សម្រង់​គតិ​បណ្ឌិត​ចំនួន១៥ ពីសៀវភៅស្រីហិតោបទេស

សៀវភៅ ស្រីហិតោបទេស​ ត្រូវបានប្រែ​ពី​បាលី​ដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ព.ស ២៥៣៧។​ ខាងក្រោមនេះជាសម្រង់​គតិ​បណ្ឌិត​ចំនួន១៥ សម្រាប់លោកអ្នកគិតពិចារណា៖

១. បណ្ដាលទ្រព្យទាំងពួង វិជ្ជា លោកពោលថាជាទ្រព្យដ៏ឧត្តម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះរេចរឹលទៅផង សព្វៗកាល។

២. វិជ្ជាយិតយោងជនដែលនៅថោកទាប ឱ្យបានចូលទៅជិតព្រះនរបតីដែលគេនៅជិតបានដោយកម្រ ឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាប តែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ។

៣. វិជ្ជា នាំឱ្យមានវិន័យ វិន័យ នាំឱ្យបានសេចក្ដីថ្លៃថ្នូរ សេចក្ដីថ្លៃថ្នូរ នាំឱ្យបានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ នាំឱ្យបានធម៌ ធម៌ ដឹកនាំឱ្យបានសេចក្ដីសុខ។

៤. សស្រ្តវិជ្ជា(១) និងសាស្រ្តវិជ្ជា(២) ទាំងពីរនេះ គួរប្រតិបត្តិសិក្សារៀនឱ្យចេះដឹងទាំងអស់វិជ្ជាទី១ ខាងដើម (សស្រ្ដាវិជ្ជា) កើតចម្រើនឡើង ដើម្បី
សើចលេងជាត្លុកកំប្លែង​​ វិជ្ជាទី២ ខាងចុង (សាស្រ្តវិជ្ជា) បុគ្គលគួរគោរពក្នុងកាលទាំងពួង។
(១) វិជ្ជា កសាង ឬប្រើជាអាវុធសម្រាប់ប្រហារគ្នាទៅវិញទៅមក។
(២) វិជ្ជា ការចេះដឹងក្បួនខ្នាត គម្ពីរ ដីកា ច្បាប់ សម្រាប់ប្រតិបត្តិ ឱ្យកើតសេចក្ដីសុខក្សេមក្សាន្ត ឬសេចក្ដីសម្រើនលាភ។

៥. សាស្រ្តវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿងបើកបង្ហាញនូវអាថ៌កំបាំង និងជាភ្នែកសម្រាប់​មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្តវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វាក់។

៦. ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើមានតែមួយៗ ក៏នាំឱ្យខូចប្រយោជន៍ ធើ្វដូចម្ដេចហ្ន៎ ឱ្យបានគ្រប់ទាំង៤ប្រការក្នុងខ្លួនមនុស្ស?

៧. មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង? ដូចភ្នែកឈឺ មានប្រយោជន៍អ្វី? បានគ្រាន់តែឈឺចាប់ដោតនាំឱ្យរំខានប៉ុណ្ណោះ។

៨. បណ្ដាលកូន៣ ពួក គឺកូនមិនទាន់កើត១ពួក កូនកើតហើយស្លាប់ទៅវិញ១ពួក និងកូនល្ងង់១ពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរពួកកូនទីបី មិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើម​ធើ្វទុក្ខព្រួយតែម្ដងក៏អស់ហើយទៅ ឯពួកកូនទីបីធើ្វទុក្ខមាតាបិតាឱ្យលំបាកគ្រប់ជំហានជើង។

៩. អ្នកណាកើតហើយដឹកនាំត្រកូលឱ្យចម្រើនខ្ពង់ខ្ពស់ឡើងអ្នកនោះទើបឈ្មោះថា “កើត” មែនទែន ឬពេញជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែលប្រព្រឹត្តទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រឡប់កើតវិញទៀត?

១០. អ្នកណាមិនតម្កល់ខ្លួនក្នុងការឲ្យទាន, ក្នុងតបធម៌ គឺសុចរិត, ក្នុងសេចក្ដីអង់អាចក្លាហាន, ក្នុងវិទ្យាសាស្រ្ត និងការស្វែងរកទ្រព្យ អ្នកនោះលោកទុកជាឧច្ចារៈនៃមាតា។

១១. កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្រ្ទតែមួយដួង អាចកម្ចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយកម្ចាត់ងងឹតមិនបានទេ។

១២. តបៈ គឺការបំពេញកុសល ដែលបុគ្គលណាមួយធើ្វក្នុងទីស័ក្តិសិទ្ធិ ពុំនោះបំពេញទុក្ករកម្មដ៏ក្រៃលែងឯណាមួយ ព្រោះ​ប្រាថ្នាកូន កូននៃអ្នកនោះ គួរជាកូនប្រដៅងាយ សមឫទ្ធិ សម្រេចប្រយោជន៍ ប្រកបដោយធម៌និងមានប្រាជ្ញាបរិបូណ៌។

១៣. វិជ្ជា បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជន ដែលបរិភោគទៅហើយមិនរលួយជាពិសពុល សភា(១) ជាពិសពុលសម្រាប់អ្នកក្រីក្រ ស្រ្តីក្រមុំជាពិសពុលសម្រាប់មនុស្សចាស់ជរា។

១៤. នរជន សូម្បីកើតចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយលោកក៏គួរគោរពបូជា ធ្នូសូម្បីបរិសុទ្ធដោយវង្ស តែមិនប្រសិទ្ធិ នឹងធើ្វអ្វីកើត?

១៥. បុគ្គល សូម្បីគិតឃើញព្រេងវេសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចោលឡើយ បើបុគ្គលមិនព្យាយាមសម្រាញ់ល្ង មិនបានប្រេងល្ងទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *