គន្លឹះ ១០ ចំណុច ដើម្បីបង្កើនសេចក្ដីសុខក្នុងជីវិត

តាមពិតទៅ គោលដៅពិតប្រាកដ ដែលយើងម្នាក់ៗតែងតែគិតរំពៃចង់បាននោះ គឺសេចក្ដីសុខ។ តើយើងរីករាយនឹងការរស់នៅពីមួយថ្ងៃៗដែរឬទេ? ថ្ងៃហ្នឹង សប្បាយចិត្តប៉ុណ្ណាដែរ?

សេចក្ដីសុខរបស់មនុស្សយើងម្នាក់ៗ មាននិយមន័យមិនដូចគ្នាទេ ព្រោះមនុស្សម្នាក់ៗរមែងមានបទពិសោធន៍ ការនឹកគិត ឱកាស បរិយាកាសសង្គម និងមានក្ដីសង្ឃឹមផ្សេងៗពីគ្នា។ មនុស្សខ្លះគិតថាការប្រកាន់ខ្ជាប់នឹងអ្វីមួយ គឺជាទីតាំងនៃសេចក្ដីសុខតែតាមការណ៍ពិតទៅ សេចក្ដីសុខដែលពិតប្រាកដ អាស្រ័យលើខ្លួនយើងផ្ទាល់តែម្ដង។ ពោលគឺវាជាសុខ ឬជាទុក្ខអាស្រ័យលើចិត្តរបស់យើង ឬខ្លួនយើងជាអ្នកកំណត់ទាំងអស់។

សម្រាប់មនុស្សខ្លះយល់ឃើញថាសេចក្ដីសុខ គឺការបានឈប់សម្រាកនៅផ្ទះ ឬបានអានសៀវភៅ ប៉ុន្តែសម្រាប់មនុស្សខ្លះយល់ឃើញថាសេចក្ដីសុខគឺការបានហូបឆ្ងាញ់ ឬបានដើរលេងហ៊ឺហា។ ចំណែកឯមនុស្សខ្លះទៀតគ្រាន់តែបានទទួលពាក្យសរសើរតែបន្តិចបន្តួចប៉ុណ្ណោះ គេក៏មានសេចក្ដីសុខ។

ថ្ងៃនេះ យើងសូមធ្វើការចែករំលែកគន្លឹះ ១០ ចំណុច ដើម្បីបង្កើនសេចក្ដីសុខក្នុងជីវិត សម្រាប់បងប្អូនទាំងអស់គ្នាសាកល្បង៖

១. បង្កើតគោលដៅដែលជាក់លាក់សម្រាប់ខ្លួនឯង

មនុស្សរស់មានន័យដ្បិតមានគោលដៅ ឬបេសកម្មជីវិត ដែលត្រូវបំពេញច្បាស់លាស់។ ដើម្បីបង្កើនសេចក្ដីសុខ និងភាពអស្ចារ្យសម្រាប់ជីវិត អ្នកចាំបាច់ត្រូវមានគោលបំណង ឬបុព្វហេតុជីវិតមួយដែលធ្វើឲ្យអ្នករស់នៅបន្ដ។

២. ស្ដាប់ចិត្ដខ្លួនឯង និងធ្វើតាមបេះដូង

គ្មាននរណាម្នាក់អាចដឹងច្បាស់លាស់ពីតម្រូវការពិតប្រាកដរបស់អ្នក ក្រៅពីខ្លួនអ្នកឡើយ។ ចូរធ្វើអ្វីដែលជាសេចក្ដីត្រូវការពិតប្រាកដរបស់ចិត្ដអ្នក ធ្វើអ្វីអាចឲ្យអ្នកសប្បាយចិត្ដ ហើយអ្នកដទៃក៏រីករាយ និងធ្វើដំណើរទៅមុខប្រកបដោយការត្រិះរិះពិចារណា។

៣. ទទួលស្គាល់ការពិត

ឈប់រស់ជាមួយនឹងការកុហកខ្លួនឯង ព្រោះវាមិនដែលធ្វើឲ្យអ្នកប្រសើរឡើងទេ ពោលគឺមានតែធ្វើឲ្យអ្នកកាន់តែពិបាកនៅក្នុងការស្ដារខ្លួនឯងឡើងវិញ។ ការកុហកខ្លួនឯង វានឹងក្លាយជាស្រមោលអន្ធកាលមួយដែលចាំតែលងបន្លាចអ្នកគ្រប់ពេល។ អ្នកអាចកុហកគេបាន តែមិនអាចកុហកខ្លួនឯងបាននោះទេ។

៤. បើកចិត្ដទទួលយកការផ្លាស់ប្ដូរ

ជីវិតរមែងតែងមានការផ្លាស់ប្ដូរជានិច្ច និងដើរទៅមុខជាដរាប។ កុំចាប់បង្ខំខ្លួនឯងឲ្យនៅនឹងថ្កល់ រៀនបើកចិត្ដទទួលយករបស់ថ្មី និងរសជាតិជីវិតថ្មី។

៥. រស់នៅជាមួយនឹងភាពសាមញ្ញគ្មានសម្ពាធ

សាកល្បងរៀនដោះលែងខ្លួនឯងពីរឿងមិនល្អគ្រប់យ៉ាង ហើយរៀនរស់នៅដោយភាពស្កប់ស្កាល់ និងភាពស្ងប់ស្ងាត់។ សេចក្ដីសុខសុភមង្គលពិត វាកើតឡើងបានលុះត្រាតែចិត្ដរបស់យើងមានភាពស្ងប់សុខ។

៦. នៅក្បែរមនុស្សដែលធ្វើឲ្យអ្នកញញឹម

ជាការពិតណាស់ ប្រសិនបើយើងនៅក្បែរ ឬនៅជិតមនុស្សដែលមានក្ដីសុខ ឬភាពរីករាយ នោះយើងក៏ទទួលបាននូវភាពរីករាយក្នុងជីវិតដែរ។

៧. ផ្ដល់តម្លៃឲ្យខ្លួនឯង

ចំណុចនេះសំខាន់ណាស់ គេអាចមើលងាយអ្នក តែអ្នកមិនអាចមើលស្រាលខ្លួនឯងឡើយ។ អ្នកត្រូវចេះលើកទឹកចិត្ដ និងផ្ដល់តម្លៃឲ្យខ្លួនឯងជានិច្ច បើទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។

៨. ទទួលយកចំណុចល្អៗមកដាក់ខ្លួន

គ្មានអ្វីដែលល្អឥតខ្ជោះនោះទេនៅក្នុងជីវិត ប៉ុន្ដែមានចំណុចល្អច្រើនណាស់ ដែលយើងអាចធ្វើបាន និងអាចសម្រេចបាន។ ធ្វើអំពីល្អកាន់តែច្រើន អ្នកនឹងជួបតែរបស់ល្អៗនៅក្នុងជីវិត។

៩. គិតវិជ្ជមានឲ្យបានច្រើន

ការគិតបែបអវិជ្ជមានជាសត្រូវនៃការរីកចម្រើន។ វានឹងបំផ្លាញទឹកចិត្ដអ្នកមិនឲ្យធ្វើអ្វីដែលថ្មី មិនឲ្យសាកល្បងអ្វីដែលថ្មី មិនហ៊ានធ្វើការផ្លាស់ប្ដូរ ហើយពិភពលោករបស់អ្នកនឹងកាន់តែរួមតូចទៅៗ មើលមិនបានឆ្ងាយ និងមិនអាចរស់នៅប្រកបដោយភាពស្កប់ស្កល់ទេ។

១០. ធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្ដ

ការធ្វើអ្វីដែលខ្លួនមិនស្រឡាញ់ មិនពេញចិត្ដ ឬត្រូវគេបង្ខំឲ្យធ្វើ វាជាការដាក់សម្ពាធមួយយ៉ាងធំមកលើផ្លូវចិត្ដរបស់យើង និងមិនអាចឲ្យយើងទទួលបាននូវសេចក្ដីសុខក្នុងចិត្ដបាននោះទេ។ ដូច្នេះ ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ និងមិនប៉ះពាល់ដល់សេចក្ដីសុខរបស់អ្នកដទៃ។


អត្ថបទទាក់ទង

១០០ សកម្មភាព ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើម

 

Leave a Reply

Your email address will not be published. Required fields are marked *