រឿង សត្វលាធ្លាក់អណ្តូង ផ្តល់មេរៀនដ៏មានតម្លៃនៃការជំនះតស៊ូឧបសគ្គនៅក្នុងជីវិត

មានសត្វលាមួយក្បាលបានរអិលជើងធ្លាក់ទៅក្នុងអណ្ដូងដែលរីងស្ងួតមួយ។ ម្ចាស់របស់វាព្យាយាមរកវិធីជួយវាឲ្យឡើងផុតពីអណ្ដូងនោះ ប៉ុន្តែក្រោយពីខំព្យាយាមអស់ជាច្រើនម៉ោងហើយក៏នៅតែមិនអាចជួយទាញសត្វលានោះឲ្យចេញពីអណ្ដូងបាន សត្វលាបានត្រឹមតែស្រែកថ្ងួចថ្ងូរយ៉ាងសែនទារុណ្ឌនៅក្នុងអណ្ដូង។

ទីបំផុតម្ចាស់នឹកអស់សង្ឃឹមថានឹងគ្មានផ្លូវណាអាចជួយសង្គ្រោះសត្វលាដ៏កម្សត់នេះបានទៀតទេ ហើយម្យ៉ាងទៀតគាត់គិតថា សត្វលាមួយក្បាលនេះវាមានអាយុច្រើនណាស់ទៅហើយ មិនសមនឹងតម្លៃដែលត្រូវខំហត់នឿយលំបាកក្នុងការអូសវាចេញពីអណ្ដូងនោះទេ រីឯអណ្ដូងនោះក៏មុខជាមិនអាចប្រើការអ្វីទៀតបាន ដែលមិនយូរមិនឆាប់ក៏នឹងត្រូវលុបចោលមិនខាន។ គិតដូច្នោះហើយ ម្ចាស់លាក៏ចេញទៅតាមរកអ្នកភូមិឲ្យនាំគ្នាមកជួយលុបអណ្ដូងនឹងកប់សត្វលានេះទៅជាមួយតែម្ដងទៅដើម្បីកុំឲ្យវេទនាភ្នែកឃើញវារងទារុណ្ឌកម្មតទៅទៀត។ អ្នកភូមិក៏នាំគ្នាយកចបកាប់ ចបប៉ែលនឹងបង្គីមកជួយលើកដីចាក់បំពេញអណ្ដូង។

នៅពេលនោះ សត្វលាក៏ដឹងទៀតថា ជតាកម្មរបស់ខ្លួនកំពុងតែឈានទៅរកផ្លូវណាហើយ។ក្រោយពីយំទួញសោកសង្រេងមួយសន្ទុះ វាក៏ឈប់យំ។ ពេលលែងឮសម្រែករបស់សត្វលា ម្ចាស់លានឹងអ្នកភូមិដែលមកជួយចាក់ដីនឹកឆ្ងល់ស្មានតែសត្វលាដាច់ដង្ហើមស្លាប់ទៅហើយ? តែពេលដែលពួកគេនាំគ្នាឈ្ងោកមើលទៅបាតអណ្ដូង ស្រាប់តែអ្វីៗបែរជាផ្ទុយពីការស្មានរបស់ពួកគេទៅវិញ។

នៅពេលមនុស្សនៅខាងលើចាក់ដីទម្លាក់ទៅ ដីក៏ធ្លាក់ទៅចំពីលើខ្នងរបស់សត្វលា តែលាបានគ្រវីខ្លួនរលាស់ដីចេញឲ្យជ្រុះធ្លាក់ទៅក្រោម រួចវាក៏ប្រឹងលើកជើងមកឈរពីលើគំនរដីនោះវិញ។ សត្វលាធ្វើតាមវិធីនេះជាបន្ដបន្ទាប់។ រាល់ពេលដែលគេចាក់ដីទៅ សត្វលាក៏កាន់តែឈរបានខ្ពស់បន្តិចម្ដងៗ រហូតទាល់តែគេចាក់ដីឡើងដល់មាត់អណ្ដូងក្នុងខណៈពេលដែលអ្នកស្រុកគ្រប់គ្នាកំពុងតែស្រឡាំងកាំងនោះ សត្វលាក៏បោះជំហានចេញមកក្រៅអណ្ដូង ហើយបោលគេចយ៉ាងលឿនចេញពីអណ្ដូងនោះទៅ។ សត្វលាដែលធ្លាប់តែយំត្អូញត្អែរឲ្យគេជួយ តែក្រោយមកវាបានប្រើដីដែលគេចាក់ទម្លាក់ដើម្បីកប់ខ្លួនវានោះ យកមកធ្វើជាកាំជណ្ដើរឡើងរហូតដល់មាត់អណ្ដូង ហើយបានរួចជីវិតក្នុងពេលនោះទៅ។

 

Leave a Reply

Your email address will not be published. Required fields are marked *