់ៗរបស់ខ្លួន ជាមួយនឹងការប្រើប្រាស់ប្រាស់ធនធានទាំងឡាយឲ្យមានប្រសិទ្ឋភាពខ្ពស់បំផុត។ រីឯទ្រឹស្តីសេដ្ឋកិច្ចវិញក៍អះអាងដែរថា ធនធានទាំងតែងតម្លៃកាលានុវត្តភាព (Opportunity Cost) របស់ខ្លួន។ ដូចនេះអ្នកទទួលខុសត្រូវរបស់អង្គភាព ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់ធនធានដែលមានឲ្យមានប្រសិទ្ឋភាព និងប្រសិទ្ឋផលមកវិញច្រើនតាមរយៈការធ្វើផែនការ ចាត់ចែង ការទទួលបាន ការចែកចាយ ការដឹកនាំ និងការត្រួតពិនិត្យលើការប្រើប្រាស់ធនធានទាំងនោះឲ្យជាប្រយោជន៍ដល់អង្គភាព។ ដូច្នេះហើយគេត្រូវការការគ្រប់គ្រងវាឲ្យបានល្អប្រសើរ។

ក្នុងបណ្តាធនធានខាងលើដែលអង្គភាពប្រើប្រាស់ មានតែធនធានមនុស្សប៉ុណ្ណោះដែលជាធនធានមានជីវិត។ សភាពជាមនុស្សជាសភាវៈដែលចេះគិត និងពិចារណា មានអារម្មណ៍ មនោសញ្ចេតនា ដូចនេះពួកគេអាចនឹងបំពេញការងារមានប្រសិទ្ឋភាពខ្ពស់ កាលណាគេពេញចិត្តអង្គភាព ផ្ទុយទៅវិញ គេអាចនឹងចាកចេញពីអង្គភាពនៅពេលដែលគេមិនពេញចិត្ត។ ម៉្យាងទៀតដោយសារនេះជាធនាធានដែលមាន លក្ខណៈពិសេស វាទាមទារការគ្រប់គ្រងឲ្យបានល្អ ដើម្បីទទួលបានវិភាគទានពីធនធាននេះត្រលប់មកវិញ សម្រាប់ការរីកចម្រើនរបស់អង្គភាព។

មាននិយមន័យច្រើនណាស់អំពីការគ្រប់គ្រងធនធានមនុស្ស។ ការផ្តល់នូវនិយមន័យផ្សេងៗទាំងនោះ ដោយសារបទពិសោធន៍ និងការមើលមកការគ្រប់គ្រងធនធានមនុស្សក្នុងទស្សនៈផ្សេងៗពីគ្នា។

បើតាម អ៊ីវ៉ាន់ស៊ីវិក (Ivancevic) និង កូណូផាស្គេ (Konopaske) (២០១៣)៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាមុខងារមួយនៅក្នុងអង្គភាពដែលជួយសម្រួលដល់ការប្រើប្រាស់មនុស្សយ៉ាងមានប្រសិទ្ឋភាពបំផុត ដើម្បីសម្រេចបានគោលបំណងអង្គភាព និងគោលបំណងផ្ទាល់ខ្លួនរបស់និយោជិកម្នាក់ៗ។

មាននិយមន័យផ្សេងៗជាច្រើន មិនបានបញ្ជាក់ពីការគិតគូរទៅលើផលប្រយោជន៍ និងតម្លៃរបស់កម្មករនិយោជិកនោះទេ។ ប៉ុន្តែការធ្វើព្រងើយកន្តើយ និងធ្វើមិនដឹងមិនលឺពីចំណុចនេះ ជាការខុសឆ្គងដែលអង្គភាព និងសហគ្រាសធនតូចនិងមធ្យម (ធំមួយចំនួន) នៅបរទេស និងនៅប្រទេសកម្ពុជាយើងមិនសូវចាប់អារម្មណ៍ប៉ុន្មាននោះទេ ហើយក៍មិនដែលទទួលបានការតបស្នងឲ្យអស់ពីចិត្តពីថ្លើមពីសំណាក់បុគ្គលិក កម្មករនិយោជិកចំពោះខ្លួនវិញដែរ។ ដូចនេះវាសំដៅទៅលើនយោបាយ បទពិសោធន៍ និងប្រព័ន្ឋដែលជះឥទ្ឋិពលទៅលើឥរិយាបថ អាកប្បកិរិយា និងលទ្ឋផលរបស់បុគ្គលិក កម្មករនិយោជិក។ វាក៍រាប់បញ្ចូលនូវសកម្មភាពទាំងឡាយរបស់អ្នកគ្រប់គ្រងក្នុងការទាក់ទាញ បណ្តុះបណ្តាលនិងអភិវឌ្ឈ និងរក្សាបុគ្គលិកដើម្បីធានាថា ពួកគេបំពេញការងារមានប្រសីទ្ឋភាពខ្ពស់ និងរួមចំណែកក្នុងការសម្រេចគោលដៅរបស់អង្គភាព។

 

Leave a Reply

Your email address will not be published. Required fields are marked *