រឿងខ្លី៖ ជ្រូកព្រៃសម្លៀងចង្កូម ឆ្លុះបញ្ចាំងអំពីការត្រៀមខ្លួនឱ្យបានស្រេចជាប្រចាំសម្រាប់ហេតុការណ៍ផ្សេងៗ
មានឆ្កែចចកមួយក្បាលប្រទះនឹងជ្រូកព្រៃកំពុងសម្លៀងចង្កូមនឹងឈើ។ ឆ្កែចចកនោះងឿងឆ្ងល់ជាខ្លាំងក៏ពោលទៅជ្រូកព្រៃថា “សម្លាញ់! គ្នាមិនឃើញមានព្រានព្រៃ ឬសត្វសាហាវចង់ធ្វើបាបឯងផង ម្ដេចក៏ឯងប្រឹងសម្លៀងចង្កូមនាំតែហត់អស់កម្លាំងឥតអំពើធ្វើអ្វី?”
ជ្រូកព្រៃក៏ពោលតបវិញថា “មែនហើយសម្លាញ់! ពេលនេះវាគ្មានគ្រោះភ័យក៏ពិតមែន តែបើចាំតែមានអាសន្នកើតឡើង ចាំខ្ញុំសម្លៀង ឬរវល់តែសម្លៀងចង្កូមនោះ ធ្វើម្ដេចនឹងដោះស្រាយគ្រោះកាចចំពោះមុខបានទៅ? ស្រួលមិនស្រួលគ្មានជីវិតដើម្បីនឹងសម្លៀងចង្កូមបែបនេះឡើយ! សម្លាញ់ត្រូវដឹងថា មានរឿងច្រើនណាស់ដែលតម្រូវឱ្យយើងប្រុងជើងការត្រៀមទុកជាមុនគ្រប់ពេលវេលា។”
អត្ថន័យនៃរឿងរឿងនេះ គឺចូរត្រៀមខ្លួនឱ្យបានស្រេចជាប្រចាំ ព្រោះយើងមិនអាចទាយជាមុនបានទេថា ហេតុការណ៍អាក្រក់ៗ ឬគ្រោះកាចចំពោះជីវិត វានឹងកើតឡើងនៅពេលណានោះទេ។ កុំចាំរឿងកើតឡើងហើយ ទើបប្រវេប្រវាដោះស្រាយតាមក្រោយដោយតក់ក្រហល់នោះ។ ចូរកុំបណ្ដោយឱ្យជីវិតរស់ក្នុងភាពចៃដន្យនិយម និងរស់ក្នុងសភាពគ្មានការត្រៀមប្រឈមទុកជាមុនឱ្យសោះ។
ត្រូវចងចាំថា ក្នុងលោកនេះសម្បូរដោយរឿងមិនទៀងច្រើនណាស់ សម្បូររឿងឥតព្រាងទុក និងចៃដន្យ ក៏ច្រើនលើសលុបដែរ ដូច្នេះមានតែការត្រៀមប្រុងជើងការទុកជាមុនប៉ុណ្ណោះ ទើបជីវិតពុំសូវជាមានហានិភ័យ។
អត្ថបទទាក់ទង