តើអ្នកដឹងទេ! តើរោគសញ្ញានៃភាពតានតឹង (Stress) កើតឡើងយ៉ាងដូចម្តេច?

ការតានតឹងចិត្តកើតមានឡើងពីលក្ខខ័ណ្ឌនៃការរស់នៅ ឬបទពិសោធន៏នៃជីវិតដែលមិនរីករាយ។ ភាពតានតឹង អាចរំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការរៀនកត់សំគាល់អ្នកដែលមានតំណឹងចិត្តខ្លាំង ជាប្រការមួយសំខាន់ខ្លាំងណាស់។ អាកប្បកិរិយារបស់មនុស្សម្នាក់អាចបណ្តាលឲ្យអ្នកដទៃកាន់តែមានការតានតឹងចិត្ត ឬបានធូរស្បើយនូវភាពតានតឹងចិត្ត។ ភាពតានតឹងចិត្តក្នុងរយៈពេលយូរ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងរារាំងដល់ការប្រកបការងារដែលមានប្រយោជន៏។ ការផ្តល់យោបល់សាមញ្ញៗពីអ្នករស់នៅជុំវិញខ្លួន និងការអនុវត្តន៏បច្ចេកទេសសំរាកចិត្ត និងកាយ អាចជួយឲ្យយើងបានធូរស្បើយពីភាពតានតឹងចិត្ត។ បុគ្គលដែលកំពុងមានភាពតានតឹងអាចមានរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

រោគសញ្ញាផ្លូវចិត្ត

  • ថប់បារម្ភ ឬឆាប់ខឹង
  • អារម្មណ៏ប្រែប្រួលភ្លាមៗ
  • ការសញ្ជឹងគិតពុំបានល្អ ត្រូវការឲ្យគេប្រាប់អ្វីៗច្រើនដង ទើបអាចយល់ និងចងចាំបាន)
  • គិតពីរឿងដដែលៗមិនឈប់ឈរ (ព្រួយចិត្ត គិតច្រើន)
  • មានការលំបាកក្នុងការរៀបរាប់អំពីរោគសញ្ញា និងបុព្វហេតុរបស់វា

រោគសញ្ញារាងកាយ

  • អស់កំលាំង
  • ឈឺក្បាល
  • តានតឹង ឬចុករួយសាច់ដុំ
  • ហូបបាយមិនបាន (ដោយកម្រ មានអ្នកខ្លះហូបបាយច្រើនលើសលប់)
  • ឈឺនេះឈឺនោះមិនច្បាស់លាស់ ឧទាហរណ៏ ឈឺត្រង់ដៃ ជើង ឬទ្រូង
  • ចំពោះស្ត្រីរដូវមានការរអាក់រអួល

រោគសញ្ញាផ្នែកអាកប្បកិរិយា

  • សកម្មភាពចុះខ្សោយ គ្មានកំលាំងកំហែង ឬមានសកម្មភាពច្រើនហួស
  • ផឹកស្រា​ឬ ប្រើគ្រឿងញៀនដូចជាកញ្ឆា ឬ អាភៀនដើម្បីបន្ធូរភាពតានតឹង
  • ពិបាកប្រមូលអារម្មណ៏លើកិច្ចការណាមួយ
  • បញ្ហាដំណេក (សំរាន្តបានតិច, ចេះតែភា្ញក់, សំរាន្តច្រើនជ្រុល ទាំងនៅពេលថ្ងៃ)

រោគសញ្ញាក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ

  • ឈ្លោះប្រកែកច្រើន និងមិនចុះសំរុងជាមួយគេឯង
  • ពឹងផ្អែកលើអ្នកដទៃជ្រុល ចំពោះរាល់ការសំរេចចិត្ត និងការគាំទ្រ។ ដើម្បីជួយបុគ្គលនោះបានយើងត្រូវពិភាក្សាជាមួយសមាជិកគ្រួសារ ឬមនុស្សផ្សេងៗទៀតដែលស្គាល់បុគ្គលនោះច្បាស់លាស់
  • បន្ទាប់មកត្រូវសួរថា តើសភាពរបស់បុគ្គលនោះមិនប្រក្រតីក្នុងលក្ខណៈណាខ្លះ មនុស្សដែលជួបប្រទះភាពតានតឹងចិត្តជាប្រចាំ ធ្ងន់ធ្ងរ និងរុំារ៉ៃ អាចមានការលំបាកក្នុងការដោះស្រាយ ហើយអាចវិវត្តន៏ទៅជាមាន ជំងឺផ្លូវចិត្តកំរិតស្រា។ល។

រោគសញ្ញា និងជំងឺដែលបណ្តាលមកពីភាពតានតឹងចិត្ត

  • ប្រព័ន្ធឈាមរត់ៈ ជំងឺសរសៃឈាមចិញ្ចិមបេះដូង សម្ពាធឈាមឡើង ជំងឺស្រ្តក (Stroke) ការប្រែប្រួលចង្វាក់បេះដូង
  • ប្រព័ន្ធដកដង្ហើមៈ ជំងឺហឺត ជំងឺតឹងច្រមុះ
  • ប្រព័ន្ធរំលាយអាហារៈ ដំបៅក្រពះ ចង្គោមសញ្ញារលាកពោះវៀនធំ រាករូស ចង្អោរ និង ក្អួ្ត​ រលាកពោះវៀន
  • ប្រព័ន្ធសាច់ដុំៈ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំខ្នង (កន្រ្តាក់សាច់ដុំ)
  • ប្រព័ន្ធចលករៈ ជំងឺរលាកសន្លាក់
  • ប្រដាប់បន្តពូជ និងប្លោកនោមៈ នោមញឹកញាប់ ការរួមភេទប្រែប្រួល
  • វិបត្តិស្បែកៈ តាអក ជំងឺសើរស្បែក មុន
  • វិបត្តិភាពការពារក្នុងសរីរាង្គៈ ភាពការពារចុះខ្សោយ ជំងឺប្រព័ន្ធការពាររាងកាយ
  • បញ្ហាផ្សេងៗ: អស់កំលាំងល្ហិតល្ហៃ

ប្រភពឯកសារ៖

  1. B, Jacobson. S, Joan (1996). Abnormal Psychology: Current Perspectives. New York: McGraw-Hill Inc, p210.
  2. Brannon & Jess Feist (5th 2004). Health Psychology: An Introduction to Behavior and Health. New York: Wadsworth, a division of Thomson Learning, Inc.

អត្ថបទទាក់ទង

តើអ្នកដឹងទេ! តើគេបែងចែកបាតុភូតចិត្តជាប៉ុន្មានប្រភេទ?

 

Leave a Reply

Your email address will not be published. Required fields are marked *