ដឹកនាំក្រុមរបស់អ្នកឱ្យទទួលបានជោគជ័យជាមួយនឹងគន្លឹះទាំង៩នេះ
អ្នកគ្រប់គ្រងទាំងអស់តែងតែចង់រក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ និងចង់បានបុគ្គលិកដែលមានភាពស្វាហាប់ក្នុងការងារ និងចេះផ្សារភ្ជាប់ខ្លួនទៅនឹងគោលដៅរបស់អង្គភាព ហើយការធ្វើការងារជាក្រុមពិតជាទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់ ប្រសិនបើជាការធ្វើការងារក្រុមនោះមានក្បួនខ្នាត និងមានរបៀបច្បាស់លាស់។ ខាងក្រោមនេះ គឺជាគន្លឹះទាំងសំខាន់ៗចំនួន៩ ដើម្បីដឹកនាំក្រុមរបស់អ្នកឱ្យទទួលបានជោគជ័យ៖
១. មានទំនាក់ទំនងល្អ និងពូកែលើកទឹកចិត្ត
អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងសមាជិកក្រុម និងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃឱ្យបានកាន់តែច្រើន។ ជាពិសេស ជាមនុស្សដែលពូកែលើកទឹកចិត្តដល់កូនក្រុមដោយការសរសេរ ការចែករំលែកចំណេះដឹង ការយកចិត្តទុក និងជួយបំពេញចំណុចខ្វះខាតដល់កូនក្រុម និងផ្តល់ឱកាសដល់អ្នកទន់ខ្សោយឲ្យគេមានឱកាសដូចអ្នកខ្លាំងដែរ។
២. មានទំនួលខុសត្រូវខ្ពស់
អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលចេះទទួលយកកំហុសនៅពេលដែលខ្លួនធ្វើខុស មិនធ្វើអ្វីមួយយកមុខមាត់តែឯង ចេះទទួលយកគំនិតពីកូនក្រុមមកពិចារណា និងចេញមុខដោះស្រាយបញ្ហានៅពេលមានបញ្ហាកើតឡើងម្តង។
៣. មានគំនិតច្នៃប្រឌិតខ្ពស់
អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរៀបំផែនការយុទ្ធសាស្ត្រ ឬធ្វើឲ្យការងារក្រុមកាន់តែរឹងមាំ និងខ្លាំង និងត្រូវមានបញ្ញា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងហានីភ័យនានានៅក្នុងក្រុមការងារ។
៤. ស្គាល់សមាជិកក្រុមឲ្យបានច្បាស់
អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលស្គាល់ពីសុខទុក្ខ ដឹងពីកម្រិតចំណេះដឹង ទេព្យកោសល្យ អត្តចរិត និងសមត្ថភាពរបស់សមាជិកក្រុមម្នាក់ៗបានច្បាស់ មុននឹងបែងចែកកិច្ចការឱ្យពួកគេអនុវត្ត។
៥. រៀបចំអត្តចរិត និងសីលធម៌ល្អ
អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានអត្តចរិត និងក្រមសីលធម៌ល្អបំផុត ដើម្បីរស់នៅក្នុងភាពជាពលរដ្ឋល្អ និងជាគំរូដល់កូនក្រុមផង ដោយត្រូវចេះឱ្យតម្លៃ ចេះដាក់ខ្លួន ប្រើពាក្យសំដៅពីរោះ។ល។ និង។ល។
៦. បែងចែកការងារ និងសហការគ្នា
សមាជិកក្រុមម្នាក់ៗត្រូវបំពេញការងារតាមមុខជំនាញនិងត្រូវបែងចែកការងារឲ្យបានច្បាស់សម្រាប់សមាជិកម្នាក់។ ជាពិសេសត្រូវសហការគ្នាពីផ្នែកមួយទៅផ្នែកមួយទៀតនៅក្នុងក្រុម។
៧. អ្នកសម្របសម្រួល
នៅក្នុងក្រុមការងារត្រូវមានតំណាងសមាជិកម្នាក់ដើរតួជាអ្នកសម្របសម្រួលសមាជិកក្រុមឲ្យធ្វើការចុះសម្រុងគ្នា ដោយជួយបែងចែក និងត្រួតពិនិត្យការងារ។ ជាពិសេសដើរតួជាអ្នកប្រមូលគំនិតយោបល់របស់សមាជិកម្នាក់ៗមកបញ្ចូលគ្នា។
៨. ដោះស្រាយបញ្ហារូមគ្នា
សមាជិកក្រុមទាំងអស់ត្រូវលើកយកបញ្ហាដែលកើតមានក្នុងក្រុមទាំងបញ្ហារបស់សមាជិកម្នាក់ៗ ទាំងបញ្ហាពេលធ្វើការមិនចុះសម្រុងគ្នា និងទាំងបញ្ហាផលលំបាកពេលបំពេញការងារម្តង។
៩. ចែករំលែកបទពិសោធន៍ជីវិត
សមាជិកម្នាក់ៗមានជីវប្រវត្តិ មានជំនាញ ទេពកោសល្យ អត្តចរិត និងចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ដូច្នេះសមាជិកក្រុមទាំងអស់ត្រូវចែករំលែកបទពិសោធន៍ជីវិតឲ្យគ្នាទៅវិញទៅមក ដោយមិនមានការលាក់លៀមអ្វីឡើយ។ ការធ្វើបែបនេះ អាចធ្វើឲ្យសមាជិកក្រុមទាំងអស់ស្គាល់គ្នាកាន់តែច្បាស់ អាចមានមនោសញ្ចេតនា និងមានភាពសិ្នទ្ធស្នាលស្រឡាញ់គ្នាដូចបងប្អូនបង្កើតរបស់ពួកគេជាក់ជាពុំខាន។
គន្លឹះ៣ ខ្លីហើយខ្លឹម ដែលអ្នកគ្រប់គ្រងត្រូវដឹងជាមួយនឹងសមាជិករបស់ខ្លួន