តើព្រះពុទ្ធត្រាស់ដឹងដោយរបៀបណា? និងនៅពេលណា?

ការត្រាស់ដឹង ខុសពីការខំប្រឹងដើម្បីស្វែងរកអ្វីផ្សេង ព្រះពុទ្ធខំប្រឹងជិតនឹងក្ស័យជីវិត ធ្វើទុក្ខកិរិយាព្រោះចង់បានចម្លើយនៃការពិត តែទោះខំធ្វើទុក្ខកិរិយាខ្លួនឯងយ៉ាងណា ក៏នៅតែមិនអាចរកឃើញចម្លើយដែរ ព្រោះការខំប្រឹងដើម្បីចង់បានត្រាស់ដឹងនោះ វាជាឧបសគ្គទៅរកការត្រាស់ដឹងនោះខ្លួនឯង កាន់តែខំប្រឹងកាន់តែទៅឆ្ងាយការត្រាស់ដឹង។ ខណៈពេលដែលយើងមានក្តីរំពឹងចង់បានអ្វីមួយ ពេលនោះយើងបាត់បង់សេចក្តីស្ងប់។ ផ្លូវទៅរកសេចក្តីស្ងប់ មិនមែនការចង់បានទេ តែជាការព្រលែងការចង់បាននោះទៅវិញទេ។

តើព្រះពុទ្ធត្រាស់ដឹងនៅពេលណា?

ព្រះពុទ្ធត្រាស់ដឹងនៅពេលដែលព្រះអង្គលែងចង់ត្រាស់ដឹង។ មានពេលមួយព្រះពុទ្ធបានតាំងចិត្តគិតថា “អញនឹងអង្គុយបិទភ្នែកសមាធិស្វែងរកការពិតនៃខ្លួនឯងឲ្យឃើញនៅក្រោមដើមពោធិ៍នេះ បើមិនឃើញ អញនឹងមិនបើកភ្នែកវិញទេ ទោះរូបកាយអញនេះត្រូវស្លាប់ក៏ដោយ” បន្ទាប់ពីគិត ភ្លាមនោះ ព្រះពុទ្ធស្រាប់មើលឃើញចេតនាចិត្តរបស់ខ្លួនឯងទាន់ ហើយឆ្ងល់ខ្លួនឯង “ហេតុអ្វីក៏អញមានក្តីប្រាថ្នាបែបនេះទៅវិញ?” ពេលនោះហើយដែលជាពេលដែលព្រះពុទ្ធទម្លាក់អស់នូវការចង់បានទាំងអស់ រួមទាំងការចង់បានត្រាស់ដឹងនេះផងដែរ ។

មនុស្សយើងគ្រប់គ្នាមិនខុសពីព្រះពុទ្ធឡើយ នៅពេលយើងព្រលែងការចង់បានអស់ពេញលេញ ទើបយើងដឹងថាវត្តមាននៃការចង់បានគឺនៅមានក្នុងចិត្តដដែល គោលដៅពិតមិនមែនដើម្បីរំលាយចេតនានោះទេ តែគោលដៅពិតនោះគឺមើលថាតើចេតនានោះជារបស់នរណា។ ពេលនោះហើយជាពេលព្រះពុទ្ធភា្ញក់ត្រាស់ដឹងខ្លួនថា រាល់ចេតនាចង់បាននោះ មិនមែនកើតចេញពីអញឡើយ តើចេតនាចង់បានទាំងនោះកើតចេញពីណា បើអញបានព្រលែងការចង់បានអស់ហើយនោះ នោះគឺជាពេលព្រះពុទ្ធរកឃើញ ”អនត្តា” ដែលជាសច្ចភាព ឬធម្មជាតិពិតដើមដ៏បរិសុទ្ធនៃធម្មជាតិទាំងឡាយ រាល់ចេតនាទាំងឡាយនោះកើតឡើងដោយខ្លួនឯងដោយគ្មានបុគ្គល នេះជាចម្លើយនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ។

សម្រួលពី៖ ទស្សនវិជ្ជាព្រះពុទ្ធសាសនា


អត្ថបទទាក់ទង

រឿង ៧ យ៉ាង គួររក្សាជាប់ខ្លួនចំពោះការរស់នៅក្នុងសង្គម

 

Leave a Reply

Your email address will not be published. Required fields are marked *