ប្រវត្តិ និងស្នាដៃ របស់លោក លី ខ្វាន់យូ ស្ថាបនិកប្រទេសសាំងហ្គាពួរ (សិង្ហបុរី)
លោក លី ក្វាន់យូ (Lee Kuan Yew) ជាកូនចៅជំនាន់ទី៤ នៃគ្រួសារចិនសិង្ហបុរីមួយ។ លោកតាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុងប្រទេសចិននៅឆ្នាំ ១៨៦២។ លោកជាកូនប្រុសច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។
លោក លី ក្វាន់យូបានសរសេរសៀវភៅ ២ក្បាល អំពីបទពិសោធន៍របស់លោក៖
- The Singapore Story (ISBN 0-13-020803-5) (រឿងរ៉ាវរបស់សិង្ហបុរី)៖ រៀបរាប់អំពីទស្សនៈផ្ទាល់ខ្លួនរបស់លោកអំពីប្រវត្តិសាស្ត្រសិង្ហបុរីមុនពេលផ្ដាច់ខ្លួនពីម៉ាឡេស៊ីនៅឆ្នាំ ១៩៦៥។
- From Third Word to First: The Singapore Story (ISBN 0-06-019776-5) (ពីប្រទេសតតីយលោកមកជាប្រទេសរីកចំរើន៖ រឿងរ៉ាវរបស់សិង្ហបុរី) ៖ និយាយអំពីការរួមចំណែករបស់លោកក្នុងការប្រែក្លាយប្រទេសសិង្ហបុរីជាប្រទេសអភិវឌ្ឍន៍។
កាលពីកុមារភាព លោកទទួលឥទ្ឋិពលពីវប្បធម៌អង់គ្លេសច្រើន ដោយសារជីតា និងឪពុករបស់លោកដែលបានរៀនសូត្រភាសាអង់គ្លេសបានជ្រៅជ្រះ។ ជីតារបស់លោកដាក់ឈ្មោះជាភាសាអង់គ្លេសមួយដល់លោកថា ហារី (Harry) បន្ថែមពីលើឈ្មោះជាភាសាចិនរបស់លោក ដែលឪពុកលោកដាក់ឲ្យ។ ហេតុនេះលោកតែងត្រូវបានគេហៅថា ហារី ក្នុងចំនោមមិត្តភក្ដិស្និទ្ឋស្នាល និងគ្រួសាររបស់លោក។
លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥០។ លោកមានកូនប្រុស២នាក់ និងកូនស្រី១នាក់។ សមាជិកគ្រួសារត្រកូលលី ជាច្រើនកាន់តំណែងសំខាន់ៗ ក្នុងសង្គមសិង្ហបុរី។ កូនប្រុសនិងកូនស្រីរបស់លោកកាន់តំណែងយ៉ាងខ្ពស់ក្នុងជួររដ្ឋាភិបាល។ កូនប្រុសច្បងរបស់លោក គឺលោក លី សៀនឡុង (Lee Hsien Loong) ដែលជាអតីតឧត្តមសេនីយ៍ម្នាក់ បានក្លាយជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៤។
លោកក៏ជាប្រធានក្រុមហ៊ុនវិនិយោគទុនរបស់រដ្ឋាភិបាលសិង្ហបុរី (Government of Singapore Investment Company) ហើយកូនប្រុសរបស់លោកជាអនុប្រធាន។ កូនប្រុសពៅរបស់លោកឈ្មោះ លី សៀនយ៉ាង (Lee Hsien Yang) ដែលជាអតីតឧត្តមសេនីយ៍ផងនោះ ជានាយក និងប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីង ថែល (SingTel) (ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅសិង្ហបុរី)។ កូនស្រីរបស់លោកឈ្មោះ លី វ៉ីលីង (Lee Wei Ling) គ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រសសៃប្រសាទជាតិ (The National Neuroscience Institute)។
លោក លី ក្វាន់យូ បានចូលសិក្សានៅសាលាបឋមសិក្សាតេឡុកគូរ៉ៅ (Telok Kurau Primary School) ស្ថាប័នរ៉ាហ្វល (Raffles Institution) និងមហាវិទ្យាល័យរ៉ាហ្វល (Raffles College)។ ការសិក្សានៅមហាវិទ្យាល័យរបស់លោកត្រូវបានពន្យាពេលដោយសារសង្គ្រាមលោកលើកទី២ និងការចូលមកកាន់កាប់របស់ជប៉ុនពីឆ្នាំ ១៩៤២ ដល់១៩៤៥។
ក្នុងរយៈពេលនោះ លោកបានរកស៊ីលក់កាវវិទ្យាសាស្ត្រឈ្មោះ Stikfas យ៉ាងជោគជ័យក្នុងផ្សារងងឹត។ ដោយសារលោកបានរៀនជាភាសាចិន និងជប៉ុនតាំងពីឆ្នាំ១៩៤២ លោកមានសមត្ថភាពក្នុងការបកប្រែសារទូរលេខរបស់ពួកសម្ព័ន្ឋមិត្តឲ្យពួកជប៉ុន។ លោកក៏បានធ្វើជាអ្នកនិពន្ឋផ្នែកភាសាអង់គ្លេសឲ្យមន្ទីរព័ត៌មានជប៉ុនហូដូប៊ុផងដែរពីឆ្នាំ ១៩៤៣ ដល់១៩៤៤។
បន្ទាប់ពីសម័យសង្គ្រាម លោកបានចូលសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យហ្វីតវីលៀម, ខេមប៊្រីដ (Fitzwilliam College, Cambridge) នៅប្រទេសអង់គ្លេស។ លោកបានបញ្ចប់ការសិក្សាដោយបានទទួលសញ្ញាប័ត្រកិត្តិយសថ្នាក់ទី១ ផ្កាយ២ (Double Starred First Class honours)។ បន្ទាប់មកលោកចូលរៀនច្បាប់នៅសាលាសេដ្ឋកិច្ចឡិនដិនផងដែរ។ លោកវិលត្រលប់មកសិង្ហបុរីវិញនៅឆ្នាំ ១៩៤៩ ដោយចាប់យកអាជីពជាមេធាវី។
បទពិសោធន៍នយោបាយដំបូងបំផុតរបស់លោកចាប់ផ្ដើមនៅពេលលោកធ្វើជាភ្នាក់ងារបោះឆ្នោតឲ្យចៅហ្វាយរបស់លោកគឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាកគណបក្សឆ្ពោះទៅមុខ (Progressive Party) (និន្នាការអង់គ្លេស) នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ (Legislative Council Elections) នៅឆ្នាំ ១៩៥១។
ប៉ុន្តែលោកបានសម្លឹងឃើញថាអនាគតរបស់គណបក្សនេះមានភាពស្រពិចស្រពិលដោយគ្មានអ្នកគាំទ្រទ្រង់ទ្រាយធំ ជាពិសេសពីសំនាក់វណ្ណៈកម្មករនិយាយភាសាចិន។ ការបំបែកខ្លួនរបស់លោកធ្វើឡើងនៅពេលលោកធ្វើជាទីប្រឹក្សាច្បាប់ឲ្យសហព័ន្ឋនិស្សិត និងពាណិជ្ជកម្ម ដែលការណ៍នេះបានផ្ដល់ឱកាសដល់លោកក្នុងការធ្វើទំនាក់ទំនងជាមួយវណ្ណៈកម្មករជនជាតិចិន។
នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ១៩៥៤ លោកជាមួយមិត្តភក្តិវណ្ណៈកណ្ដាល ដែលមានការសិក្សាផ្នែកភាសាអង់គ្លេសមួយក្រុម បានរួមគ្នាបង្កើតគណបក្សសង្គមនិយមមួយឈ្មោះ គណបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP) និងមានសម្ព័ន្ធភាពជាមួយសហព័ន្ឋពាណិជ្ជកម្មដែលគាំទ្ររបបកុំម្មុយនីស្ត។ ពួកគេមានគោលដៅរួមក្នុងការជម្រុញឲ្យមានរដ្ឋាភិបាលផ្ទាល់ខ្លួន និងបញ្ចប់ការគ្រប់គ្រងពីអាណានិគមអង់គ្លេស។ លោកត្រូវបានគេជ្រើសរើសឲ្យធ្វើជាអគ្គលេខាធិការសម្ព័ន្ធភាព។
នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៩ PAP ដណ្ដើមបាន៤៣ កៅអីក្នុងចំនោម៥១កៅអី ក្នុងសភា។ សិង្ហបុរីបានទទួលស្វ័យភាពគ្រប់គ្រងលើគ្រប់ផ្នែក លើកលែងតែវិស័យការពារជាតិ និងទំនាក់ទំនងការបរទេស។ លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីទី១ នៃរដ្ឋសិង្ហបុរីនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៥៩។
បន្ទាប់ពីទទួលបានស្វ័យភាពពីអង់គ្លេស លោកបានជួបបញ្ហាជាច្រើនដូចជា វិស័យអប់រំ ការផ្ដល់ជម្រក និងភាពអត់ការងារធ្វើ។ ដើម្បីឆ្លើយតបនឹងកង្វះទីជម្រក លោកបានបង្កើតឲ្យមានគណៈកម្មាធិការផ្ដល់ជម្រក និងអភិវឌ្ឍន៍ (Housing and Development Board)។ គណៈកម្មាធិការនេះជាភ្នាក់ងារអនុវត្តកម្មវិធីសាងសង់ជម្រកសាធារណៈទ្រង់ទ្រាយធំ ដើម្បីកាត់កង្វះខាតផ្ទះសម្បែង។
បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡាយ៉ា លោក ទុនគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman) ស្នើឲ្យមានការបង្កើតជាសហព័ន្ឋមួយដែលរួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១។ លោក លី ក្វាន់យូ បានចាប់ផ្ដើមយុទ្ឋនាការក្នុងការច្របាច់បញ្ចូលជាមួយម៉ាឡេស៊ីនេះ ដើម្បីបញ្ចប់ជាស្ថាពររបបអាណានិគមអង់គ្លេស។
ដើម្បីបញ្ជាក់ថាប្រជាជនគាំទ្រលោក លោកបានប្រើលទ្ឋផលនៃការការបោះឆ្នោតក្នុងសមាជឆ្នាំ១៩៦២ ដែលពេលនោះលោកទទួលបានសំលេងគាំទ្រ ៧០%។ តែលោកបានជួបបញ្ហាជាមួយពួកកុំម្មុយនីស្ត ដែលជំទាស់យ៉ាងដាច់អហំការចំពោះសំណើនេះ។
សិង្ហបុរីបានចូលជាផ្នែកមួយនៃសហព័ន្ឋម៉ាឡេស៊ីនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៦៣។ ប៉ុន្តែចាប់ពីពេលនោះមក មានភាពរកាំរកូសជាប់ជានិច្ច ស្ដីអំពីតួនាទីជនជាតិចិនក្នុងវិស័យនយោបាយ រហូតដល់មានកុបកម្ម និងការប្រយុទ្ឋគ្នានៅឆ្នាំ១៩៦៤ រវាងជនជាតិចិន និងម៉ាឡេ។
កុបកម្មកើតឡើងជាបន្តបន្ទាប់ ហើយទំនិញចេះតែឡើងថ្លៃ។ ដោយមិនអាចដោយស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះបាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ បានសម្រេចចិត្តដកសិង្ហបុរីពីសហព័ន្ឋ។ លោក លី ក្វាន់យូបានចុះហត្ថលេខាបំបែកខ្លួននៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៦៥ និងបានពិភាក្សាអំពីទំនាក់ទំនង សិង្ហបុរី-ម៉ាឡេស៊ីនៅក្រោយការបំបែកខ្លួន និងធានានូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការពារជាតិ។
ការបរាជ័យនៃការច្របាច់បញ្ចូលគ្នាធ្វើឲ្យលោក លី ក្វាន់យូ មានការខកចិត្តជាខ្លាំង ព្រោះលោកជឿតាំងពីដើមមកថាការបំបែកខ្លួននេះជាបញ្ហាអាយុជីវិតរបស់សិង្ហបុរី។ នៅក្នុងសន្និសិទសារព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានសម្ដែងនូវអារម្មណ៍នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរក្នុងពេលលោកប្រកាសទៅប្រជាជនសិង្ហបុរីអំពីការបំបែកខ្លួននោះ។ ខាងក្រោមនេះជាសម្ដីរបស់លោកក្នុងសន្និសីទនោះ៖
“សម្រាប់ខ្ញុំ នេះជាវេលាដ៏ឈឺចាប់ទាំងផ្លួវកាយ និងផ្លូវចិត្ត។ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ខ្ញុំតែងប៉ងឲ្យមានការរួបរួមរវាងដែនដីទាំង២…ឥឡូវ ខ្ញុំ លី ក្វាន់យូ នាយករដ្ឋមន្ត្រីនៃសិង្ហបុរី សូមប្រកាសជាផ្លូវការជួសមុខឲ្យប្រជាជន និងរដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរីនឹងក្លាយជាប្រជាជាតិឯករាជ្យ និងប្រជាធិបតេយ្យជារៀងរហូត។ ប្រជាជាតិនេះនឹងឈរលើគោលការណ៍សេរីភាព និងយុត្តិធម៌ សម្ដៅស្វែងរកនូវសុខុមាលភាព និងសុភមង្គលជូនសង្គមមួយដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើគ្នាយ៉ាងពិតប្រាកដ។”
នៅថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ីក៏បានអនុម័តសម្រេចកាត់ផ្ដាច់សិង្ហបុរីចេញពីម៉ាឡេស៊ី ហើយសាធារណរដ្ឋសិង្ហបុរីក៏បានលេចរូបរាងឡើង។ បញ្ហាកង្វះធនធានធម្មជាតិរបស់សិង្ហបុរី តម្រូវឲ្យសិង្ហបុរីពឹងផ្អែកលើម៉ាឡេស៊ីស្ទើរទាំងស្រុង ធ្វើឲ្យសមត្ថភាពការពារជាតិរបស់សិង្ហបុរីមានកម្រិត។ នេះជាឧបសគ្គដ៏ចំបងដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។
នៅក្នុងជីវប្រវត្តិរបស់លោក លី ក្វាន់យូបានពោលថាគាត់មិនដែលបានគេងលក់ស្រួល និងបានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃក្រោយពីសិង្ហបុរីបានឯករាជ្យ។ លោកចាប់ផ្ដើមស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីមជ្ឍដ្ឋានពិភពលោក។ សិង្ហបុរីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៦៥ និងបានចូលរួមជាមួយប្រទេស៤ទៀតក្នុងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ លោកបានធ្វើទស្សនកិច្ចជាលើកដំបូងទៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ១៩៧៣ ធ្វើឲ្យទំនាក់ទំនងសិង្ហបុរី និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង។
សិង្ហបុរីគ្មានវប្បធម៌ជាធំដុំ ហើយក៏គ្មានភាសារួមដែរ។ តែក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល លោក លី ក្វាន់យូ បានព្យាយាមកសាងនូវអត្តសញ្ញាណរួមគ្នាមួយសម្រាប់ប្រជាជនសិង្ហបុរី។ លោកនិងរដ្ឋាភិបាលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការប្រកាន់គោលការណ៍នៃការអនុគ្រោះគ្នារវាងសាសនា និងការចុះសម្រុងគ្នារវាងជាតិសាសន៍នានា។ រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ច្បាប់ប្រឆាំង និងអំពើទាំងឡាយណា ដែលញុះញុងឲ្យមានអំពើហិង្សារវាងសាសនា និងជាតិសាសន៍ក្នុងរដ្ឋបាលក្រោយឯករាជ្យរបស់លោក លី ក្វាន់យូមានកង្វល់សំខាន់ៗ៣គឺ សន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គម។
បញ្ហាសន្តិសុខជាតិ
សិង្ហបុរីស្ថិតនៅក្រោមការគម្រាមកំហែងយ៉ាងខ្លាំងពីសំនាក់ចលនាកុំម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ីក្នុងការទាមទារយកសិង្ហបុរីមកវិញ។ ក្រោយពីសិង្ហបុរីចូលជាសមាជិកអង្គការសហប្រជាជាតិ លោកបានស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីសំនាក់អន្តរជាតិ។ លោកបានប្រកាសនូវគោលនយោបាយអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ឋ តាមគំរូប្រទេសស្វីស។ នៅពេលជាមួយគ្នានោះ លោកបានបញ្ជាឲ្យលោក ហ្គោស កេងស្វី (Goh Keng Swee) បង្កើតកងកម្លាំងប្រដាប់អាវុធសិង្ហបុរី (Singapore Armed Forces) និងបានសុំជំនួយពីបរទេសផ្នែកប្រឹក្សា ហ្វឹកហ្វឺន និងសម្ភារៈបរិក្ខារផ្សេងៗ។
ពេលដែលដឹងថាអង់គ្លេសមានគោលបំនងកាត់បន្ថយទ័ពពីសិង្ហបុរី និងម៉ាឡេស៊ី លោក លី និង ហ្គោស បានដាក់ឲ្យមានច្បាប់កាតព្វកិច្ចយោធា។ រដ្ឋាភិបាលបានចាប់ផ្ដើមទិញគ្រឿងសព្វាវុធដូចជារថក្រោះ និងយន្ដហោះចំបាំង និងហ្វឹកហាត់អ្នកបើកបរយន្ដហោះផ្ទាល់ខ្លួន។ ក្រោយមកសិង្ហបុរីមានលទ្ឋភាពកសាងទំនាក់ទំនងផ្នែកយោធាជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ សិង្ហបុរីមានភាពរឹងមាំក្នុងការការពារជាតិក្រោយពីអង់គ្លេសបានដកទ័ពចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៧១។
បញ្ហាសេដ្ឋកិច្ច
លោក លី ក្វាន់យូបាននាំសិង្ហបុរីឆ្ពោះទៅរកឧស្សាហនីយកម្ម។ នៅឆ្នាំ ១៩៦១ គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ច (The Economic Development Board) ត្រូវបានបង្កើតក្នុងនាទីទាក់ទាញវិនិយោគទុនបរទេស ដែលអាចផ្ដល់ចំនូលពន្ឋជូនរដ្ឋ ក៏ដូចជាផ្ដល់ការងារដល់កម្លាំងពលកម្មមានជំនាញខ្ពស់ មានវិន័យតែយកប្រាក់ខែទាប។
រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទំនើបៗដូចជាអាកាសយាន្តដ្ឋាន កំពង់ផែ ផ្លូវថ្នល់ និងបណ្ដាញទូរគមនាគមន៍ជាដើម។ គណៈកម្មាធិការជម្រុញវិស័យទេសចរណ៍សិង្ហបុរី (The Singapore Tourists Promotion Board) ត្រូវបានបង្កើតក្នុងនាទីជម្រុញវិស័យទេសចរណ៍ ដែលក្រោយមកបានបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងចំនូលថវិការជាតិយ៉ាងសម្បើម។ រដ្ឋាភិបាលសម្រេចបានការកាត់បន្ថយអត្រានៃអ្នកអត់ការងារធ្វើពី ១៤% ក្នុងឆ្នាំ១៩៦៥ មកត្រឹម ៤.៥% ក្នុងឆ្នាំ១៩៧៣។ ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាមួយចំនួនទៀតដូចជាមូលធនភាគច្រើនស្ថិតក្នុងកណ្ដាប់ដៃជនបរទេស។
ការបង្កើតភាសាផ្លូវការ
លោក លី បន្តឲ្យប្រើភាសាអង់គ្លេសរួមគ្នានៅកន្លែងធ្វើការ និងទំនាក់ទំនងរវាងជាតិសាសន៍ផ្សេងគ្នា។ ជាមួយគ្នានោះ លោកក៏ទទួលស្គាល់ភាសាម៉ាឡេ ភាសាចិន និងភាសាតាមិល ថាជាភាសាផ្លូវការទាំង៣ផ្សេងទៀត។ សាលាសាធារណៈទាំងអស់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាយាន្តក្នុងការអប់រំ។ តែក៏មានមេរៀនជាភាសាកំណើតរបស់ពួកគេដែរ។
លោកលី ក្វាន់យូ មិនគាំទ្រការប្រើប្រាស់ភាសាចិនមិនមែនកុកងឺទេ (ដូចជាភាសាចិនហុកគាន ចិនទាជីវ និងចិនកន្តាំង) និងជម្រុញឲ្យមានការប្រើតែភាសាចិនកុកងឺ ជាភាសាកំណើតសម្រាប់ជនជាតិចិន ដើម្បីឲ្យមានឯកភាពភាសាក្នុងទំនាក់ទំនងក្នុងសហគមន៍ចិន។
លោកបានចាប់ផ្ដើមយុទ្ឋនាការនិយាយភាសាចិនកុកងឺ (Speak Mandarin Campaign) ជាផ្លូវការ។ លោកបានបំបិទកម្មវិធីផ្សព្វផ្សាយតាមទូរទស្សន៍ដែលមិនប្រើភាសាចិនកុកងឺ លើកលែងតែព័ត៌មាន និងរឿងភាគ ដើម្បីតម្រូវចិត្តទូរទស្សនិកជនចំនាស់ៗ។ តែទោះជាយ៉ាងណាយុទ្ឋនាការនេះពិតជាមានប្រសិទ្ឋភាព។ ចាប់តាំងពីពេលនោះមកយុវជនជនជាតិចិនសិង្ហបុរីមិនអាចនិយាយភាសាចិនកំនើតរបស់ខ្លួនដែលមិនមែនកុកងឺបានល្អទេ។ បន្តិចម្ដងៗ ពួកគេមានការពិបាកក្នុងការទំនាក់ទំនងជាមួយជីដូនជីតារបស់ពួកគេ។
នៅទសវត្សរ៍ឆ្នាំ៧០ និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណានយ៉ាង (Nanyang University) ដែលនៅពេលនោះប្រើប្រាស់ភាសាចិននៅឡើយ ជួបនឹងបញ្ហាពិបាករកការងារធ្វើព្រោះពួកគេខ្សោយភាសាអង់គ្លេស។ ស្ថាប័នសាធារណៈនានាត្រូវការតែកម្លាំងពលកម្មដែលអាចប្រើប្រាស់ភាសាអង់គ្លេសប៉ុណ្ណោះ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកលី ក្វាន់យូបានច្របាច់បញ្ជូនសាកលវិទ្យាល័យណានយ៉ាងចូលក្នុងសាកលវិទ្យាល័យសិង្ហបុរី និងដាក់ឈ្មោះថ្មីឲ្យស្ថាប័នទាំង២នេះថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ ចលនានេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សាស្ត្រាចារ្យ និងគ្រូដែលនិយាយភាសាចិន ដោយពួកគេត្រូវប្ដូរមកបង្រៀនជាភាសាអង់គ្លេសវិញ។
គោលនយោបាយរដ្ឋាភិបាល
ដូចបណ្ដាប្រទេសមួយចំនួនដែរ សិង្ហបុរីបានជៀសផុតពីជម្ងឺពុករលួយ។ លោក លី ក្វាន់យូ បានដឹងយ៉ាងច្បាស់ថាអំពើពុករលួយពិតជាធ្វើឲ្យប្រទេសជាតិអន្តរាយ តួយ៉ាងដូចជារដ្ឋាភិបាលអ្នកជាតិនិយមនៅប្រទេសចិនជាដើម។ លោកបានបង្កើតច្បាប់ដែលផ្ដល់អំណាចដ៏ខ្លាំងដល់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការឃាត់ខ្លួន ស្វែងរក ហៅសាក្សី និងស៊ើបអង្កេតគណនីធនាគារ និងពន្ឋពីចំនូលរបស់បុគ្គលនិងគ្រួសារដែលគេសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ។
ដោយមានការគាំទ្រពីលោក លី ក្វាន់យូ ការិយាល័យនេះមានអំណាចស៊ើបអង្កេតលើមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់។ គេបានរកឃើញរដ្ឋមន្ត្រីជាច្រើនដែលបានប្រព្រឹត្តអំពើពុករលួយ។ លោកជឿថារដ្ឋមន្ត្រីទាំងអស់គួរតែមានប្រាក់ខែសមរម្យ ដើម្បីឲ្យពួកគេស្អាតស្អំ និងស្មោះត្រង់នឹងរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៤ លោកបានស្នើតម្លើងប្រាក់ខែដល់រដ្ឋមន្ត្រី ចៅក្រម និងមន្ត្រីរាជការកំពូលៗ ឲ្យមានប្រាក់ខែស្មើនឹងអ្នកអាជីព (Professionals) កំពូលៗក្នុងវិស័យឯកជនដែរ។ លោកអះអាងថាការធ្វើបែបនេះ និងទាក់ទាញអ្នកមានទេពកោសល្យពិតប្រាកដឲ្យចូលបម្រើការងាររដ្ឋបាន។
នៅក្នុងទសវត្សរ៍៦០ ដោយភ័យខ្លាចថាកំណើនប្រជាជនអាចជាឧបសគ្គដល់ការរីកចម្រើនសេដ្ឋកិច្ច, លោកលី ក្វាន់យូបានបើកយុទ្ឋនាការផែនការគ្រួសារដែលតម្រូវឲ្យមានកូនត្រឹមតែ២នាក់។ គូស្វាមីភរិយានានាត្រូវបានគេលើកទឹកចិត្តឲ្យពន្យាកំណើតបន្ទាប់ពីមានកូនលើកទី២។ កូនទី៣និងទី៤ត្រូវបានគេផ្ដល់អាទិភាពទាបជាងក្នុងវិស័យអប់រំ ហើយគ្រួសារបែបនោះទទួលបានប្រាក់សំណងពន្ឋ្ឋ (Tax Rebates) តិចជាងគ្រួសារធម្មតា។
នៅឆ្នាំ ១៩៨៣ លោកលី ក្វាន់យូ បានបង្កើតកិច្ចពិភាក្សាទ្រង់ទ្រាយធំអំពីការរៀបការ (The Great Marriage Debate) ដែលនៅពេលនោះលោកបានជម្រុញឲ្យបុរសៗយកភរិយាដែលមានការសិក្សាខ្ពស់។ លោកមានការបារម្ភអំពីកំណើនស្ត្រីដែលរៀនសូត្រជ្រៅជ្រះតែមិនរៀបការ។ ទស្សនៈនេះបានធ្វើឲ្យមជ្ឍដ្ឋានស្ត្រីចប់ឧត្តមសិក្សាមានការខកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពអភិវឌ្ឍសង្គម (Social Development Unit) ត្រូវបានបង្កើតដើម្បីធ្វើមេអណ្ដើកដល់បុរសនិងស្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម។
លោកក៏បានផ្ដល់ការលើកទឹកចិត្តដូចជាសំណងពន្ឋ អាទិភាពសិក្សា និង ផ្ទះសម្បែងដល់ស្ត្រីជាម្ដាយដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម និងមានកូនលើសពី២នាក់។ មកទល់ចុងទសវត្សរ៍៩០ អត្រាកំណើតបានធ្លាក់ចុះទាបរហូតធ្វើឲ្យរដ្ឋាភិបាលលោក ហ្គោស ចុកតុង (នាយករដ្ឋមន្ត្រីបន្តពីលោក លី ក្វាន់យូ) មានលទ្ឋភាពពង្រីកការលើកទឹកចិត្តនេះដល់ស្ត្រីដែលរៀបការទាំងអស់ និងបានបន្ថែមឲ្យមាន ប្រាក់លើកទឹកចិត្តបន្ថែមពេលមានកូន (Baby Bonus)។
បន្ទាប់ពីនាំ PAP ឲ្យទទួលជោគជ័យក្នុងការបោះឆ្នោត៧ដងរួចមក លោក លី ក្វាន់យូ បានចុះចេញពីតំណែងនៅថ្ងៃទី២៨ វិច្ឆិកា ១៩៩០ និងប្រគល់តំណែងនាយករដ្ឋមន្ត្រីបន្តឲ្យលោក ហ្គោស ចុកតុង (Goh Chok Tong)។ លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។
ការផ្ទេរតំណែងនេះបញ្ជាក់ពីការផ្ទេរអំណាចដល់អ្នកដឹកនាំជំនាន់ក្រោយ ហើយអ្នកដឹកនាំមុនៗក៏ចូលនិវត្តន៍។ លោក លី ក្វាន់យូ ចុះចេញពីតំណែងដោយមានសុខភាពនៅតែរឹងមាំ និងមានសតិបញ្ញារហ័សរហួន។ លោកបានដកខ្លួនឆ្ងាយពីមេដឹកនាំអាស៊ីដទៃទៀតដូចជា ម៉ៅ សេទុង ស៊ូហារតូ ហ្វើឌីណាន់ ម៉ារកូស និង នេ វីន ជាដើម។
ពេលលោក ហ្គោស ចុកតុង ក្លាយជាប្រមុខរដ្ឋាភិបាលក៏ដោយ លោក លី ក្វាន់យូ នៅតែមានតំណែងក្នុងគណរដ្ឋមន្ត្រី ក្នុងឋានៈជាទេសរដ្ឋមន្ត្រី មាននាទីជាទីប្រឹក្សារដ្ឋាភិបាល។ នៅចំពោះមុខសាធារណជនលោក លី ក្វាន់យូ ហៅលោកហ្គោ ចុងតុង ថាជា “នាយករដ្ឋមន្ត្រីរបស់ខ្ញុំ” ជាការគោរពដល់អាជ្ញាធម៌លោកហ្គោស ចុកតុង។ យោបល់របស់លោក លី ក្វាន់យូ នៅតែមានឥទ្ឋិពលចំពោះសាធារណជន និងគណរដ្ឋមន្ត្រី។
លោកត្រៀមខ្លួនជានិច្ចនៅពេលដែលប្រទេសជាតិត្រូវការលោក ដូចកាលលោកមានប្រសាសន៍នៅថ្ងៃបុណ្យជាតិ (National Day) ឆ្នាំ១៩៨៨ថា “ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺ និងរៀបចូលមជ្ឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញ បើខ្ញុំមានអារម្មណ៍ថាប្រទេសជាតិខ្ញុំជួបបញ្ហា។”
លោកបានចុះចេញពីតំណែងជាអគ្គលេខាធិការរបស់ PAP និងបន្តតំណែងនេះឲ្យលោក ហ្គោស ចុកតុង នៅខែវិច្ឆិកា ឆ្នាំ១៩៩២។ លោកបានដកខ្លួនថយឈប់ប្រឡូកទំនាក់ទំនងផ្លូវរដ្ឋ ជាមួយរដ្ឋាភិបាលនានានៅអាស៊ាន ដើម្បីកុំឲ្យមានការខ្វែងគ្នាជាមួយអ្នកបន្តតំណែងពីលោក គឺលោក ហ្គោស ចុកតុង។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៤ លោក ហ្គោស ចុកតុង បានផ្ទេរតំណែងដល់កូនប្រុសច្បងរបស់លោក លី ក្វាន់យូ គឺលោក លី សៀនឡុង (Lee Hsein Loong)។ លោក ហ្គោស ចុកតុង បានក្លាយជាទេសរដ្ឋមន្ត្រី ហើយលោកលី ក្វាន់យូ បានទទួលតំណែងថ្មី ជារដ្ឋមន្ត្រីគំរូដែលមាននាទីផ្ទេរបទពិសោធន៍ដល់អ្នកដឹកនាំវ័យក្មេង។
ទាក់ទិននឹងបញ្ហាច្បាប់ស្ដីអំពីល្បែងស៊ីសង លោក លី ក្វាន់យូពោលថា ខ្លួនលោកផ្ទាល់ជំទាស់ទាំងស្រុងនឹងល្បែងស៊ីសង។ ប៉ុន្តែលោកមិនបានជំទាស់នឹងសំណើរបស់កូនប្រុសលោកក្នុងការអនុញ្ញាតឲ្យមានបនល្បែង (Casino) នៅក្នុងប្រទេសទេ ដោយបានពោលថា “ការឲ្យមាន ឬគ្មានបនល្បែងជាអ្វីដែលអ្នកដឹកនាំថ្មីត្រូវសម្រេចចិត្ត។”
លោកត្រូវបានប្រជាជនសិង្ហបុរីជាពិសេសមនុស្សជំនាន់មុន ភាគច្រើនគោរព និងចងចាំនូវការដឹកនាំដ៏ត្រឹមត្រូវរបស់លោកក្នុងសម័យទទួលបានឯករាជ្យ និងពេលផ្ដាច់ខ្លួនពីម៉ាឡេស៊ី។ លោកត្រូវបានគេឲ្យតម្លៃជាបិតាស្ថាបនិក នៃវិបុលភាពសិង្ហបុរីបច្ចុប្បន្ន ទោះបីវាជាស្នាដៃរួមជាមួយឧបនាយករដ្ឋមន្ត្រី លោក ហ្គោស កេងស្វី ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក៏ដោយ។
លោក លី ក្វាន់យ៉ូ ជាពន្លឺដ៏ចែងចាំងមួយសម្រាប់បំភ្លឺ ផ្លូវអ្នកជំនាន់ក្រោយក្នុងការបំពេញបេសកកម្មអភិវឌ្ឍប្រទេសជាតិចេញពីភាពក្រីក្រ ឲ្យក្លាយជាប្រទេសរីក ចម្រើនជឿនលឿន។ គួរឲ្យសោកស្តាយ ពន្លឺដ៏ចែងចាំង នេះបានលាចាកពិភពលោកយើងទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ដោយបន្សល់ទុកនូវមរតកនៃភាពជាអ្នកដឹកនាំ និងគតិបណ្ឌិតល្អៗជាច្រើន សម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រ និងយកតម្រាប់តាម។
សម្រួលអត្ថបទពី៖ សំខាន់
អត្ថបទទាក់ទង
ការប្រកាសឯករាជមួយ ដែលប្រព្រឹត្តទៅជាមួយនឹងតំណក់ទឹកភ្នែកយ៉ាងកម្សត់នៃមេដឹកនាំ និងពលរដ្ឋ